អនុសាសន៍​មួយ​ចំនួន​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ

ស្ត្រី​មួយ​ចំនួន​ដែល​បាន​សម្រាល​កូន​មក​ហើយ​បាន​ឃើញ​ថា កូន​របស់​ពួក​គាត់​ពុំ​មាន​កាយ​សម្បទា​គ្រប់​លក្ខណ​ដូច​ទារក​ធម្មតា​ទេ។ ដូច​ជា​ទារក​ខ្លះ​មាន​បញ្ហា​ពិការភាព ឆែប​មាត់ ឆែប​ក្រអូម​មាត់ ឆែប​ច្រមុះ ក្បាល​ធំ​ខុស​ពី​ធម្មតា និង​ខ្វេរ​ដៃ​ជើង ជា​ដើម​នោះ ភាគ​ច្រើន​ជា​ស្ត្រី​ដែល​រស់​នៅ​ក្នុង​តំបន់​ជន​បទ និង​ពុំ​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​កើត​ឡើង​យ៉ាង​ដូច្នេះ​ទេ។
ដោយ ខែ សុណង
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្រ្តី​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​មួយ​ចំនួន បាន​បង្ហាញ​ពី​ចំងល់​របស់​ខ្លួន​ថា មូលហេតុ​អ្វី​បាន​ជា​កូន​របស់​ពួក​គាត់ នៅ​ពេល​កើត​មក ឃើញ​មាន​បញ្ហា​ឆែប​មាត់ ឆែប​ក្រអូម​មាត់ ឆែប​ច្រមុះ​បែប​នេះ ក្នុង​គ្រា​ដែល​ពួក​គាត់​ទៅ​ពិនិត្យ​សុខភាព​យ៉ាង​ទៀង​ទាត់ នៅ​ពេល​មាន​ផ្ទៃ​ពោះ​ហើយ​នោះ។

ជាក់​ស្ដែង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ នៅ សារឿន អាយុ ៤៣ រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​ថ្លែង​ដូច្នេះ ៖ «អត់​មាន​យល់​អី អត់​មាន​ដឹង​អី​ទេ ឃើញ​តែ​កូន​ហ្នឹង​កើត​ហើយ​ហ្នឹង​គេ​ឆែប​មាត់​អ៊ីចឹង​ហ្មង អត់​មាន​ប្រើ​ថ្នាំ​អី បើ​យើង​ទម្ងន់​ពេទ្យ​គេ​ឲ្យ​យើង​ឧស្សាហ៍​ទៅ​ពេទ្យ ១​ខែ​ទៅ​ម្ដង ៣​ខែ​ទៅ​ម្ដង យើង​ទៅ​តាម​គេ​ទៅ ហើយ​ថា​ល្អ​អត់​អី អ៊ំ​នៅ​ស្រុក​ស្រែ​ចម្ការ​ហ្មង អត់​មាន​អេកូ​ទេ អត់​ដឹង​ទេ ដល់​ពេល​កើត​ឡើង​មក​បាន​ឃើញ​កូន​ហ្នឹង​ឆែប​មាត់​អ៊ីចឹង​ទៅ»

នៅ​ឯ​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​ឯណោះ​វិញ ស្ត្រី​ឈ្មោះ ចាន់ ខេមា មាន​កូន​ស្រី​អាយុ ៤​ឆ្នាំ ពិការ​ឆែប​មាត់​ដែរ​នោះ បាន​ថ្លែង​ថា ដោយ​សារ​តែ​ផ្ទះ​របស់​គាត់​នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​ពេក ទើប​គាត់​ពុំ​បាន​ពិនិត្យ​សុខភាព និង​ទទួល​ទាន​ថ្នាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់ ៖ «មណ្ឌល​សុខភាព​នៅ​ឆ្ងាយ ហើយ​ខ្ញុំ​ក្រ​ខ្វះ​ខាត ខ្ញុំ​អត់​បាន​ទៅ នាម​តែ​ខេត្ត​កំពង់ធំ​ទេ ប៉ុន្ដែ​នៅ​ឯ​ស្រុក​ស្រែ​ជន​បទ ទាល់​តែ​ដូច​ថា​ដល់​ខែ​គេ​ទៅ អ្នក​គ្រូ​ពេទ្យ​មក​ទៅ បាន​ចែក​ថ្នាំ បាន​លេប។ លេប​អត់​គ្រប់​ទេ ដល់​ពេល​កូន​កើត​មក​បាន​ដឹង​ថា​កូន​ឆែប​មាត់»

ក៏​ប៉ុន្តែ​អ្នក​ស្រី សុខ សុភា រស់​នៅ​ទីក្រុង​ភ្នំពេញ ដែល​កូន​ស្រី​របស់​អ្នក​ស្រី​ឆែប​មាត់ និង​ច្រមុះ​នោះ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​មុខ​ពេល​មាន​ផ្ទៃ​ពោះ​រយៈ​ពេល​១​ឆ្នាំ​កន្លះ គាត់​បាន​ធ្វើ​ការ​វះ​កាត់​ជំងឺ​ដុំ​គីស ហើយ​អ្នក​ស្រី​ប្រើ​ប្រាស់​ថ្នាំ​ច្រើន និង​មាន​សុខភាព​មិន​ល្អ ៖ «គ្រាន់​តែ​មុន​ទម្ងន់​ខ្ញុំ​ធ្លាប់​វះ​ដុំ​គីស​ចោល ដុំ​គីស​ដៃ​ស្បូន ប្រើ​ថ្នាំ​ផ្សះ​ច្រើន អេកូ​សម្ភព​បញ្ញា​៤-៥​ដង តែ​ពេទ្យ​អត់​ប្រាប់ ប្អូន​វា​ក្រោយ​ទេ​អត់​អី​ផង»

នាយក​គ្រប់គ្រង​កម្មវិធី នៃ​អង្គការ OPERATION SMILE CAMBODIA លោក​វេជ្ជ. ម៉ុក ធាវី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ភាគ​ច្រើន​កើត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​មាន​ហេតុ​ផល​៤​យ៉ាង សំខាន់​ៗ​គឺ​ទី​១ ទាក់​ទង​ទៅ​នឹង​ដំណ​ពូជ ឬ​សួរ​ពូជ ទី​២ កង្វះ​អាហារូបត្ថម្ភ​ដែល​មាន​ជាតិ​ដែក ក្នុង​កំឡុង​ពេល​ទារក​កំពុង​វិវឌ្ឍ​ក្នុង​ផ្ទៃ​ម្ដាយ ទី​៣ បញ្ហា​បរិស្ថាន​ជុំវិញ ដូច​ជា​ម្ដាយ ឬ​ឪពុក​ជក់​បារី ការ​ប្រើប្រាស់​ឱសថ និង​ម្យ៉ាង​ទៀត គឺ​គេ​ពុំ​អាច​ដឹង​តែ​ម្ដង ខូច​ពិការភាព​ពី​កំណើត។

រី​ឯ​ការណ៍​ដែល​អាច​ជៀស​វាង និង​ទប់​ស្កាត់​បញ្ហា​នេះ​បាន លោក វេជ្ជ. ម៉ុក ធាវី បាន​ពន្យល់​ដូច្នេះ ៖ «សំខាន់​គឺ​ការ​ប្រើ​ប្រាស់​ថ្នាំ ក្នុង​កំឡុង​ដែល​ម្ដាយ​ពពោះ​សប្ដាហ៍​ទី​៦ ទី​៧ ហើយ និង​ទី​៨ ទី​៩ ដែល​ធ្វើ​ឲ្យ​ក្រអូម​មិន​អាច​បិទ​ជិត​បាន សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ នៅ​ពេល​ដែល​ពពោះ​សូម​មាន​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​ពិគ្រោះ​ជា​មួយ​ពេទ្យ​មុន​នឹង​ប្រើ​ប្រាស់​ថ្នាំ»

ស្រប​ពេល​ដែល​មាន​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​មាន​ពិការភាព ដូច​ជា​បញ្ហា​ឆែប​មាត់ ឆែប​ក្រអូម ឆែប​ច្រមុះ ក្បាល​ធំ​ខុស​ពី​ធម្មតា និង​ខ្វេរ​ដៃ​ជើង​ជា​ដើម គ្រូ​ពេទ្យ​វះ​កាត់​ផ្នែក​ជួស​ជុល​ពិការភាព នៃ​អង្គការ OPERATION SMILE CAMBODIA និង​ជា​អនុ​ប្រធាន​មន្ទីរ​ពេទ្យ​ជ័យជំនះ​ខេត្ត​កណ្ដាល លោក វេជ្ជ. នូ សារ៉ុម មាន​ប្រសាសន៍​ថា ទាមទារ​ឲ្យ​សមាជិក​ក្នុង​ក្រុម​គ្រួសារ និង​សង្គម ធ្វើ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​ទាំង​នោះ ហើយ​ក្រុម​គ្រួសារ​ខ្លួន​ឯង​ផ្ទាល់ ក៏​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​នោះ​ដែរ។

លោក វេជ្ជ. នូ សារ៉ុម មាន​ប្រសាសន៍ ៖ «ក្មេង​ដែល​មាន​ពិការភាព ហើយ​គេ​សំដៅ​ទៅ​លើ​ក្មេង​ដែល​ឆែប​មាត់ ឆែប​ក្រអូម​មាត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ហ្នឹង និង​មាន​ការ​បាត់​បង់​ពលកម្ម បាត់​បង់​ការ​ទំនាក់​ទំនង ឬ​ក៏​បាត់​បង់​សាលា​រៀន បន្ទាប់​ពី​ធំ​ទៅ។ អ៊ីចឹង​នេះ​ជា​ការ​ជួស​ជុល​ជីវិត​គេ​មួយ ឲ្យ​កាន់​តែ​ល្អ នេះ​ជា​ពិការភាព ហើយ​យើង​អប់រំ​គ្រួសារ និង​ឪពុក​ម្ដាយ​ដែល​មាន​បញ្ហា​អ៊ីចឹង​កុំ​ឲ្យ​គេ​អស់​សង្ឃឹម»

មន្ត្រី​ក្រសួង​សុខាភិបាល​មិន​អាច​ទំនាក់​ទំនង ដើម្បី​បង្ហាញ​ចំនួន​តួ​លេខ​នៃ​ពលរដ្ឋ​កម្ពុជា ដែល​ពិការភាព​ពី​កំណើត​នោះ​ថា មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ ក៏​ប៉ុន្តែ​តាម​ការ​អះ​អាង​ពី​មន្ត្រី​អង្គការ OPERATION SMILE CAMBODIA បាន​ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​តំបន់ មាន​ប្រទេស​កម្ពុជា វៀតណាម និង​ហ្វីលីពីន បាន​បង្ហាញ​ថា ក្នុង​ចំណោម​ក្មេង​កើត ៤៥០​នាក់ ទៅ​៥០០​នាក់ មាន​ក្មេង​ម្នាក់ ដែល​ឆែប​មាត់ ឆែប​ក្រអូម និង​ពិការភាព​ផ្សេងៗ​កើត​មក​ជា​មួយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល