របាយការណ៍​ស្ដីពី​វិធានការ​បង្ការ​គ្រោះ​ធម្មជាតិ

ធនាគារ​ពិភពលោក និង​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​របាយការណ៍​ដែល​ជា​សមិទ្ធផល​រួម​គ្នា ស្ដីពី​វិធានការ​បង្ការ​ភាព​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​មិន​មែន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព។
ដោយ សេក បណ្ឌិត
2011-03-31
Share

ពិធី​ផ្សព្វផ្សាយ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា ដោយ​មាន​អ្នក​ឯកទេស​ជំនាញ​ជា​ច្រើន​រូប​មក​ពី​បណ្ដា​ប្រទេស​នានា នៅ​លើ​ពិភពលោក ជា​ពិសេស​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ដែល​មាន​បទពិសោធន៍​ជួប​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់ មក​ធ្វើ​បទ​បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ក្នុង​នោះ​មាន​អង្គការ សមាគម មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ចូល​រួម​ផង​ដែរ។

របាយការណ៍​ស្ដីពី​វិធានការ​បង្ការ​គ្រោះ​ធម្មជាតិ ដូចជា​រញ្ជួយ​ដី ខ្យល់​ព្យុះ ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​ចងក្រង​ឡើង​ដោយ​ក្រុម​បច្ចេកទេស​របស់​ធនាគារ​ពិភពលោក និង​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ បាន​បង្ហាញ​ថា ភាព​ជឿនលឿន​ផ្នែក​នគរូបនីយកម្ម ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មិន​ត្រឹមត្រូវ ជា​កត្តា​ជំរុញ​ឲ្យ​មាន​វិបត្តិ​គ្រោះ​ធម្មជាតិ ក៏​ដូច​ជា​គ្រោះ​ថ្នាក់​ផ្សេងៗ។

ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​ការិយាល័យ​នៅ​កម្ពុជា លោក ឈីវ ម៉ាវ ហ្វាន (Chiv Mav Fun) មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​ធម្មជាតិ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍។

លោក ឈីវ ម៉ាវ ហ្វាន មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​តាម​រយៈ​អ្នក​បក​ប្រែ​ថា ៖ "ដូច្នេះ​លទ្ធផល​បង្ហាញ​ដែល​លើក​ចេញ​ពី​របាយការណ៍​នេះ គឺ​វា​ពិត​ជា​ស៊ី​នឹង​លក្ខណៈ​ពិសេស និង​លក្ខខណ្ឌ​របស់​ប្រទេស​កម្ពុជា"

លោក​បន្ត​ថា របាយការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់ ហើយ​ទាន់​ពេល​វេលា​ក្នុង​ការ​គ្រប់គ្រង​ការ​ចំណាយ​លើ​ការ​បង្ការ​គ្រោះ​មហន្តរាយ ហើយ​ប្រសិន​បើ​គេ​អនុវត្ត​បាន​ត្រឹមត្រូវ​នោះ របាយការណ៍​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ពិត​ប្រាកដ​ដល់​កម្ពុជា។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក រស់ សុវណ្ណ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី​វិធានការ​បង្ការ​ភាព​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ធម្មជាតិ មាន​ប្រសាសន៍​ទទួល​ស្គាល់​ដែរ​ថា កម្ពុជា​ពិត​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ។ ថ្វី​ត្បិត​តែ​ទីតាំង​របស់​ប្រទេស​កម្ពុជា មិន​ស្ថិត​ក្នុង​ចំណុច​មុខ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​មហន្តរាយ​គ្រោះ​ថ្នាក់​ធម្មជាតិ​ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​ងាយ​នឹង​ទទួល​​​​​​​​​​​​​​​​ឥទ្ធិពល​ពី​ប្រទេស​ក្នុង​តំបន់ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ការ​រេចរឹល​នៃ​ធម្មជាតិ​នៅ​ក្នុង​ស្រុក ដែល​ជា​របាំង​ការពារ​ដ៏​សំខាន់។

លោក រស់ សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «កម្ពុជា​យើង​ស្ថិត​នៅ​ក្នុង​ដី​បាត​ខ្ទះ យើង​មាន​ភ្នំ​បាំង​ជុំវិញ យើង​អាច​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​ធំៗ យើង​គ្មាន​រញ្ជួយ​ដី យើង​គ្មាន​ភ្នំ​ភ្លើង យើង​គ្មាន​ខ្យល់​ព្យុះ ដោយសារ​ភ្នំ​ព័ទ្ធ​ជុំវិញ​ការពារ​យើង ក៏​ប៉ុន្តែ​ឥឡូវ​នេះ​បរិស្ថាន​មាន​ការ​ធ្លាក់ ថយ​ចុះ ការ​បាត់បង់​ព្រៃ​ឈើ​ច្រើន នៅ​ក្នុង​តំបន់​ភ្នំ​ទាំង​ឡាយ​រេចរឹល កម្ពស់​ក៏​អាច​ទាប​ដែរ អ៊ីចឹង​ការ​រាំង​ស្កាត់​លើ​ប្រព័ន្ធ​ខ្យល់​ព្យុះ​គឺ​មាន​ការ​ថយ​ចុះ។ ទី​ពីរ​ទៀត ការ​ប្រែប្រួល​អាកាសធាតុ​បណ្ដាល​ឲ្យ​ភាព​ត្រជាក់​និង​ក្ដៅ​នៅ​ក្នុង​ផ្ទៃ​សមុទ្រ​នឹង ធ្វើ​ឲ្យ​ផ្លូវ​ខ្យល់​ព្យុះ ចរន្ត​ខ្យល់​ព្យុះ និង​កម្លាំង​ខ្យល់​ព្យុះ​ដើរ​ខុស​ទិស​ដៅ​ខ្លាំង​ជាង​មុន»

របាយការណ៍​របស់​ប្រព័ន្ធ​សហប្រជាជាតិ ទាក់ទង​ទៅ​នឹង​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ ឬ​ការ​ប្រែប្រួល​អាកាសធាតុ បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​២ នៃ​ការ​ប្រឈម​មុខ​គ្រោះថ្នាក់​ធម្មជាតិ បន្ទាប់​ពី​ប្រទេស​ហ្វីលីពីន។

ប្រធាន​សមាគម​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក លួស សីហា មាន​ប្រសាសន៍​គត់​សម្គាល់​ឃើញ​ថា គ្រោះ​ធម្មជាតិ​នៅ​កម្ពុជា មួយ​ភាគ​គឺ​បាន​ទទួល​រង​សម្ពាធ​ពី​ប្រទេស​ផ្សេងៗ មួយ​ភាគ​ទៀត​គឺ​អាច​ផ្តើម​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ក៏​ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​កន្លង​មក បាន​បង្ហាញ​ថា ការ​ប្រែប្រួល​ធម្មជាតិ​នេះ​បណ្ដាល​មក​ពី​កត្តា​បរិស្ថាន​ព្រៃ​ឈើ។ ព្រៃ​ឈើ​នៅ​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​គេ​កាប់​ទន្ទ្រាន​ធ្វើ​ឲ្យ​រេចរឹល​ខូចខាត​យ៉ាង​ដំណំ។

លោក លួស សីហា មាន​ប្រសាសន៍​ទៀត​ថា ៖ «អ៊ីចឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ធ្វើ​ឲ្យ​រ៉ែ ឬ​ក៏​ការ​ជីក​រ៉ែ​ជីក​អី​តែពីសតែពាស​ដោយ​ឥត​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់ ក៏​ជា​ដើម​ហេតុ​មួយ​ធំ​ដែរ តាម​ដែល​ខ្ញុំ​យល់​ឃើញ​អ៊ីចឹង»

លោក​បន្ត​ថា សម្រាប់​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា គឺ​ព្រៃឈើ​ជា​រនាំង​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​ទល់​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ ៖ «ស្រុក​ខ្មែរ​យើង​វា​មាន​តំបន់​ភ្នំ​ជុំវិញ​ច្រើន កាលណា​វា​មាន​ដើម​ឈើ​ច្រើន ទឹក​វា​ហូរ​គំហុក​ពី​ភ្នំ​មក​តែម្ដង ទឹក​ភ្លៀង។ វា​មិន​អាច​មក​ទាំង​ដុំ​ទេ វា​ត្រូវ​ឆ្លង​កាត់​ប្រព័ន្ធ​ដើម​ឈើ​សិន បាន​ន័យ​ថា វា​បំបែក បំបែក​ទឹក​ទៅ ដូច្នេះ​វា​មិន​សូវ​មាន​ជំនន់ មិន​សូវ​មាន​បញ្ហា​ធ្វើ​ឲ្យ​លិចលង់​ខ្លាំង​ទេ ទម្រាំ​តែ​មក​ដល់​ក៏​វា​យូរ​ដែរ»

ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក ឈីវ ម៉ាវ ហ្វាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សញ្ញាណ​នៃ​គ្រោះ​ធម្មជាតិ ធាតុ​ពិត​គឺ​បង្ក​ដោយ​មនុស្ស​ដែល​ជា​អ្នក​គ្រប់គ្រង​ធនធាន​ធម្មជាតិ ដូចជា​ការ​គ្រប់គ្រង​ដីធ្លី ព្រៃឈើ ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ធម្មជាតិ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ក្នុង​រយៈពេល​យូរ​អង្វែង បើ​ការ​គ្រប់គ្រង​នោះ​មិន​បាន​ល្អ។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក រស់ សុវណ្ណ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ជួប​ប្រទះ​ដោយ​ផ្ទាល់​នូវ​ព្យុះ​កេតសាណា ដែល​បង្ក​គ្រោះ​មហន្តរាយ​ធំ​លើក​ទី​១ នៅ​ឆ្នាំ​២០០៩ ដែល​ជា​របក​គំហើញ​នៃ​ការ​ប្រែប្រួល​ធម្មជាតិ និង​ប៉ះពាល់​ដោយ​ផ្ទាល់​មក​កម្ពុជា។ លោក​បន្ត​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ក៏​កំពុង​មាន​ការ​ខ្វះខាត​នូវ​ធនធាន​មនុស្ស និង​ថវិកា។

រដ្ឋាភិបាល​ពុំ​ទាន់​បាន​កំណត់​ខ្ទង់​ថវិកា​ជាក់លាក់​នៅ​ឡើយ​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ​ទេ។

លោក រស់ សុវណ្ណ បន្ថែម​ថា ៖ «ថវិកា​ដែល​យក​ទៅ​ប្រើ​ក្នុង​ប្រព័ន្ធ​គ្រោះ​មហន្តរាយ​ហ្នឹង វា​ជា​ថវិកា​បង្កប់​ស្ថិត​នៅ​ក្រោម​វិស័យ​ដទៃៗ ពាក់ព័ន្ធ​ដូច​ជា​កសិកម្ម ធនធាន​ទឹក ហេដ្ឋារចនាសម្ព័ន្ធ ។ល។ និង ។ល។ វា​អត់​បាន​រំលេច​ចេញ​ជា​ថវិកា​អាទិភាព​ដោយ​ឡែក​មួយ ដូច្នេះ​កាលណា​វា​អត់​រំលេច​ចេញ​ជា​ថវិកា​អាទិភាព​ដោយ​ឡែក​មួយ មាន​ន័យ​ថា វា​អត់​មាន​ការ​ទទួល​ខុស​ត្រូវ វា​អត់​មាន​ការ​ធានា ទី​ពីរ​ទៀត យើង​រង់ចាំ​គ្រោះ​មហន្តរាយ​កើត​ឡើង​ទើប​យើង​ស្នើ​សុំ​អនុញ្ញាត​ថវិកា ពិសេស​ពី​រដ្ឋាភិបាល មាន​ន័យ​ថា យើង​ដើរ​ក្រោយ​គ្រោះ​មហន្តរាយ​មួយ​ជំហាន​បាត់​ទៅ​ហើយ យើង​អត់​បាន​អ្វី​មុន​ទេ»

លោក​បន្ត​ថា ដូច្នេះ​ហើយ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កំពុង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ឲ្យ​បាន​ឆាប់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​តាក់តែង​តាំង​ពី​ឆ្នាំ​២០០៨ មាន ៩៩​មាត្រា និង ៩​ជំពូក។ ក្នុង​ច្បាប់​នេះ​មាន​មាត្រា​មួយ​បាន​ចែង​យ៉ាង​ច្បាស់​ពី​ការ​កំណត់​ចំនួន​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ។

ទោះ​យ៉ាង​ណា គេ​រំពឹង​ថា ច្បាប់​នេះ​នឹង​អាច​ចេញ​រួច​នៅ​ចុង​ឆ្នាំ​២០១១​នេះ។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០០ កម្ពុជា​មាន​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​មួយ ដែល​ធ្វើ​ឲ្យ​ខាត​បង់​គិត​ត្រឹម​តែ​ការ​ខូចខាត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ១៥០​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ចំនួន​នេះ​គេ​មិន​ទាន់​រាប់​បញ្ចូល​អំពី​ការ​ខូចខាត​លើ​សេដ្ឋកិច្ច​សង្គម​នោះ​ទេ។

នៅ​ឆ្នាំ​២០០៩ ព្យុះ​កេតសាណា បាន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ជា​ទឹក​ប្រាក់​ប្រមាណ ១៣២​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក គិត​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និង​សេដ្ឋកិច្ច​សង្គម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល