ដី​សម្បទាន​សេដ្ឋកិច្ច (ភាគ​១)

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ម៉ឺន​ហិកតារ ដល់​ក្រុមហ៊ុន​ឯកជន ក្នុង​ការ​វិនិយោគ​លើ​ដំណាំ​កសិ-ឧស្សាហកម្ម ដែល​មាន​រយៈ​ពេល​ជិត​មួយ​រយ​ឆ្នាំ​នោះ មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ជីវភាព​រស់​នៅ​របស់​ ប្រជា​ពលរដ្ឋ​ក្រីក្រ ឬ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​មូល​ទេ។
ដោយ តាំង សារ៉ាដា
2010-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។
១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។
RFA/Hang Savyouth

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០០៩ របស់​ខ្លួន​ថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ទំហំ ១២៤.០០០​ហិកតារ ឲ្យ​ក្រុមហ៊ុន​ចំនួន​១៩ ក្នុង​ខេត្ត​ចំនួន​៩ សម្រាប់​ធ្វើ​អាជីវកម្ម​កសិ-ឧស្សាហកម្ម។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ផ្ដល់​ដី​សម្បទាន​ច្រើន​បែប​នេះ គួរ​ធ្វើ​ឡើង​ដោយ​យក​ច្បាប់​ដីធ្លី​មក​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា​ធ្វើ​ឲ្យ​មាន​តម្លាភាព​រវាង​ប្រជា​ពលរដ្ឋ មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ផល​ប៉ះពាល់ និង​ការ​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជា​ពលរដ្ឋ ទៅ​តាម​តម្លៃ​ទីផ្សារ​ជា​ដើម។

របាយការណ៍​របស់​ក្រសួង​កសិកម្ម​ដដែល​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ទំហំ ១.៣០០.០០០​ហិកតារ ដល់​ក្រុមហ៊ុន​ឯកជន។ មក​ទល់​ពេល​នេះ រដ្ឋ​បាន​លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន​៤១ ដែល​មាន​ផ្ទៃ​ដី​ទំហំ ៣៧៩.០៣៤​ហិកតារ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​យក​ដី​ទុក​មិន​បាន​អភិវឌ្ឍន៍។ ហើយ​សព្វ​ថ្ងៃ​នេះ​នៅ​សល់​ក្រុមហ៊ុន​ឯកជន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​៨៥ ក្នុង​ខេត្ត​ចំនួន​១៦ កំពុង​កាន់​កាប់​ដី​ទំហំ ៩៥៦.៦៩០​ហិកតារ ជា​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក ជុំ ណារិន ដែល​ជា​មន្ត្រី​សម្របសម្រួល​បញ្ហា​ដីធ្លី​ប្រចាំ​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ប្រសាសន៍​ថា មុន​នឹង​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ក្រុម​វិនិយោគ​ទុន​ណា​មួយ រដ្ឋាភិបាល​ត្រូវ​តែ​សិក្សា​អំពី​ផល​ប៉ះ​ពាល់ ដោយ​ការ​ធ្វើ​សម្បទាន​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ពិសេស​ត្រូវ​ធ្វើ​ទៅ​តាម​គោល​ការណ៍ និង​លក្ខខ័ណ្ឌ​នៃ​អនុក្រឹត្យ​ស្ដី​អំពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ដី​ឯកជន​របស់​រដ្ឋ​បាន​អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ផ្ដល់​ឲ្យ ហើយ​ទី​ពីរ​ត្រូវ​តែ​មាន​ផែន​ការ​ច្បាស់​លាស់ ក្នុង​ការ​ប្រើ​ប្រាស់​ដី​ហ្នឹង ហើយ​ទី​បី គឺ​ថា​ត្រូវ​តែ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ល្អិត​ល្អន់ និង​ឲ្យ​បាន​ទូលំ​ទូលាយ ជា​មួយ​សហគមន៍ ក៏​ដូច​ជា​អ្នក​ភូមិ​ដែល​នៅ​ក្បែរ​ៗ​នោះ​ថា តើ​ប្រសិន​បើ​ក្រុមហ៊ុន​ហ្នឹង ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ដី​របស់​គាត់ ដែល​រដ្ឋ​ផ្ដល់​ឲ្យ​នោះ តើ​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ ជា​ពិសេស គឺ​កម្មសិទ្ធិ​របស់​គាត់ ដែល​ជា​ដី​ធ្លី​យើង​ដឹង​ហើយ ថា​ស្រុក​ខ្មែរ ប្រជា​ពលរដ្ឋ​ហ្នឹង​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ធនធាន​ធម្មជាតិ ហើយ​នឹង​ដី​ធ្លី​ដែល​ជា​ឆ្នាំង​បាយ​របស់​ប្រជា​ពលរដ្ឋ​ផ្ទាល់»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​និយាយ​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​រស់​នៅ​លើ​ដី​របស់​គេ​តាំង​ពី​ឆ្នាំ​១៩៧៩ ក្រោយ​របប​ខ្មែរ​ក្រហម​មក​នោះ បាន​រង​ការ​បណ្ដេញ​ចេញ​យ៉ាង​បង្ខំ និង​ហិង្សា ដោយ​ក្រុម​សមត្ថកិច្ច​ការពារ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ បាន​ចែង​ថា ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មិន​អាច​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បាន រួម​មាន ភ្នំ ទឹក ដី​ព្រៃ ទន្លេ ព្រែក បឹង​បួរ សមុទ្រ អាគារ ឬ​សំណង់​ផ្សេងៗ របស់​រដ្ឋ ធនធាន​ក្នុង​ដី និង​ធនធាន​លើ​ដី រួម​ទាំង​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ផង​ដែរ។

ចំណែក​ដី​ឯកជន​របស់​រដ្ឋ ដែល​អាច​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បាន រួម​មាន​ដី​ដែល​មិន​អាច​រក​អត្តសញ្ញាណ​អ្នក​កាន់​កាប់​ឃើញ ដី​ដែល​គ្មាន​អ្នក​កាន់​កាប់​បន្ត ឬ​ជា​ដី​ដែល​សប្បុរស​ជន​ស្ម័គ្រចិត្ត​ប្រគល់​ឲ្យ ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ទៅ​វិញ​ថា ខ្វះ​កិច្ច​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី ដើម្បី​ធានា​ឲ្យ​បាន​ច្បាស់​ថា ដី​ទាំង​នោះ​នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ទី​សក្ការៈ ដី​ភូមិ ឬ​ភោគ​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កញ្ញារិទ្ធ មាន​ប្រសាសន៍​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ឡាយ ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ទី​ជំនឿ​សក្ការ​របស់​ជន​ជាតិ​ដើម​ភាគតិច ឬ​ដល់​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ ក្រុមហ៊ុន​នោះ​ត្រូវ​ដក​ចេញ​ជា​បន្ទាន់។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «រដ្ឋាភិបាល​មាន​គោល​ការណ៍​ដី​ធ្លី​មួយ​ទៀត គឺ​បាន​ន័យ​ថា ក្នុង​សហគមន៍​ជន​ជាតិ​ដើម ឬ​អី​នេះ កន្លែង​ដែល​គេ​កប់​ផ្នូរ​បូរាណ កន្លែង​ដែល​គេ​កប់​ផ្នូរ​បុព្វ​បុរស​គេ​អី​ទាំង​អស់​នេះ​ហើយ គេ​ហៅ​ថា​ដី​សក្ការ ដែល​មិន​អាច​ប៉ះ​ពាល់​បាន​ទេ។ អ៊ីចឹង​កន្លង​មក គឺ​ដោះ​ស្រាយ​អ៊ីចឹង ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ គឺ​គាត់​ខូច គាត់​បាន​សេចក្ដី​សម្រេច​ពី​រដ្ឋាភិបាល​ហើយ គាត់​អត់​ទាក់​ទង​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ទេ។ អ៊ីចឹង បញ្ហា​ហ្នឹង​មិន​មែន​មាន​តែ​ក្រុមហ៊ុន​ទាំង​អស់​សុទ្ធ​មាន​ប៉ះ​ពាល់​ទេ មាន​តែ​ក្រុមហ៊ុន​ខ្លះ ដែល​គាត់​ទៅ​ធ្វើ​រំលោភ​តែ​ម្ដង អា​ហ្នឹង​មាន​ប៉ះ​ហើយ តែ​មាន​ប៉ះ​គឺ​ធម្មតា​ទេ បើ​ប៉ះ​លើ​ដី​យើង​ហៅ​ថា​ដី​សក្ការ​របស់​គេ ដី​ដែល​គេ​កប់​សព្វ​ដូនតា​អី​នេះ គឺ​ត្រូវ​តែ​ថយ​ចេញ អត់​មាន​ការ​ជជែក​អី​បាន​ទេ»

ទោះ​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្ដី ក៏​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​បាន​រស់​នៅ​លើ​ដី​របស់​ពួក​គាត់​តាង​ពី​ឆ្នាំ​១៩៧៩ មក​នោះ ក៏​ត្រូវ​បាន​ទទួល​ការ​បណ្ដេញ​ចេញ​យ៉ាង​បង្ខំ​ផង​ដែរ។ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​និយាយ​ថា បញ្ហា​ដីធ្លី​កំពុង​ញាំញី​ដល់​ជីវភាព​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ពាស​ពេញ​ប្រទេស​កម្ពុជា ហើយ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ដែរ បើ​ទោះបី​កម្ពុជា​មាន​គណៈកម្មការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក៏​ដោយ។

ប៉ុន្តែ​លោក ខៀវ កញ្ញារិទ្ធិ មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​នៅ​កម្ពុជា​នឹង​គ្មាន​បញ្ហា​ចោទ​ទេ ប្រសិន​បើ​ក្រុម អ្នក​នយោបាយ ឬ​សង្គម​ស៊ីវិល​មិន​នាំ​គ្នា​បំពង​សំឡេង​នោះ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ប្រជាជន​របស់​យើង​មាន ១៤​លាន​នាក់ រឿង​ដី​ដែល​មាន​ប៉ះ​ពាល់​ប្រជាជន​មិន​មាន​ដល់ ៥​ម៉ឺន​ករណី​ផង​ទេ។ ដូច្នេះ បើ​គិត​ថា បើ​កុំ​តែ​ទូង​ស្គរ​ខ្លាំង ក៏​មិន​មែន​ជា​រឿង​ធំ​ទេ តែ​នេះ​ជា​អ្នក​នយោបាយ​ខំ​ប្រឹង​និយាយ​ទេ។ តែ​រដ្ឋាភិបាល​បាន​ប្រឹង​ដោះ​ស្រាយ ហើយ​ដី​ភាគ​ច្រើន​មិន​មែន​ជា​ដី​ព្រៃ​ស្រោង ឬ​ជា​ដី​ព្រៃ​ញឹក​នោះ​ទេ គឺ​ជា​ដី​ព្រៃ​រិចរិល បាន​យើង​ធ្វើ។ ហើយ​ទី​ពីរ យើង​គិត​ថា បើ​ប្រជា​ជន​យើង​រស់​នៅ​ក្នុង​តំបន់​ចុង​កាត់​មាត់​ញក មិន​មែន​គាត់​នៅ​ក្នុង​មួយ​ភូមិ​របស់​គាត់​មាន​មួយ​រយ​នាក់ ឬ​ប្រាំ​រយ​នាក់ ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត គាត់​នៅ​តែ​ប៉ុណ្ណឹង​នោះ​ទេ។ យើង​គិត​ថា នៅ​ឆ្នាំ​២០២០ យើង​គិត​ថា ប្រជាជន​យើង​នឹង​កើន​ឡើង​រាប់​លាន​នាក់​ថែម​ទៀត តើ​យើង​ត្រូវ​ឲ្យ​ប្រជាជន​យើង​នៅ​បោច​វល្លិ ឬ​យើង​ត្រូវ​រក​មុខ​របរ​ថ្មី​មួយ​ជូន​ប្រជា​ពលរដ្ឋ​យើង។ នេះ​ជា​បញ្ហា​ដែល​យើង​គិត កាល​ណា​យើង​ដឹក​នាំ​ប្រទេស យើង​ត្រូវ​គិត​មើល​ទៅ​ឆ្ងាយ។ អ៊ីចឹង​គឺ​ក្រុម​មួយ​ចំនួន​ដែល​គាត់​គ្រាន់​បាន​ចំណេញ និង​បាន​សុំ​លុយ​គេ​យក​មក​ស្រែក ឬ​គ្រាន់​គាត់​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណឹង​ទេ»

ច្បាប់​ភូមិបាល​ចែង​ថា ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​រស់​នៅ​លើ​ដី​ទំនេរ ដែល​គ្មាន​ទំនាស់ ហើយ​មិន​បំផ្លាញ​ដល់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ចាប់​ពី​ប្រាំ​ឆ្នាំ​ឡើង​ទៅ ជន​នោះ មាន​សិទ្ធិ​ទទួល​បាន​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​នោះ​ដោយ​ស្វ័យ​ប្រវត្តិ។

ប៉ុន្តែ​កាល​ពី​ខែ​កុម្ភៈ អង្គការ​ការពារ​សិទ្ធិមនុស្ស Licadho បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ៦០០​នាក់​បាន​ក្រោក​ឡើង​តតាំង​នឹង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​លោក លី យុង​ផាត់ ដែល​ទើប​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល សម្រាប់​វិនិយោគ​ដាំ​អំពៅ​ធ្វើ​ស្ករស ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​បណ្ដាល​ឲ្យ​អំពើ​ហិង្សា​ផ្ទុះ​ឡើង​រវាង​អ្នក​ភូមិ និង​ក្រុម​យោធា​នៃ​កង​ពល​លេខ​៣១៣ ដែល​កំពុង​ការពារ​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ។

អ្នក​ភូមិ​ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន ដែល​រង​ការ​ប៉ះ​ទង្គិច​ដោយ​គោល​ការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ បាន​ស្រែក​ទ្រហោ​យំ លែង​ខ្លាច​សេចក្ដី​ស្លាប់​ដោយ​អះ​អាង​ថា ប្រសិន​បើ​គាត់​បាត់​របស់​គាត់ ក៏​ដូច​ជា​បាត់​ជីវិត​របស់​គាត់​អ៊ីចឹង​ដែរ។

«បាញ់​អញ្ចេះ ខ្ញុំ​ហែក​អាវ​ឲ្យ​បាញ់ បាញ់​ទៅ បាញ់​ទៅ ខ្ញុំ​អស់​ស្រែ ខាន​ធ្វើ​ហើយ បាញ់​ទៅ បាញ់​ខ្ញុំ​ឲ្យ​ងាប់​ទៅ ងាប់​ឲ្យ​អស់​ទៅ ខ្ញុំ​អត់​ស្ដាយ​ជីវិត​ខ្ញុំ​ទេ ខ្ញុំ​អស់​ស្រែ ខ្ញុំ​អស់​ផ្ទះ តើ​ឲ្យ​ខ្ញុំ​ទៅ​នៅ​ឯណា អយុត្តិធម៌​ម៉េ្លះ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល