សមាគម​ធាងត្នោត​ប្រកាស​ធ្វើ​សកម្ម​ភាព​ថ្មី ក្រសួង​មហាផ្ទៃ​ថា ខុស​ច្បាប់

អង្គការ​សមាគម​ធាងត្នោត​បាន ប្រកាស​ថា នឹង​ប្ដូរ​ការិយាល័យ​ទៅ​កន្លែង​ថ្មី ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០១២។
ដោយ វោហារ ជាតិ
2012-01-06
Share

ស្រប​ពេល​ជាមួយ​នោះ ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា បើ​សិន​ជា អង្គការ​សមាគម​ធាងត្នោត បើក​ការិយាល័យ​ឡើងវិញ​មែន គឺ​ជា​ទង្វើ​ខុស​ច្បាប់​មួយ​ជាន់​ទៀត ព្រោះថា ក្រសួង​មហា​​បាន​ប្រកាស​បិទ​អង្គការ​នេះ​មួយ​រយៈ ដោយ​ចោទ​ថា ​មិន​បាន​គោរព​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​។

គេហ៍​ទំព័រ របស់​អង្គការ​សមាគម​ធាងត្នោត​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១​មករា ឆ្នាំ​២០១២ ថា អង្គការ​នេះ​នឹង​ប្ដូរ​ការិយាល័យ​ទៅ​ទីតាំង​ថ្មី ។ ការ​ប្រកាស​នេះ ពុំ​មាន​ន័យ​ច្បាស់លាស់​ថា អង្គការ​នេះ ធ្វើ​សកម្មភាព​ឡើង​វិញ ឬ​គ្រាន់​តែ​ប្ដូរ​ទីស្នាក់ការ​ថ្មី​តែ​ប៉ុណ្ណោះ។ រឿង​នេះ​ស្ថិត​ក្នុង​សភាព​មិន​ប្រាកដ​និយម ព្រោះថា អង្គការ​នេះ​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ប្រកាស​បិទ​ទ្វារ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១១ មក​ម្ល៉េះ ហើយ​មិនបាន​អនុញ្ញាត​ឲ្យ​បើក​វិញ​នៅ​ឡើយ​ទេ។

ក៏​ប៉ុន្តែ ទោះ​យ៉ាងណា លោក អ៊ី រ៉ុម នាយក​អង្គការ​សមាគម​ធាង​ត្នោត បាន​អះអាង​នៅ​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១២ ថា អង្គការ​របស់​លោកនៅតែ​ដំណើរ​ការ​ធម្មតា ក្នុង​រយៈពេល​កន្លងមក។ ចំណែក​ការ​ផ្លាស់ប្ដូរ​ទី​តាំង​កន្លែង​ធ្វើការ​វិញ ក៏​ព្រោះ​តែ​ការិយាល័យ​ចាស់ មាន​ទីធ្លា​តូច​ចង្អៀត បុគ្គលិក​ពិបាក​ធ្វើការ​តែ​ប៉ុណ្ណោះ៖ «​ដូរ​ទីតាំង​ថ្មី​ដោយសារ​កន្លែង​ថ្មី ដោយសារ​កន្លែង​ចាស់​វា​ចង្អៀត វា​តូច។ ចង់បាន​ប៊ុយរ៉ូ​ធំ​​ទូលាយ​បន្លិច​ស្រួល​ធ្វើការ។ យើង​នឹង​បន្ត​ការងារ​យើង​ឆ្នាំ​២០១២​ជា​ធម្មតា​»។

ការិយាល័យ​ថ្មី​នោះ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចម្ការមន ក្រុងភ្នំពេញ។ ក្រសួង​មហាផ្ទៃ បាន​បិទ​អង្គការ​សមាគម​​ធាង​ត្នោត នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី​៣១ ខែ ធ្នូ ឆ្នាំ​២០១១។

លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​រំលឹក​ថា ការ​បិទ​ការិយាល័យ​អង្គការ សមាគម​ធាងត្នោត គឺ​ដោយ​សារ អង្គការ​នេះ​មិន​គោរព​ច្បាប់ ដែល​ក្រសួង​មហាផ្ទៃ​បាន​កំណត់ ៖ «សមាគម​កន្លង​មកនេះ ដោយសារ​សមាគម​នឹង មាន​ការ​ផ្លាស់​ប្ដូរ​ប្រធាន ហើយ​មិន​បាន​ប្រាប់​ក្រសួង​មហាផ្ទៃ នឹងទី១។ ទី២ មាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់​ខ្លួន ក៏​មិន​បាន​ប្រាប់​ក្រសួង​មហា​ផ្ទៃ​ដែរ បាន​ហៅ​មក​ប្រាប់​ប៉ុន្មាន​ដង​ហើយ តែ​នៅ​តែ​មិន​ព្រម។ អីចឹង​ក្រសួង​បាន​ផ្អាក​តែ​ម្ដង​ទៅ»​។

ការ​ប្រកាស​បិទ​អង្គការ​សមាគម​ធាង​ត្នោត បាន​ក្លាយ​ទៅ​ជា​រឿង​ចម្រូង​ចម្រាស​មួយ រវាង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាមួយ​ក្រសួង​មហាផ្ទៃ ជា​ពិសេស​ ជា​មួយ​តំណាង​អង្គការ​នេះ​តែ​ម្ដង។ ​ភាគី​ទាំងពីរ​បាន​អះអាង​ផ្ទុយ​គ្នា។

លោក អ៊ី រ៉ុម បាន​ទទូច​ថា លោក​មិន​យល់​អំពី​គោលបំណង​ក្រសួង​មហាផ្ទៃ​ថា​ចង់​បាន​អ្វី ព្រោះ​ថា​មន្ត្រី​អង្គការ​លោក​បាន​ព្យាយាម​ឆ្លើយ​តប​ក្រសួង​មានផ្ទៃ​ច្រើនដង​ហើយ តែ​នៅតែ​ក្រសួង​បិទ​អង្គការ​លោក៖ «ខ្ញុំ​ដូចជា ខ្ញុំ​បាន​ជម្រាប​ជូន​ខាងដើម​អីចឹង ខ្ញុំ​មិន​ដែល​ទទួល​ស្គាល់​ការ​ព្យួរ​នេះ​ទេ ​ព្រោះថា​យើង​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​កន្លង​មក​យើង​បាន​ទាក់ទង​ទៅ​ក្រសួង​ដើម្បី​ឲ្យ​ពន្យល់​ហេតុ​អ្វី​បាន​ជា​ព្យួរ​យើង ​ក៏​គ្មាន​ចម្លើយ​ណាមួយ​ច្បាស់លាស់​ដែរ»។

ទោះ​​ជា​យ៉ាងណា ​គេ​នៅ​ចាំ​បាន​ថា ពេល​ក្រសួង​មហាផ្ទៃ​បិទ​អង្គការ​ធាង​ត្នោត អង្គការ​សមាគម​នានា​ចំនួន​ ១៣០ បាន​ចេញ​សេចក្ដីថ្លែង​ការ​ជំទាស់ ដោយ​ចោទ​រដ្ឋាភិបាល​ថា ប្រើ​អំណាច​ផ្ដាច់​ការ​មក​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ តែ​ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។

ស្រប​ពេល​នោះ​ដែរ មាន​សេចក្ដីរាយការណ៍​នានា​ថា ​អង្គការ​សមាគម​ធាងត្នោត​ត្រូវ​បិទ​ទ្វារ​ ដោយសារ បាន​បើក​ក៏​កាយ​អំពី​រឿង​ពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​រឿង​កិប​កែង​លុយ​សំណង ដែល​ត្រូវ​ផ្ដល់​ឲ្យ​ប្រជាជន​ក្រីក្រ​រស់នៅ​តាម​ផ្លូវ​រទេះភ្លើង ដើម្បី​រុះរើ​លំនៅ​ស្ថាន​ទៅ​នៅ​កន្លែង​ថ្មី។

លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ប្រសាសន៍​បែប​ប្រយ័ត្នប្រយែង​ថា ក្រសួង​មហា​ផ្ទៃ​គួរ​តែ​អនុញ្ញាត​ឲ្យ​អង្គការ​ធាងត្នោត​បើក​ការិយាល័យ​ឡើងវិញ​ព្រោះថា​ រយៈពេល​ដែល​ក្រសួង​ប្រកាស​បិទ​ទ្វារ​អង្គការ​នេះ ក៏​បាន​​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​ដែរ៖ «​ប៉ុន្តែ​តាម​មើល​ទៅ​ទំនង​គួរ​តែ​ដំណើរការ​វិញ​បាន​ហើយ​ ព្រោះអី​លិខិត​ដែល​ផ្អាក​នឹង​ដូច​ជា​ត្រឹម​ថ្ងៃ​៣១​ ខែ​​១២​ ណា»។

ទោះ​យ៉ាងណា លោក នុត សាអាន បញ្ជាក់​ថា ​ការ​បើក​ការិយាល័យ​ថ្មី​របស់​អង្គការ​សមាគម​ធាងត្នោត​នេះ គឺ​ជា​កំហុស​ថ្មី​មួយ​ទៀត​បន្ថែម​លើ​កំហុស​ចាស់ ដែល​អង្គការ​ធាងត្នោត​នឹង​អាច​ប្រឈម​មុខ​ច្បាប់​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ៖ «ទោះ​បី​យ៉ាង​ណា​ក៏ ត្រូវ​មាន​លិខិត​ក្រសួង​មហាផ្ទៃ​ឲ្យ​ធ្វើ​សកម្មភាព​ឡើង​វិញ​ដែរ អីចឹង​បាន​វា​ត្រឹមត្រូវ​។ ប៉ុន្តែ​ឥឡូវ ខ្ញុំ​មិន​ទាន់​បាន​ដឹង​យ៉ាងម៉េច ចាំ​មើល​ខ្ញុំ​ចូល​ធ្វើការ​វិញ​ណា»។

អង្គការ​សមាគម​ធាងត្នោត ធ្វើការ​អភិវឌ្ឍន៍​លំនៅ​ឋាន និង​រចនាសម្ព័ន្ធ​ជួយ​ទំនុក​បម្រុង​អ្នក​ក្រីក្រ​នៅ​ទីក្រុង ឲ្យ​មាន​ជីវភាព​ប្រសើរ​ក្នុង​សង្គម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល