អ្នក​វិភាគ៖ សមាជិក​អាស៊ាន​ខ្លះ​មិន​ឲ្យ​តម្លៃ​សមាគម​អាស៊ាន

សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​នៅ​តាម​ព្រំដែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ធ្វើ​ឲ្យ​អ្នក​វិភាគ​ខ្លះ​វិភាគ​ថា ថៃ​ដែល​តែង​តាំង​ខ្លួន​ជា​ប្រទេស​មាន​អំណាច​សេដ្ឋកិច្ច និង​ខ្លាំង​ខាង​យោធា​ក្នុង​តំបន់​នោះ នឹង​មិន​គោរព​ឥណ្ឌូណេស៊ើ (Indonesia) ជា​ប្រធាន​អាស៊ាន (ASEAN) ​ដោះ​ស្រាយ​ជម្លោះ​ជាមួយ​កម្ពុជា​នោះ​ទេ។
ដោយ វោហារ ជាតិ
2011-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​វិភាគ​ខ្លះ​បាន​យល់​ថា សមាជិក​អាស៊ាន​ខ្លះ​មិន​បាន​ផ្ដល់​តម្លៃ​ឲ្យ​សមាគម​អាស៊ាន ឬ​ប្រធាន​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នានា នៅ​ក្នុង​តំបន់​ឡើយ ហើយ​កត្តា​នេះ នឹង​បណ្ដាល​ឲ្យ​សមាគម​អាស៊ាន បាត់​បង់​សេចក្ដី​ថ្លៃថ្នូរ និង​បាត់​បង់​នូវ​ការ​គោរព​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរជាតិ រួម​ទាំង​សមាជិក​អាស៊ាន​ដ៏​ទៃ​ទៀត​ផង​ដែរ។

ក្រុម​អ្នក​វិភាគ​អន្តរជាតិ​នានា បាន​ពិពណ៌នា​ថា បញ្ហា​ជម្លោះ​បង្ហូរ​ឈាម​គ្នា ដោយ​ប្រដាប់​អាវុធ​នៅ​ព្រំដែន រវាង​ទាហាន​កម្ពុជា និង​ថៃ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​សន្តិសុខ​អាស៊ាន និង​បាន​ផ្ដួចផ្ដើម​ធ្វើ​ឲ្យ​​បាក់​ទឹក​ចិត្ត​ដល់​ការ​ទាក់​ទាញ​ពាណិជ្ជកម្ម​តំបន់​អាស៊ាន (ASEAN) ទាំងមូល​ ដែល​ជា​តំបន់​រស់​នៅ​របស់​ក្រុម​គ្រួសារ​ប្រទេស​ជា​សមាជិក​សមាគមន៍ អាស៊ាន​ខ្លួន​ឯង ហើយ​ជម្លោះ​នេះ បាន​បង្ក​ឡើង​ដោយ​សមាជិក​សមាគម​អាស៊ាន​ខ្លួន​ឯង​ដូច​គ្នា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជម្លោះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​ចុះ​ខ្សោយ​ផង​ដែរ ដោយសារ​តែ​អ្នក​ដឹក​នាំ​ថៃ មួយ​ចំនួន​ប្រើ​អំណាច​យោធា​ពង្រីក​អំណាច​នយោបាយ​ខ្លួន ដូច​ជា​ថៃ​បាន​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នៅ​ឆ្នាំ ២០០៦ មក ហើយ​ក្រៅ​ពី​នេះ ថៃ​ជំទាស់​មិន​ព្រម​ដោះ​ស្រាយ​ជម្លោះ​ជា​មួយ​កម្ពុជា ដោយ​អាស៊ាន​ទៀត​ផង។

ក្រុម​អ្នក​វិភាគ​បរទេស​បាន​រិះគន់​ភាគី​ថៃ​ថា ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ធ្វើ​ឲ្យ​ទស្សនវិស័យ​របស់​អាស៊ាន ដែល​មាន​សមាជិក​ទាំង ១០ មាន​ផែនការ​បង្កើត​សហគមន៍​ថ្នាក់​តំបន់​រួម​គ្នា​មួយ ឲ្យ​បាន​សម្រេច​នៅ​ឆ្នាំ ២០១៥ ខាង​មុខ​នេះ ត្រូវ​ដើរ​ថយ​ក្រោយ។ អ្វី​ដែល​ធ្វើ​ឲ្យ​អាស៊ាន​រឹតតែ​ច្របូក​ច្របល់​ទៀត​នោះ គឺ​ថា​ភាគី​ថៃ​បាន​ទាត់​ចោល​ក្រុម​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​គ្នា​នៅ​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន កាល​ពី​ខែ​កុម្ភៈ នៅ​ឥណ្ឌូណេស៊ី​ កន្លង​ទៅ​នេះ។

លោក រីហ្សាល ស៊ុកម៉ា (Rizal Sukma) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ប្រចាំ​ទី​ក្រុង​ហ្សាការតា (Jakarta) ត្រូវ​បាន​កាសែត​ បាងកក​ប៉ុស្តិ៍ (Bangkok Post) ស្រង់​សម្ដី​ចុះ​ផ្សាយ​នៅថ្ងៃទី​២៩ ខែ​មេសា អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​​ព្រំដែន​កម្ពុជា-ថៃ​ថា ៖ «បញ្ហា​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិត្តិយស​អាស៊ាន ដែល​កន្លង​មក​បាន​ខំ​ប្រឹង​ប្រែង កែ​ទម្រង់​ខ្លួន​ឯង​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​តំបន់​សន្តិសុខ​មួយ​ឱ្យ​បាន​សម្រេច នៅ​ឆ្នាំ ២០១៥ ខាង​មុខ​នេះ»។

ក្រុម​សមាជិក​អាស៊ាន​នានា បាន​អបអរ​កិច្ច​ព្រមព្រៀង​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ដោយ​ប្រធាន​អាស៊ាន​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ដែល​គេ​គិត​ថា វា​ជា​តម្លៃ​ការងារ​មួយ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​អាស៊ាន។ ប៉ុន្តែ ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ឡើង​វិញ​ពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​សមាជិក​អាស៊ាន​អស់​ក្ដី​សង្ឃឹម​គ្រប់​គ្នា ដោយ​សារ​តែ​ភាគី​ថៃ ហើយ​ឥណ្ឌូណេស៊ី ដែល​មាន​តួនាទី​ប្រធាន​អាស៊ាន នឹង​បរាជ័យ គឺ​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​នេះ​បាន។ បរាជ័យ​នេះ បាន​ឆ្លុះ​បញ្ចាំង​ថា អាស៊ាន​មិន​មាន​តម្លៃ​អ្វី​ទេ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់។

លោក រីហ្សាល ស៊ុកម៉ា បន្ថែម​ថា៖ «នៅ​ពេល​នេះ ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បដិសេធ​ការ​រិះគន់​នានា​ថា អត្ថប្រយោជន៍ និង​តួនាទី​របស់​អាស៊ាន​មិន​ត្រូវ​បាន​សមាជិក​របស់​ខ្លួន​ផ្ដល់​តម្លៃ​ឲ្យ ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ ហើយ​អាស៊ាន​នឹង​ពិបាក​ទទួល​បាន​នូវ​ការ​គោរព​ពី​សំណាក់​​ឆាក​អន្តរជាតិ បើ​សិន​ជា​អាស៊ាន​ខ្លួន​ឯង​មិន​ត្រូវ​បាន​ផ្ដល់​តម្លៃ និង​ផ្ដល់​សេចក្ដី​គោរព​ដោយ​សមាជិក​សមាគម​​របស់​​ខ្លួន​ឯង​នោះ»។​

ក្រៅ​ពី​នេះ លោក រីហ្សាល ស៊ុកម៉ា ថ្លែង​ថា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ នៅ​ពេល​នេះ​ថា តើ​ថៃ​នឹង​បន្ទន់​ឥរិយា​បទ ប្ដូរ​ចិត្ត​ចូល​តុ​ចរចា​ក្រោម​ដំបូល​អាស៊ាន ឬ​យ៉ាង​ណា តែ​បើ​អាស៊ាន​ដោះ​ស្រាយ​ជម្លោះ​នេះ​មិន​បាន​តួនាទី​អាស៊ាន​នឹង​ត្រូវ​អស់​តម្លៃ​ត្រឹម​នេះ​ដែរ ៖ «បើ​ភាគី​ទំនាស់​ទាំង​ពីរ​មិន​អាច​ឆក់​ឱកាស​នេះ​ដោះ​ស្រាយ​ជម្លោះ​តាម​ជម្រើស​អាស៊ាន​បាន​ទេ វា​នឹង​អាច​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ​ ឬ​ក៏​​សមាជិក​អាស៊ាន​ណា​មួយ​យល់​ថា ចំណាត់​ការ​របស់​តំបន់​ត្រូវ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ»។

ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ប្រជុំ​កំពូល​អា​ស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧-៨ ខែ​ឧសភា ឆ្នាំ ២០១១ នៅ​ឥណ្ឌូណេស៊ី ភាគី​កម្ពុជា​រំពឹង​ថា អាស៊ាន​នឹង​អាច​ដោះ​ស្រាយ​ជម្លោះ​នេះ​បាន។

ផ្ទុយ​ពី​ឆន្ទៈ​ភាគី​កម្ពុជា ថៃ​មិន​ចង់​ឲ្យ​ភាគី​ទី​បី​ចូល​រួម​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ទទូច​សុំ​ចរចា​ទ្វេ​ភាគី​ជាមួយ​កម្ពុជា បន្ទាប់​ពី​ភាគី​ថៃ​បាន​ប្រើ​កម្លាំង​ទ័ព​វាយ​សន្ធាប់​គាប​សង្កត់​ភាគី​កម្ពុជា​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ។

តែ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​តប​ទៅ​វិញ​ថា ភាគី​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដដែល ៖ «ហើយ​ខ្ញុំ​សុំ​បញ្ជាក់​សា​ជា​ថ្មី​ជូន​នាយក​រដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ាក់ យើង​ខ្ញុំ​ឆ្លើយ​តប​យល់​ព្រម​ចរចា ហើយ​ការ​ចរចា​នោះ​ត្រូវ​ធ្វើ​ក្នុង​ជំនួប​កំពូល​អាស៊ាន អត់​ធ្វើ​ក្រៅ​ពី​ហ្នឹង​ទេ។ អ្នក​ឯង​មិន​ចង់ ក៏​ខ្ញុំ​និយាយ​ដែរ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​គម្រោង​ជួប​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ផង​ដែរ។

តែ​នៅ​ថ្ងៃ​ទី ២៩ មេសា​នេះ លោក អាភិស៊ិត ត្រូវ​បាន​កាសែត​ថៃ​ស្រង់​សម្ដី​ថា លោក​មិន​ទាន់​មាន​គម្រោង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី ៧-៨ ឧសភា ខែ​ក្រោយ​នេះ​នៅ​ឡើយ​ទេ។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ចាប់​ផ្ដើម​ឡើង​ដោយសារ​ទំនាស់​ដី​ទំហំ ៤,៦ គីឡូ​ម៉ែត្រ​ក្រឡា នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ គឺ​បន្ទាប់​ពី​ភាគី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​រួច​មក។ បន្ទាប់​មក​ទាហាន​ថៃ​បាន​ជ្រៀត​ចូល​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្ត​បន្ទាប់​រហូត​មក​ទល់​ពេល​នេះ។

ការ​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ទាំង​ពីរ​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​បរទេស​បរិយាយ​ថា ភាគី​ទាំង​ពីរ​កម្ពុជា-ថៃ បាន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នយោបាយ​រៀងៗ ខ្លួន ដោយ​ភាគី​ទាំង​ពី​បាន​បញ្ឆេះ​ទឹក​ចិត្ត​ស្នេហា​ជាតិ​នៃ​ប្រជាជន​ទាំង​ពីរ​រៀង​ខ្លួន។

លោក ចូហាវ គ័រឡាន្តហ្សិក (Johua Kurlantzick) អ្នក​វិភាគ​ ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​បរទេស មាន​ការិយាល័យ​នៅ​ទីក្រុង វ៉ាស៊ិនតុន (Washington) សហរដ្ឋ​អាមេរិក ថ្លែង​ថា ការ​វាយ​ប្រយុទ្ធ​នៅ​ព្រំដែន​នៃ​កងទ័ព​ទាំង​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើន​ប្រជាប្រិយភាព​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ដែល​ការ​រិះគន់​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី បដិសេធ​ជា​បន្ត​បន្ទាប់​កន្លង​មក ហើយ​ចោទ​ថា ថៃ​ឈ្លានពាន​កម្ពុជា​ដោយ​ឥត​អៀន​ខ្មាស់។

ចំណែក​ភាគី​ថៃ​វិញ ត្រូវ​បាន​អ្នក​វិភាគ​បរទេស​ខ្លះ​ថ្លែង​ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ប្រើប្រាស់​ជម្លោះ​វាយ​ប្រហារ​កម្ពុជា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ និង​បង្កើន​ប្រជាប្រិយភាព​របស់​លោក ដើម្បី​ឡើង​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ​នៅ​ពេល​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល