មតិ​តំណាង​រាស្ត្រ​និង​ពលរដ្ឋ​ខ្លះ​អំពី​ការ​បិទ​អាជីវកម្ម​ល្បែង

ពលរដ្ឋ​និង​តំណាងរាស្ត្រ​ខ្លះ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​វិធានការ​បិទ​អាជីវកម្ម​ល្បែង កម្សាន្ត អេឡិចត្រូនិក និង​ស្លុត​ម៉ាស៊ីន និង​អាជីវកម្ម​ភ្នាល់​ល្បែង​កីឡា​នានា​នោះ។
ដោយ ហ៊ុយ វណ្ណៈ
2009-03-04
Share
កាំបូ​ស៊ិក303 អ្នក​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​កាត់​មុខ​អតីត​អគារ​នៃ​សាខា​ក្រុមហ៊ុន​ភ្នាល់​បាល់ទាត់​ Cambo Six មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ កុម្ភៈ ២០០៩។
RFA/Sothea Thai

ក៏​ប៉ុន្តែ ចំណុច​មួយ​ដែល​ជា​វិធានការ​បន្ទាន់​របស់​រាជ​រដ្ឋាភិបាល​ខ្មែរ​សម្រេច​បិទ​អាជីវកម្ម​ល្បែង​ភ្នាល់​កីឡា​របស់​ក្រុមហ៊ុន Cambo Six នោះ ត្រូវ​អ្នក​តំណាងរាស្ត្រ​និង​ពលរដ្ឋ​ខ្លះ ហៅ​វិធានការ​នេះ​ថា ជា​នយោបាយ​មួយ​ដែល​យក​ភាព​បាត់បង់​ការងារ​របស់​ពលរដ្ឋ​ទៅ​ប្តូរ​យក​អ្វី​ដែល​ហៅ​ថា សន្តិសុខ​និង​ស្ថិរភាព​សង្គម។

លោក​តំណាងរាស្ត្រ សុន ឆ័យ នៃ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ចាត់​ទុក​ការ​បិទ​អាជីវកម្ម Cambo Six នោះ ថា​ជា​វិធានការ​លឿន​ពេក ហើយ​អ្នក​ដែល​រង​គ្រោះ​នោះ គឺ​បុគ្គលិក​និង​កម្មករ​ដែល​ត្រូវ​បាត់​បង់​ការងារ​ភ្លាមៗ​ដោយ​មិន​បាន​ត្រៀម​ទុក​នោះ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​រីករាយ​ណាស់​ឲ្យ​មាន​ការ​បញ្ចប់​ល្បែង​ស៊ី​សង​អនាធិបតេយ្យ​នេះ ព្រោះ​ខ្ញុំ​មិន​ជឿ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​រំពឹង​លើ​ល្បែង​ទេ ល្បែង​នាំ​មក​នូវ​វិនាសកម្ម​ទាំង​បទ​ល្មើស​ផ្សេងៗ មាន​ការ​យក​មនុស្ស​ទៅ​លក់​ដូរ​ដូច​សត្វ​ធាតុ មាន​គ្រឿងញៀន​ជា​ដើម។ ប៉ុន្តែ​បើ​តាម​យើង​ដឹង ប្រហែល​យ៉ាង​តិច​ក៏ ៦​-៧​ពាន់​នាក់ ទៅ ១​ម៉ឺន​នាក់ ដែល​អាច​អត់​ការងារ​ពី​សកម្មភាព​ពី​ល្បែង​ស៊ី​សង​ហ្នឹង តើ​យើង​ដោះស្រាយ​ជូន​គេ​យ៉ាង​ម៉េច? គេ​ជា​មនុស្ស​ដែរ ហ្នឹង​យើង​មិន​និយាយ​ពី​ថៅកែ ដែល​គេ​ខឹង​សម្បា​ហ្នឹង​ផង យើង​និយាយ​ពី​រឿង​កម្មករ ឬ​ក៏​បុគ្គលិក​ដែល​គេ​ធ្វើ​នោះ គ្នា​អនាគត​ទៅ​ណា? គ្នា​ត្រូវការ​លុយ​ដើម្បី​យក​មក​បង់​ថ្លៃ​ផ្ទះ គ្នា​ត្រូវការ​លុយ​មក​ទិញ​ម្ហូប​អាហារ​ចិញ្ចឹម​ជីវិត មិន​មែន​ពឹប​ឡើង​អត់​មាន​មួយ​រៀល​ចូល​មក​ផ្ទះ ឲ្យ​គេ​សប្បាយ​ចិត្ត​យ៉ាង​ម៉េច? គេ​ទទួល​យក​បាន​យ៉ាង​ម៉េច?»

លោក​តំណាងរាស្ត្រ សុន ឆ័យ ថ្លែង​បន្ត​ថា វិធានការ​បន្ទាន់​នេះ​ទៀត​សោត ក៏​ជា​សារ​អាក្រក់​មួយ​សម្រាប់​ក្រុម​អ្នក​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ផង​ដែរ ជា​ពិសេស​គឺ​ការ​ធ្វើ​ឲ្យ​គេ​បាត់​ភាព​កក់ក្តៅ​លើ​ប្រព័ន្ធ​ច្បាប់​នៃ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «គេ​ចង់​បាន​ប្រទេស​មួយ​ដែល​មាន​គោលការណ៍​ច្បាស់ ចុះ​បើ​គេ​បាន​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​គេ​ហើយ​នោះ ដែល​គេ​ដាក់​ទុន​ហើយ​នោះ រួច​ស្រាប់​យើង​ទៅ​ដោះ​ទៅ​ដូរ ដេញ​គេ​រប៉ាត់​រប៉ាយ​ហ្នឹង នរណា​គេ​ល្ងង់​យក​លុយ​គេ​មក​ចាក់​ចោល​ស្រុក​ខ្មែរ? ដូច្នេះ​បាន​ថា យើង​ជា​ប្រទេស​មួយ​ដែល​ចង់​ឲ្យ​មាន​វិនិយោគ ដែល​គិតគូរ​ពី​រឿង​ប្រទេស​ជាតិ ត្រូវ​ធ្វើ​យ៉ាងម៉េច​ឲ្យ​គេ​ទទួល​យក​បាន​នូវ​ការ​ធានា​ដល់​ការ​រកស៊ី​ទៀត​ផង»

ជាមួយ​គ្នា​នេះ លោក​តំណាងរាស្ត្រ សុន ឆ័យ ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ចំពោះ​ស្ថាប័ន​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ល្បែង​នោះ​ផង ៖ «មន្រ្តី​ពាក់ព័ន្ធ​ដែល​នាំ​ឲ្យ​ដល់​មាន​ការ​ញៀន​ល្បែង​ទាំង​នេះ ត្រូវ​តែ​មាន​ទោស​ទណ្ឌកម្ម​ដើម្បី​កុំ​ឲ្យ​ភាព​អនាធិបតេយ្យ​បែប​នេះ​កើត​មាន ទៅ​ថ្ងៃ​មុខ​ទៀត»

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩​នេះ សេចក្តី​ណែនាំ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ដោយសារ​ល្បែង​ទាំង​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​រស់​នៅ​របស់​ពលរដ្ឋ បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចាត់​វិធានការ​ដក​ហូត​អជ្ញាប័ណ្ណ​និង​បញ្ឈប់​អាជីវកម្ម​ល្បែង​កម្សាន្ត​គ្រប់​ប្រភេទ។

នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ដដែល​នោះ លោក គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដែរ ដោយ​បញ្ជាក់​ថា អាជ្ញាប័ណ្ណ​អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​បាន​ផ្តល់​ជូន​កន្លង​មក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អាជីវកម្ម​អេឡិចត្រូនិក ស្លុត​ម៉ាស៊ីន និង​ល្បែង​ភ្នាល់​ផង​នោះ គឺ​ទោះ​បី​ជា​មិន​ទាន់​ផុត​សុពលភាព​ក៏​ដោយ ក៏​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍ គឺ​បិទ​ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម ចាប់​តាំង​ពី​ថ្ងៃ​ជូន​ដំណឹង​នោះ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ក្រុមហ៊ុន​ភ្នាល់​បាល់ Cambo Six ដែល​មាន​សាខា​ចំនួន​៧៦​កន្លែង ត្រូវ​បាន​បិទ​ជា​បន្ត​បន្ទាប់។

កម្មករ​និង​បុគ្គលិក​មួយ​ចំនួន បាន​ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដែរ​ថា គេ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខែ​ចុង​ក្រោយ​របស់​គេ​នៅ​ឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ ៖ «សម្ដេច​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ហ្នឹង ពិត​ជា​ត្រឹមត្រូវ ប៉ុន្តែ​គួរ​តែ​បាន​គិត​មុន​ចុះ​កុងត្រា មុន​នឹង​ឲ្យ​ក្រុមហ៊ុន​គេ​រកស៊ី​នៅ​ស្រុក​ខ្មែរ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់។ អាហ្នឹង​ក៏​វា​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ»

លោក​តំណាងរាស្ត្រ ជាម យៀប នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ការ​បិទ​ការ​ធ្វើ​អាជីវកម្ម​ល្បែង​នេះ បាន​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​របស់​រដ្ឋ​ខ្លះ ហើយ​មាន​ពលរដ្ឋ​ជា​បុគ្គលិក​កម្មករ​មួយ​ចំនួន​បាត់បង់​ការងារ​ក៏​ដោយ ក៏​ប៉ុន្តែ​បើ​ថ្លឹង​ថ្លែង​ទៅ​នឹង​ផល​ប្រយោជន៍​រួម​របស់​សង្គម​នោះ​គឺ​ជា​វិធានការ​ដែល​ត្រឹមត្រូវ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កាលណា​យើង​បិទ​វា​មាន​បញ្ហា​ពីរ​ដែល​កើត​ឡើង ទី​១ ចំណូល​របស់​រដ្ឋ​ដែល​មាន​កន្លង​មក ១៥​សែន​ដុល្លារ​ហ្នឹង យើង​ឈប់​បាន​ទទួល។ ទី​២ យើង​ឃើញ​ថា កម្មករ​គាត់​ធ្វើការ​នៅ​ទីនោះ ទាំង​ពី Office ឧបសម្ព័ន្ធ រហូត​ដល់​ខេត្ត​-ក្រុង គឺ​ធ្វើ​ឲ្យ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ​ដែល​អត់​មាន​ការងារ​ធ្វើ។ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​យល់​ឃើញ​ថា បើ​យក​បញ្ហា​សង្គម​មក​ដាក់​ជាមួយ plateau មួយ​ទៀត ដែល​មាន​ពីរ​ចំណុច​តូចៗ ដែល​ខ្ញុំ​លើក​ហ្នឹង គឺ​ថា​អត់​ស្មើ​នឹង​បញ្ហា​សង្គម​ទេ ដែល​ធ្វើ​ឲ្យ​បាត់​បង់​សម្បើម​ណាស់»

លោក​តំណាងរាស្ត្រ ជាម យៀប ថ្លែង​បន្ត​ថា វា​ចាំបាច់​ដែល​ត្រូវ​មាន​វិធានការ​បន្ត​ទៀត​ដើម្បី​ជួយ​បុគ្គលិក​កម្មករ​រាប់​រយ​នាក់ ដែល​បាត់បង់​ការងារ​ធ្វើ​នោះ ៖ «ការ​បាត់បង់​ការងារ​ធ្វើ ៧​ពាន់​នាក់​នៃ​ខេមបូ​ស៊ិក ដែល​បាន​បិទ​កន្លង​មក​ហើយ មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ មិន​សាមញ្ញ​ពេក​ទេ យើង​ក៏​ចាំបាច់​ត្រូវ​ថា បង្វែរ​អ្នក​ទាំង​នោះ​ឲ្យ​គេ​បាន​យល់ ហើយ​ស្វែង​ទៅ​រក​ការងារ​ផ្សេង​ពី​ហ្នឹង​ទៅ ទៀត ដូច​ជា​កម្មករ ដូចជា​កសិករ ដូចជា​ការ​បម្រើ​ផ្សេងៗ​ទៀត អ៊ីចឹង​អ្នក​ហ្នឹង​ឯង​អាច​ទៅ​ធ្វើ Guide ខាង​ទេសចរណ៍​ក៏​បាន យើង​បង្វែរ​ឲ្យ​ទៅ​ហ្នុង​វិញ។ អ៊ីចឹង​ទេ រដ្ឋ​ត្រូវ​មាន​វិធានការ​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាង​ណា​បង្វែរ​នូវ​អ្វីៗ​ដែល​កើត​ចេញ​អំពី​វិធានការ​របស់​រាជ​រដ្ឋាភិបាល ឲ្យ​បាន​ទាន់​ពេល​វេលា​ចំពោះ​កម្មករ​យើង​ដែល​អត់​មាន​ការងារ​ធ្វើ»

សូម​ជម្រាប​បន្ថែម​ថា ជាមួយ​នឹង​ព័ត៌មាន​ដែល​ថា បុគ្គលិក​កម្មករ​នៃ​អាជីវកម្ម​ភ្នាល់​ល្បែង​ប្រមាណ ៧​ពាន់​នាក់ បាន​បាត់បង់​ការងារ​ធ្វើ​រួច​ទៅ​ហើយ​នេះ កម្មករ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ហោច ៧​ម៉ឺន​នាក់​ប្រឈម​ការ​បាត់បង់​ការងារ​ធ្វើ​ដែរ។ នេះ​បើ​តាម​របាយការណ៍​ពី​សមាគម​កាត់ដេរ​នៅ​កម្ពុជា។

តំណាងរាស្ត្រ​មួយ​រូប​ថ្លែង​ដែរ​ថា នៅ​ស្រប​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​បន្ត​កើត​មាន ហើយ​ជះ​ឥទ្ធិពល​មក​លើ​កម្ពុជា​ដែរ​នោះ ការ​បាត់បង់​ការងារ​អាច​បន្ត​កើត​មាន​ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ​ចំណុច​មួយ លោក​តំណាងរាស្រ្ដ​នោះ​ថ្លែង​បន្ត​ថា ចំណុច​មួយ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន គឺ​មិន​ត្រូវ​បណ្តោយ​ឲ្យ​បញ្ហា​អត់​ការងារ​ធ្វើ​នេះ ក្លាយ​ទៅ​ជា​វិបត្តិ​នយោបាយ​នោះ​ឡើយ ពីព្រោះ​ចំណុច​នេះ​អាច​នឹង​ធ្ងន់ធ្ងរ ប្រសិន​បើ​បញ្ហា​អត់​ការងារ​ធ្វើ នឹង​ក្លាយ​ទៅ​ជា​វិបត្តិ​សង្គម​នោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល