អង្គការ​សង្គ្រោះ​សត្វ​ព្រៃ ប្ដេជ្ញា​កាត់​បន្ថយ​ភាព​ក្រីក្រនៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច

អង្គការ​សង្គ្រោះ​សត្វ​ព្រៃ (Save Cambodia's Wildlife) ឬ​ហៅ​កាត់​ជា​អក្សរ​បរទេស​ថា អេស ស៊ី ដាប់បែលយ៊ូ​ (S.C.W) បាន​ប្រារព្ធ​ធ្វើ​សិក្ខាសាលា​បើក​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដោយ​មាន​មន្ត្រី​មូលដ្ឋាន​ស្រុក​ពាក់ព័ន្ធ​ស្ថាប័ន​ជំនាញ​មន្ត្រី​អាជ្ញាធរ ព្រមទាំង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ ៥០ មក​ពី​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​ចូលរួម​ក្នុង​ពិធី​នេះ។
ដោយ រដ្ឋា វិសាល
2011-06-24
Share

នាយក​ប្រតិបត្តិ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ លោក ទេព ប៊ុននី មាន​ប្រសាសន៍​បញ្ជាក់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ ខែ​មិថុនា​ថា ដោយ​មាន​ធនធាន​ហិរញ្ញវត្ថុ គាំទ្រ​ដោយ​សហភាព​អឺរ៉ុប តាម​រយៈ​អង្គការ ដាប់បែលយ៊ូ អេច អេច (WHH (Welt Hunger Hilfe) នៃប្រទេស​អាឡឺម៉ង់ នៅ​កម្ពុជា​ដែល​ជា​អង្គការ​អនុវត្ត​គម្រោង​នេះ និង​ប្រកាន់​យក​នូវ​កាយវិការ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​ជាមួយ​ទស្សនៈ​វិស័យ​របស់​ខ្លួន​ថា ធនធាន​ធម្មជាតិ ជម្រក​សត្វ និង​សិទ្ធិ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ក្នុង​ស្ថានភាព​មាន​លំនឹង​ប្រកប​ដោយ​និរន្តរភាព ដែល​អាច​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក​បន្ត​ថា អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់ នៅ​ក្នុង​បេសកកម្ម និង​គុណ​តម្លៃ​គ្រឹះ​របស់​ខ្លួន​រួម​ចំណែក​សហការ​ជា​មួយ រាជរដ្ឋាភិបាល ក្រសួង​មន្ទីរ អាជ្ញាធរ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល​ជា​ពិសេស​ចំពោះ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។

លោក ទេព ប៊ុននី ៖ «ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ជីវៈ​ចម្រុះ​នឹង​មិន​អាច​ទទួល​ជោគជ័យ​ទេ ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ពី​បណ្ដា​សហគមន៍ ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់។តាម​រយៈ​នៃ​ការ​អនុវត្តន៍​គម្រោង​ដូច​បាន​ជម្រាប​ជូន​នេះ​រំពឹង​ថា​នឹង​នាំ​មក​នូវ​ក្ដី​សង្ឃឹម​ថ្មី​មួយ​ទៀត​ទៅ​ដល់​បណ្ដា​សហគមន៍​តំបន់​គោល​ដៅ ដែល​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍន៍»។

គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​នូវ​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ក្នុង​តំបន់​ឧទ្យាន​ជាតិ នឹង​ត្រូវ​អនុវត្ត​ក្នុង​ខេត្ត​រតនគិរី មាន​ស្រុក​តា​វែង​ក្នុង​ឃុំ​តាវែង​លើ និង​ឃុំ​តា​វែង​ក្រោម​ចំនួន ១១ ភូមិ​ស្រុក​វ៉ឺនសៃ ក្នុង​ឃុំ​កុក​ឡាក់​ចំនួន ៤ ភូមិ និង​ខេត្ត​ស្ទឹង​ត្រែង​មាន​ស្រុក​សៀម​ប៉ាង ក្នុង​ឃុំ​ថ្ម​កែវ និង​ឃុំ​សន្តិភាព​ចំនួន ៩ ភូមិ។

គម្រោង​នេះ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​កិច្ច​អភិវឌ្ឍន៍ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​តាម​រយៈ​ការ​រៀបចំ​សហគមន៍​តំបន់​ការពារ ​តំបន់​ទេសចរណ៍​ធម្មជាតិ​មូលដ្ឋាន ផ្ដល់​ការ​អប់រំ​បរិស្ថាន គាំទ្រ​មុខ​របរ​រក​ប្រាក់​ចំណូល ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម និង​មិនមែន​កសិកម្ម បង្កើន​ទិន្នផល​ស្រូវ តាម​រយៈ​ការ​ណែនាំ​បច្ចេកទេស​ប្រពល​វប្បកម្ម​ដំណាំ​ស្រូវ និង​ការ​ណែនាំ​ពូជ​ថ្មី​ដល់​កសិករ។កសាង​អណ្ដូង​ទឹក​ស្អាត និង​បង្គន់​អនាម័យ ដើម្បី​បង្កើត​ឲ្យ​មាន​ជម្រើស​ក្នុង​ការ​ចិញ្ចឹម​ជីវិត​រក​ប្រាក់​ចំណូល​ថែទាំ​សុខភាព និង​បញ្ចៀស​បាន​មួយ​ចំណែក​ក្នុង​ការ​បំផ្លាញ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ជីវចម្រុះ។

សេចក្ដី​រាយការណ៍​ពី​ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ស្រុក​ជាប់​នឹង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​ប្រណិត សត្វ​ព្រៃ ជីវៈ​ចម្រុះ និង​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត បាន​រង​ការ​បំផ្លាញ​ជា​បន្តបន្ទាប់ ដោយសារ​ប្រជា​ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ជិត​តំបន់​នោះ និង​ក្រុម​បុគ្គល​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​ជា​ពិសេស​ក្រុម​ឧទ្យានុរក្ស គឺ​ជា​អ្នក​ចូលរួម​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ក្នុង​តំបន់​ឧទ្យាជាតិ​នោះ។ ថ្មីៗ នេះ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​កាត់​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វិរៈជ័យ​ជាង ៥ ម៉ឺន​ហិកតារ ដើម្បី​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​កង្វល់​ថា តើ​នឹង​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្រិត​ណា​ទៀត​នៅ​ក្នុង​ឧទ្យាន​ជាតិ?

ជំទប់​ទី​មួយ​ឃុំ​កុកឡាក់ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី លោក ផុន សឿង មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ និង​រហូត​ដល់​បច្ចុប្បន្ន សុខភាព​និង​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ​រស់​នៅ​តំបន់​ជាប់​នឹង​តំបន់​ឧទ្យានជាតិ​មិន​បាន​ប្រសើរ​ទេ​ហើយ​ការ​ព្រួយ​បារម្ភ​កើត​មាន​បន្ថែម​ទៀត ខណៈ​ដែល​អ្នក​ភូមិ​បាន​ឃើញ​ក្រុមហ៊ុន​សម្បទាន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​នៅ​ក្នុង​តំបន់​ឧទ្យាន​​​​​​​​​​​​ជាតិ​វិរៈ​ជ័យ។

លោក​បន្ត​ថា សេចក្ដី​ត្រូវ​ការ​ពិត​ប្រាកដ​របស់​អ្នក​ភូមិ​គឺ​កិច្ច​ឧបត្ថម្ភ​ទាំងឡាយ ដែល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​អ្នក​ភូមិ​បាន និង​រួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​ឲ្យ​បាន​គង់​វង់។

លោក ផុន សឿង ៖ «ឧទ្យាន​ជាតិ​វីរៈជ័យ​ការពារ​ព្រៃ​ឈើ​ដី​ឲ្យ​ក្រុមហ៊ុន​ហ្នឹង។អ៊ីចឹង​ហើយ​ប្រជាជន​លែង​ជឿ​ហើយ។ ប្រជាជន​កំពុង​ភ័យ​ខ្លាច​តើ!អាច​បាត់បង់​ហើយៗ សត្វ​ព្រៃ​ក៏​បាត់បង់​ព្រៃ​ឈើ​ក៏​បាត់បង់។ ប្រជា​ពល​រដ្ឋ​កំពុង​តែ​សង្ស័យ​ការពារ​ព្រៃ​ឈើ​កាត់​បន្ថយ និង​សង្គ្រោះ​សត្វ​ព្រៃ មិន​ដឹង​យ៉ាង​ម៉េច​»។

អនុប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនគិរី លោក ស៊ុន សុភាព មាន​ប្រសាសន៍​ថា កន្លង​ទៅ​នេះ​មាន​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មិន​បាន​អនុវត្ត​គម្រោង​ចំ​ទិសដៅ និង​ផែន​ការ​យុទ្ធសាស្ត្រ និង​តម្រូវ​ការ​ជាក់​ស្ដែង​នៅ​មូលដ្ឋាន​សម​ស្រប​ផែន​ការ​ថ្នាក់​ជាតិ​នោះ​ឡើយ។

លោក ស៊ុន សុភាព ៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​អង្គការ​ទាំង​អស់ ធ្វើ​យ៉ាង​ម៉េច​គឺ​ជួយ​គាំទ្រ​ទៅ​នឹង​គម្រោង​របស់​ឃុំ​ហ្នឹង​គឺ​ឲ្យ​ចំ​នឹង​អ្វី​ដែល​គាត់​បាន​ស្នើសុំ ដើម្បី​ឲ្យ​ការ​តាម​ដាន​គម្រោង និង​ការ​អនុវត្តន៍​គម្រោង​របស់​យើង​ឋិត​ក្នុង​ក្រប​ខណ្ឌ​មួយ​ដែល​ឯកភាព​គ្នា»។

អភិបាល​រង​ខេត្ត​រតនគិរី លោក សូ នាក់ មាន​ប្រសាសន៍​បញ្ជាក់​ថា គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​នូវ​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ក្នុង​តំបន់​ឧទ្យាន​ជាតិ បាន​ផ្ដល់​ភាព​សំខាន់ និង​អាទិភាព​ខ្ពស់​ចំពោះ​កិច្ច​ការពារ​បរិស្ថាន​ព្រៃ​ឈើ ជម្រក​សត្វ​ព្រៃ និង​ជីវៈ​ចម្រុះ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។ លោក​បាន​អំពាវនាវ​ឲ្យ​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​រួម​គ្នា​អនុវត្ត​គម្រោង​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​ធ្វើ​​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ជាពិសេស​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ទទួល​បាន​ផល​ប្រយោជន៍ និង​មាន​និរន្តរភាព​ក្នុង​ការ​ចិញ្ចឹម​ជីវិត។

លោក សូ នាក់ ៖ «ពី​សហគមន៍​អឺរ៉ុប​បាន​ជំនួយ ក្នុង​ការ​គាំទ្រ​បញ្ហា​អភិរក្ស​សត្វ​ព្រៃ​នេះ គឺ​ថា​គណៈ​អភិបាល​ខេត្ត​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ហើយ​និង​មាន​ការ​ត្រេកអរ​យ៉ាង​ក្រៃលែង​ដែល​បាន​មក​ជួយ​នូវ​គម្រោង​ទាំង​ឡាយ ដែល​យើង​រៀបចំ​ភូមិ​ភាគ​ឥសាន្ត ដែល​យើង​មាន​បញ្ហា​អភិរក្ស​ទេសចរណ៍ អេកូទេសចរណ៍ ជា​ពិសេស​ពាក់ព័ន្ធ​បញ្ហា​សត្វ​ព្រៃ»។

តាម​ការ​គ្រោង​ទុក​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​នូវ​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ក្នុង​តំបន់​ឧទ្យាន​ជាតិ នៅ​ក្នុង​ទឹក​ដី​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក​សំរាប់​​រយៈ​ពេល ៥ ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល