ដី​សម្បទាន​សេដ្ឋកិច្ច (ភាគ​២)

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់ មាន​ប្រសាសន៍​ប្រតិកម្ម​ពី​ប្រទេស​បារាំង​ថា បញ្ហា​ដីធ្លី​នៅ​កម្ពុជា ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃ​នេះ ដោយសារ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​មួយ​ចំនួន​ឃុបឃិត​ជា​មួយ​ឈ្មួញ ខិលខូច​នាំ​គ្នា​វាត​ទី​យក​ដី​របស់​ប្រជា​ពលរដ្ឋ។ លោក​មាន​ប្រសាសន៍​ថា​ក្រុម​សង្គម​ស៊ីវិល និង​គណបក្ស​ជំទាស់​នៅ​កម្ពុជា គ្រាន់​ជា​អ្នក​ការ​ពារ​ដល់​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ។
ដោយ តាំង សារ៉ាដា
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។
១៥-មករា-១០: ប្រជាពលរដ្ឋ​មក​ពី​២​ឃុំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខែត្រ​សៀមរាប នាំ​គ្នា​ឈរ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន ដែល​អាច​នឹង​រំលោភ​ចូល​ដល់​ដី​របស់​ពួកគេ។
RFA/Hang Savyouth

លោក សម រង្ស៊ី មាន​ប្រសាសន៍ ៖ «យើង​ឲ្យ​ក្រុមហ៊ុន​នោះ គ្រាន់​តែ​ទិញ​វត្ថុ​ធាតុ​ដើម​កែ​ឆ្នៃ ឲ្យ​ក្លាយ​ទៅ​ជា​ទំនិញ​ដើម្បី​លក់​បាន​តម្លៃ​សមរម្យ​បាន​ចំណេញ​ទាំង​ក្រុមហ៊ុន ចំណេញ​ទាំង​កសិករ ហើយ​មិន​ធ្វើ​ឲ្យ​កសិករ​បាត់​បង់​ដីធ្លី​របស់​គាត់ ដូច​សព្វ​ថ្ងៃ​ទេ។ ដូច្នេះ​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​សព្វ​ថ្ងៃ គឺ​ខុស​ស្រលះ មិន​ត្រូវ មិន​ត្រូវ​យក​ក្រុមហ៊ុន​នោះ​មក​យក​ដី មក​ទិញ​ដី​ប្រជា​រាស្ត្រ​ទេ គឺ​យក​ក្រុមហ៊ុន​នោះ មក​ទិញ​ផល​ដំណាំ​ប្រជា​រាស្ត្រ។ នឹង​បាន​គេ​ហៅ​ថា​ជួយ​លើក​តម្កើង​ជីវភាព​ប្រជា​រាស្ត្រ បើ​យើង​ចង់​កាត់​បន្ថយ​ភាព​ក្រីក្រ គឺ​មិន​ត្រូវ​ធ្វើ​ដូច​រដ្ឋាភិបាល​សព្វ​ថ្ងៃ ឲ្យ​ក្រុមហ៊ុន​មក​ទិញ ឬ​មក​ប្លន់​ដី​របស់​ប្រជា​រាស្ត្រ​តាម​រយៈ​អ្នក​កាន់​អំណាច​សព្វ​ថ្ងៃ​ទេ។ បើ​ធ្វើ​បែប​ហ្នឹង រាស្ត្រ​ដែល​បាត់​បង់​ដីធ្លី គឺ​កាន់​តែ​ក្រ​ទៅ​ៗ មិន​កាត់​បន្ថយ​ភាព​ក្រីក្រ គឺ​កាន់​តែ​បង្កើន​ភាព​ក្រីក្រ​ឲ្យ​អ្នក​ក្រ​កាន់​តែ​ច្រើន​ឡើង»

លោក សម រង្សី មាន​ប្រសាសន៍​ថា រូបមន្ត​ដែល​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា​កសិករ​ខ្មែរ​ធូរធារ មាន​ការ​ងារ​ធ្វើ​គ្រប់​គ្រាន់ មិន​បាត់​បង់​ដីធ្លី​ដោយសារ​គោល​ការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ រដ្ឋាភិបាល​មិន​ត្រូវ​ផ្ដល់​ដី​ទំហំ​រាប់​ម៉ឺន​ហិកតារ​ដូច្នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរ​ទាក់​ទាញ​ក្រុមហ៊ុន​វិនិយោគ​ទុន​ទាំង​នោះ មក​ទិញ​ផលិត​ផល​ក្នុង​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​វិញ ទើប​ជា​ការ​ប្រសើរ។

លោក សម រង្ស៊ី មាន​ប្រសាសន៍ ៖ «បន្ទាប់​ពី​យក​ទ្រព្យ​សម្បត្តិ​ជាតិ ទ្រព្យ​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ឥឡូវ​នេះ​គេ​បន្ថែម​លើ​អំពើ​ខុស​ច្បាប់​ទាំង​នោះ គេ​គឺ​យក​ដីធ្លី​របស់​ប្រជា​រាស្ត្រ ដែល​ជា​ទ្រព្យ​សម្បត្តិ​រាស្ត្រ យក​ទៅ​ធ្វើ​ទ្រព្យ​សម្បត្តិ​ឯកជន ឬ​យក​ទៅ​ជួញ​ដូរ​ដូច​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​គេ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បញ្ឈប់ ហើយ​គណបក្ស​ប្រឆាំង ដូច​ជា​គណបក្ស​សមរង្ស៊ី ក៏​ដូច​ជា​សង្គម​ស៊ីវិល គ្រាន់​តែ​ជួយ​ប្រជា​រាស្ត្រ ជួយ​ការ​ពារ​សិទ្ធិ​ប្រជា​រាស្ត្រ ជួយ​លាត​ត្រដាង​អំពើ​ខុស​ច្បាប់ អំពើ​ឃោរឃៅ​មក​លើ​ប្រជា​រាស្ត្រ​តែ​ប៉ុណ្ណឹង​ទេ»

ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អតីត​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ឡាយ​ណា ដែល​ប៉ះ​ទង្គិច​លើ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ ត្រូវ​សង​ឲ្យ​បាន​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ។

លោក​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ស្ថិរភាព​ការងារ និង​មាន​ជីវភាព​ប្រសើរ​ជាង​មុន ហើយ​អាច​កាត់​បន្ថយ​បញ្ហា​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច​គេ​គួរ​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ណា ដែល​មាន​ដី អាច​ចូល​ហ៊ុន​គ្នា​ជា​មួយ​ក្រុមហ៊ុន​ដោយ​តម្លាភាព ហើយ​ចែក​ហ៊ុន​ស្មើ​គ្នា​វាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ ៖ «ខ្ញុំ​ថា​អា​រឿង​ហ៊ុន​ចូល​គ្នា​នេះ គឺ​ខ្ញុំ​ថា​អា​ហ្នឹង​គឺ​ឈ្នះ​ៗ ទាំង​អស់​គ្នា។ ទី​មួយ យើង​គឺ​ជា​ម្ចាស់​ទាំង​អស់​គ្នា ទី​ពីរ​គឺ​អាច​ជួយ​គ្នា​ឲ្យ​ចេះ​រក​ស៊ី​ទាំង​អស់​គ្នា។ អ្នក​មាន​រក្សា​ខ្សត់​អា​ហ្នឹង ទស្សនវិជ្ជា​ពីដើម​របស់​ខ្មែរ អ្នក​មាន​រក្សា​ខ្សត់​ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ​ត្រង់​ហ្នឹង​បាទ។ យើង​ធ្វើ​ការ​ជា​មួយ​គ្នា ចេះ​រក​ស៊ី​ជា​មួយ​គ្នា​តម្លាភាព​ទៅ​វិញ​ទៅ​មក ហ៊ុន​ផ្ទាល់​ខ្លួន​ហ្នឹង វា​ចេះ​តែ​ចម្រើន​ទៅ ឧបមា​ថា ចម្ការ​នោះ​កាន់​តែ​លូត​លាស់​ទៅ​ហើយ ដំណាំ​នោះ​កាន់​តែ​លូត​លាស់​ល្អ​ទៅ»

សមាជិក​សភា​របស់​ប្រទេស​កម្ពុជា​ថ្លែង​ថា ក្រុម​អ្នក​វិនិយោគ​ទុន​មួយ​ចំនួន​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ក្នុង​ការ​រក​ស៊ី​ជា​មួយ​ប្រជា​ពលរដ្ឋ តាម​រូបមន្ត​បែប​នោះ​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយសារ​អ្នក​ស្រុក​មួយ​ចំនួន​រក​ស៊ី​មិន​ស្មោះ​ត្រង់​ជា​មួយ​ក្រុមហ៊ុន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ជៀម យៀប តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន មណ្ឌល​ខេត្ត​ព្រៃវែង។

លោក ជៀម យៀប មាន​ប្រសាសន៍ ៖ «ពី​ព្រោះ​អញ្ចេះ កន្លង​ទៅ​មាន មិន​មែន​ថា​គ្មាន​ទេ។ គេ​ផ្ដល់​ជា​ពូជ​អំពៅ គេ​ឲ្យ​គាត់​យក​ទៅ​ដាំ​លើ​ដី​គាត់ ហើយ​ត្រូវ​លក់​ឲ្យ​គេ ហើយ​ជួនកាល​ពី​ដែល​សន្យា​គ្នា ឧទាហរណ៍​ថា លក់​ដប់​ដើម​ក្នុង​តម្លៃ​ប្រាំ​រយ​រៀល ស្រាប់​ដល់​ហ្នុង អំពៅ​លូត​លាស់​ល្អ ទីផ្សារ​គេ​ឲ្យ​ដប់​ដើម​ក្នុង ១២០០​អ៊ីចឹង។ ពួក​គាត់​លប​កាប់​លក់​គ្មាន​ឲ្យ​គេ​ដឹង​ទេ ពេល​យប់​នោះ គ្មាន​អាណា​ទៅ​ចាំ​មើល។ យក​ទៅ​លក់​នៅ​ទីផ្សារ​ស្ទើរ​ជិត​អស់ ដល់​គេ​មក​មើល បាន​លុយ​លក់​អស់​ហើយ ទៅ​ធ្វើ​យ៉ាង​ម៉េច​ទៅ។ អា​ហ្នឹង​មាន អ៊ីចឹង​បាន​ជា​ពិបាក​ទុក​ចិត្ត​នោះ»

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វិរៈ បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា ត្រូវ​ការ​ពារ​ដី​ព្រៃ ភ្នំ ទន្លេ បឹង បួរ ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​មួយ​រយ​ភាគ​រយ និង​ត្រូវ​មាន​យន្តការ​របស់​តុលាការ ឈរ​លើ​ជំហរ​ឯករាជ្យ ដើម្បី​ការ​ពារ​ដល់​អ្នក​មាន​ប័ណ្ណ​កម្មសិទ្ធិ ជា​ការ​ជៀស​វាង​ការ​រំលោភ​ដីធ្លី​ក្រោម​ផ្លាក​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល។

លោក អ៊ូ វិរៈ មាន​ប្រសាសន៍ ៖ «ធនាគារ​ពិភព​លោក គេ​បាន​ស្រាវជ្រាវ​ដែរ​ថា ពេល​ណា​ប្រជា​ពលរដ្ឋ​គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ ទី​មួយ គាត់​អាច​ខ្ចី​លុយ​ពី​ធនាគារ​បាន ទី​ពីរ គេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ ឬ​ដាក់​ទុន ឬ​ក៏​គេ​ហ៊ាន​ធ្វើ​គម្រោង​សម្រាប់​ដាំ​ឈើ​ធ្វើ​ចម្ការ​អី ដែល​អាច​បាន​ផល​យូរ ក៏​គេ​ហ៊ាន​ធ្វើ​ដែរ ដោយសារ​គេ​ដឹង​ថា អត់​មាន​អ្នក​ណា​មក​ប្លន់​ពួក​គាត់​យក​ទេ។ ដូច្នេះ​ទាំង​អស់​ហ្នឹង វា​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ សម្រាប់​អភិវឌ្ឍន៍ ហើយ​ជា​ទូទៅ ប្រសិន​បើ​យើង​ធ្វើ​តែ​ប៉ុណ្ណឹង​បាន យើង​គិត​មួយ​ផ្នែក​មួយ​ទៀត គឺ​ទី​បួន គឺ​គិត​ពី​រឿង​ទេសចរណ៍​បរិស្ថាន ដែល​ជា​កន្លែង​មួយ​កំពុង​រីក​ចំរើន​ក្នុង​ពិភព​លោក​ផង​ដែរ​បាទ»

ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ កាល​ពី​ឆ្នាំ​២០០៨ បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ១​សែន ៥ម៉ឺន​នាក់ បាន​បាត់​ដីធ្លី និង​ផ្ទះ​សម្បែង ដោយសារ​ការ​ឈូស​ឆាយ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ខណៈ​ពេល​រដ្ឋ​ខ្មែរ​ចំនួន ៣០​ភាគ​រយ ភាគ​ច្រើន​នៅ​តំបន់​ដាច់​ស្រយាល កំពុង​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

ចំណែក​របាយការណ៍​របស់​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៧ បាន​ឲ្យ​ដឹង​ថា ក្រឹត្យ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០០៥ មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ ដោយសារ​គោល​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ កំពុង​បន្ត​ផ្ដល់​ដី​ព្រៃ បឹង បួរ និង​ដី​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ជា​ការ​ផ្ទុយ​នឹង​ច្បាប់​ភូមិបាល ឆ្នាំ​២០០១៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល