តើ លី យ៉ុងផាត់ ជា​នរណា? (ភាគ​២)

ទោះបី​មជ្ឈដ្ឋាន​ជា​ច្រើន​ចោទ​ថា លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ជំនួញ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​ដី​ធ្លី​រាប់​ម៉ឺន​ហិកតារ​ក៏​ដោយ ក៏​លោក​បាន​បដិសេធ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​អភិវឌ្ឍន៍​ដែល​លោក​ទទួល​បាន​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​ជា​ដី​របស់​ក្រុម​អ្នក​វិនិយោគ​ទុន​បរទេស ដែល​លោក​ជា​អ្នក​ឈរ​ឈ្មោះ​តំណាង​ឲ្យ​ប៉ុណ្ណោះ។
ដោយ តាំង សារ៉ាដា
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក លី យ៉ុងផាត់ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ខ្លះ​លោក​គ្រាន់​ជា​អ្នក​ឈរ​ឈ្មោះ​ឲ្យ​អ្នក​វិនិយោគ​ទុន​បរទេស​ប៉ុណ្ណោះ ដូច​ជា​ក្រុមហ៊ុន​វិនិយោគ​ទុន​របស់​ថៃ​ក្នុង​ការ​ដាំ​អំពៅ​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ជាដើម។ ប៉ុន្តែ​លោក​មិន​បង្ហាញ​ច្បាស់​លាស់​ទេ​ថា ម្ចាស់​ក្រុមហ៊ុន​បរទេស​ទាំង​អស់​មាន​អ្វី​នោះ។

កញ្ញា អ៊ីឡាណ័រ នីកូល (Eleanor Nicole) មន្ត្រី​កម្មវិធី​សម្រាប់​តំបន់​អាស៊ី​របស់​អង្គការ Global Witness ប្រចាំ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស មាន​ប្រសាសន៍​ថា ក្រៅ​ពី​ក្រុមហ៊ុន​កសិ​ឧស្សាហកម្ម​លើ​ផ្ទៃ​ដី​រាប់​សិប​ម៉ឺន​ហិកតារ​នោះ លោក លី យ៉ុងផាត់ មាន​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ផ្សេង​ទៀត។

កញ្ញា អ៊ីឡាណ័រ នីកូល បាន​បញ្ជាក់​ថា ៖ «តាម​ការ​ស៊ើប​អង្កេត​របស់​យើង​អំពី​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់​នៅ​កម្ពុជា បាន​រក​ឃើញ​ថា លោក លី យ៉ុងផាត់ គឺ​ជា​អ្នក​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ហើយ​យើង​ក៏​បាន​ដឹង​ផង​ដែរ​ថា លោក​មាន​សណ្ឋាគារ​ជា​ច្រើន មាន​ក្រុមហ៊ុន​កសិ​ឧស្សាហកម្ម ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​អគ្គិសនី និង​បន​ល្បែង​ស៊ីសង​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​ថៃ។ កាល​ពី​ឆ្នាំ​២០០៨ យើង​រក​ឃើញ​ថា ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បាន​កាន់កាប់​ផ្ដាច់​មុខ​ក្នុង​ការ​បូម​យក​ខ្សាច់​ក្នុង​ខេត្ត​កោះកុង ដែល​អាច​រក​ចំណូល​បាន​យ៉ាង​សម្បើម។ ហើយ​អ្នក​ភូមិ​នៅ​ទី​នោះ​បាន​នាំ​គ្នា​តវ៉ា​ដល់​ការ​បូម​យក​ខ្សាច់​នោះ ដោយសារ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខរបរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ»

កញ្ញា អ៊ីឡាណ័រ នីកូល បន្ត​ថា ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បូម​ខ្សាច់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ខេត្ត​កោះកុង លក់​ឲ្យ​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​សិង្ហបុរី ជាដើម។ កញ្ញា​ចោទ​សួរ​ថា ប្រសិន​បើ​ធនធាន​ធម្មជាតិ​ទាំង​អស់​នោះ​ត្រូវ​គេ​បំផ្លាញ​យ៉ាង​ហិន​ហោច ឬ​លក់​មិនមែន​ដើម្បី​ផល​ប្រយោជន៍​របស់​ពលរដ្ឋ តើ​កម្ពុជា​នឹង​អភិវឌ្ឍ​យ៉ាង​ដូចម្ដេច​សម្រាប់​ថ្ងៃ​អនាគត?

ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​អង្គការ Global Witness ខាង​លើ​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​ពី​ខេត្ត​កោះកុង ដើម្បី​លក់​ទៅ​បរទេស​នោះ លោក លី យ៉ុងផាត់ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បូម​ខ្សាច់​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ស្ដារ​ព្រែក​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​ពី​ការ​ជន់​លិច​ដោយ​ទឹក​ជំនន់។ លោក​មាន​ប្រសាសន៍​ថា ខ្សាច់​ទាំង​នោះ​លោក​បាន​លក់​ឲ្យ​ទៅ​ប្រទេស​សិង្ហបុរី​តែ​មួយ​គត់។

លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​ក្នុង​អាណត្តិ​ទី​៣ នៃ​ព្រឹទ្ធ​សភា ពាក់​កណ្ដាល​ឆ្នាំ​២០០៧។ មជ្ឈដ្ឋាន​ខ្លះ​តែង​ចោទ​ប្រកាន់​ថា ឈ្មោះ​ពិត​របស់​លោក លី យ៉ុងផាត់ គឺ ផាត់ សុផាផា ដែល​គេ​ដឹង​ថា​ជា​ឈ្មោះ​ថៃ។ លោក លី យ៉ុងផាត់ បាន​បញ្ជាក់​ថា លោក​កើត​នៅ​ឆ្នាំ​១៩៥៨ ក្នុង​ភូមិ​ថ្មសរ ឃុំ​ថ្មសរ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ហើយ​នៅ​ឆ្នាំ​១៩៩៥ លោក​បាន​ទទួល​សញ្ជាតិ​ថៃ​មួយ​ទៀត។ លោក លី យ៉ុងផាត់ មាន​ប្រសាសន៍​ថា សព្វថ្ងៃ​លោក​មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​ថៃ។

ផ្អែក​តាម​គេហទំព័រ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចេញ​ផ្សាយ​ថា លោក លី យ៉ុងផាត់ ជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម ជា​សមាជិក​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​ក្រុមហ៊ុន​ចំនួន ៩ ដូច​ជា​ក្រុមហ៊ុន Hero King, ក្រុមហ៊ុន VINA, ក្រុមហ៊ុន Koh Kong plantation, ក្រុមហ៊ុន Koh Kong Sugar Industry, ក្រុមហ៊ុន Koh Kong Sugar SeaBoard, ក្រុមហ៊ុន Electricity Private, ក្រុមហ៊ុន LP Oil Co., LTD., ក្រុមហ៊ុន ក្លឹប​កម្សាន្ត​អន្តរជាតិ កោះកុង, ក្រុមហ៊ុន Duty Free Shop និង​ជា​ម្ចាស់​កាស៊ីណូ​មួយ​ចំនួន​តាម​ព្រំដែន​ជាដើម៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

hai hao

May 21, 2010 01:01 PM

គេហទំព័រ​ទាំងមូល