ព្រះ​រាជ​ជីវ​ប្រវត្តិ​សង្ខេប​របស់​ព្រះវរ​រាជ​មាតា

ក្នុង​ឱកាស​ទិវា​ចម្រើន​ព្រះជន្មាយុ​គ្រប់ ៧៣​ព្រះ​វស្សា ឆ្លង​ចូល ៧៤ ​ព្រះវស្សា របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មិថុនា នេះ ពី​ទីក្រុង​វ៉ាស៊ីនតោន លោក សាន សុវិទ្យ សូម​ជូន​ព្រះ​រាជ​ជីវ​ប្រវត្តិ​សង្ខេប​របស់​ព្រះអង្គ។

0:00 / 0:00

យោង​តាម​ព្រះ​រាជ​ជីវ​ប្រវត្តិ​សង្ខេប​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ចុះ​ផ្សាយ​លើ​ទំព័រ​វ៉ឹបសៃថ៍​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ ១៨ មិថុនា ១៩៣៦ គឺ ៧៣​ឆ្នាំ​មុន ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះនាម​ដើម​ថា Paule Monique Izzi ទ្រង់​ចាប់​បដិសន្ធិ​ពី​ឧទរ​លោកស្រី ប៉ុម ពាង ដោយ​មាន​​បិតា​ឈ្មោះ លោក Jean-Francois Izzi ជន​ជាតិ​បារាំង ដើម​កំណើត​អ៊ីតាលី ធ្វើ​ការ​ជា​ប្រធាន​ធនាគារ​មន្ទីរ​ចង​ការ​ភូមិបាល​នា​ក្រុង​ព្រៃ​នគរ។

ព្រះអង្គ​បាន​ត្រូវ​ជ្រើស​រើស​ជា​អ្នក​ម្នាង​របស់​ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ ១៩៥២ ខណៈ​ដែល​មាន​អាយុ​បាន ១៦​ឆ្នាំ ហើយ​បាន​ថ្វាយ​ដល់​ព្រះ​មហាក្សត្រ​ខ្មែរ​កាល​នោះ នូវ​ព្រះ​ឱរស​ចំនួន​ពីរ​ព្រះអង្គ គឺ ព្រះ​ករុណា​ព្រះ​បាទ​បរម​នាថ នរោត្តម សីហមុនី ដែល​ទ្រង់​សម្ភព​នៅ​ឆ្នាំ ១៩៥៣ និង​ស្តេច​ក្រុម​ឃុន នរោត្តម នរិន្ទ្រៈពង្ស សម្ភព​ខែ​កញ្ញា ១៩៥៤។

សម្តេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ឬ សម្តេច​ម៉ែ កាល​ពី​កុមារ​ភាព​ទ្រង់​សិក្សា​នៅ​សាលា​​បឋម​សិក្សា​ព្រះ​នរោត្តម មធ្យម​សិក្សា​ព្រះ​ស៊ីសុវត្ថិ និង​នៅ​លីសេ​ដេការ៍ត ក្រុង​ភ្នំពេញ។ នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ប្រធាន​កាកបាទ​ក្រហម​ខ្មែរ និង​បច្ចុប្បន្ន​នេះ​ក៏​ទ្រង់​នៅ​ជា​ប្រធាន​កិតិ្តយស​របស់​អង្គការ​នេះ​ដែរ។

នៅ​ឆ្នាំ​១៩៩២ ព្រះ​ករុណា​សម្តេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ព្រះអង្គ​ពី​អ្នក​ម្នាង ជា​ម្តេច​ព្រះ​ជាយា នៅ​ឆ្នាំ ១៩៩៣ ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្តេច​ព្រះ​មហេសី នរោត្តម មុនីនាថ សីហនុ នៅ​ឆ្នាំ​១៩៩៦ ទទួល​បរម​ងារ​ជា​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី ហើយ​នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០០៤ ព្រះ​មហាក្សត្រ​អង្គ​បច្ចុប្បន្ន ក៏​ទ្រង់​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ព្រះ​បរម​ងារ​ថ្វាយ​ព្រះ​រាជ​មាតា ដោយ​ថ្វាយ​ព្រះ​បរម​ងារ​ថា សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេច​ក្តី​ថ្លៃ​ថ្នូរ​និង​សុភមង្គល។

សម្តេច​ព្រះ​វរ​រាជ​មាតា​​ទ្រង់​ជា​មហេសី​តែ​មួយ​ក្នុង​ចំណោម​មហេសី​និង​អ្នក​ម្នាង​ទាំង​៧ របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ដែល​បាន​ទទួល​ព្រះ​ស្រឹង្គារ ក្តី​ស្រឡាញ់ មេត្តា ប្រោស​ប្រណី​យ៉ាង​ខ្លាំង​ក្លា​ពី​ព្រះ​ស្វាមី​ក្នុង​រយៈ​ពេល​ដ៏​យូរ​លង់​ជាង​កន្លះ​សតវត្សរ៍​កន្លង​ទៅ​នេះ។ ព្រះអង្គ​បាន​យាង​តាម​អតីត​ព្រះ​មហាក្សត្រ​ទៅ​ស្ទើរ​គ្រប់​ទិស​ទី​ក្នុង​គ្រប់​កាលៈទេសៈ មិន​ថា​ក្នុង​សម័យ​តស៊ូ​ក្រោយ​រដ្ឋ​ប្រហារ ១៨ មីនា ១៩៧០ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម សម័យ​ការ​តស៊ូ​ត្រី​ភាគី​នៅ​តំបន់​ជាយ​ដែន​ខាង​លិច ឬ​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២ នោះ​ឡើយ។

ខណៈ​នេះ​ព្រះ​វរ​រាជ​មាតា​កំពុង​ប្រថាប់​នៅ​ក្រុង​ប៉េកាំង ទី​ដែល​សម្តេច​ព្រះ​វីរ​ក្សត្រ​ទ្រង់​ទទួល​ការ​រក្សា​ព្យាបាល​ព្រះ​រោគា​ព្យាធិ​ថ្វាយ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ចិន។

ក្នុង​ឱកាស​ទិវា​ចម្រើន​ព្រះជន្ម​ប្រកប​ដោយ​នក្ខត្តឫក្ស​ដ៏​ឧត្តម​នេះ ប្រជារាស្ត្រ​ខ្មែរ​ប្រុស-​ស្រី​បាន​នាំ​គ្នា​ថ្វាយ​សព្ទ​សាធុការ​យ៉ាង​កង​រំពង​ចំពោះ​ព្រះ​មាតា​ជាតិ​ដ៏​ជាទី​គោរព​ស្រឡាញ់​របស់​ខ្លួន។

លោក សក្តា និស្សិត​ពី​ខេត្ត​កំពង់​ឆ្នាំង ៖ «ព្រះ​រាជ​មាតា​ជាតិ​ខ្មែរ ព្រះអង្គ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខាង​មនុស្ស​ធម៌ ជាពិសេស​ព្រះអង្គ​បាន​ចូល​រួម​ជាមួយ​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​ជួយ​រំដោះ​ភាព​ក្រីក្រ ការ​លំបាក ដែល​កើត​ឡើង​ដោយ​ទឹក​ជំនន់​ក្ដី អគ្គិភ័យ​ក្ដី និង​ប្រការ​ផ្សេងៗ​ទៀត​ក្ដី។ នេះ​ជា​កាយ​វិការ​ល្អ​ប្រសើរ​ដែល​ប្រជារាស្រ្ដ​ខ្មែរ​ទូទាំង​ប្រទេស សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជំ​ដល់​កូន​ចៅ​ដើម្បី​បង្ហាញ​នូវ​ភាព​រឹង​មាំ​នៃ​ប្រជា​ជាតិ​ខ្មែរ ពិសេស​ខាង​ស្រ្តី​ខ្មែរ»

លោក សួស សារ៉ន មន្រ្តី​រាជការ​ក្រសួង​ទេសចរណ៍​នៅ​ខេត្ត​ព្រៃវែង ៖ «នៅ​ក្នុង​ឱកាស​នេះ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ សូម​ប្រសិទ្ធពរ​ជូន​ដល់​សម្ដេច​ម៉ែ ដែល​លោក​មាន​ព្រះ​ជន្ម​ច្រើន​ណាស់​ហើយ​នេះ គឺ​ថា​ក្នុង​គម្រប់​ខួប​ព្រះអង្គ​នា​ពេល​នេះ សូម​ជូន​ពរ ប្រសិទ្ធពរ​ជ័យ​មង្គល​ជូន​ដល់​ព្រះអង្គ សូម​ឲ្យ​បាន​សេចក្ដី​សុខ​ចម្រើន ព្រះ​ជន្មាយុ​យឺន​យូរ​ត​អង្វែង​ទៅ សម្រាប់​ជា​ម្លប់​ដល់​កូន​ចៅ​ទាំង​អស់​គ្នា​ក្នុង​រាជាណាចក្រ​កម្ពុជា​យើង»

អ្នកស្រី ធារី ប្រជាពលរដ្ឋ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ ៖ «រីក​រាយ​ណាស់​ដែល​បាន​ចម្រើន​ព្រះ​ជន្ម​សម្ដេច​ម៉ែ ប៉ុន្តែ​ខ្ញុំ​ចង់​ថា​ឲ្យ​គាត់​ហ្នឹង​ជួយ​ប្រជាពលរដ្ឋ​តាម​ជាយ​ដែន ព្រោះ​អី​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ច្រើន​ណាស់ ឥឡូវ​នេះ​ខ្វះ​ស្បៀង ហើយ​មាន​ជំងឺ​ឈឺ​ច្រើន​តាម​ផ្ទះ​នីមួយៗ។ ហើយ​មួយ​ទៀត​ចង់​ឲ្យ​គាត់​ចុះ​ផ្ទាល់​ខ្លួន​គាត់​ហ្នឹង ឲ្យ​មើល​ឃើញ​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង ធ្វើ​ស្រែ​ចម្ការ​ធ្វើ​អត់​បាន​ទេ​ឥឡូវ ខ្លះ​ជំពាក់​គេ​អត់​មាន​អី​ហូប​ទេ។ ហើយ​មួយ​ទៀត​ចង់​ឲ្យ​គាត់​ផ្ដល់​ជា​ថ្នាំ​ជា​អី​តាម​មណ្ឌល​ហ្នឹង គ្រាន់​អ្នក​ឈឺ​តាម​ជនបទ​បាន​ទៅ​កន្លែង​មណ្ឌល​ហ្នឹង​មើល​ជំងឺ កុំ​ឲ្យ​អ្នក​ពេទ្យ​តាម​មណ្ឌល​ហ្នឹង​គេ​គិត​តែ​លុយ​ពេក»

លោក អ៊ុំ សារឿន ពលរដ្ឋ​ពី​ខេត្ត​ពោធិ៍សាត់ ៖ «ចង់​បាន​សម្ដេច​ម៉ែ សម្ដេច​តា បាន​អាយុ​វែង​យឺន​យូរ​ដើម្បី​គ្រាន់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​កូន​ចៅ​ជ្រក​កោន​ក្រោម​ល្អង​ធូលី​ព្រះ​បាទ​របស់​ព្រះអង្គ​តែ​ប៉ុណ្ណឹង​ឯង»

លោក ជា ម៉ន ពលរដ្ឋ​ក្រុង​ភ្នំពេញ ៖ «ដោយ​សម្ដេច​ម៉ែ​បាន​ចូល​រួម​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ​ដ៏​ល្បី​ល្បាញ ហើយ​និង​មាន​សីលធម៌​គួរ​ឲ្យ​គោរព​ពី​ប្រជាពលរដ្ឋ កូន​ចៅ​សូម​ផ្ញើ​សេចក្ដី​នឹក​រឭក​ដល់​សម្ដេច​ម៉ែ។ ជា​ចុង​ក្រោយ​សូម​ជូន​ពរ សូម​ឲ្យ​សម្ដេច​ម៉ែ​មាន​ព្រះ​ជន្ម​យឺន​យូរ​ព្រះ​វស្សា​ដើម្បី​ជា​ម្លប់​ដ៏​ត្រជាក់​មក​ដល់​កូន​ចៅ»

លោក ព្រំ បញ្ញា ពលរដ្ឋ​ពី​ខេត្ត​រតនគិរី ៖ «ខ្ញុំ​គិត​ថា នេះ​ជា​គុណ​បំណាច់​របស់​សម្ដេច​ម៉ែ​មួយ​ដែរ ក្នុង​នាម​ជា​ព្រះ​មហេសី​របស់​សម្ដេច នរោត្ដម សីហនុ។ ទី​២ គឺ​គិត​ថា​គាត់​មាន​ការ​ជួយ​នូវ​ផ្នែក​កាកបាទ​ក្រហម​តាំង​ពី​គាត់​នៅ​មាន​តួនាទី​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា គាត់​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​លំបាក។ ទី​៣ ខ្ញុំ​ជូន​ពរ​គាត់​ឲ្យ​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ដើម្បី​បន្ត​វេន​ស្នេហា​ជាតិ​បន្ត​ទៅ​ទៀត»

លោក ងន ពលរដ្ឋ​ពី​ខេត្ត​តាកែវ ៖ «ខ្ញុំ​គាំទ្រ​សម្ដេច​ម៉ែ​និង​សម្ដេច​ឪ ដែល​គាត់​ជា​អគ្គ​មគ្គុទ្ទេសក៍ អ្នក​ដឹក​នាំ​ប្រទេស​ខ្មែរ​ឲ្យ​មាន​បាន​ជា​ខ្មែរ​សព្វថ្ងៃ។ ខ្ញុំ​ជឿ​ថា​សម្ដេច​ឪ​និង​សម្ដេច​ម៉ែ លោក​ជា​បិតា​ជាតិ ក៏​ជា​អ្នក​ស្នេហា​ជាតិ អ៊ីចឹង​ទេ​ខ្ញុំ​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល ថា​នឹង​ដង្ហែ​សម្ដេច​ម៉ែ ធ្វើ​បុណ្យ​ខួប​កំណើត​របស់​គាត់​ហ្នឹង គឺ​ខ្ញុំ​គាំទ្រ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​លោក​មាន​ព្រះជន្ម​យឺន​យូរ​ត​រៀង​ទៅ»