ការ​អភិរក្ស​បទ​ចម្រៀង​ពី​សម័យ​ដើម

ទឹក​ដម​សំឡេង​ពីរោះ​រណ្ដំ ភាព​លន្លង់​លន្លោច បាន​អូសទាញ​អន្ទង​ព្រលឹង​អ្នក​ស្ដាប់​ឲ្យ​អណ្ដែត​ត្រសែត រំភើប​ញាប់ញ័រ តាមរយៈ​ស្នាដៃ​របស់​កវី​និពន្ធ​ជើង​ចាស់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ មក​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៧០។
ដោយ ខែ សុណង
2010-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អត្ថន័យ​របស់​ចម្រៀង​មួយ​បទ​ៗ គឺ​បាន​និពន្ធ និង​ច្រៀង​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​មួយ​ចំនួន ដូច​ជា​មនោសញ្ចេតនា ស្នេហា ទីតាំង​ភូមិសាស្ត្រ ប្រពៃណី​ទំនៀម​ទម្លាប់ ធម្មជាតិ និង​នយោបាយ ជាដើម ភាគ​ច្រើន​បទ​ចម្រៀង​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​រឿង​ពិត​តែម្ដង។

បទ​ចម្រៀង​ដែល​ត្រូវ​បាន​ច្រៀង​ដោយ​អ្នក​ចម្រៀង​ក្នុង​ឆ្នាំ​១៩៥០ មក​ដល់​ឆ្នាំ​១៩៧០ មាន​ជា​អាទិ គឺ​លោក ស៊ីន ស៊ីសាមុត, អ្នក​ស្រី រស់ សេរីសុទ្ធា, អ្នកស្រី ប៊ែន រ៉ន, អ្នកស្រី ហួយ មាស និង​លោក មាស ហុកសេង ជាដើម​នោះ នៅតែ​ជា​សំនៀង​ដែល​បាន​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ពលរដ្ឋ​ខ្មែរ ហើយ​បាន​ដាក់​រហ័ស​នាម​ថា អធិរាជ​សំឡេង​មាស។ បើ​ទោះ​បី​ជា​អ្នក​ទាំង​នោះ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​ក្ដី។ ទាំង​អស់​នេះ​គឺ​ជា​ហេតុ​ផល​តែ​មួយ​គត់ ដែល​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​ចូលរួម​ថែ​រក្សា និង​ចងក្រង​ទុក​ជា​ឯកសារ។

លោក ងិន សុខគ្រវ៉ារ ជា​គ្រូ​បណ្ដុះ​បណ្ដាល​ភ្លេង​ម្នាក់​នៅ​ឯ​ផ្ទះ​របស់​លោក​តាំង​ពី​ឆ្នាំ​១៩៨៥​មក និង​បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​សុខុមាលភាព​កុមារ​នៃ​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា រាជធានី​ភ្នំពេញ ផង​នោះ បាន​ប្រាប់​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ដែរ​ថា លោក​ក៏​កំពុង​សរសេរ​បទ​ភ្លេង​ដែល​ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី រស់ សេរីសុទ្ធា ទុក​សម្រាប់​ចែក​ជូន​សិស្ស​របស់​លោក​ផង​ដែរ។ លោក​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ លោក​បាន​សរសេរ​បទ​ភ្លេង​ទុក​ជាង ៣០០​បទ​រួច​ទៅ​ហើយ។ ការ​ធ្វើ​នេះ​គឺ​ចង់​ឲ្យ​សិស្ស ជា​ពិសេស​យុវជន​ដែល​មក​រៀន​ជាមួយ​លោក​បាន​ស្គាល់​ពី​តម្លៃ និង​ស្នាដៃ​របស់​កវី​និពន្ធ និង​អ្នក​ចម្រៀង​ជំនាន់​ដើម។

លោក ងិន សុខគ្រវ៉ារ បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​លោក​កំពុង​បង្រៀន​ឲ្យ​សិស្ស​ចេះ​មើល​ណោត​ភ្លេង និង​ចេះ​ប្រគំ​ភ្លេង​។ល។ ក៏​ប៉ុន្តែ​មាន​សិស្ស​មួយ​ចំនួន​ធំ​ដែល​មក​ហាត់​ច្រៀង​បទ​ចាស់​ៗ​នៅ​ផ្ទះ​របស់​លោក។

ទឹក​មុខ​ញញឹម​ញញែម​របស់​លោក ងិន សុខគ្រវ៉ារ ទន្ទឹម​នឹង​សំដី​សរសើរ​មិន​ដាច់​ពី​មាត់ ពី​ទឹក​ដៃ​នៃ​ការ​សរសេរ​របស់​អ្នក​និពន្ធ​ខ្មែរ និង​សំនៀង​ដ៏​ពីរោះ​របស់​អ្នក​ចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ មក​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ដក់​ជាប់​ក្នុង​អារម្មណ៍ និង​ចងចាំ​ពាក្យ​ពេចន៍​ទាំង​នោះ​ភ្លេច​មិន​បាន។

ទាក់ទង​ទៅ​នឹង​ការ​ចូលរួម​ថែ​រក្សា​បទ​ចម្រៀង និង​ស្នាដៃ​និពន្ធ​របស់​កវី​ខ្មែរ​នេះ​ដែរ សមាគម ស៊ីន ស៊ីសាមុត ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​ប្រមូល​ចងក្រង​ថាស​ចម្រៀង​ចាស់​ៗ​ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង​សម័យ​ដើម​ពី​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ។

ប្រធាន​សមាគម ស៊ីន ស៊ីសាមុត លោក ស៊ីន ច័ន្ទឆាយា ដែល​ជា​កូន​របស់​លោក ស៊ីន ស៊ីសាមុត មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ពី​ផល​លំបាក​នៃ​ការ​ស្រាវជ្រាវ​បទ​ចម្រៀង​ចាស់​ទុក​នេះ​ថា ៖ «បាន​ពី ៣០% ទៅ ៤០%​ដែរ គឺ​សំឡេង​ដើម​សុទ្ធ ភ្លេង​ដើម​សុទ្ធ អត់​មាន​បញ្ចូល​ភ្លេង អត់​មាន​អី​ទាំង​អស់។ យើង​សន្និដ្ឋាន​មិន​ទាន់​បាន ព្រោះ​ថា ម្ចាស់​ដែល​គេ​នៅ​សល់​ថាស​ខ្មៅ​ពី​ដើម គឺ​គាត់​នៅ​រក្សា​ទុក​ខ្លួន​ឯង​សិន។ គាត់​ថា គាត់​ស្រឡាញ់​ណាស់​ថាស​ហ្នឹង! ខ្ញុំ​បាន​តែ​ចម្លង វា​ពិបាក​ដែរ ព្រោះ​ថា វា​អត់​មាន​ម៉ាស៊ីន​ចាក់...»

នៅ​ក្នុង​ការ​ចូលរួម​ថែ​រក្សា​ដោយ​ការ​ស្រឡាញ់​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​សម័យ​ដើម​នោះ មាន​មនុស្ស​មួយ​ចំនួន​បាន​បញ្ចូល​បទ​ចម្រៀង​ទាំង​នេះ​ទៅ​ក្នុង​ទូរស័ព្ទ​របស់​គេ​ក៏​មាន ហើយ​នៅ​តាម​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ទៀត គេ​ក៏​សង្កេត​ឃើញ​មាន​ការ​បង្កើត​កម្មវិធី​ជជែក​កម្សាន្ត និង​សំណូមពរ​បទ​ចម្រៀង​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ស៊ិន ច័ន្ទឆាយា បាន​ថ្លែង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រសួង​វប្បធម៌​ពុំ​មាន​ការ​ចងក្រង​បទ​ចម្រៀង​ក្នុង​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៧០ ទុក​នោះ​ទេ បន្ទាប់​ពី​បាន​រក្សា​ទុក​មួយ​លើក ហើយ​បាន​បាត់បង់​ទៅ​វិញ​នោះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​នាយកដ្ឋាន​សិល្បៈ ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ម៉ៅ កេង បាន​ឲ្យ​ដឹង​ថា ដើម្បី​ជា​ការ​លើក​កម្ពស់ និង​រួម​គ្នា​អភិរក្ស​វិស័យ​សិល្បៈ​ចម្រៀង ក្រសួង​បាន​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​មួយ ដែល​មាន​ឈ្មោះ​ថា មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ ដោយ​បើក​ឱកាស​ឲ្យ​យុវជន​ដាក់​ពាក្យ​ប្រឡង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១០​នេះ ជា​ការ​ដាស់​អារម្មណ៍​យុវជន និង​បញ្ចៀស​ការ​ឆ្លង​ចូល​នូវ​វប្បធម៌​ពី​បរទេស។

បទ​ចម្រៀង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ដល់​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​មាន​រាប់​ម៉ឺន​បទ ដែល​ខ្លះ​គេ​បាន​ចងចាំ ហើយ​ខ្លះ​ទៀត​បាន​បាត់បង់​ទៅ​ហើយ បន្ទាប់​ពី​ឆ្លង​កាត់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល