វិធី​ព្យាបាល​ជំងឺ​តាម​ជំនឿ​ជនជាតិ​ដើម​ភាគ​តិច

ស្រ្តី​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​ម្នាក់ ព្រមទាំង​កូន​ក្នុង​ផ្ទៃ​បាន​ស្លាប់​ដោយសារ​តែ​ការ​ព្យាបាល​ជំងឺ​ដោយ​ការ​វាយ​ដំ​ដែល​ជា​របៀប​ព្យាបាល​តាម​ជំនឿ​និង​ប្រពៃណី។
ដោយ គង់ យុទ្ធនា
2009-12-22
Share
មណ្ឌល​គិរី305 បុរស​ជន​ជាតិ​ព្នង​អង្គុយ​បឺត​ស្រា​ពាង​នៅ​ក្នុង​ពិធី​សែន​ភូមិ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​មណ្ឌល​គិរី នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៩។
RFA/Mean Riddh

នាង សា ឡិន អាយុ​១៩​ឆ្នាំ ជន​ជាតិ​កាចក់ ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្នុង​ខេត្ត​រតនគិរី រស់​នៅ​ភូមិ​កោះពាក ឃុំ​កោះពាក ស្រុក​វ៉ឺនសៃ បាន​រៀបការ​ជាមួយ​ឈ្មោះ ឌី សារ៉ី អាយុ​២៧​ឆ្នាំ ជា​ប៉ូលិស​ប៉ុស្តិ៍​តាវែងក្រោម ស្រុក​តាវែង។ នាង​បាន​ផ្លាស់​មក​រស់​នៅ​ខាង​ប្តី​ជា​សហគមន៍​ជនជាតិ​ដើម​ព្រៅ កាល​ពី​ដើម​ឆ្នាំ​២០០៩​នេះ។

ក្រោយ​មក សា ឡិន កើត​បាន​កូន​ប្រុស​ម្នាក់ ហើយ​មិន​យូរ​ប៉ុន្មាន​នាង​ក៏​មាន​ផ្ទៃ​ពោះ​ទៀត។ ក្នុង​ពេល​ទម្ងន់​បាន​២​ខែ​នាង​មាន​អាការៈ​ចាញ់​កូន​និង​ឈឺ​ក្រពះ ហើយ​បាន​ស្នើ​ឲ្យ​ប្តី​ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ប្តី​នាង​មិន​ព្រម​ទេ ហើយ​បាន​ឲ្យ​ឪពុក​របស់​ខ្លួន​ជា​អ្នក​ព្យាបាល​រៀបចំ​តាម​ជំនឿ​និង​ប្រពៃណី។

ជន​ជាតិ​ដើម​ព្រៅ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​ផាយ៉ាង ឃុំ​តាវែងក្រោម ស្រុក​តាវែង មាន​ជំនឿ​មុតមាំ​អំពី​ការ​ព្យាបាល​ជំងឺ​តាម​របៀប​វាយ​ដំ​ទាត់​ធាក់។
លោក វ៉ាន់ ឌី ជា​ឪពុក​និង​ជា​គ្រូ​ព្យាបាល​តែងតែ​ដឹក​នាំ​កូនៗ​របស់​ខ្លួន​ឲ្យ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​វាយ​ដំ​អ្នក​ជំងឺ។

សំឡេង​ស្រែក​យំ​អង្វរ​ដោយ​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​របស់​នាង សា ឡិន បាន​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​មក​ចោម​រោម​មើល ហើយ​គេ​បាន​ឃើញ​ថា មនុស្ស​ប្រុស​៣​នាក់​រួម​មាន ១- វ៉ាន់ ឌី ជា​ឪពុក​ក្មេក ២- ឌី សារ៉ី ជា​ប្តី និង​៣- ច្រាំង សួម ជា​ប្អូន​ប្រុស​សាច់​ថ្លៃ​របស់​នាង​កំពុង​វាយ​ទះ​ទាត់​ធាក់ ព្រមទាំង​ប្រើ​ឈើច្រត់ វាយ​បុក​មក​លើ​ទ្រូង​របស់​នាង​រហូត​សន្លប់​បាត់​ស្មារតី។ គេ​បាន​ជះ​ទឹក​ដាក់​លើ​ខ្លួន​ប្រាណ​របស់​នាង​ដើម្បី​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន​វិញ។

អ្នក​រស់​នៅ​ទល់​មុខ​ផ្ទះ វ៉ាន់ ឌី ឈ្មោះ លួន ខាំថេត អាយុ​២៥​ឆ្នាំ បាន​ឃើញ​សកម្មភាព​ព្យាបាល​ដោយ​វាយ​ដំ បាន​និយាយ​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​៣​នាក់​ខាង​លើ​គឺ​ជា​អ្នក​វាយ​ដំ​នាង ហើយ​ម្តាយ​ក្មេក​នាង​គឺ​ជា​អ្នក​រាំ​កំដរ​ការ​វាយ​ដំ​នោះ​តាម​ជំនឿ​និង​របៀប​ព្យាបាល​របស់​ពួកគេ។

ការ​វាយ​ដំ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​គ្រាន់​តែ​ឧបកិច្ច​ទេ តែ​តាម​ការ​រៀបរាប់​របស់ លួន ខាំថេត បាន​ឲ្យ​ដឹង​ថា សា ឡិន ត្រូវ​ឪពុក ប្តី​និង​ប្អូន​ថ្លៃ​វាយ​ដំ​ធ្ងន់ធ្ងរ​ណាស់។ នាង​ត្រូវ​សន្លប់​និង​ធ្លាក់​ឈាម។ ពួកគេ​បាន​វាយ​ដំ​ពេល​ព្រឹក​ម្តង​និង​ល្ងាច​ម្តង​រយៈពេល​ពេញ​១​អាទិត្យ។ នាង​មាន​សភាព​កាន់​តែ​ខ្សោយ​ទៅៗ ឃើញ​ដូច្នេះ​ទើប​គេ​បញ្ឈប់​ការ​ព្យាបាល​ដោយ​ហិង្សា​នោះ ហើយ​បញ្ជូន​នាង​បន្ត​ទៅ​មន្ទីរពេទ្យ​ក្រុង​បានលុង។

លោក លួន ខាំថេត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មក​ងូត​ទឹក​ពេល​ល្ងាច ហើយ​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ខ្ញុំ​ឮ​សំឡេង​យំ ខ្ញុំ​សួរ​នរណា​គេ​យំ? ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា គេ​វ៉ៃ​ធាក់​ប្រពន្ធ ឌី សារ៉ី ហ្នឹង​វា​ឈឺ​ពោះ។ ខ្ញុំ​ថា ខ្ញុំ​ទៅ​មើល។ ពេល​ទៅ​ដល់​ហ្នុង​ឃើញ​៣​នាក់​យក​ទឹក​បាច ធាក់ ទាត់​តែម្ដង ដាក់​ធូប​ដាក់​អី​រាំ គេ​ពាក់​ខោអាវ​ដូច​ព្រះសង្ឃ​ដែរ។ សន្លប់​អស់​មួយ​ម៉ោង។ គេ​វ៉ៃ​៧​យប់ ព្រឹក​ល្ងាចៗ ដោយសារ​អ៊ីចឹង​គាត់​មាន​ធ្លាក់​ឈាម​មាន​អី​ផង»

ការ​ព្យាបាល​ដោយ​វាយ​ដំ​មិន​ត្រឹមតែ​បាន​ដឹង​ឮ​ដល់​អ្នក​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ទេ ប៉ុន្តែ​អ្នក​ភូមិ​ក្បែរ​នោះ​ក៏​បាន​ទៅ​ចោម​រោម​មើល​ដែរ។

ឈ្មោះ ច្រូប កាសូម អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​ទំពួនរឿងធំ ឃុំ​តាវែងក្រោម ស្រុក​តាវែង បាន​និយាយ​ថា គាត់​បាន​ឮ​អំពី​ការ​ព្យាបាល​នោះ​ក៏​បាន​ទៅ​មើល​ចំនួន​២​លើក ហើយ​ឃើញ​នាង សា ឡិន ត្រូវ​មនុស្ស​ប្រុស​ទាំង​នោះ​វាយ​ដំ​ទាត់​ធាក់ បោច​សក់ ត្រូវ​សន្លប់​រាល់ៗ​លើក​គួរ​ឲ្យ​អាណិត។

លោក ច្រូប កាសូម បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្ដី​ប្រពន្ធ​គេ​ហ្នឹង​រស់​នៅ​ជាមួយ​ឪ​ក្មេក​ខាង​ប្ដី។ ប្រពន្ធ​មាន​ទម្ងន់​(មាន​ផ្ទៃ​ពោះ)​២​ខែ។ វ៉ៃ​ដំ​ច្រើន​ដង​ហើយ​ក្នុង​រយៈ​ពេល​ខាង​ស្រី​ហ្នឹង​ឈឺ ខ្ញុំ​បាន​ដឹង ស្រី​ហ្នឹង​ស្លាប់​ទៅ»

តាម​ការ​រៀបរាប់​របស់​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពេទ្យ​ពុំ​មាន​លទ្ធភាព​ព្យាបាល​នាង សា ឡិន បាន​ទេ ដោយសារ​ថា នាង​ទទួល​រង​ការ​វាយ​ដំ​ធ្ងន់ធ្ងរ​ពេក របួស​ពេញ​ខ្លួន​និង​ត្រូវ​គ្រាំ​ក្នុង​ទៀត ដូច្នេះ ឌី សារ៉ី និង វ៉ាន់ ឌី ក៏​បាន​បញ្ជូន​នាង​ត្រឡប់​ទៅ​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​ឯ​ភូមិ​កំណើត​វិញ ដើម្បី​បន់​សែន​អារក្ស​តាម​ប្រពៃណី ប៉ុន្តែ​ប្រហែល​មួយ​សប្តាហ៍​ក្រោយ​មក​នាង​ក៏​ស្លាប់​បាត់​ទៅ។

ឪពុក​ម្តាយ​បង្កើត​របស់​នាង សា ឡិន បាន​ប្តឹង​ប៉ូលិស​ទាមទារ​ឲ្យ​អ្នក​ប្រព្រឹត្ត​ហិង្សា​ទាំង​នេះ​សង​នូវ​ក្របី​ចំនួន​៥​ក្បាល។

វិទ្យុ​អាស៊ី​សេរី​មិន​បាន​ជួប​ឈ្មោះ វ៉ាន់ ឌី និង ឌី សារ៉ី ទេ ដោយសារ​អ្នក​ទាំង​នេះ​មិន​នៅ​ផ្ទះ ប៉ុន្តែ​ឈ្មោះ ច្រាំង សួម ជា​ប្អូន​ថ្លៃ​របស់​នាង សា ឡិន ដែល​ត្រូវ​គេ​ចោទ​ថា បាន​ចូល​រួម​ក្នុង​អំពើ​ហិង្សា​នោះ​ប្រាប់​ថា អ្នក​វាយ​ដំ​គឺ​ឈ្មោះ វ៉ាន់ ឌី និង​ឈ្មោះ ឌី សារ៉ី ចំណែក​ខ្លួន​វិញ​គ្រាន់​តែ​ជា​អ្នក​ជះ​ទឹក​ដាក់ សា ឡិន តាម​បញ្ជា​បង្ខិត​បង្ខំ​របស់​ឪពុក​ក្មេក​ខ្លួន​ប៉ុណ្ណោះ មិន​បាន​ចូល​រួម​ការ​វាយ​ដំ​នេះ​ទេ។

លោក ច្រាំង សួម ឲ្យ​ដឹង​ថា ៖ «អត់​មាន​ប៉ះ​វ៉ៃ​ទេ ជួយ​ស្រោច​ទឹក​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​ខ្ញុំ​អត់​ដឹង​កិច្ចការ​គេ​ព្យាបាល​អ៊ីចេះ ព្យាបាល​អ៊ីចុះ»

ច្រាំង សួម និយាយ​ថា ខ្លួន​មាន​ការ​សោកស្តាយ​និង​ឈឺ​ចាប់​ណាស់ ព្រោះ​ខ្លួន​ជា​អ្នក​ធ្វើ​តាម​បញ្ជា​ឪពុក​ក្មេក​សោះ ត្រូវ​ឪពុក​ក្មេក​និង​បង​ថ្លៃ​ទម្លាក់​កំហុស​ចោទ​ថា ខ្លួន​ជា​អ្នក​ដឹក​នាំ​អំពើ​នោះ​ទៅ​វិញ។ លោក​មិន​ទទួល​ខុស​ត្រូវ​រឿង​នេះ​ឡើយ។

ក្រោយ​ពេល​មាន​បណ្តឹង​ពី​គ្រួសារ​នាង សា ឡិន អ្នក​ភូមិ​និយាយ​ថា ប៉ូលិស​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​ពួកគាត់​ដែល​បាន​ឃើញ​ហេតុ​ការណ៍​វាយ​ដំ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ប៉ូលិស​ក៏​បញ្ឈប់​ការ​តាម​ដាន​ទៅ​វិញ​ដែរ។ រឿង​នោះ​បើ​តាម​ការ​អះអាង​របស់ ច្រាំង សួម ថា ឪពុក​ក្មេក​និង​បង​ថ្លៃ​ខ្លួន​បាន​ធ្វើ​សំណង​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ទៅ​ឪពុក​ម្តាយ សា ឡិន ដើម្បី​បញ្ឈប់​ការ​ប្តឹង​ផ្តល់។

លោក ច្រាំង សួម បាន​ប្រាប់​ដូច្នេះ ៖ «គេ​ដោះស្រាយ​រួច​ហើយ ខាង​អធិការ​សម្រេច​រួច​ហើយ។ គេ​សង​ដែរ ជួយ​ធ្វើ​បុណ្យ​ធ្វើ​ទាន ជួយ​ក្របី គោ ជួយ​ទិញ​ជ្រូក មាន់ ស្រា»

មក​ដល់​ថ្ងៃ​នេះ ឌី សារ៉ី ដែល​ត្រូវ​អ្នក​ភូមិ​ចង្អុល​ថា បាន​ប្រព្រឹត្ត​ហិង្សា​នោះ មិន​បាន​ទទួល​ទោស​ទណ្ឌ​ណា​មួយ​ឡើយ ហើយ ឌី សារ៉ី នៅ​តែ​ជា​ប៉ូលិស​ដដែល។

រឿង​ធ្វើ​ឲ្យ​នាង សា ឡិន និង​កូន​ក្នុង​ពោះ​ស្លាប់​នោះ លោក ណាក់ សំរុក អនុ​ប្រធាន​ប៉ូលិស​ប៉ុស្តិ៍​តាវែងក្រោម និយាយ​ថា ថ្នាក់​លើ​របស់​លោក​ជា​អ្នក​ធ្វើ​រឿង​នេះ​គេ​បាន​ដោះស្រាយ​គ្នា​ចប់​រួច​រាល់​អស់​ហើយ។ លោក​ថា ត្បិត​តែ ឌី សារ៉ី ជា​កូន​ចៅ​របស់​លោក​មែន តែ​លោក​ក៏​មិន​បាន​ដាក់​វិន័យ ឬ​ក៏​ហៅ​គេ​មក​ធ្វើ​កំណត់​ហេតុ​សួរ​ចម្លើយ​អ្វី​ដែរ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ហៅ​ការ​ព្យាបាល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ថា ជា​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ដោយ​ចេតនា ហើយ​លោក​ទាមទារ​ឲ្យ​សង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រង​គ្រោះ​ផង និង​សូម​ឲ្យ​មាន​ការ​ដាក់​ទោស​ចំពោះ​ជន​ល្មើស​ទាំង​នោះ​ជា​ចាំបាច់ មិន​ត្រូវ​បន្ត​ឲ្យ​គេ​រួច​ទោស​ត​ទៅ​ទៀត​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដូច្នេះ ៖ «ផ្លូវ​ច្បាប់​វា​ទាក់ទង​បទ​ឧក្រិដ្ឋ ហើយ​ជា​បទ​ឃាតកម្ម​មួយ​គិត​ទុក​ជាមុន។ អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​ហ្នឹង​គួរ​ធ្វើការ​ផ្សព្វផ្សាយ ជា​ពិសេស​ត្រូវ​តែ​រាយ​ការណ៍ ឬ​មួយ​ដាក់​ពាក្យ​បណ្ដឹង​មក​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ហ្នឹង​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជា​គំរូ»

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មាន​ប្រពៃណី​និង​ជំនឿ​ជា​ច្រើន ហើយ​ជំនឿ​ខ្លះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់។ ចំពោះ​ការ​ស្លាប់​របស់​នាង សា ឡិន និង​កូន​ក្នុង​ផ្ទៃ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ័យ​ខ្លាច​និង​បញ្ឈប់​នូវ​ជំនឿ​ព្យាបាល​ដោយ​ការ​វាយ​ដំ​យ៉ាង​ដូច្នេះ​ហើយ៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 27, 2009 04:09 PM

very bad.I am so sad.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល