អ្នក​វិភាគ៖ ថៃ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជា​លេស​ស្វែង​រក​សំឡេង​ឆ្នោត

អ្នក​វិភាគ​នយោបាយ និង​អ្នក​នយោបាយ​នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សមាជិកភាព​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​របស់​ថៃ​ថា ជា​ការ​យក​លេស​ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ​គណបក្ស​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​៣ កក្កដា ខាង​មុខ​នេះ។
ដោយ កែវ និមល
2011-06-30
Share

ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា បាន​ចាត់​ទុក​ថា ការ​បង្ក​រឿង​ទាក់ទង​ប្រាសាទ​ព្រះវិហារ​ខ្មែរ​របស់​គណៈ​ប្រតិភូ​ថៃ នៅ​ទីក្រុង​ប៉ារីស ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ ហើយ​ប្រទេស​ថៃ លែង​ខ្វល់​ចំពោះ​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ខ្លួន​លើ​ឆាក​អន្តរជាតិ​ទៀត​ហើយ។

លោក​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ខេមរៈ និង​ជា​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា រដ្ឋាភិបាល​ប្រទេស​ថៃ​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​នានា​បាន​ឡើយ​នៅ​ក្នុង​ដំណាក់កាល​នេះ។ ដូច្នេះ​ការ​ប្រកាស​ដក​ខ្លួន​របស់​ប្រទេស​ថៃ ពី​សមាជិក​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ គ្រាន់​តែ​ជា​ការ​បង្ហាញ​មួយ​ថា បញ្ហា​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ត្រូវ​បាន​អ្នក​នយោបាយ​ថៃ យក​ធ្វើ​ជា​សន្លឹក​បៀ​មួយ ឃោសនា​ពី​ស្មារតី​ជាតិ​និយម​ជ្រុល​របស់​ខ្លួន។

លោក​បន្ថែម​ដូច្នេះ ៖ «អា​នេះ​បង្ហាញ​ជូន​ពិភពលោក​ថា សៀម​ឯកោ តែ​នេះ​ខ្ញុំ​ជឿ​ជាក់​ថា ថៃ​គ្រាន់​តែ​បង្កើត​អាកប្បកិរិយា​ហ្នឹង ព្រោះ​ខ្លួន​មិន​មាន​លទ្ធភាព​ណា​ដក​សមាជិកភាព​ចេញ​ទេ ពីព្រោះ​រឿង​សភា​អនុម័ត​ទី​១​អា​ហ្នឹង ហើយ​ទី​២​ទៀត វា​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ សូម្បី​តែ​ខ្ចី​លុយ​គេ​សព្វថ្ងៃ​ក៏​គេ​អត់​ឲ្យ​ខ្ចី​ដែរ រដ្ឋាភិបាល អាភីស៊ិត ឬ​មួយ​ក៏​ចង់​ចុះ​ហត្ថលេខា​អី​លើ​បញ្ហា​ប្រទេស​របស់​ខ្លួន​ក៏​អត់​មាន​សិទ្ធិ​ដែរ ពីព្រោះ​រដ្ឋាភិបាល​ចាំផ្ទះ គឺ​កំដរ​រដ្ឋាភិបាល​ថ្មី​កើត​ឡើង»

លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា នៅ​ប្រទេស​ថៃ គឺ​បក្ស​ប្រជាធិបតេយ្យ​ថៃ របស់​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដែល​ជា​អ្នក​លេង​សន្លឹក​បៀ​នេះ គឺ​ប្រកាស​ថា ពួកគេ​ជា​អ្នក​ស្នេហា​ជាតិ ការពារ​ទឹក​ដី ដើម្បី​បាន​សន្លឹក​ឆ្នោត​គាំទ្រ ៖ «ចង់​បង្ហាញ​ថា មាន​តែ​បក្ស​ប្រជាធិបតេយ្យ​ទេ​ដែល​គេ​ស្នេហា​ជាតិ ដែល​គេ​ចង់​វាតទី​ទឹក​ដី​គេ​នោះ ជាតិ​និយម គេ​ហ៊ាន​ធ្វើ​អ្វីៗ អន្តរជាតិ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ គឺ​សំខាន់​រឿង​ជាតិ​របស់​គេ មិន​ឲ្យ​បាត់បង់​ទឹក​ដី​របស់​គេ។ អា​ហ្នឹង​គេ​ចង់​បង្ហាញ​អ៊ីចឹង»

លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ដក​ខ្លួន​របស់​ប្រទេស​ថៃ ពី​សមាជិក​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO) នេះ មុខ​ជា​ធ្វើ​ឲ្យ​ប្រទេស​ថៃ ឯកោ​ពី​សហគមន៍​អន្តរជាតិ​ជា​មិន​ខាន។

ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​លើក​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ទៅ​ដាក់​ក្នុង​នយោបាយ​របស់​អ្នក​ដឹកនាំ​ប្រទេស​ថៃ​នោះ វា​ជា​នយោបាយ​ប្រជាភិថុតិ​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ តែប៉ុណ្ណោះ ៖ «ក្នុង​ន័យ​ដណ្ដើម​យក​ជ័យ យក​ប្រជាប្រិយភាព​ពី​គណបក្ស​ភឿថៃ ឬ​លើ​គណបក្ស​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ឯកឧត្ដម ថាក់ស៊ីន ក្នុង​ពេល​កន្លង​មក។ ដូច្នេះ​អំណាច​នយោបាយ​ដែល​កើត​ចេញ​ពី​ប្រជាប្រិយភាព​ប្រឌិត​នោះ ដែល​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ទទួល​បាន គឺ​ប្រាសាទ​ព្រះវិហារ​នោះ​ឯង»

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ការ​ដក​ខ្លួន​របស់​ប្រទេស​ថៃ ចេញ​ពី​សមាជិក​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ចំពោះ​ប្រទេស​កម្ពុជា មិន​មាន​ការ​ខាត​បង់​អី​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ប្រទេស​ថៃ ខ្លួន​ឯង​ទៅ​វិញ​ទេ ដែល​មាន​ការ​ខាត​បង់ ៖ «បាទ! អា​ហ្នឹង​ជា​ទិដ្ឋភាព​ការ​ដាក់​សម្ពាធ។ យើង​បាន​ឃើញ​ហើយ​ថា ថៃ​បាន​ដើរ​ចេញ​ពី​ការ​ប្រជុំ​ពេញ​អង្គ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គឺ​ថៃ​បាន​បង្ហាញ​ដល់​អន្តរជាតិ​ថា ថៃ​បោះបង់​ចោល​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ ដូច្នេះ​ថៃ​មុខ​ជា​ប្រើ​​មធ្យោបាយ​ទី​២ គឺ​ដោះស្រាយ​តាម​បែប​ហិង្សា គឺ​ប្រើ​កម្លាំង​យោធា​ដោយ​បាញ់​វាយ​ប្រហារ អា​នេះ​ជា​ជម្រើស​ថ្មី​របស់​ថៃ»

ទាក់ទង​ជាមួយ​ការ​ដក​ខ្លួន​របស់​ថៃ​នេះ​ដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ថា សុំ​អ្នក​ដឹក​នាំ​ប្រទេស​ថៃ កុំ​យក​លេស​ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា រារាំង​ដល់​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៣ កក្កដា ខាង​មុខ ៖ «កុំ​យក​កម្ពុជា ធ្វើ​ជា​ចំណាប់​ខ្មាំង​នៃ​នយោបាយ​ថៃ ផ្ទៃ​ក្នុង​ថៃ។ បោះ​ឆ្នោត​ទៅ គោរព​លទ្ធផល​ទៅ ហើយ​បើ​ឯកឧត្ដម អាភីស៊ិត ធ្វើ​នាយករដ្ឋមន្ត្រី​ទៀត ខ្ញុំ​ក៏​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​ធ្វើការ​ជាមួយ​ឯកឧត្ដម​ដែរ»

លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​សោកស្ដាយ​ចំពោះ​ការ​ដក​ខ្លួន​របស់​ថៃ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ ប្រែ​ក្លាយ​ការ​ប្រកាស​ដក​ខ្លួន​ពី​សមាជិក​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ឲ្យ​ទៅ​ជា​ការ​ពិត​ឲ្យ​បាន​ឆាប់​រហ័ស​ទៀត​ផង។

លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ ៖ «ឥឡូវ​ជា​ថ្មី​ម្ដង​ទៀត ថៃ​បាន​ដក​ខ្លួន​ចេញ​ពី​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែ​ប្រធាន​អង្គប្រជុំ​បាន​បញ្ជាក់​ហើយ គឺ​មាន​ក្រឹត្យក្រម។ មិន​មែន​អ្នក​ឯង​ដើរ​ចេញ ហើយ​សេចក្ដី​សម្រេច​អត់​មាន​ជា​ធរមាន​បាន សេចក្ដី​សម្រេច​ចេញ​រួច​ហើយ។ ក្រឹត្យក្រម​ធម្មតា គឺ​ត្រូវ​សរសេរ​សំបុត្រ​សុំ​លាលែង ១២​ខែ​ក្រោយ​បាន​ចូល​ជា​ធរមាន។ សូម​ផ្ដាំ​ទៅ អាភីស៊ិត ផង បើ​ចិត្ត​កូន​ប្រុស ឯកឧត្ដម​ធ្វើ​លិខិត​ផ្លូវការ​ទៅ! ហើយ​ក៏​សុំ​ផ្ដាំផ្ញើ​ទៅ​មេ​ទ័ព​ថៃ​ដែរ​ថា កុំ​យក​ហេតុផល​កម្ពុជា-​ថៃ ពន្យារ​ការ​បោះ​ឆ្នោត ហើយ​ក៏​កុំ​យក​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ បំផ្លាញ​លទ្ធផល​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ (កក្កដា)»។

កាសែត ឌឹ ណេហ្សិន (The Nation) របស់​ថៃ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា ប្រទេស​ថៃ បាន​ប្រកាស​ដក​ខ្លួន​ពី​សមាជិក​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា កន្លង​ទៅ ដោយសារ​គណៈកម្មាធិការ​នោះ​បរាជ័យ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ចំពោះ​សំណើ​សុំ​របស់​ប្រទេស​ថៃ ដែល​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ពិនិត្យ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ជា​ឯកតោ​ភាគី​របស់​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយសារ​ប្រទេស​ថៃ ខ្លាច​មាន​ការ​គំរាមកំហែង​ចំពោះ​អធិបតេយ្យភាព​ប្រទេស​ថៃ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល