ប្រវត្តិ​អតីត​អ្នក​កាសែត គង់ វន

លោក គង់ វន ជា​អតីត​អ្នក​កាសែត​ខ្មែរ​ជើង​ចាស់​ម្នាក់ ដែល​បាន​តាម​ដាន​យក​ព័ត៌មាន​ឲ្យ​សារ​ព័ត៌មាន​អន្តរជាតិ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០-​១៩៧៥។
ដោយ យន់ សាមៀន
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អ្នក​កាសែត​ជើង​ចាស់ លោក គង់ វន
អតីត​អ្នក​កាសែត​ជើង​ចាស់ លោក គង់ វន
RFA/Yun Samean

អ្នក​កាសែត​ខ្មែរ​ជើង​ចាស់ លោក គង់ វន ដែល​មាន​វ័យ ៧៣​ឆ្នាំ អតីត​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​សារ​ព័ត៌មាន​ល្បី​ៗ ដូចជា​សារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក យូណាយធីត ផ្រេស អ៊ិនធើណេស្សិនណល (United Press International) គ្រិស្ទាន សាយអេន មូនិធឺ (Christian Science Monitor) និង​សារ​ព័ត៌មាន​ជប៉ុន នីហុន ឌិនប៉ា ញ៉ូវស៍ (Nihon Denpa News) ដែល​ត្រូវ​បាន​ខ្មែរ​ក្រហម​​ជម្លៀស​ទៅ​រស់​នៅ​ខេត្ត​ព្រៃវែង បាន​ប្ដេជ្ញា​ក្នុង​ចិត្ត​ថា ប្រសិន​បើ​គាត់​មិន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ គាត់​នឹង​វិល​ត្រឡប់​ទៅ​កាន់​ខេត្ត​ព្រៃវែង​វិញ ដើម្បី​ជួយ​វិស័យ​អប់រំ​ក្នុង​ខេត្ត​នេះ។

លោក គង់ វន ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម​មិន​បាន​ប៉ុន្មាន​ផង លោក​ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​បាន​នាំ​ខ្លួន​លោក និង​អ្នក​កាសែត​ដទៃ​ទៀត​ទៅ​សម្លាប់​ចោល ដោយ​ចោទ​ប្រកាន់​ថា លោក​ជា​អតីត​អ្នក​កាសែត​ដែល​បាន​យក​ព័ត៌មាន​ឲ្យ​សារ​ព័ត៌មាន​បរទេស។ លោក​បាន​រួច​ផុត​ពី​ការ​សម្លាប់ ដោយសារ​តែ​លោក​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​អ្នក​កាសែត ៣​នាក់​នៅ​ចំពោះ​មុខ​របស់​គាត់ ​មុន​ពេល​ដែល​កងទ័ព​ខ្មែរ​ក្រហម​សម្លាប់​គាត់។

លោក គង់ វន មាន​ប្រសាសន៍​ថា ៖ «ខ្លួន​ឯង​ហ្នឹង​គិត​ថា ១០០% ស្លាប់​ហើយ ប៉ុន្តែ​ដោយ​នឹក​ឃើញ​ថា គេ​សម្លាប់​វា​ពិបាក​ស្លាប់​ពេក ពីព្រោះ​គេ​សម្លាប់​ដោយ​ការ​ចាក់​នឹង​កាំបិត​អ៊ីចឹង ហាក់​ដូច​ជា​សាហាវ។ អ្នក​ដែល​ស្លាប់​មុន​ខ្ញុំ បី​បួន​នាក់​ហ្នឹង វា​ស្រែក​មុន​នឹង​ស្លាប់ ប្រៀប​ដូច​ជា​ជ្រូក​គេ​ចាក់​ក​ឲ្យ​ស្លាប់​អ៊ីចឹង។ ខ្ញុំ​គិត​ថា បើ​សិន​ជា​ខ្ញុំ​ទុក​បណ្ដោយ​ឲ្យ​គេ​សម្លាប់ ប្រហែល​ជា​ដូច​គ្នា​អ៊ីចឹង។ ខ្ញុំ​គិត​ថា ឲ្យ​គេ​បាញ់​វា​ស្រួល​ស្លាប់​ជាង»

ក្រោយ​ពេល​ដែល​លោក​រួច​ផុត​ពី​សម្លាប់​ហើយ​នោះ លោក​បាន​ភៀស​ខ្លួន​ទៅ​នៅ​ខេត្ត​ព្រៃវែង ជា​កន្លែង​ដែល​លោក​បាន​សន្យា​ថា​នឹង​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​ខេត្ត​នេះ​វិញ ប្រសិន​បើ​គាត់​អាច​នៅ​រស់​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។

លោក គង់ វន ឲ្យ​ដឹង​ថា ៖ «ការ​ចាប់​អារម្មណ៍​របស់​ខ្ញុំ ពេល​នោះ​ខ្ញុំ​គិត​ថា គេ​បាន​ស្រោចស្រង់​ជីវិត​របស់​ខ្ញុំ។ ដើម្បី​ខ្ញុំ​សង​គុណ​របស់​ជន​ជាតិ​ខ្មែរ​ដែល​នៅ​ក្នុង​នោះ ខ្ញុំ​នឹង​កសាង​សាលា​មួយ​ដើម្បី​សង​គុណ​គេ ដែល​គេ​ទុក​ជីវិត​របស់​ខ្ញុំ​ឲ្យ​រស់​នៅ។ ខ្ញុំ​បាន​សន្យា​ថា បើ​មិន​សម្លាប់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ដើម្បី​អ្នក​ឯង​ទាំង​អស់​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ធ្វើ​នៅ​កន្លែង​នោះ»

ការ​សន្យា​របស់​លោក គង់ វន បាន​ក្លាយ​ជា​ការ​ពិត​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​សារ​ព័ត៌មាន​ក្យូដូ (Kyodo) ជា​អតីត​កន្លែង​ធ្វើ​ការងារ​ចាស់​របស់​លោក បាន​ធានា​លោក​ពី​ជំរំ​ភៀស​ខ្លួន​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ ទៅ​រស់​នៅ​ប្រទេស​ជប៉ុន នៅ​ឆ្នាំ​១៩៨១។

ក្រោយ​ពេល​លោក​បាន​ចំណាយ​ពេល​ប្រមាណ ១៧​ឆ្នាំ​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ទើប​លោក​ក៏​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​បាន​ជ្រើស​រើស​យក​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ដើម្បី​កសាង​វិទ្យាល័យ​មិត្តភាព​ខ្មែរ-​ជប៉ុន។

ចាប់​តាំង​ពី​លោក គង់ វន បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩៩ លោក​បាន​សង់​សាលារៀន​ចំនួន ៥​កន្លែង ហើយ​បច្ចុប្បន្ន​នេះ លោក​កំពុង​គ្រប់គ្រង​វិទ្យាល័យ​មិត្តភាព​ខ្មែរ-​ជប៉ុន។ សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​មិត្តភាព​ខ្មែរ-​ជប៉ុន មាន​ចំនួន​ជាង ១៤០​នាក់ ត្រូវ​បាន​ផ្ដល់​អាហារូបករណ៍​ឲ្យ​មក​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ឯ​ភ្នំពេញ។ ថវិកា​ប្រចាំ​ឆ្នាំ​របស់​លោក​មាន​ប្រហែល ១១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​សាលា​របស់​លោក​ទទួល​យក​សិស្ស​មក​សិក្សា​ប្រមាណ​ពី ២០០ ទៅ ៣០០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក គង់ វន មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​ការងារ​ជួយ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ព្រៃវែង ជា​បន្ត​ទៅ​ទៀត​រហូត​ដល់​លោក​អស់​ជីវិត ៖ «ក្នុង​មួយ​ជីវិត​ខ្ញុំ​នេះ ខ្ញុំ​នឹង​បន្ត​ជួយ​វិស័យ​អប់រំ​ឲ្យ​រឹតតែ​ប្រសើរ​ជាង​សព្វថ្ងៃ។ បើ​សិន​ខ្ញុំ​មាន​លទ្ធភាព គឺ​បន្ត​សង់​សាលា​ដទៃ​ទៀត ឬ​ជួយ​ឧបត្ថម្ភ​សាលា​ដទៃ​ទៀត ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ទី​ជនបទ​ដែល​គេ​ចាត់​ទុក​ថា ច្រើន​តែ​អន់​ជាង​អ្នក​នៅ​ទីក្រុង។ ធ្វើ​យ៉ាង​ណា​ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​រវាង​អ្នក​ទី​ក្រុង និង​អ្នក​នៅ​ជនបទ»

កាល​ពី​ខែ​មេសា លោក គង់ វន ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ស្តូប​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​បរទេស និង​កម្ពុជា​ប្រមាណ ៣៧​នាក់ ដែល​បាន​ស្លាប់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ និង ១៩៧៥។ មាន​អ្នក​កាសែត​បរទេស​ប្រមាណ ៣៧​នាក់ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បាត់​ខ្លួន។ អ្នក​ទាំង​អស់​នោះ​រួម​មាន អ្នក​កាសែត អ្នក​ថត​រូប និង​អ្នក​ថត​វីដេអូ មក​ពី​ប្រទេស​ជប៉ុន បារាំង សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ឥណ្ឌា លាវ អូស្ត្រាលី អូទ្រីស ស្វីស និង​កម្ពុជា។

លោក គង់ វន កាល​ពី​ឆ្នាំ​១៩៧១ នៅ​ពេល​ដែល​លោក​ទៅ​យក​ព័ត៌មាន​នៅ​ខេត្ត​កំពង់ស្ពឺ កងទ័ព​វៀតណាម​ខាង​ជើង​បាន​ចាប់​ឃុំ​ឃាំង​ខ្លួន​លោក​អស់​រយៈ​ពេល ២៣​ថ្ងៃ ទើប​លោក​ត្រូវ​បាន​ដោះលែង​វិញ។ លោក​ថា ការ​យក​ព័ត៌មាន​ក្នុង​សម័យ​សង្គ្រាម​វា​ពិបាក និង​គ្រោះថ្នាក់​ដល់​ជីវិត ប៉ុន្តែ​ដោយសារ​ការ​ចង់​ដឹង​ព្រឹត្តិការណ៍​ថ្មីៗ ទើប​លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​កាសែត។

លោក គង់ វន មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្រោះថ្នាក់​ហ្នឹង ជួនកាល​យើង​ទៅ យើង​អត់​ដឹង​ពី​ស្ថានការណ៍​សឹក​នៅ​តាម​ផ្លូវ កន្លែង​ណា​មាន​ពួក​ណា​នៅៗ យើង​អត់​ដឹង។ ខ្លះ​ជិះ​ម៉ូតូ​ទៅ​ខ្លួនឯង ជិះ​តាក់ស៊ី​ទៅ ហើយ​តាក់ស៊ី ពេល​នោះ​អត់​មាន​អ្នក​ចេះ​ភាសា​អង់គ្លេស​ផង ចេះ​តែ​ទៅៗ ចាប់​ខ្លួន​បាត់​តែម្ដង។ ទៅៗ​ផុង​ខ្លួន​គេ​ព័ទ្ធ​ចាប់ គេ​បាញ់​សម្លាប់​ទៅ»

បច្ចុប្បន្ន​នេះ ទោះ​បី​បើ​លោក គង់ វន មាន​ជ័យ​ចាស់​ជរា​ក៏ដោយ ក៏​លោក​នៅ​បន្ត​​ការងារ​ជា​ប្រធាន​មូលនិធិ​ខ្មែរ​ជំនួយ​ការសិក្សា ដោយ​ប្រើប្រាស់​ប្រាក់​ចំណូល​និវត្តន៍​របស់​គាត់​មក​ឧបត្ថម្ភ​ជីវភាព​​របស់​លោក​ក្នុង​មួយ​ខែ ៩០០​ដុល្លារ។

អតីត​សិស្ស​វិទ្យាល័យ​មិត្តភាព​ខ្មែរ-​ជប៉ុន បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​២ ជំនាញ​ខាង​វិទ្យាសាស្ត្រ កញ្ញា ស្រ៊ុន ចន្ទី អាយុ ១៩​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្រសិន​ជា​គ្មាន​ការ​ជួយ​សង់​សាលារៀន​ពី​លោក គង់ វន ទេ​នោះ នាង​មិន​អាច​មក​សិក្សា​នៅ​ភ្នំពេញ​នោះ​បាន​ទេ។

កញ្ញា ស្រ៊ុន ចន្ទី បន្ថែម​ទៀត​ថា លោក គង់ វន បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​គាត់​ដើម្បី​ជួយ​វិស័យ​អប់រំ ដោយ​មិន​គិត​ពី​វ័យ​ចំណាស់​របស់​គាត់​នោះ​ទេ ៖ «គាត់​វ័យ ៧០​ឆ្នាំ​ជាង​ហើយ គឺ​ជា​វ័យ​ដែល​ត្រូវ​ទៅ​វត្ត​ទៅ​វ៉ា គឺ​ជា​វ័យ​ត្រូវ​នៅ​ផ្ទះ​សម្រាក​ជុំ​កូន​ជុំ​ចៅ។ តែ​គាត់ (គង់ វន) មិន​គិត​បែប​ហ្នឹង​ទេ គឺ​គាត់​ធ្វើ​ម៉េច​ដើម្បី​សិស្ស​គាត់​ទេ ហើយ​គាត់​បារម្ភ​ពី​អ្នក​គ្រប់​គ្នា​មែន​ទែន»

លោក គង់ វន មាន​ប្រសាសន៍​ថា វា​ជា​ការ​ចាំបាច់​ណាស់​ដែល​លោក​ត្រូវ​បន្ត​ដឹក​នាំ​ក្នុង​សាលារៀន ពីព្រោះ​បើ​គ្មាន​គាត់​នោះ​ទេ ជំនួយ​របស់​វិទ្យាល័យ​នឹង​ត្រូវ​កាត់​ផ្ដាច់។ លោក​បន្ថែម​ថា ដរាប​ណា​លោក​នៅ​មាន​ជីវិត លោក​នឹង​បន្ត​ជួយ​វិស័យ​អប់រំ​ទៅ​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល