មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​អំពី​ព្រះរាជ​តួនាទី​នៃ​ព្រះ​មហាក្សត្រ​ខ្មែរ

ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ជាតិ ទិវា​ចម្រើន​ព្រះជន្ម​ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រប់​៥៦​ ចូល ៥៧​ព្រះវស្សា ពី​ថ្ងៃ ១៣ ដល់ ១៥ ឧសភា នេះ លោក សាន សុវិទ្យ សូម​ជូន​សេចក្តី​រាយការណ៍​មួយ​ស្តី​ពី​ការ​យល់​ដឹង​របស់​ខ្មែរ​ឯ​នាយ​សមុទ្រ​មួយ​ចំនួន ពាក់​ព័ន្ធ​នឹង​តួនាទី​នៃ​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន។
ដោយ សាន សុវិទ្យ
2009.05.14
ព្រះមហាក្សត្រ​៣០៥ ព្រះ​មហាក្សត្រ​ខ្មែរ សម្ដេច​ព្រះបាទ​ ព្រះ​បរមនាថ នរោត្ដម សីហមុនី។
RFA Photo

ព្រះករុណា​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជា​ព្រះរាជ​បុត្រា នៃ​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ទ្រង់​ប្រសូត​នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ គឺ​មុន​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពី​អាណានិគមន៍​និយម​បារាំង ប្រមាណ​ជា​៦​ខែ​ប៉ុណ្ណោះ។

កាល​ពី​យុវវ័យ ព្រះអង្គ​និយម​សិក្សា​អំពី​សិល្បៈ​របាំ ដូរ្យតន្ត្រី និង​ល្ខោន​ធ្លាប់​ជា​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​ផ្នែក​របាំ​បូរាណ ក្លាស្ស៊ិក នៅ​វិទ្យាស្ថាន​អភិរក្ស ខាង​ដូរ្យ​តន្ត្រី និង​នាដ​សាស្ត្រ​ជាតិ ទីក្រុង​ប្រាក ប្រទេស​ឆេកូស្លូវាគី សម័យ​កុម្មុយនីស្ត ឆ្នាំ ១៩៧១។ ពី​ឆ្នាំ​១៩៧៦ ដល់ ៧៩ ទ្រង់​ជាប់​ឃុំ​ឃាំង​ក្រោម​របប​ខ្មែរ​ក្រហម​ប៉ុលពត ជាមួយ​ព្រះ​វរវាជ​បិតា និង​ព្រះ​វររាជ​មាតា ព្រមទាំង​ព្រះ​អនុជ សម្តេច នរិន្ទ្រពង្ស។

ផុត​ពី​របប​វាល​ពិឃាត ព្រះអង្គ​បំពេញ​តួនាទី​នានា ពាក់​ព័ន្ធ​នឹង​សិល្បៈ​ភាគ​ច្រើន​នៅ​ឯ​ប្រទេស​បារាំង។ ព្រះករុណា​សម្តេច ព្រះបរមនាថ ទ្រង់​មាន​ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​អាច​មាន​បន្ទូល​បាន​ជា​ភាសា​ខ្មែរ បារាំង ភាសា​ឆែក និង​ភាសា​អង់គ្លេស។ ខណៈ​ដែល​ព្រះអង្គ​ប្រថាប់​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ ១៩៩៣ ទ្រង់​បាន​កសាង​ស្នា​ព្រះហស្ត​ជា​ខ្សែ​ភាពយន្ត របាំ​បាឡេត៍ ចំនួន​ពីរ​រឿង គឺ​រឿង «សុបិន» និង «ធាតុ​ទាំង​៤»។

នៅ​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ​២០០៤ ពេល​ព្រះអង្គ​មាន​ព្រះជន្ម​បាន ៥១ ព្រះ​វស្សា ព្រះករុណា​សម្តេច​ព្រះ​បរមនាថ ទ្រង់​បាន​ត្រូវ​ក្រុម​ប្រឹក្សា​ព្រះរាជ​សម្បត្តិ ជ្រើស​រើស​ឲ្យ​ឡើង​គ្រង​រាជ្យ ជា​ព្រះមហាក្សត្រ​ក្រុង​កម្ពុជា។

៥​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ចាប់​តាំង​ពី​ព្រះករុណា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ឡើង​គ្រង​រាជ្យ និង​បាន​ធ្វើ​សច្ចា​ប្រណិ​ធាន ក្នុង​ពិធី​រាជាភិសេក កាល​ពី​ខែ​តុលា ឆ្នាំ​២០០៤ ថា​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះ​វររាជ​បិតា ព្រះមហាវីរក្សត្រ​សម្តេច​ព្រះ នរោត្តម សីហនុ ដោយ​ព្រះ​សូរ្យ​សៀង​ដូច​ត​ទៅ​នេះ ៖ «ការ​ដែល​ត្រូវ​ចង​ចាំ​ដរាប គឺ​ការ​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ។ យើង​ត្រូវ​ចៀស​វាង​ឲ្យ​ផុត​ស្រឡះ​អំពី​អំពើ​ពុករលួយ​គ្រប់​បែប​យ៉ាង និង​នៅ​គ្រប់​កាលៈទេសៈ។ យើង​អនុវត្ត​អ្វីៗ គឺ​សំដៅ​បម្រើ​ការពារ​ឧត្ដម​ប្រយោជន៍ ដែល​ជា​អាយុ​ជីវិត​នៃ​ជាតិ​មាតុភូមិ និង​ប្រជាជន ប្រជារាស្រ្ដ​ខ្មែរ»

ក្រៅ​ពី​នេះ ព្រះមហាក្សត្រ​ខ្មែរ​ក៏​ទ្រង់​បាន​ប្រកាស​ជា​ឱឡារិក​ផង​ដែរ​ថា ៖ «ខ្ញុំ​នឹង​នៅ​ជាប់​ជិត​ស្និទ្ធ​ដរាប ជាមួយ​នឹង​ជន​រួម​ជាតិ​មា មីង បង ប្អូន កូន ក្មួយ លោក​អ្នក​ទាំង​ឡាយ ហើយ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ដរាប»

ក្នុង​ឱកាស​ទិវា​ចម្រើន​ព្រះជន្ម​ព្រះករុណា​ព្រះ​បរមនាថ នរោត្តម សីហមុនី គម្រប់​៥៦ យាង​ចូល ៥៧​ព្រះវស្សា​នេះ អ្នក​នយោបាយ​នានា ខាង​រាជរដ្ឋាភិបាល​បាន​សម្តែង​ព្រះពរ​សព្ទ​សាធុការ ថ្វាយ​ព្រះអង្គ​យ៉ាង​កក់​ក្តៅ។

លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​​កម្មការ​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋ​សភា មាន​ប្រសាសន៍​កោត​សរសើរ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ដូច្នេះ ៖ «ព្រះអង្គ​មាន​ព្រះតម្រិះ​យ៉ាង​ល្អ​ប្រពៃ មិន​ដែល​ធ្វើ​ឲ្យ​រង្កៀស​ចិត្ត​ដល់​ប្រជាពលរដ្ឋ ឬ​ដល់​រាជ​រដ្ឋាភិបាល អង្គការ​នីតិ​បញ្ញត្តិ​អ្វី​ទេ គឺ​ព្រះអង្គ​បាន​សម្រួល​នូវ​រាល់​កិច្ច​ការងារ​លំបាក​លំបិន​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​អង្គការ​នីតិ​បញ្ញត្តិ ឬ​ក៏​អង្គការ​តុលាការ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជារាស្ត្រ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​តែ​ពុំ​សូវ​ស្គាល់​ព្រះមហាក្សត្រ​របស់​ខ្លួន​ច្បាស់​លាស់​នៅ​ឡើយ។ ថ្វី​បើ​ព្រះអង្គ​បាន​សន្យា​ជា​ឱឡារិក​ថា ​រាជវាំង​នឹង​មិន​លាក់​បាំង​អ្វី ហើយ​ព្រះអង្គ​នឹង​ចំណាយ​ពេល​ច្រើន​ថ្ងៃ​រៀង​រាល់​សប្តាហ៍ ដើម្បី​បម្រើ​ជន​រួម​ជាតិ ជួប​នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ តែ ៥​ឆ្នាំ​មក​នេះ រាស្ត្រ​ខ្មែរ​ជាច្រើន​នៅ​តែ​មិន​ស្គាល់​ព្រះរាជា​របស់​ខ្លួន។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត  អនិកជន​ខ្មែរ រស់​នៅ​បរទេស​ភាគ​ច្រើន ច្រើន​មាន​ការ​ចាប់​អារម្មណ៍​អវិជ្ជមាន ចំពោះ​ព្រះករុណា បរមនាថ នរោត្តម សីហមុនី។

លោក ស៊ឹម ហួត ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​ក្រុង​ស្តុកតុន រដ្ឋ​កាលីហ្វ័រញា ហើយ​ដែល​គាំទ្រ​របប​រាជា​និយម​យ៉ាង​ម៉ឺង​ម៉ាត់ មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​តួនាទី​ព្រះមហាក្សត្រ ៖ «ព្រះមហាក្សត្រ លោក​បាន​ឡើង​សោយរាជ្យ លោក​បាន​សន្យា​ជាមួយ​ប្រជារាស្រ្ដ​ខ្មែរ ថា​លោក​នឹង​ប្រឹង​ប្រែង​ធ្វើ​ការ លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ លោក​នឹង​ប្រឆាំង​ដាច់​ខាត​ចំពោះ​អំពើ​ពុក​រលួយ លោក​នឹង​ខ្នះខ្នែង​ចំពោះ​ទឹក​ដី​ខ្លួន ដូច​ជា​ព្រំដែន​អី​ជាដើម។ ខ្ញុំ​មិន​ដឹង​ថា​កិច្ចការ​របស់​ព្រះអង្គ​មាន​អ្វី​ខ្លះ​ដែល​គួរ​ធ្វើ និង​អ្វី​ខ្លះ​ដែល​អត់​ធ្វើ​ទេ ក៏ប៉ុន្តែ​ជារឿយៗ ក្នុង​ការ​ព្រំដែន​ក្ដី ដូច​ជា​រឿយៗ ដែល​ខ្ញុំ​តាម​ដាន​វិទ្យុ​អាស៊ីសេរី ឮ​តែ​ប្រជាពលរដ្ឋ​ស្រែក​ក្ដែងៗ ចំពោះ​អំពើ​ពុក​រលួយ ចំពោះ​ការ​ដេញ​យក​ដី តើ​មហាក្សត្រ​ខ្មែរ​បាន​ធ្វើ​អន្តរាគមន៍​ខ្លាំង​ខ្លា​ចំពោះ​អស់​នេះ​ទេ? ដូច​ជា​ព្រះអង្គ​ឡើង​សោយ​រាជ្យ​បាន​សន្យា​ថា ព្រះអង្គ​នឹង​ដើរ​តាម​គន្លង​ព្រះបិតា ហើយ​និង​ប្រឹង​ប្រែង​ប្រឆាំង​ដាច់​ខាត​ចំពោះ​អំពើ​ពុក​រលួយ​គ្រប់​យ៉ាង​នោះ»

រី​ឯ​លោក សៀង សាក់ អតីត​ខ្មែរ​ក្រហម ដែល​បច្ចុប្បន្ន​រស់​នៅ​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត្ស៍ វិញ លោក​បន្ទោស​រដ្ឋ​ធម្មនុញ្ញ ដែល​បាន​ចង​ព្រះហស្ត​ព្រះមហាក្សត្រ​មិន​ឲ្យ​ទ្រង់​មាន​អំណាច​អាច​ធ្វើ​អ្វី​កើត។

លោក សៀង សាក់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​យល់​ថា ព្រះករុណា សីហមុនី សព្វថ្ងៃ បើ​និយាយ​ពាក្យ​ឲ្យ​ស្រួល​ស្ដាប់​បន្តិច​ទៅ​ថា គ្រាន់​តែ​ជា​ស្ដេច​ប្រថាប់​ត្រា ហ្នឹង​ទី​១។ ទី​២ និយាយ​ឲ្យ​ស្រប​តាម​ចិត្ត​របស់​ខ្មែរ​យើង​សព្វថ្ងៃ គោរព​ស្ដេច​ហ្នឹង គឺ​ព្រះអង្គ សីហមុនី សព្វថ្ងៃ គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​បង្រ្គប់​កិច្ច ឲ្យ​ចិត្ត​ខ្មែរ​ហ្នឹង​ស្ងប់​ដែល​ថា​ចង់​បាន​ស្ដេច​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​បើ​និយាយ​ថា ជា​គុណ​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ សម្រាប់​អនាគត​ជាតិ​ត្រជាក់​ត្រជំ​អី​អត់​ទេ។ បាន​ជា​ខ្ញុំ​ថា​អត់ ពីព្រោះ​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​បាន​ចង​រួច​ទៅ​ហើយ ថា​ស្ដេច​សោយ​រាជ្យ​ដោយ​មិន​កាន់​អំណាច​ទេ ដូច្នេះ​បើ​អត់​អំណាច​ទេ មិន​អាច​ទៅ​តំណាង​អី​កើត មិន​អាច​ទៅ​ធ្វើ​ជា​ម្លប់​ឲ្យ​នរណា​កើត​ទេ ពីព្រោះ​អត់​មាន​អំណាច»

តប​ទៅ​នឹង​សំណួរ​របស់​អ្នក​ខ្លះ ជាពិសេស​លោក ស៊ឹម ហួត នៃ​ក្រុង​ស្តុកតុន ដែល​ថា​តើ​ព្រះមហាក្សត្រ​មាន​ដែល​អន្តរាគមន៍​ជួយ​កូន​ចៅ​របស់​ព្រះអង្គ​ដែរ ឬ​ទេ​នោះ អ្នក​អង្គម្ចាស់ អង្គឌួង នឹមសូហ៊្វីន មាន​បន្ទូល​ដូច្នេះ ៖ «ខ្ញុំ​ឃើញ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ មិន​មែន​ថា​លោក​មិន​ធ្វើ​បូជនីយកិច្ច​ដើម្បី​ការពារ​ពលរដ្ឋ​លោក​ទេ ប៉ុន្តែ​លោក​ហាក់​ដូច​ជា​មាន​គំនាប​អី​មួយ​ដ៏​ខ្លាំង គឺ​លោក​មាន​គំនាប​ខ្លាំង​ណាស់។ ស្អី​ក៏ដោយ​លោក​ត្រូវ​សុំ​ទៅ​នាយក​រដ្ឋមន្រ្តីៗ។ នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ គេ​ថា​ព្រះមហាក្សត្រ ដែល​ជា​ម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ហ្នឹង លោក​មាន​អំណាច​នឹង​សុំ​ការ​លើក​លែង​ទោស​ក្នុង​ពិធី​របស់​លោក មាន​ដូច​ជា​ពិធី​បុណ្យ​ភ្ជុំ ហើយ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​លោក គឺ​លោក​ត្រូវ​តែ​លោក​ធ្វើ​រឿង​ហ្នឹង តែ​ឮ​ថា​លោក​ធ្វើ​ហើយ តែ​សុំ​ទៅ​គេ គេ​មិន​ព្រម លោក​ខំ​ធ្វើ​យ៉ាង​ម៉េច​ក៏​ចេញ​មិន​រួច»

ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​នានា អំពី​ព្រះតួនាទី​របស់​ព្រះ​មហា​ក្សត្រ​នេះ ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ ក៏​នាំ​គ្នា​សម្តែង​សព្ទសាធុការ​ថ្វាយ​ព្រះ​មហា​ក្សត្រ​របស់​ខ្លួន ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ប្រសូតិ ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៣​ថ្ងៃ គឺ​ថ្ងៃ​ទី ១៣-​១៤ និង ១៥ ឧសភា រៀង​រាល់​ឆ្នាំ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។