ការ​ផ្ដល់​ដី​សម្បទាន និង​ផល​វិបាក

អ្នក​រង​គ្រោះ​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​បាន​និយាយ​ថា នយោបាយ​ផ្ដល់​ដី​សម្បទាន​កំពុង​​ធ្វើ​ឲ្យ​អ្នក​ស្រុក​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​វិនិយោគ​ទៅ​វិញ។
ដោយ គឹម ពៅ
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
RFA/Sek Bandith

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ដី​សម្បទាន​នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​លើ​ដី​ធ្លី​របស់​ខ្លួន​ពី​មុន ដែល​រក​ចំណូល​បាន​ជាង ១​ម៉ឺន​រៀល​ក្នុង ១​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​ថយ​មក​ត្រឹម ៥០០០​រៀល ទៅ ១០០០​រៀល​ប៉ុណ្ណោះ ដោយ​ធ្វើ​ជា​អ្នក​ស៊ីឈ្នួល​ដាំ​ដុះ​នៅ​ក្នុង​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន ក្រោយ​ពី​ដី​ធ្លី​ត្រូវ​គេ​រឹប​អូស​យក។

អ្នក​ស្រី អ៊ុក ជ័យ មក​ពី​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង គឺ​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ចំនួន ៤០០​គ្រួសារ​នៅ​ទី​នោះ ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព ដោយសារ​តែ​ការ​វិនិយោគ​ដី​សម្បទាន​របស់​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ។

គាត់​បាន​រៀបរាប់​បន្ត​ទៀត​ថា ជីវភាព​របស់​អ្នក​ភូមិ​បាន​ធ្លាក់​ចុះ​ដុនដាប​ទៅ​ៗ ក្រោយ​ពី​ដី​ធ្លី​របស់​អ្នក​ភូមិ​នោះ​សរុប​ចំនួន ៧០០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ របស់​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន រឹប​អូស​យក​ដើម្បី​ដាំ​ដើម​អំពៅ។

អ្នក​ស្រុក​ដែល​ធ្លាប់​មាន​រស់​នៅ​ដោយ​សេរី​ក្នុង​ការ​ធ្វើ​កសិកម្ម និង​ការ​អាស្រ័យ​ផល​នៅ​ក្នុង​ព្រៃ​ក្បែរ​នោះ ក៏​ត្រូវ​បាន​គេ​ហាម​ឃាត់ ហើយ​បាន​នាំ​គ្នា​ទៅ​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​ដាំ​ដើម​អំពៅ ក្នុង​កម្រៃ​ប្រហែល ១​ម៉ឺន​រៀល ក្នុង ១​ថ្ងៃ។

អ្នក​ស្រី អ៊ុក ជ័យ បាន​បញ្ជាក់​ថា ៖ «តាំង​ពី​ថ្ងៃ​វិនិយោគ​ទុន​មក គឺ​ប្រជាជន​ក្នុង​ភូមិ​ខ្ញុំ​ធ្លាក់​សេដ្ឋកិច្ច​ចុះ រក​ព្រឹក ខ្វះ​ល្ងាច! រក​ស៊ី​មិន​គ្រប់​មិន​គ្រាន់ បាត់បង់​ទាំង​ពី​ក្របី គោ បាត់បង់​ទាំង​ពី​ជីវភាព មុខរបរ​រក​ត្រី រក​សាច់​ហូប! ដោយសារ​មូល​ហេតុ​អី? ដោយសារ​គេ​ឈូស​ដី លុប​អូរ ជម្រក​ត្រី​អី...»

ដូច​គ្នា​នេះ​ដែរ នៅ​ស្រុក​ថ្ពង ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ អ្នក​ភូមិ​ចំនួន ១០​ភូមិ​ក៏​កំពុង​តែ​ឈ្លោះ​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ ឈ្មោះ ភ្នំពេញ ស៊ូហ្គ័រ របស់​លោក លី យ៉ុងផាត់ នេះ​ដែរ។

លោក ស សុខ អ្នក​ភូមិ​ម្នាក់​នៅ​ឃុំ​អមលាំង​បាន​ថ្លែង​ថា អ្នក​ស្រុក​នៅ​ទី​នោះ​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​តវ៉ា​រឿង​ដី​ធ្លី គ្មាន​ពេល​រក​ប្រាក់​ចំណូល​ឡើយ។ លោក​ថា បើ​សិន​ជា​នយោបាយ​របស់​រដ្ឋាភិបាល​គ្រោង​នឹង​ផ្ដល់​ដី​របស់​អ្នក​ស្រុក​នៅ​ទី​នោះ ដែល​កំពុង​តែ​ធ្វើ​ស្រែ​ស្រាប់ ឲ្យ​ក្រុមហ៊ុន​នោះ​ដាំ​ដើម​អំពៅ​មែន វា​កំពុង​តែ​នាំ​ឲ្យ​អ្នក​ស្រុក​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។

លោក ស សុខ បាន​ឲ្យ​ដឹង​ថា ៖ «វា​អយុត្តិធម៌​ណាស់​ចំពោះ​ដែល​ថា ដី​របស់​ប្រជា​ពលរដ្ឋ ហើយ​ប្រគល់​ឲ្យ​អ្នក​ផ្សេង ឬ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន រួច​ហើយ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ហ្នឹង​ទៅ​ធ្វើ​ជា​ខ្ញុំ​គេ អា​នេះ​ពិបាក​ដែរ ទៅ​ធ្វើ​ជា​កម្មករ​គេ! រដ្ឋាភិបាល ថ្នាក់​ដឹកនាំ មិន​ដឹង​គេ​មាន​គំនិត យល់​យ៉ាង​ម៉េច?»

នៅ​ខេត្ត​កោះកុង ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន ៩៧០០​ហិកតារ។ នៅ​ខេត្ត​កំពង់ស្ពឺ​វិញ ក្រុមហ៊ុន​របស់​លោក​ដដែល​មាន​ឈ្មោះ​ថា ភ្នំពេញ ស៊ូហ្គ័រ បាន​ទទួល​ដី​សម្បទាន​ចំនួន ៨៣៤៣​ហិកតារ ហើយ​នៅ​តំបន់​ផ្សេង​ទៀត ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ដដែល ឈ្មោះ អង្គរ ស៊ូហ្គ័រ ក៏​បាន​ទទួល​ដី​ធ្លី​សម្បទាន​ចំនួន ៩៨០០​ហិកតារ​ផ្សេង​ទៀត។

បុគ្គល​ម្នាក់​ទទួល​បាន​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតារ និង​ការ​វិនិយោគ​ដី​សម្បទាន​មិន​ប្រក្រតី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ច្បាប់​សម្រាប់​សហគមន៍ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​សប្ដាហ៍​មុន ដោយ​ទាមទារ​សុំ​ឲ្យ​បញ្ឈប់ និង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ធ្វើ​សម្បទាន​ដី​ធ្លី។

លោក នី ចរិយា មន្ត្រី​សិទ្ធិ​មនុស្ស អាដហុក ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៧០% នៃ​ចំនួន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន ដែល​គេ​ទទួល​បាន គេ​សង្កេត​ឃើញ​ថា គ្មាន​ក្រុមហ៊ុន​ណា​មួយ​គោរព​ច្បាប់​ទម្លាប់​នោះ​ឡើយ ដូច​ជា​ការ​ផ្ដល់​ដី​សម្បទាន​នោះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ឃុបឃិត​គ្នា មិន​លាត​ត្រដាង​ជា​សាធារណៈ មិន​សហការ​ជាមួយ​អ្នក​ស្រុក ហើយ​មាន​លក្ខណៈ​ជា​រូបវន្ត​បុគ្គល គឺ​មាន​ន័យ​ថា បុគ្គល​ម្នាក់​បាន​ទទួល​ដី​សម្បទាន​របស់​សែន​ហិកតារ។

លោក​ថ្លែង​បន្ត​ទៀត​ដូច្នេះ ៖ «ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​មិន​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស ប្រកប​ដោយ​ចិរភាព​នោះ​ទេ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ដែល​គោរព​ច្បាប់​ត្រឹមត្រូវ មិន​ហ៊ាន​ចូល​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​សរសេរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ អំពី​ការ​ផ្ដល់​ដី​សម្បទាន​នា​ឆ្នាំ​២០០៦ បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​មិន​បាន​ចែក​រំលែក​ស្មើ​គ្នា​ដល់​ប្រជា​ពលរដ្ឋ​ឡើយ។ អ្នក​ស្រុក​ដែល​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​ធ្លី និង​ព្រៃ ត្រូវ​បាន​ធ្លាក់​ខ្លួន​កាន់តែ​ក្រី​ក្រ ក្រោយ​ពី​ដី​ធ្លី និង​ព្រៃ​សាធារណៈ ត្រូវ​បាន​គេ​ផ្ដល់​ជា​លក្ខណៈ​សម្បទាន។

របាយការណ៍​ដដែល​បាន​សរសេរ​ទៀត​ថា តំបន់​ដែល​គេ​ច្រើន​ផ្ដល់​ដី​ធ្លី​សម្បទាន មាន​នៅ​ខេត្ត​រតនគិរី ស្ទឹងត្រែង កំពង់ស្ពឺ ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និង​ពោធិ៍សាត់។ ក្រុមហ៊ុន ភាពីម៉ិច​មួយ​បាន​ទទួល​ដី​សម្បទាន​ដល់​ទៅ​ជាង ៣​សែន​ហិកតារ ដោយ​លាត​សន្ធឹង​ចាប់​ពី​ខេត្ត​កំពង់ឆ្នាំង​រហូត​ដល់​ខេត្ត​ពោធិ៍សាត់។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ថ្លែង​ថា គ្មាន​ប្រទេស​ណា​ដែល​ផ្ដល់​ដី​សម្បទាន​ទំហំ​ធំ​ធេង ហើយ​មាន​រយៈ​ពេល​យូរ​ឆ្នាំ គឺ​រហូត​ដល់ ៩៩​ឆ្នាំ ដូច​នៅ​កម្ពុជា​នោះ​ទេ។

លោក សុន ឆ័យ ដែល​ហៅ​ទង្វើ​នេះ​ថា​ខុស​ក្បួន បាន​បន្ត​ការ​រិះគន់​ថា នៅ​ប្រទេស​ផ្សេង​ៗ​ជា​ទូទៅ​គេ​ឲ្យ​សិទ្ធិ​ក្នុង​ការ​វិនិយោគ​ដី​សម្បទាន​ប្រហែល ២០​ឆ្នាំ ទៅ ៣០​ឆ្នាំ ទំហំ​ប្រហែល ២​ពាន់​ហិកតារ​ប៉ុណ្ណោះ។

លោក សុន ឆ័យ បាន​អះអាង​ថា ៖ «គឺ​មិន​មាន​ក្បួន​ហ្នឹង​ទាល់​តែ​សោះ​នៅ​ក្នុង​ពិភពលោក! ហើយ​បាន​ជា​មាន​ការ​រិះគន់​តាម​ព័ត៌មាន​បរទេស​មួយ​ចំនួន គេ​ថា "Cambodia for Sale" នេះ "កម្ពុជា​សម្រាប់​ដាក់​លក់" នេះ កុំ​ខឹង​គេ! ក្របខ័ណ្ឌ​សម្បទាន​គេ​ចម្លែក​ណាស់! គេ​សម្បទាន​ដើម្បី​ដាំ​ឈើ​ម៉ៃសាក់ ហើយ​ការ​សិក្សា​ទៅ​លើ​ផ្ទៃ​ដី វា​អត់​មាន​រឿង​អី​ត្រូវ​ដាំ​ម៉ៃសាក់​កើត​ទៀត​អ៊ីចេះ! ហើយ​មក​ទល់​ថ្ងៃ​នេះ ក្រៅ​ពី​កាប់​ឈើ​យក​ទៅ​លក់​ខ្ទេចខ្ទី​អស់​ទៅ ឃើញ​ដាំ​ដើម​ម៉ៃសាក់​ហ្នឹង​បាន​ប្រហែល​ជា ២​ហិកតារ​អី​ប៉ុណ្ណឹង ក្នុង​ដី​មួយ​សែន​ប្លាយ​ហិកតារ។ អា​ហ្នឹង​ក្រុមហ៊ុន​មួយ!»

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ទុក​ឲ្យ​ក្រសួង​កសិកម្ម​ជា​អ្នក​បកស្រាយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មន្ត្រី​ក្រសួង​កសិកម្ម​ក៏​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​សម្ភាសន៍​របស់​វិទ្យុ​អាស៊ី​សេរី ទាក់ទង​នឹង​រឿង​ដី​សម្បទាន​នេះ​ដែរ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម ដែល​បាន​ផ្សាយ​នៅ​លើ​គេហទំព័រ បាន​សរសេរ​ថា មាន​ក្រុមហ៊ុន​ចំនួន ៦៨​ក្រុមហ៊ុន ដែល​កំពុង​ដំណើរការ​វិនិយោគ​លើ​ដី​សរុប​ជាង ៨​សែន​ហិកតារ ក្រោយ​ពី​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល នា​ឆ្នាំ​២០០៨​កន្លង​មក។

គេហទំព័រ​ដដែល​បាន​បញ្ជាក់​ថា ដី​ដែល​ផ្ដល់​សម្រាប់​ការ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច គឺ​ជា​ដី​របស់​រដ្ឋាភិបាល, មាន​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន, មាន​ផែនការ​ក្នុង​ការ​ប្រើប្រាស់, មិន​ប៉ះ​ពាល់​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ ហើយ​បើ​សិន​ជា​មាន​ផល​ប៉ះ​ពាល់​ដល់​លំនៅ​ឋាន គេ​ត្រូវ​ពិភាក្សា​មុន​នឹង​ការ​ផ្ដល់​ដី​សម្បទាន​នោះ ហើយ​ការ​ផ្ដល់​ដី​សម្បទាន​មិន​អាច​លើស​ពី ១​ម៉ឺន​ហិកតារ​ឡើយ។

មក​ដល់​ពេល​នេះ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ដី​សម្បទាន​ដែល​គេ​ផ្ដល់​សម្រាប់​វិនិយោគ​មាន​ប្រហែល​ជាង ២​លាន​ហិកតារ ប៉ុន្តែ​ប្រភព​ខ្លះ​ទៀត​ពី​រដ្ឋាភិបាល មិន​បញ្ចេញ​ឈ្មោះ ថា មាន​ជាង ១​លាន​ហិកតារ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល