សិស្ស​សាលា​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ

សិស្សានុសិស្ស​សាលា​អន្តរជាតិ​ឯកជន​ហ្សាម៉ាន់ (Zaman) នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​បង្ហាញ​ពី​ចំណេះដឹង និង​សមត្ថភាព​របស់​ខ្លួន។
ដោយ កែវពេជ្រ មេត្តា
2011-05-01
Share

ពិព័រណ៍​វិទ្យាសាស្ត្រ​នេះ គឺ​ដើម្បី​បង្ហាញ​ចំណេះដឹង និង​សមត្ថភាព​របស់​ខ្លួន​ផង និង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផង ពិសេស​សិស្ស​សាលា​រៀន​រដ្ឋ ដែល​មិន​មាន​លទ្ធភាព​ធ្វើ​ការ​ស្រាវជ្រាវ និង​ពិសោធន៍​មេរៀន​វិទ្យាសាស្ត្រ​ឱ្យ​បាន​មក​ចូលរួម​ទស្សនា​សិក្សា​ស្វែង​យល់​អំពី​ចំណេះដឹង​ផ្នែក​មេរៀន​វិទ្យាសាស្ត្រ​នេះ។

សមិទ្ធផល​វិទ្យាសាស្ត្រ​ជា​ច្រើន​មុខ ដែល​ភាគ​ច្រើន​និយាយ​ទាក់ទង​ទៅ​នឹង​ផ្នែក​គីមីវិទ្យា និង​រូបវិទ្យា ត្រូវ​បាន​គេ​ដាក់​តាំង​ពិព័រណ៍​នៅ​ក្នុង​សាលា​រៀន​ឯកជន​មួយ​ឈ្មោះ ហ្សាម៉ាន់ (Zaman) នៅ​ទីក្រុង ​ភ្នំពេញ ដើម្បី​លើក​ទឹក​ចិត្ត និង​បញ្ជាក់​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​ហ្សាម៉ាន់​ខ្លួន​ឯង​ផ្ទាល់​ផង និង​ដើម្បី​បង្ហាញ​ដល់​សិស្ស​​សាលា​ដទៃ​ទៀត​អំពី​ការ​អនុវត្ត​ជាក់​ស្ដែង​ផង។

ការ​តាំង​ពិព័រណ៍​នេះ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា ដល់​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០១១ មាន​វត្ថុ​វិទ្យាសាស្ត្រ​ខុសៗ គ្នា អាស្រ័យ​តាម​ចំណង់​ចំណូល​ចិត្ដ ដែល​គេ​ចង់​ស្រាវជ្រាវ ទៅ​លើ​មុខ​វិជ្ជា​រៀងៗ ខ្លួន។

អ្នក​ខ្លះ​បាន​ស្រាវជ្រាវ និង​ពិសោធន៍​ដោយ​យក​ដុំ​ទឹកកក​ផ្សំ​ជា​មួយ​ទៀន ហើយ​បង្កើត​បាន​ជា​អង្គធាតុ​មួយ​ឲ្យ​ឆេះ​ចេញ​ជា​ភ្លើង ហើយ​អ្នក​ខ្លះ​ទៀត​យក​ឧបករណ៍​ពន្លឺ​ឡេហ្ស៊ើរ (Lazer ) មក​ពិសោធន៍​ជាមួយ និង​ឈើ​គូស​ឲ្យ​កើត​ចេញ​ជា​ភ្លើង​ដែរ ហើយ​មួយ​ចំនួន​ទៀត​នោះ បាន​ប្រើ​ឧបករណ៍​ពិសោធន៍​តាម​ចង្វាក់​ភ្លេង និង​អណ្ដាត​ភ្លើង​ឆេះ ដើម្បី​ពិសោធន៍​មើល​រលក​សំឡេង ថា​តើ​វា​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ។

នៅ​ក្នុង​បន្ទប់​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៃ​សាលា​ហ្សាម៉ាន់ ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​នាក់ ដែល​ជា​អ្នក​រៀបចំ​ពិព័រណ៍​នោះ យុវសិស្ស​មួយ​រូប​ឈ្មោះ អែល នោរី សិស្ស​ថ្នាក់​ទី ១១ ប៊ី នៃ​វិទ្យាល័យ​ហ្សាម៉ាន់ ដែល​កំពុង​តែ​បង្ហាញ​អំពី​ក្រុម​សិស្ស​របស់​គេ​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​ដុំ​ទឹកកក និង​ដើម​ទៀន​ឲ្យ​កើត​ចេញ​ជា​ភ្លើង​ថា ក្រុម​គេ​មាន​ការ​សប្បាយ​ចិត្ដ​ណាស់​នៅ​ពេល​ដែល​បាន​ធ្វើ​ការ​ពិសោធន៍​ឃើញ​ជាក់​ស្ដែង​ដូច្នេះ។

យុវសិស្ស អែល នោរី ៖ «គឺ​ថា​យើង​យក​ទៀន​ធម្មតា​មក​ចិត​ឲ្យ​តូចៗ ឲ្យ​ល្អិត ហើយ​យើង​យក​វា​ទៅ​ដាក់​ក្នុង​បំពង់​សាក។ រួច​ហើយ​យើង​ដុត​វា​ឲ្យ​រលាយ​ឱ្យ​ពុះ ហើយ​យើង​យក​វា​ទៅ​ដាក់​ក្នុង​ទឹកកក។ នៅ​ពេល​នោះ​វា​នឹង​បង្កើត​បាន​ជា​ភ្លើង​មួយ​ដ៏​ធំ។ គីមី គឺ​ថា​អស្ចារ្យ​មែន គឺ​វា​អាច​បង្កើត​បាន​អី​ទាំងអស់។ យើង​មើល! សូម្បី​តែ​ទឹកកក​ដែល​ត្រជាក់​ហ្នឹង​ក៏​អាច​ឆេះ​បាន​ដែរ»។

យុវសិស្ស​មួយ​ក្រុម​ទៀត ដែល​បាន​យក​ឧបករណ៍​ពី​កាំរស្មី​ឡេហ្ស៊ើរ (Lazer ) មក​ពិសោធន៍​ជា​មួយ​នឹង​ឈើគូស​ឲ្យ​កើត​បាន​ជា​ភ្លើង​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រុម​គេ​ក៏​មាន​សេចក្តី​រីករាយ​ខ្លាំង​ណាស់​ដែរ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​ឃើញ​អំពី​រូបវិទ្យា​មួយ​នេះ ដែល​ខុស​ពី​មុន​គេ​ធ្លាប់​បាន​ដឹង​តែ​តាម​រយៈ​ការ​រៀន​ទ្រឹស្ដី​មេរៀន។

យុវ​សិស្ស​ហ្សាម៉ាន់​មួយ​រូប ឈ្មោះ សិរីវុទ្ធ ក្នុង​ក្រុម​ពិសោធន៍​នេះ បញ្ជាក់​ប្រាប់​បន្ថែម ៖ បាទ​គេ​ហៅ​ថា ឡេហ្ស៊ើ ប៊ើននើរ (Lazer Burner ) «គឺ​កាំ​រស្មី​ឡេហ្ស៊ើរ យើង​បាញ់​ទៅ​ចំ​ឈើ​គូស​ទៅ គឺ​វា​អាច​ឆេះ​បាន។ យើង​មិន​បាច់​ប្រើ​ដែក​កេះ​ក៏​បាន​ដែរ គឺ​គ្រាន់​តែ​យើង​ប្រើ​កាំ​រស្មី ឡេហ្ស៊ើរ ហ្នឹង​គឺ​បាញ់​ទៅ​វា​ឆេះ។ មុន​នឹង​ធ្វើ​កម្ម​វិធី​ហ្នឹង​ខ្ញុំ​បាន​រក​ច្រើន​ណាស់​ដូច​ជា​ជីវៈ គីមី​អីចឹង។ ក៏​ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​ផ្នែក​រូបវិទ្យា ឡេហ្ស៊ើរ ហ្នឹង​ល្អ​ហើយ​មើល​ទៅ​វា​សំខាន់​ទាក់ទង​នឹង​ជីវភាព​រស់​នៅ។ បាទ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ណាស់​ពី​ព្រោះ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​វា​បាញ់​ទៅ​ចេញ​ភ្លើង​បាន»។

ក្រៅ​ពី​មាន​ការ​ដាក់​តាំង​បង្ហាញ​អំពី​របៀប​បង្កើត​ឲ្យ​ទៅ​ជា​ភ្លើង​សម្រាប់​ប្រើប្រាស់​នោះ នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​សាលា​ហ្សាម៉ាន់​គេ​ក៏​ឃើញ​មាន​បង្ហាញ​អំពី​វិធី​ជា​ច្រើន​ផ្សេងៗ ទៀត ដូចជា​របៀប​ផលិត​ពណ៌ របៀប​វាស់​សម្ពាធ​ឈាម​ជាដើម។

លោក ស៊ុំ ចាន់សុវណ្ណ គ្រូ​បង្រៀន​ផ្នែក​ជីវវិទ្យា​មួយ​រូប​នៃ​សាលា​ហ្សាម៉ាន់ បាន​ប្រាប់​ឲ្យ​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ស្រាវជ្រាវ និង​ការ​បង្ហាញ​ពិព័រណ៍​អំពី​មុខ​វិជ្ជា​ទាំង​ប៉ុន្មាន​នេះ​យ៉ាង​ដូច្នេះ «សារប្រយោជន៍​គឺ​សិស្ស​ងាយ​ស្រួល​មើល​រូបភាព​ច្បាស់ ហើយ​ពី​រូបភាព​ទៅ​មេរៀន​សិស្ស​អាច (compare) វា គឺ​ប្រៀបធៀប​ថា​តើ​រវាង​ទ្រឹស្ដី​ក្នុង​មេរៀន ហើយ​និង​ទ្រឹស្ដី​ក្នុង​ការ​អនុវត្តន៍​វា​ផ្សារ​ភ្ជាប់​គ្នា​ដែរ ឬ​អត់។ សាលា​ហ្សាម៉ាន់​នេះ​គឺ​សិស្ស​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សម្ភារៈ​ពិសោធន៍ ព្រោះ​សាលា​មាន​សម្ភារៈ​ពិសោធន៍​គ្រប់គ្រាន់ ហើយ​ក្នុង​នោះ​មាន​គ្រូ​សម្រាប់​ណែនាំ​ឲ្យ​ចូល​មើល​ការ​ពិសោធន៍​ទៀត ហើយ​សិស្ស​ម្នាក់ៗ មាន​ប្រដាប់​ពិសោធន៍​សម្រាប់​ចូល​មើល»។

នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​សាលា​ហ្សាម៉ាន់​នោះ​ដែរ​មាន​សិស្ស​មួយ​ក្រុម​ទៀត ក៏​បាន​បង្ហាញ​អំពី​ការ​ត​ចរន្ត​អគ្គិសនី​ផង​ដែរ ដោយ​អ្នក​ខ្លះ​បាន​ពិសោធន៍​ដោយ​យក​ថ្មពិល​មក​ប្រើ ហើយ​ខ្លះ​ទៀត ត​ចរន្ត​អគ្គិសនី​ផ្ទាល់។

លោក ឯក សារឿន គ្រូ​បង្រៀន​រូបវិទ្យា​នៃ​សាលា​ហ្សាម៉ាន់ នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​សិស្ស​អំពី​ការ​ត​ចរន្ត​អគ្គិសនី ហើយ​បាន​យក​មក​តាំង​ពិព័រណ៍​នៅ​ពេល​នេះ គឺ​មាន​សារៈសំខាន់​ណាស់ ពី​ព្រោះ​បាន​ធ្វើ​ឲ្យ​សិស្ស​យល់​កាន់​តែ​ច្បាស់​ផ្ទាល់​ភ្នែក​បន្ថែម​ទៅ​លើ​ទ្រឹស្ដី​មេរៀន​របស់​គេ ដែល​បាន​រៀន​រួច​ហើយ។

លោក ឯក សារឿន ៖«ឲ្យ​សិស្ស​វា​អាច​ចេះ​ត​ភ្លើង ហើយ​វា​ស្គាល់​ពី​របៀប​ត​ជា​សេរី​យ៉ាង​ម៉េច ត​ជា​ខ្នែង​យ៉ាង​ម៉េច។ បើ​សិន​ជា​យើង​ត​ជា​ខ្នែង គេ​មាន​កុង​តាក់​គេ​ទៅ​តាម​ចំនួន​ខ្នែង។ ឧបមា​ថា​វា​មាន ៣ ខ្នែង អ៊ីចឹង​វា​មាន​កុងតាក់ ៣ អីចឹង ហើយ​អា​ត​ជា​សេរី​ហ្នឹង ត​ប៉ុន្មាន​សេរី​ក៏​ដោយ គេ​ប្រើ​តែ​កុង​តាក់​មួយ។ បើ​ឃើញ​ជាក់​ស្ដែង​អ៊ីចឹង​ទៅ វា​ដឹង វា​ដឹង​ពី​របៀប​ប្រើ»។

ការ​ដាក់​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​សាលា​អន្តរជាតិ​ហ្សាម៉ាន់ ក្រៅ​ពី​ដាក់​តាំង​បង្ហាញ​ឲ្យ​សិស្ស​ផង​គ្នា​នៅ​ក្នុង​សាលា​នោះ​បាន​ឃើញ​ពី​ស្នាដៃ​មិត្ត​រួម​ថ្នាក់ ក្នុង​នោះ​គេ​បាន​បើក​ទូលាយ​ឲ្យ​សិស្សានុសិស្ស លោក​គ្រូ អ្នក​គ្រូ​នៅ​សាលា​ផ្សេង​ទៀត ពិសេស​សិស្សានុសិស្ស​នៅ​សាលា​រៀន​រដ្ឋ ដើម្បី​បាន​ស្វែង​យល់​អំពី​ការ​អនុវត្ត​ជាក់​ស្ដែង និង​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ រវាង​សាលា​រៀន​រដ្ឋ និង​សាលា​រៀន​ឯកជន ថា​តើ​មាន​ការ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ។

ក្នុង​ចំណោម​គ្រូ​បង្រៀន ដែល​បាន​នាំ​សិស្ស​មក​មើល​ការ​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​សាលា​ហ្សាម៉ាន់ លោក ជ្រិន សាលី នាយក​រង​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម​នៅ​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ការ​នាំ​សិស្ស​មក​មើល​ការ​តាំង​ពិពណ៌នា​វិទ្យាសាស្ត្រ​នៅ​ទី​នេះ គឺ​មាន​សារប្រយោជន៍​ច្រើន​ពី​ព្រោះ​នៅ​ក្នុង​សាលា​រៀន​រដ្ឋ​សព្វ​ថ្ងៃ​មួយ​ចំនួន​នោះ គឺ​នៅ​មាន​ការ​ខ្វះខាត​ឧបករណ៍​ពិសោធន៍ ដើម្បី​បង្ហាញ​សិស្ស​ឲ្យ​យល់​ទៅ​លើ​មេរៀន​របស់​គេ។

លោក ជ្រិន សាលី ៖ «មិន​បាន​ពិសោធន៍​អី ដូច​ថា​ការ​ពិសោធន៍​អី​ជាក់ស្ដែង​យើង​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ។ គ្រាន់​តែ​ថា​យើង​សង្ឃឹម​ទៅ​ថ្ងៃ​ក្រោយ យើង​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​បង្ហាញ​នូវ​សម្ភារៈ ឬ​ក៏​ពិសោធន៍​ជាក់ស្ដែង ដើម្បី​ឲ្យ​សិស្ស​ងាយ​យល់​ក្នុង​ការ​បង្រៀន​មេរៀន​ផ្សេងៗ»។

លោក យ៉ាហ្វេស អាគភីណា (Yafes Akpinar) នាយក​រង​សាលា​ហ្សាម៉ាន់ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា សម្រាប់​ការ​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​សាលា​ហ្សាម៉ាន់ នៅ​ពេល​នេះ គឺ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ពី ១០,០០០ ដុល្លារ​ទៅ ១៥,០០០ ដុល្លា។ សម្រាប់​ការ​រៀបចំ​ស្រាវជ្រាវ និង​ការ​ធ្វើ​ពិសោធន៍​ផ្សេងៗ នេះ គឺ​សិស្សានុសិស្ស​សាលា​ហ្សាម៉ាន់ ជា​អ្នក​រៀបចំ​ដោយ​ខ្លួន​ឯង។

លោក​បាន​បន្ត​ថា ហ្សាម៉ាន់ បាន​រៀបចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​បែប​នេះ គឺ​បាន​ចំនួន ៦ ដង​រួច​មក​ហើយ ពីព្រោះ​មាន​បំណង​ចង់​បង្ហាញ​អំពី​ការ​ចេះ​ដឹង​របស់​សិស្ស ដែល​បាន​រៀន​កន្លង​មក។
លោក Yafes Akpinar ៖ «គឺ​បង្ហាញ​សមត្ថភាព​របស់​សិស្ស ដែល​គាត់​បាន​រៀន​សូត្រ​ចេះ​ដឹង​ពី​សាលា​យើង​មក ហើយ​និង​ណា​មួយ​វិញ​ទៀត គឺ​ចង់​បង្ហាញ​ទៅ​សិស្ស​នៅ​ខាង​ក្រៅ ដែល​គាត់​អត់​មាន​សម្ភារៈ​ទំនើបៗ ដូច​សាលា​យើង ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិតៗ ដែល​គាត់​បាន​សិក្សា ព្រោះ​ថា សិស្ស​នៅ​ខាង​ក្រៅ​គាត់​រៀន​តែ​ទ្រឹស្ដី ហើយ​យើង​នៅ​ទីនេះ គឺ​រៀន​អនុវត្ត​ជាក់​ស្ដែង។ ម្យ៉ាង​ទៀត​សាលា​យើង​បាន​ជំរុញ​ឲ្យ​កូន​សិស្ស​ចូលរួម​ទាក់ទង​ផ្នែក​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ហ្នឹង​ទៅ​ប្រកួត​ក្នុង​កម្មវិធី​អូឡាំព្យា (Olympia) នៅ ប្រទេស​អាមេរិក នៅ​ហុល្លង់ និង​នៅ​ទួរគី»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ជំរុញ​ឲ្យ​សិស្ស​ចូលរួម​ធ្វើ​ការ​ប្រកួត​ប្រជែង​ផ្នែក​ខាង​វិទ្យាសាស្ត្រ​នោះ គឺ​មាន​សារប្រយោជន៍​ខ្លាំង​ណាស់ ពីព្រោះ​អាច​ធ្វើ​ឲ្យ​សិស្ស​កាន់​តែ​មាន​ជំនាញ ចំណេះដឹង​បាន​ល្អ​ពូកែ ហើយ​ធ្វើ​ឲ្យ​គេ​មាន​ភាព​ប៉ិនប្រសប់ និង​វៃ​ឆ្លាត។

លោក​បាន​បន្ថែម​ទៀត​ថា ដូច្នេះ​ហើយ​ជា​រៀងរាល់​ឆ្នាំ នៅ​សាលា​រៀន​អន្តរជាតិ​ហ្សាម៉ាន់ តែង​តែ​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង និង​តាំង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​ក្នុង​សាលា​រៀន​ដូចជា​ពេល​នេះ​ជា​ដើម ហើយ​ក៏​នឹង​គ្រោង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​ឆ្នាំ​សិក្សា​ពេល​ក្រោយ៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
May 01, 2011 03:59 AM

show off, but the fact most of the student at zaman fall their physics chemistry and biology...!!!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល