ជម្លោះ​ការងារ​និង​ជីវិត​កម្មករ​រោងចក្រ​

កម្មករ​រោងចក្រ​តាក់ហ្វាត (Tack Fat) ដែល​ក្រាញ​ននៀល​ប្រឹង​បញ្ចេញ​សំឡេង​តវ៉ា​ក្នុង​ជម្លោះ​ការងារ​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​អាហារ គ្មាន​ទី​ជម្រក​ស្នាក់​នៅ​និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត។
ដោយ សេក បណ្ឌិត
2009-12-03
Share
កម្មករ​ភ្នំពេញ​៣០៥ ៦-វិច្ឆិកា-០៩: កម្មករ​នៃ​រោងចក្រ​កាត់ដេរ​តាក់ហ្វាត នាំ​គ្នា​តវ៉ា​សុំ​កិច្ចអន្តរាគមន៍​នៅ​មុខ​រដ្ឋ​សភា​កម្ពុជា នា​រាជធានី​ភ្នំពេញ។
RFA/Sok Serey

“មក​ឈរ​ហាល​ក្ដៅ​អ៊ីចឹង​រាល់​តែ​ថ្ងៃ ហើយ​ដល់​ថ្ងៃ​បង់​ថ្លៃ​ជួល​ផ្ទះ​គេ​អត់​មាន​អី" ៖ នេះ​គឺ​ជា​ការ​រអ៊ូរទាំ​របស់​កម្មករ​រោងចក្រ​តាក់ហ្វាត ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ជម្លោះ​ការងារ​រវាង​ថៅកែ​រោងចក្រ​និង​ក្រុម​កម្មករ​តាំង​ពី​ខែ​តុលា​មក។

ជម្លោះ​ដែល​ពុំ​មាន​ដំណោះ​ស្រាយ​នេះ បាន​នាំ​ឲ្យ​កម្មករ​ជាង​១.០០០​នាក់​ដាក់​វេន​គ្នា​ធ្វើ​កូដកម្ម​អហិង្សា ទាមទារ​រក​យុត្តិធម៌​នៅ​ខាង​មុខ​រោងចក្រ​តាក់ហ្វាត អស់​រយៈ​ពេល​២​ខែ​មក​ហើយ។ ស្ថានភាព​នេះ​បាន​រុញ​ច្រាន​ឲ្យ​ជីវភាព​កម្មករ​ធ្លាក់​ក្នុង​ភាព​លំបាក​វេទនា​យ៉ាង​ខ្លាំង ដែល​ពួក​គេ​ថ្លែង​ថា រក​អ្វី​ប្រៀប​ឲ្យ​ស្មើ​ពុំ​បាន។

ស្រ្តី​មេម៉ាយ​វ័យ​ប្រមាណ​៣០​ឆ្នាំ​មួយ​រូប​ឈ្មោះ សួន ជឿន បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​តាក់ហ្វាត ជាង​១០​ឆ្នាំ​មក​ហើយ បាន​រៀប​រាប់​ពី​ការ​លំបាក​របស់​ខ្លួន​ជាមួយ​នឹង​តំណក់​ទឹក​ភ្នែក​នៅ​ខាង​មុខ​រោងចក្រ​ថា សព្វ​ថ្ងៃ​វេទនា​ហួស​ក្នុង​ការ​ទាមទារ​រក​យុត្តិធ៌ម។

ខំ​រត់​រក​ច្បាប់ ច្បាប់​បែរ​ជា​ធ្វើ​បាប​ពួក​ខ្ញុំ ខ្ញុំ​ឆ្អែត​ណាស់។ សម្ដេច​តេជោ​ក៏​ទៅ រដ្ឋ​សភា​ក៏​ទៅ កន្លែង​ក្រសួង​ការងារ​ក៏​ទៅ សព្វ​បែប​យ៉ាង​ទាំង​អស់ គេ​ថា​ចាំ​គេ​ដោះ​ស្រាយ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​រហូត​ពីរ​ខែ​ហើយ..."។

សួន ជឿន បន្ត​ថា ពេល​ព្រឹក​គេ​ត្រូវ​ទៅ​រាវ​ខ្យង​យក​មក​លក់​ដូរ​បាយ​មួយ​ចម្អែត​ក្រពះ ហើយ​ក៏​ឆ្លៀត​មក​ចូល​រួម​តវ៉ា​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​សំណង​តាម​ផ្លូវ​ច្បាប់​បើ​សិន​ជា​រោងចក្រ​នេះ​ត្រូវ​បិទ ឬ​ព្យួរ​ការងារ​បែប​ណា​នោះ។

កម្មការិនី​ឈ្មោះ សួន ជឿន បាន​រៀប​រាប់​ដូច្នេះ​ថា ៖ «ខ្ញុំ​អត់ ពិបាក​ខ្លាំង​ណាស់។ រាល់​ថ្ងៃ​ងើប​ពី​យប់​រក​របស់​មក​លក់ ទៅ​វិញ​រក​ខ្យង​ទៀត ដើម្បី​ចិញ្ចឹម​កូន ចិញ្ចឹម​ខ្លួន ពេល​ព្រឹក​ឡើង​ខ្ញុំ​ឆ្លៀត​មក​តវ៉ា​ខ្លះ»

ទាក់ទង​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​យុត្តិធម៌ ស្រ្តី​មួយ​រូប​ទៀត​បាន​សម្រក់​ទឹក​ភែ្នក​លើ​ក្រដាស​ប្រមាណ​៤-​៥​សន្លឹក ដែល​ជា​ចំណារ​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។ ចំណារ​ទាំង​នោះ​រួម​មាន ចំណារ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ដោះ​ស្រាយ​ករណី​រោងចក្រ​តាក់ហ្វាត ដែល​មាន​សមាសភាព​ជិត​៦០​នាក់ ដោយ​មាន​លោក អ៊ិត សំហេង ជា​ប្រធាន។ លិខិត​អន្តរាគមន៍​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋ​សភា​ជាដើម។

ស្រ្ដី​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខំ​រត់​រក​ច្បាប់ ច្បាប់​បែរ​ជា​ធ្វើ​បាប​ពួក​ខ្ញុំ ខ្ញុំ​ឆ្អែត​ណាស់។ សម្ដេច​តេជោ​ក៏​ទៅ រដ្ឋ​សភា​ក៏​ទៅ កន្លែង​ក្រសួង​ការងារ​ក៏​ទៅ សព្វ​បែប​យ៉ាង​ទាំង​អស់ គេ​ថា​ចាំ​គេ​ដោះ​ស្រាយ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​រហូត​ពីរ​ខែ​ហើយ។ អ្នក​មាន​ផ្ទះ​នៅ​ត្រឹម​ត្រូវ​អត់​បញ្ហា​ទេ តែ​អ្នក​ដែល​គ្នា​នៅ​ផ្ទះ​ជួល​នេះ​វា​ជួប​ការ​លំបាក​ប៉ុណ្ណា? អ្នក​ខ្លះ​ត្រូវ​ម្ចាស់​ផ្ទះ​គេ​ដេញ​ចេញ ព្រោះ​គ្មាន​លុយ​ឲ្យ​គេ ថ្លៃ​បាយ​ហូប​ក៏​គ្មាន សព្វ​បែប​យ៉ាង​ទាំង​អស់»

លោកស្រី គៀង ជា​ម្ចាស់​ផ្ទះ​ជួល​នៅ​សង្កាត់​ចាកអង្រែលើ ជិត​រោងចក្រ​តាក់ហ្វាត បាន​ឲ្យ​ដឹង​ថា លោកស្រី​មិន​អាច​ឲ្យ​កម្មករ​នៅ​រោងចក្រ​នេះ​ដែល​ជួល​ផ្ទះ​គាត់​នៅ​បន្ត​ទៀត​ទេ ព្រោះ​អត់​បង់​លុយ​ពីរ​ខែ​ហើយ ហើយ​ក៏​មិន​សង្ឃឹម​ថា រោងចក្រ​នេះ​នឹង​បើក​ឡើង​វិញ​ដែរ។

លោកស្រី គៀង មាន​ប្រសាសន៍​ដូច្នេះ ៖ «តែ​អត់​លុយ​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​អត់​ឲ្យ​នៅ​ដែរ នៅ​យូរ​ពេក​ទៅ​ចេះ​តែ​កើន​ទៅ​ហើយ​លុយ ខ្ញុំ​អត់​អាច​ឲ្យ​នៅ​បាន​ទេ ព្រោះ​អត់​ប្រាក់​ខែ​ឲ្យ​ខ្ញុំ»

ទាក់ទិន​នឹង​បញ្ហា​នេះ ទី​ប្រឹក្សា​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​សមាជិក​សំខាន់​មួយ​រូប​ក្នុង​គណៈកម្មការ​ចម្រុះ សម្រាប់​ដោះ​ស្រាយ​ករណី​រោងចក្រ​តាក់ហ្វាត ហើយ​ដែល​ក្រុម​កម្មករ​អះអាង​ថា ជា​អ្នក​សន្យា​ទទួល​ខុស​ត្រូវ​សម្រប​សម្រួល​ដោះ​ស្រាយ​ជម្លោះ​ឲ្យ​កម្មករ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា មិន​មែន​ជា​សមត្ថកិច្ច​របស់​លោក​ទេ ៖ «ខ្ញុំ​អត់​មាន​សិទ្ធិ​នឹង​ឆ្លើយ​ជូន​ទេ អរគុណ​ហើយ​ដែល​បាន​សាកសួរ​ហ្នឹង មិន​មែន​ជា​តួនាទី​ខ្ញុំ​ទេ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ»

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ជម្លោះ​កម្មករ​រោងចក្រ​តាក់ហ្វាត​នោះ​បាន​បង្ហាញ​ថា ថៅកែ​ពិត​ជា​មាន​ខ្នង​បង្អែក​ធំ​ទាក់ទិន​នឹង​រដ្ឋាភិបាល​ដែល​ជា​តក្តា​រាំង​ស្ទះ​មិន​អាច​រក​យុត្តិធម៌​ជូន​កម្មករ​បាន។

លោក​បន្ត​ថា អ្វី​ដែល​ថៅកែ​បង្កើត​ឡើង ដូច​ជា​ការ​ព្យួរ​ការងារ​កម្មករ​នោះ វា​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បើក​ប្រាក់​អតីតភាព​ឲ្យ​កម្មករ​ប៉ុណ្ណោះ ដែល​ការ​ពិត​ក្រុមហ៊ុន​នេះ​កំពុង​ឈាន​ទៅ​រក​ក្ស័យ​ធន ដោយ​ផ្តើម​ចេញ​ពី​សាខា​ក្រុមហ៊ុន​ធំ​នៅ​ហុងកុង បាន​ដួល​រលំ​រួច​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ជា មុន្នី មាន​ប្រសាសន៍​ដូច្នេះ ៖ «ដូច្នេះ​មក​ដល់​ថ្ងៃ​នេះ យើង​អត់​មាន​ជំនឿ​ថា ក្រុមហ៊ុន​នឹង​អាច​ដំណើរ​ការ ហើយ​នឹង​អាច​ទូទាត់​ឲ្យ​កម្មករ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​ទេ បើ​សិន​រដ្ឋាភិបាល​មិន​មាន​វិធានការ​តឹងតែង។ ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​រវាង​ក្រុមហ៊ុន​នេះ​ជាមួយ​រដ្ឋាភិបាល​ជាក់​លាក់​ណាស់ បាន​ជា​បញ្ហា​នេះ​មាន​ចំណារ​ពី​ឧប មាន​ចំណារ​ពី​នាយករដ្ឋមន្រ្តី​ហើយ នៅ​តែ​ដោះស្រាយ​មិន​បាន»

ពេល​វេលា​ព្យួរ​ការងារ​កម្មករ​រោងចក្រ​តាក់ហ្វាត នឹង​ដល់​ពេល​កំណត់​នៅ​ថ្ងៃ​ទី​៨ ធ្នូ ខាង​មុខ​នេះ ប៉ុន្តែ​ក្រុម​កម្មករ​មិន​មាន​ជំនឿ​ថា រោងចក្រ​នេះ​ដំណើរការ​ឡើង​វិញ​ទេ ព្រោះ​សម្ភារៈ​វត្ថុធាតុ​ដើម​ផ្សេងៗ​នៅ​រោងចក្រ ត្រូវ​គេ​ដឹក​ចេញ​អស់​ហើយ ចំណែក​ថៅកែ​ក៏​ពុំ​ដែល​ចេញ​មុខ​មក​ដោះ​ស្រាយ​ជាមួយ​នឹង​កម្មករ​ដែល​កំពុង​តវ៉ា​អស់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​នោះ​ទេ។

យ៉ាង​នេះ​ហើយ​បាន​ជា​កម្មករ​ទាមទារ​ឲ្យ​ដោះស្រាយ​ចំនួន​៣​ចំណុច គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​គិត​ប្រាក់​ឈ្នួល​និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​ការ​បាត់បង់​ពេល​វេលា ការ​គិត​គូរ​ពី​សុខភាព និង​ការ​ចំណាយ​ហូប​ចុក​ជា​ដើម ក្នុង​ពេល​ដែល​ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តាច់​កិច្ច​សន្យា​ការងារ​កម្មករ​និយោជិត​ទាំង​អស់ ប្រសិន​បើ​ក្រុមហ៊ុន​មិន​ដំណើរ​ការងារ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​អ្នក​ទទួល​ខុស​ត្រូវ​ត្រឹមត្រូវ​តាម​ច្បាប់​ក្រុមហ៊ុន។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។

បញ្ហា​នេះ​កាន់​តែ​ធ្វើ​ឲ្យ​គ្រួសារ​កម្មការិនី សួន ជឿន ជួប​នូវ​វិបត្តិ​គ្រួសារ ពោល​គឺ​ប្តី​ចុះ​ចោល​ផ្ទះ កូន​បី​នាក់​ត្រូវ​បោះ​បង់​ចោល​ការ​សិក្សា និង​ដើរ​ស៊ី​ឈ្នួល​គេ​ទាំង​កុមារភាព។

រាល់​ថ្ងៃ​មុន​មក​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ សួន ជឿន ត្រូវ​ទៅ​រាវ​ខ្យង​យក​មក​លក់​ដូរ​បាយ​ចិញ្ចឹម​កូន ដែល​ពី​មុន​មក​ស្ថានភាព​បែប​នេះ​គាត់​មិន​ដែល​ជួប​ប្រទះ​ឡើយ។

កម្មការិនី សួន ជឿន បាន​អំពាវនាវ​ដូច្នេះ​ថា ៖ «អំពាវនាវ​ឲ្យ​សម្ដេច ហ៊ុន សែន ឲ្យ​ជួយ ឲ្យ​គាត់​បើក​ភ្នែក​មើល​កូន​ចៅ​នៅ​ទី​នេះ​ផង វេទនា​ខ្លាំង​ណាស់»

ព័ត៌មាន (2)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 03, 2009 01:06 PM

PLEASE RFA.ORG STUFF DON'T SKIP THIS COMMNENT. SINCE LAST YEARS ISSUED,IS IT STILL GOING UNTIL TODAY? SHAM ON YOU OLDMEN GOVERNMENT. WHY DON'T YOU GUY CLEAR OUT THIS PROBLEM FOR THE PEOPLE RIGHT NOW. SHOULD THAT MANUFACTORING KEEP GOING OR MUST BE SHUT DOWN COMPLETLY. PICK ONE AS THE MAN IN GOVERNMENT JOB.THOSE EMPLOYEES THEY DON'T NEED YOU CHAIR TO SIT, BUT THEY ARE SO HUNGRY FOR SOMETHING TO EAT, LIKE SOME FOODS, BUT NOT LIKE SOME OF H.E THAT HUNGRY AID MONEY TO EAT THAT IS THE DIFFERENT WAY. EVERYONE USDED TO SAY I AM A CLEAN MAN OR WOMAN,BUT ACTUALLY THOSE PEOPLE GET MORE DIRTIEST THAN THE DOG SLEEPED ON SOIL. I DON'T KNOW, NOW, I WANT TO SEE THIS PROBLEM SOVLVED. YOU UNDERSTAND WHAT I MEANT.

Anonymous says:
Dec 05, 2009 03:04 PM

Hun Sen must help Cambodian people now. They are hungry. 33 million dollars for building the road. Why don't you open your eyes see khmer people hungry. Hun Sen become a king and people have more tear everyday. King has to solve khmer problem now. We are the people, we must scream louder till problem is solving.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល