ត្រណម​របស់​ជនជាតិ​ទំពួន​នៅ​រតនគិរី

ជនជាតិ​ទំពួន​មាន​ប្រពៃណី​ប្រកាន់​តឹង​ជា​ច្រើន​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ សត្វ​គីង្គក់ អាញី និង​ទំពាំង​ឫស្សី​ខ្លី គេ​មិន​ត្រឹម​តែ​មិន​បរិភោគ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យក​ឆ្លង​កាត់​ភូមិ​ក៏​មិន​បាន​ផង។
ដោយ គង់ យុទ្ធនា
2010.01.26
រតនគិរី​ទំពួន ៣០៥ ជនជាតិ​ទំពួន​នៅ​ខេត្ត​រតនគិរី​ធ្វើ​ពិធី​កាប់​ក្របី​ផឹក​ស្រា​សែន​ដល់​អារក្ស។
RFA/Kong Youthana

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​នា​ពេល​បច្ចុប្បន្ន​បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ​រួម​ផ្សំ។ ប៉ុន្តែ​មនុស្ស​ប្រុស​នៅតែ​បន្ត​ចូល​ព្រៃ​ក្នុង​ការ​បរ​បាញ់​សត្វ ដាក់​អន្ទាក់​ចាប់​សត្វ​យក​មក​ធ្វើ​ជា​អាហារ​ផងដែរ។ ចំណែក​ឯ​មនុស្ស​ស្រី​វិញ​នៅតែ​មាន​ភារកិច្ច​ជួយ​ធ្វើ​ចម្ការ​ដាំ​ដុះ រក​ឧស មើល​ថែ​កូន និង​ចម្អិន​អាហារ​ជា​ធម្មតា។

ជនជាតិ​ដើម​ទំពួន​មាន​ប្រពៃណី​តម​ម្ហូប​ជា​ច្រើន​ដូច​ជា​មិន​ហូប​គីង្គក់ មិន​ហូប​អាញី និង​ទំពាំង​ឫស្សី​ខ្លី ខុស​ពី​ជនជាតិ​ដទៃ​ទៀត​ដែល​និយម​យក​គីង្គក់​មក​ឆា​គ្រឿង ឬ​ឆា​ខ្ញី យក​អាញី​មក​ឆ្អើរ​ឲ្យ​ក្រៀម​ត្រាំ​ស្រា​ផឹក និង​យក​ទំពាំង​ឫស្សី​ខ្លី​មក​ជ្រក់ ឬ​ក៏​យក​មក​ស្ងោរ​ធ្វើ​ជា​អន្លក់​ចុច​ប្រហុក ដែល​ជា​មុខ​ម្ហូប​ដ៏​មាន​រសជាតិ។

លោក តូន ណុំ មេ​ភូមិ​ល្អឺនក្រែន ឃុំ​អូរជុំ ស្រុក​អូរជុំ បាន​រៀបរាប់​ថា ការ​តម​នេះ​មាន​តាំង​ពី​ដូន​តា​ជនជាតិ​ទំពួន​យូរ​លង់​មក​ហើយ ហើយ​បន្ត​មក​ដល់​បច្ចុប្បន្ន ដោយ​នៅ​ក្នុង​ភូមិ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចាប់​សត្វ​គីង្គក់ សត្វ​អាញី ឬ​យក​ទំពាំង​ឫស្សី​ខ្លី​មក​ធ្វើ​ម្ហូប​ទាល់​តែ​សោះ។ អ្នក​ភូមិ​ទោះ​បើ​គ្មាន​ម្ហូប​ក៏​ដោយ​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ ព្រោះ​ជា​ជំនឿ​ផង និង​ជា​ការ​ហាមប្រាម​តម​របស់​អ្នក​ភូមិ​ទូទៅ ហើយ​អាច​ត្រូវ​គេ​ផាក​ឲ្យ​បង់​សំណង​ជា​ក្របី​ផងដែរ ប្រសិន​បើ​ហ៊ាន​ធ្វើ​ល្មើស​និង​ត្រណម​នេះ។

សូម្បី​តែ​អ្នក​មក​ពី​ខាង​ក្រៅ​ភូមិ​ក៏​មិន​អាច​យក​របស់​ទាំង​បី​មុខ​នេះ​ឆ្លង​កាត់​ភូមិ​បាន​ឡើយ បើ​ឃើញ អ្នក​ភូមិ​នឹង​ចាប់​ផាក​ពិន័យ​យក​ក្របី​ភ្លាម ដើម្បី​សែន​អារក្ស​សុំ​សេចក្តី​សុខ​វិញ។

លោក តូន ណុំ បាន​ឲ្យ​ដឹង​ថា ៖ «ត្រពាំង​ឫស្សី​ដូច​ថា​ត្រណម​អ៊ីចេះ បើ​យើង​អត់​តម​ហ្នឹង ស្រូវ​មួយ​ជង្រុក​យើង​ហូប​មួយ​ឆ្នាំ​មិន​គ្រប់គ្រាន់​ផង។ អាញី​ដូច​តែ​គ្នា ទី​១ យើង​គ្រោះថ្នាក់​ពេល​ដែល​យើង​ទៅ​ឆ្ងាយ បើ​យើង​ជិះ​ឡាន ក្រឡាប់​ឡាន បើ​យើង​ជិះ​ម៉ូតូ កង់​អី យើង​បុក​គេ​ឯង​អ៊ីចឹង​ណា៎!»

រតនគិរី​ទំពួន ៣០៥
ជនជាតិ​ទំពួន​នៅ​ខេត្ត​រតនគិរី​ធ្វើ​ពិធី​កាប់​ក្របី​ផឹក​ស្រា​សែន​ដល់​អារក្ស។
RFA/Kong Youthana

ចាស់​ទុំ​ភូមិ​ល្អឺនក្រែន គឺ​លោក ម៉ត ថែន អាយុ ៦០​ឆ្នាំ និយាយ​ថា មាន​គ្រួសារ​ជនជាតិ​ទំពួន​ជា​ច្រើន​ទៀត​ក្រៅ​ពី​តម​រួម​ទៅ​លើ​របស់​បី​យ៉ាង​ខាង​លើ​នេះ គេ​បាន​តម​ជា​លក្ខណៈ​គ្រួសារ​ដោយឡែកៗ​តាម​ត្រកូល​ផ្សេងៗ​ពី​គ្នា​ទៀត។ អ្នក​ភូមិ​ដែល​មាន​ត្រកូល​ឬ​ជាប់​ជា​សាច់​ញាតិ​និង​ត្រកូល​ក្វាយ គេ​មិន​បរិភោគ​សត្វ​លលក​ជា​ដាច់ខាត។ ត្រកូល​ខ្លះ​ទៀត​គេ​មិន​បរិភោគ​សាច់​សត្វ​មាន់​ព្រៃ​ជា​ដាច់ខាត​ដែរ សូម្បីតែ​ឆ្នាំង​ដែល​យក​មក​ស្ល​មាន់​ព្រៃ​ក៏​មិន​អាច​យក​មក​ប្រើ​ដាំ​ស្ល​បន្ត​បាន​ផង។

លោក ម៉ត ថែន បាន​បញ្ជាក់​ថា ៖ «ដូច​ជា​នៅ​ក្នុង​ភូមិ​ហ្នឹង​អា​រួម​ហ្នឹង​ក៏​នៅ​តម​រហូត​ដែល​ពូជ​ម្នាក់ៗ​ហ្នឹង ដូច​លលក មាន់​ព្រៃ សំពោច ពូជ​ខ្លះ​ហ្នឹង​ពង្រូ​ហ្នឹង​ក៏​តម​ដែរ...»

សហគមន៍​ទំពួន​មាន​ប្រពៃណី​តម​ម្ហូប​អាហារ​តាម​ត្រកូល​ខាង​ប្តី​ផង​និង​ប្រពន្ធ​ផង។ ជួនកាល​ខាង​ប្តី​តម​សត្វ​លលក និង​ខាង​ប្រពន្ធ​តម​សត្វ​មាន់​ព្រៃ​នោះ គឺ​គ្រួសារ​នេះ​ត្រូវ​តម​ទាំង​អស់​គ្នា មិន​អាច​បរិភោគ​សត្វ​លលក​និង​មាន់​ព្រៃ​តែម្តង។

តាម​ការ​រៀបរាប់​របស់​លោក តូន ណុំ ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​ដូន​តា​ចាស់ៗ​មុនៗ នៅ​ក្នុង​សម័យកាល​គ្រប់គ្រង​ដោយ​មេ​កន្ទ្រាញ​តែងតែ​កើត​មាន​សង្រ្គាម​កាប់ចាក់​ដណ្តើម​អំណាច​គ្រប់គ្រង​រវាង​កុលសម្ព័ន្ធ​ដទៃ​ទៀត និង​ជួនកាល​ក៏​មាន​ការ​ដណ្តើម​អំណាច​គ្រប់គ្រង​ដោយ​ជនជាតិ​ទំពួន​ដូច​គ្នា​ពី​ភូមិ​ផ្សេង រាលដាល​មក​ភូមិ​មួយ​ទៀត​ដើម្បី​ធ្វើ​ជា​មេ​កន្ទ្រាញ​ដឹកនាំ។ ក្នុង​កាលៈទេសៈ​កើត​មាន​ការ​ឈ្លានពាន​យ៉ាង​អាសន្ន​នោះ ស្រាប់តែ​អ្នក​ភូមិ​បាន​ឃើញ​សត្វ​គីង្គក់​ដ៏​ធំ​មហិមា​ហា​មាត់​ឡើង​ពី​ដី​ដល់​មេឃ ធ្វើ​ឲ្យ​សត្រូវ​រត់​បែកខ្ញែក​លែង​ហ៊ាន​ចូល​មក​បៀតបៀន​ភូមិ​ត​ទៅ​ទៀត ហើយ​ជនជាតិ​ទំពួន​ក៏​អាច​រស់នៅ​បន្ត​វង្ស​ត្រកូល​មក​ដល់​សព្វ​ថ្ងៃ ដោយសារ​តែ​គីង្គក់​បាន​សង្រ្គោះ។ តាំង​ពី​ពេល​នោះ​មក​ជនជាតិ​ទំពួន​មាន​ត្រណម​ដាច់ខាត​មិន​បរិភោគ​សាច់​គីង្គក់​ឡើយ។

ចំណែក​ឯ​ការ​តម​សត្វ​អាញី​និង​ទំពាំង​ឫស្សី​ខ្លី​វិញ គឺ​ចាស់​ទុំ​ជំនាន់​មុនៗ​បាន​ផ្តាំ​ផង ហើយ​តាម​សម្គាល់​មើល​ផង​បាន​ឃើញ​ដូច​គ្នា​ថា បើ​អ្នក​ណា​ប៉ះពាល់​របស់​ទាំង​នេះ ទោះ​ជា​អ្នក​ប្រមូល​ផល​ស្រូវ​បាន​មួយ​ជង្រុក​សម្រាប់​ធ្វើ​ស្បៀង​ក៏​ដោយ ក៏​ឆ្នាំ​នេះ​អ្នក​មិន​អាច​ហូប​គ្រប់​ដែរ។ ដូច្នេះ​មិន​មាន​នរណា​ហ៊ាន​ប៉ះពាល់​របស់​ទាំង​នេះ​ឡើយ។

ស្រ្តី​ជនជាតិ​ទំពួន​ឈ្មោះ ប៉ាត ខេង អាយុ ៥០​ឆ្នាំ រស់​នៅ​ភូមិ​ល្អឺនក្រែន និយាយ​ថា ការ​តម​ចំណី​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ទៅ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ផងដែរ ដោយ​ជា​ទូទៅ​គេ​មិន​ហូប​ពង​មាន់​ឬ​ពង​ទា​ទេ ដោយ​ខ្លាច​កើត​កូន​មិន​រួច, គេ​មិន​ហូប​បន្លែ​ដែល​មាន​ជ័រ ដូច​ជា​ត្រយ៉ូង​ចេក​ជា​ដើម ព្រោះ​ខ្លាច​ស្អិត​ជ័រ​ពិបាក​កើត​កូន, គេ​មិន​ហូប​ឃ្មុំ ព្រោះ​ខ្លាច​កូន​ថ្លោស​ពេក, គេ​តម​ត្រី​អណ្តែង ខ្លាច​កូន​ឈឺ, គេ​តម​មិន​ឲ្យ​ហូប​ផ្លែ​ដូង ផ្លែ​ម្នាស់ ផ្លែ​ពោន ចេក និង​ឃ្លោក​ជាដើម ព្រោះ​ខ្លាច​កូន​មាន​រាង​ជា​ដុំៗ​ដូច​ពោន​និង​ឃ្លោក។ ស្រី្ត​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ងូត​ទឹក​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ ហើយ​គេ​ហាម​មិន​ឲ្យ​អង្គុយ​នៅ​កាំ​ជណ្តើរ​មាត់​ទ្វារ​ផ្ទះ​ដាច់ខាត ព្រោះ​ខ្លាច​ថា មាន​វិញ្ញាណ​អាក្រក់​មក​សណ្ឋិត។

ស្រ្តី​ជនជាតិ​ទំពួន​ឈ្មោះ ប៉ាត ខេង បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ "...និយាយ​រួម​សត្វ​អី​ពណ៌​ក្រហម អត់​ហូប​ដែរ ព្រោះ​ថា កាល​ណា​យើង​ហូប​សត្វ​ដែល​ពណ៌​ក្រហម ដល់​ពេល​យើង​កើត​កូន​មក ខ្លួន​យើង​អត់​ជា​ទេ! ត្រី​អណ្ដែង​ហ្នឹង​វា​មាន​ស្នែង ខ្លាច​ទាក់​ពេល​កើត​កូន​មក ហើយ​មួក​អត់​ពាក់​ដែរ ថា​កាល​ណា​ពាក់​មួក កូន​ហ្នឹង​កើត​មក​ក្បាល​ធំ​តាម​មួក​ហ្នឹង​ហើយ។ ផ្លែ​ក្រូច ពេល​កូន​កើត​មក​ដូច​ផ្លែ​ក្រូច មូល​ពិបាក​បង្កើត​ដែរ"។

ត្រណម​ខាង​លើ​ទាំង​នេះ​មិន​មែន​មាន​គ្រប់ៗ​ភូមិ​និង​គ្រប់​គ្រួសារ​នោះ​ទេ ដូច​នៅ​ភូមិ​កាចូន កាល​ពី​មុន​គេ​មាន​ការ​ប្រកាន់​តឹង​មិន​ស៊ី​សាច់​គោ និង​សាច់​ជ្រូក​ទេ ព្រោះ​សត្វ​ទាំង​នេះ​វា​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​រឿង​ព្រេង​របស់​ដូនតា​ពួក​គាត់ ប៉ុន្តែ​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០០​មក​មាន​ការ​ប្រែប្រួល ដោយ​គ្រួសារ​ខ្លះ​បាន​សែន​លា​ត្រណម ហើយ​បរិភោគ​សាច់​គោ​និង​សាច់​ជ្រូក​វិញ។

លោក តូន ណុំ មេ​ភូមិ​ល្អឺនក្រែន អះអាង​ថា គ្រួសារ​លោក​តម​មាន់​ព្រៃ ប៉ុន្តែ​ថ្ងៃ​មួយ​លោក​បាន​ទៅ​ផឹក​ស៊ី​គេ​សែន​ចម្ការ ហើយ​មិន​បាន​ដឹង​ថា​ជា​សាច់​មាន់​ព្រៃ​ទេ។ ក្រោយ​មក​ប្រពន្ធ​លោក​ឈឺ​ជា​ទម្ងន់ បាន​រក​ថ្នាំ​មក​ផឹក ព្យាបាល​ក៏​មិន​ជា។ ទី​បំផុត​ត្រូវ​បន់​អារក្ស សែន​ក្របី​ទើប​ប្រពន្ធ​ជា។ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​នេះ​អ្នក​ភូមិ​របស់​លោក​បាន​មក​ចូលរួម​ជួយ​រៀបចំ​ពិធី​កាប់​ក្របី​សែន​ផឹក​ស្រា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។