អង្គការ WWF ប្រតិកម្ម​នឹង​គម្រោង​វារីអគ្គិសនី​សាយ៉ាបុរី

គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ឈ្មោះ​ថា សាយ៉ាបុរី (Sayabouri) នៅ​ក្នុង​ប្រទេស​លាវ ដែល​ជា​ទំនប់​ដំបូង​គេ​បង្អស់ នៅ​ភាគ​ខាង​ក្រោម​នៃ​ខ្សែ​ទឹក​ទន្លេ​មេគង្គ​នោះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធន​ធាន​ជល​ផល​នៅ​ក្នុង​ទន្លេ​មេគង្គ។
ដោយ ទីន ហ្សាការីយ៉ា
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសភាព​ខេត្ត​សាយ៉ាបុរី (Xayaburi) ប្រទេស​លាវ
ទេសភាព​ខេត្ត​សាយ៉ាបុរី (Xayaburi) ប្រទេស​លាវ
Photo courtesy of wikipedia.org

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ បាន​ចាត់​ទុក​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ដែល​វែង នៅ​ប្រទេស​លាវ ក្នុង​ខែត្រ​សាយ៉ាបុរី (Sayabouri) នោះ ថា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ធន​ធាន​ធម្មជាតិ នៃ​ដង​ទន្លេ​មេគង្គ ហើយ​ថា គណៈ​ធម្មាធិការ​ទន្លេ​មេគង្គ គួរ​តែ​ទប់​ស្កាត់​ការ​សាង​សង់​ទំនប់​នេះ។

ប្រធាន​កម្មវិធី​នៃ​សម្ពន្ធភាព ដើម្បី​អភិរក្ស​ធន​ធាន​ជលផល ហៅ​កាត់​ថា Fact លោក ឱម សាវ៉ាត បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ទន្លេ​មេគង្គ ដែល​គេ​ចាត់​ទុក​ថា​ជា​ទន្លេ​មាស។

លោក ឱម សាវ៉ាត បាន​បញ្ជាក់​ថា ទន្លេ​មេគង្គ​ផ្ដល់​នូវ​ដី​ល្បាប់ ធន​ធាន​ជល​ផល​គ្រប់​ប្រភេទ ដើម្បី​ជួយ​គាំទ្រ​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ចិន​មក វា​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​កម្ពស់​ទឹក និង​ប៉ះ​ពាល់​ដល់​ធន​ធាន​ធម្មជាតិ​គ្រប់​ប្រភេទ​ក្នុង​ទន្លេ​មេគង្គ ៖ «ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទំនប់​គឺ​ជា​មូល​ហេតុ​មួយ ដែល​ធ្វើ​ឲ្យ​កម្ពស់​ទឹក​មាន​ការ​ប្រែប្រួល​យ៉ាង​ច្រើន​នៅ​ក្នុង​អំឡុង​ពេល​ឆ្នាំ​២០១០ នេះ»

កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១០ មូលនិធិ​នៃ​អង្គការ​ការពារ​ជីវិត​សត្វ​ព្រៃ​ពិភព​លោក WWF បាន​ចេញ​របាយ​ការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ត្រី​ដ៏​ធំ​ជាង​គេ​បំផុត​ក្នុង​ទន្លេ​មេគង្គ​នឹង​អាច​ផុត​ពូជ ប្រសិន​បើ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ដ៏​វែង​ជាង​គេ​បំផុត ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​នៅ​តែ​បន្ត​ដំណើរ​ការ​ នៅ​ក្នុង​ខេត្ត Sayabouri ភាគ​ខាង​ជើង​ប្រទេស​លាវ​នោះ។

របាយការណ៍​នេះ បាន​និយាយ​ថា ចំនួន​ត្រី​ពោ​យក្ស​ក្នុង​ទន្លេ​មេគង្គ ដែល​មាន​ប្រវែង​ជាង​បី​ម៉ែត្រ មាន​ទម្ងន់​រហូត​ដល់ ៦០០​គីឡូ​ក្រាម អាច​ផុត​ពូជ ប្រសិន​បើ​គេ​រាំង​ខ្ទប់​ទឹក​នៅ​កន្លែង​ត្រី​ពង តាម​បណ្ដោយ​ទន្លេ​មេគង្គ ដែល​ហូរ​កាត់​ពី​ប្រទេស​ចិន លាវ ថៃ និង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នោះ។

ប្រធាន​សមាគម​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ លោក ទេព ប៊ុនរិទ្ធិ បាន​លើក​ឡើង​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបុរី​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធន​ធាន​ជល​ផល​គ្រប់​ប្រភេទ ដែល​មច្ឆា​ជាតិ​ធ្វើ​ការ​បំឡាស់​ទី ពី​ខ្សែ​ទឹក​ខាង​ក្រោម ទៅ​ខ្សែ​ទឹក​ខាង​លើ មាន​ន័យ​ថា ពី​បឹង​ទន្លេ​សាប​ទៅ​ទន្លេ​មេគង្គ ៖ «ប៉ុន្តែ​នៅ​លើ​ពិភព​លោក យើង​ឃើញ​ថា វា​ពិបាក​និយាយ​អំពី​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​រៀបចំ​គម្រោង​សាង​សង់​វារីអគ្គិសនី​ហ្នឹង ដែល​អាច​ឲ្យ​គេច​ផុត​ពី ដែល​អាច​ត្រី​ធ្វើ​បំលាស់​ទី​ពី​ខ្សែ​ទឹក​ខាង​ក្រោម ទៅ​ខ្សែ​ទឹក​ខាង​លើ យើង​ឃើញ​ថា អត់​មាន​បទ​ពិសោធន៍​ណា​មួយ​អាច​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន​ទេ»

អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទន្លេ​មេគង្គ​កម្ពុជា លោក ស៊ិន នីនី បាន​បំភ្លឺ​ថា កន្លង​មក​មាន​ការ​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​តំបន់​ទន្លេ​មេគង្គ ក្នុង​ការ​អភិវឌ្ឍ​ធ្វើ​ទំនប់​វារីអគ្គិសនី នៅ​ទី​តាំង​បី គឺ​គម្រោង​ទី​១ នៅ​លើ​ទន្លេ​មេ​គម្រោង ទី​២​គេ​គ្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​ខាង​ក្រោម​ទន្លេ​មេ ប៉ុន្តែ​ចាប់​ពី​ខាង​លើ​ទីក្រុង​វៀងចន្ទន៍​ឡើង និង​ទី​៣ នៅ​ខាង​ក្រោម​ទីក្រុង​វៀងចន្ទន៍ ដូច​ជា​នៅ​លាវ និង​កម្ពុជា​ដែរ ហើយ​ទី​តាំង​បី​នេះ មិន​សូវ​ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​ទេ។

លោក ស៊ិន នីនី បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ខែត្រ​សាយ៉ាបុរី គឺ​ភាគី​ប្រទេស​លាវ បាន​ផ្ញើ​ឯកសារ​មក​ប្រទេស​ជា​សមាជិក​តំបន់​ទន្លេ​មេគង្គ​រួច​ហើយ ថា​គេ​នឹង​សិក្សា​ពី​ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារីអគ្គិសនី​សាយ៉ាបុរី​នេះ។ ហើយ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា ក៏​បាន​ផ្ញើ​ឯកសារ​នេះ ទៅ​ក្រសួង​ដែល​ពាក់​ព័ន្ធ រួម​មាន​ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដើម្បី​សុំ​ឲ្យ​ពិនិត្យ និង​ផ្ដល់​យោបល់​មក​គណៈកម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា​វិញ ប៉ុន្តែ​ក្រសួង​ទាំង​នេះ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ ៖ «សំខាន់​ទៅ​លើ​កិច្ច​ព្រមព្រៀង ហើយ​ហ្នឹង​នីតិ​វិធី​ស្ដី​ពី​ការ​គ្រប់​គ្រង​ទឹក គឺ​គម្រោង​ទន្លេ​មេគង្គ​ហ្នឹង គឺ​គម្រោង​នៅ​លើ​ទន្លេ​មេ ត្រូវ​តែ​មាន​ការ​យល់​ព្រម​ឯកភាព​ជា​មួយ​ប្រទេស​ជា​សមាជិក​នៅ​ក្នុង MRC ហ្នឹង ហើយ​សាយ៉ាបុរី ជា​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេ អ៊ីចឹង​ហើយ​ប្រទេស​លាវ​ហ្នឹង គាត់​នឹង​សិក្សា ខ្ញុំ​ថា វា​មិន​មាន​បញ្ហា​អ្វី​ទេ គេ​ធ្វើ​ការ​សិក្សា​ហ្នឹង​ណា»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ទេព ប៊ុនរិទ្ធិ បាន​អះ​អាង​ទៀត​ថា មិន​ថា​គម្រោង​ធ្វើ​ទំនប់​សាយ៉ាបុរី​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​កម្ពុជា​នោះ គឺ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ទាំង​១២ ដែល​គេ​គ្រោង​ធ្វើ​នៅ​ប្រទេស​លាវ​ចំនួន​៨ ថៃ ចំនួន​២ និង​កម្ពុជា​ចំនួន​២​ដែរ​នោះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ស្រាវ​ជ្រាវ និង​វាយ​តម្លៃ​ថា មាន​ឧបសគ្គ​ជា​ច្រើន​អំពី​ការ​ធ្វើ​ទំនប់​ទាំង​នេះ ជា​ពិសេស​ប្រទេស​ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ដូច​ជា​កម្ពុជា និង​ថៃ ៖ «មិន​តែ​ទំនប់​សាយ៉ាបុរី​មួយ​ហ្នឹង​ទេ ប៉ុន្តែ​មាន​ទំនប់​ទាំង ១២​ហ្នឹង ដែល​អ្នក​វិទ្យាសាស្ត្រ​ហ្នឹង​ពិបាក​ឲ្យ​យោបល់​ទៅ​រដ្ឋាភិបាល​ដែល​ជា​សមាជិក​គណៈកម្មាធិការ​ទន្លេ​មេគង្គ​អន្តរជាតិ ដែល​មាន​៤​ប្រទេស គឺ​មាន​លាវ ថៃ វៀតណាម និង​កម្ពុជា​ហ្នឹង»

លោក ស៊ិន នីនី ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ប្រសិន​បើ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ពុំ​មាន​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ទំនប់​វារីអគ្គិសនី​ទេ ជា​ការ​ប្រសើរ។ លោក​បាន​បញ្ជាក់​ដូច្នេះ ៖ «អា​ហ្នឹង​ល្អ​បំផុត​ហើយ បើ​សិន​ជា​អត់​មាន​ទាំង​អស់​គ្នា ប៉ុន្តែ​បើ​សិន​ជា​មាន​អា​៦ ខាង​លើ ក៏​មិន​ធ្ងន់ធ្ងរ​ណាស់​ណា​យ៉ាង​ណា​ទេ ប៉ុន្តែ​បើ​សិន​ជា​មាន​អា​ខាង​ក្រោម​នេះ អា​ហ្នឹង​ធ្ងន់​ណាស់ ជា​ពិសេស ដោយ​តឹង​អា​ទំនប់​យើង នៅ​សំបូរ និង​ខែត្រ​ស្ទឹង​ត្រែង​ហ្នឹង បើ​មាន​អា​ហ្នឹង យើង​ចង​ក​សម្លាប់​ខ្លួន​ឯង យើង​សង់​អា​ហ្នឹង​ហើយ យើង​បំផ្លាញ​មច្ឆាជាតិ​នៅ​បឹង​ទន្លេ​សាប​យើង​តា​ហ្មង អា​នេះ​ការ​សិក្សា​ផ្អែក​លើ​ជំនាញ រី​ឯ​ការ​សម្រេច​ចិត្ត គឺ​រដ្ឋាភិបាល»

របាយការណ៍​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដែល​មាន​ទី​តាំង​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា តំបន់​ទឹក​លិច​នៃ​ទំនប់​សាយ៉ាបុរី​នេះ នឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ​៤៩​គីឡូ​ម៉ែត្រ​ក្រឡា ហើយ​អាង​ផ្ទុក​ទឹក នឹង​មាន​បណ្ដោយ​លាត​សន្ធឹង​ប្រវែង ៩០​គីឡូ​ម៉ែត្រ ដែល​ចំណាយ​ថវិកា​នៃ​ការ​សាង​សង់​នេះ មាន​ប្រមាណ​លើស​ពី​១​ពាន់​លាន​ដុល្លារ ហើយ​គេ​គ្រោង​នឹង​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​ដែល​មាន​កម្លាំង​១២៦០​មេហ្គា​វ៉ាត់ ដែល​នឹង​លក់​ឲ្យ​ក្រុមហ៊ុន​ថៃ ឈ្មោះ Electricity Generating Authority of Thailand (EGAT) នៅ​ឆ្នាំ​២០១៩​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​មូលនិធិ​នៃ​អង្គការ​ការ​ពារ​ជីវិត​សត្វ​ព្រៃ​ពិភព​លោក WWF ដដែល​បាន​បង្ហាញ​ថា ការ​កសាង​ទំនប់​វារីអគ្គិសនី​ក្នុង​ខែត្រ​សាយ៉ាបុរី ប្រទេស​លាវ​នេះ នឹង​អាច​កាត់​បន្ថយ​លំនឹង​ទឹក​ហូរ​ទៅ​លើ​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​បង្កើន​ភាព​រង​គ្រោះ​នៃ​តំបន់​នេះ ទៅ​នឹង​ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដូច​ជា​កម្ពស់​ទឹក​សមុទ្រ​ឡើង។

ហើយ​ឥទ្ធិពល​នៃ​ទំនប់​ទន្លេ​មេគង្គ​ក្រោម​នេះ មិន​គ្រាន់​តែ​ប៉ះ​ពាល់​ដល់​ត្រី ដែល​មាន​នៅ​ក្នុង​ទន្លេ​មេគង្គ​ប៉ុណ្ណោះ​ទេ វា​ក៏​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ទៅ​លើ​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​ជា​ប្រភព​ប្រមូល​ផល​នេសាទ និង​ការ​ប្រមែប្រមូល​ផល​កសិកម្ម ដែល​ធ្លាប់​ទទួល​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

ប្រធាន​សមាគម​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ លោក ទេព ប៊ុនរិទ្ធិ បាន​ពន្យល់​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ដែរ​ថា សម្រាប់​ប្រទេស​កម្ពុជា​អាច​ប៉ះពាល់​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ព្រោះ​កម្ពុជា​មិន​ទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ល្អ​នៅ​ឡើយ ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​ទន្លេ​មេគង្គ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ហើយ​និង​វិស័យ​ទេសចរណ៍ ដែល​កម្ពុជា​មិន​ទាន់​មាន​សក្ដានុពល​ខាង​វិស័យ​នេះ​នៅ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល