ហ៊ុន សែន និងព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា (ភាគ២)
2010.07.07
សេចក្ដីស្នើច្បាប់របស់ព្រឹទ្ធសមាជិកអាមេរិកាំង លោក ចេស្ស៊ី ហែម (Jessy Helm) និងលោក មិច មាខននែល (Mitch McConnell) កាលពីឆ្នាំ១៩៩៨ នោះ ក៏បានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់វិធានការនាំខ្លួនលោក ហ៊ុន សែន និងក្រុមមន្ត្រីក្រោមឱវាទយកទៅផ្ដន្ទាទោសចំពោះមុខតុលាការអន្តរជាតិ។
អ្នកទាំងពីរក៏បានជំរុញឲ្យមានការស៊ើបអង្កេតលើករណីលោក ហ៊ុន សែន ដែលអាចជាឧក្រិដ្ឋជនក្នុងការដឹកនាំ និងសមគំនិតនូវសកម្មភាពផ្សេងៗ ដែលរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសេចក្ដីស្នើច្បាប់នោះត្រូវអាក់ខានយកមកអនុវត្តទៅវិញ ដោយសារលោក រីឆាដ ហាញ (Richard Hine) បានបញ្ចុះបញ្ចូលព្រឹទ្ធសមាជិក ចេស្ស៊ី ហែម ជាអ្នកជួយដល់ដំណើរការអនុម័តសេចក្ដីស្នើច្បាប់នោះឲ្យបញ្ឈប់ដំណើរតទៅទៀត។
លោក ហាញ បានប្រាប់ពីដំណើរការបញ្ចុះបញ្ចូលរបស់លោកយ៉ាងដូច្នេះ ៖ "ដូចលោកបានជ្រាបស្រាប់ហើយថា ព្រឹទ្ធសមាជិក ចេស្ស៊ី ហែម ជាប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស គាត់គឺជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងការគាំទ្រលើសេចក្ដីស្នើច្បាប់នោះ។ ដូច្នេះខ្ញុំសូមកោតសរសើរដល់លោក ហែម ដែលបានដកការគាំទ្ររបស់គាត់ចេញពីសេចក្ដីស្នើច្បាប់នោះ ហើយគាត់ក៏ជាអ្នកមានអំណាចរារាំងដល់ការអនុម័តលើសេចក្ដីស្នើច្បាប់នោះដែរ។ បើទោះបីគាត់ជាអ្នកគាំទ្រដ៏សំខាន់ម្នាក់ក៏ដោយ ក៏ខ្ញុំអាចចូលជួបគាត់បានដែរ ព្រោះខ្ញុំបានស្គាល់គាត់ជាយូរមកហើយ ដូច្នេះបានជាខ្ញុំអាចបញ្ចុះបញ្ចូលគាត់ឲ្យពិចារណាឡើងវិញ អំពីសេចក្ដីស្នើច្បាប់នោះ"។
បណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ដូចជាប្រទេសវៀតណាម ចិន ជប៉ុន ឬប្រទេសអ៊ីស្រាអែល តែងជួលក្រុមអ្នកបញ្ចុះបញ្ចូលផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងរដ្ឋធានី Washington ដើម្បីបញ្ចុះបញ្ចូលក្រុមអ្នកច្បាប់ ឬអ្នកនយោបាយអាមេរិកាំងឲ្យជួយដល់ផលប្រយោជន៍នៃប្រទេសទាំងនោះ។
លោក រីឆាដ ហាញ មានប្រសាសន៍បន្តថា រដ្ឋាភិបាលកម្ពុជា បានជួលលោកក្នុងតម្លៃជាច្រើនសែនដុល្លារ ប៉ុន្តែលោកមានប្រសាសន៍ថា តម្លៃនោះមានកម្រិតថោក បើប្រៀបធៀបទៅនឹងការជួលធ្វើកិច្ចការបែបនេះពីប្រទេសដទៃ។
លោក រីឆាដ ហាញ មានប្រសាសន៍ដូច្នេះ ៖ "តាមខ្ញុំនៅចាំ ខ្ញុំទទួលបានកម្រៃឈ្នួលជាច្រើនសែនដុល្លារ ប៉ុន្តែមិនដល់មួយលានដុល្លារទេ។ ខ្ញុំអាចនិយាយបានថា វាជាកម្រៃដ៏ថោកមួយ ហើយអ្វីដែលកម្ពុជា បានចំណាយនោះ វាមានកម្រិតតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃៗឯទៀត។ ជាធម្មតាអ្នកមិនអាចរកតម្លៃថោកដូច្នេះបានទេក្នុងរដ្ឋធានី Washington ដើម្បីជួលអ្នកបញ្ចុះបញ្ចូលនោះ"។
មជ្ឈដ្ឋានជាច្រើននៅមិនដែលដឹងទេថា តើលុយជាច្រើនសែនដុល្លារដែលរដ្ឋបាលរបស់លោក ហ៊ុន សែន ជួលអ្នកបញ្ចុះបញ្ចូលដល់ក្រុមតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកជាលុយរបស់រដ្ឋ ឬជារបស់លោក ហ៊ុន សែន ផ្ទាល់នោះ។
ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើសេចក្ដីស្នើច្បាប់នោះចូលជាធរមាន លោក ហ៊ុន សែន អាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយសហរដ្ឋអាមេរិក អាចចាប់ខ្លួនលោកមកកាត់ទោស ឬឃុំឃាំងនៅសហរដ្ឋអាមេរិកបាននៅពេលណាលោកធ្វើដំណើរទៅប្រទេសដែលជាសម្ព័ន្ធរបស់អាមេរិក។
លោក កឹម សុខា ដែលជាអតីតព្រឹទ្ធសមាជិកពីខាងបក្សហ៊្វុនស៊ីនប៉ិច មានប្រសាសន៍ថា សេចក្ដីស្នើច្បាប់នោះមានសារប្រយោជន៍ណាស់ ដើម្បីជាមេរៀនដល់ឧក្រិដ្ឋជនទាំងឡាយដែលប្រើប្រាស់អំណាចរបស់ខ្លួនទៅលើជនស្លូតត្រង់។
លោក កឹម សុខា មានប្រសាសន៍ថា ៖ «មានសារសំខាន់ត្រង់ថា ដើម្បីព្រមានដល់ជនផ្ដាច់ការទាំងឡាយណាដែលហ៊ានប្រព្រឹត្តឧក្រិដ្ឋកម្មទៅលើមនុស្សជាតិ ទៅលើប្រជាពលរដ្ឋឯងហ្នឹង នឹងរាងចាល អាចរាងចាលបាន ហើយអាចទប់ស្កាត់នូវអំណាចផ្ដាច់ការ អំពើហិង្សាឃោរឃៅ ទប់ស្កាត់នូវសង្គ្រាមនៅក្នុងប្រទេសកម្ពុជាយើងបាន។ ប្រសិនណាជាយើងធ្វើអាហ្នឹងបានមួយ ខ្ញុំជឿថា អ្នកដឹកនាំស្រុកយើងក្រោយៗទៀត ច្បាស់ជាមិនហ៊ានធ្វើអីឲ្យមានអំពើហិង្សា ហើយសម្លាប់ខ្មែរគ្នាឯងផុយៗអ៊ីចឹងទេ»។
គាប់ជួននៅពេលមានសេចក្ដីស្នើច្បាប់ពីខាងព្រឹទ្ធសមាជិករបស់សហរដ្ឋអាមេរិកនៅពេលនោះ ខាងអង្គការសហប្រជាជាតិក៏បានព្យួរអាសនៈរបស់កម្ពុជាមួយរយៈ រហូតដល់កម្ពុជា អាចស្ដារស្ថានការណ៍តានតឹងនៅក្នុងប្រទេសឲ្យមានភាពប្រក្រតីឡើងវិញ។
ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងពិភពលោក បានប្រៀបធៀបករណីឡើងកាន់អំណាចរបស់លោក ហ៊ុន សែន ក្នុងប្រទេសកម្ពុជា ស្រដៀងគ្នាទៅនឹងករណីនៃការឡើងកាន់អំណាចរបស់ឧត្ដមសេនីយ៍ ពីណូឆេ ក្នុងប្រទេសឆីលី តាមរយៈការធ្វើរដ្ឋប្រហារដែលបានសម្លាប់លោកប្រធានាធិបតីជាប់ឆ្នោត សាវាដ័រ អាលែនដេរ។
ខណៈលោក ពីណូឆេ ធ្វើជាប្រធានាធិបតី ពលរដ្ឋ ឆីលី ប្រមាណជាង ៣ពាន់នាក់ត្រូវបានសម្លាប់ក្រោមការអនុញ្ញាតរបស់លោក ពីណូឆេ។ លោក ពីណូឆេ ក្រោយមកបានទៅសម្រាកព្យាបាលជំងឺក្នុងប្រទេសអង់គ្លេស ហើយខណៈនោះអាជ្ញាធរអេស្ប៉ាញ បានស្នើឲ្យអាជ្ញាធរអង់គ្លេស ចាប់ខ្លួនលោក តាមរយៈពាក្យបណ្ដឹងរបស់ពលរដ្ឋ ឆីលី ដែលបានប្ដឹងលោក ពីណូឆេ ពីបទរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ៕