ស្ថានភាព​កុមារ​ដែល​ត្រូវ​ជួញ​ដូរ​និង​កេង​ប្រវ័ញ្ច​ពលកម្ម

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​កុមារ​​បារម្ភ​ចំពោះ​ស្ថានភាព​កុមារ​នៅ​កម្ពុជា ដែល​ងាយ​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​និង​កេង​ប្រវ័ញ្ច​លើ​ពលកម្ម​តាម​រូបភាព​ផ្សេងៗ ដូចជា​ការ​យក​កុមារ​មក​បម្រើ​តាម​ផ្ទះ តាម​មណ្ឌល​កម្សាន្ត​និង​ការដ្ឋាន​សំណង់​ជាដើម។
ដោយ សេក បណ្ឌិត
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្នុង​សកម្មភាព​កំពុង​ហាត់​រៀន​កាត់ដេរ​នៅ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​អង្គការ​គាំពារ​កុមារ​ ដែល​ងាយ​ទទួល​រង​គ្រោះ​នៅ​ភ្នំពេញ កុមារី​ម្នាក់​ឈ្មោះ ស.ន មាន​អាយុ​១៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គេ​មាន​បង​ប្អូន​៧​នាក់។ នាង​ទើប​តែ​ត្រូវ​បាន​សង្រ្គោះ​ពី​ផ្ទះ​ដែល​នាង​បាន​ទៅ​បម្រើ​គេ​ជិត​៥​ឆ្នាំ​មក​ហើយ ហើយ​បាន​មក​ស្នាក់​នៅ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​រៀន​វិជា្ជ​កាត់​ដេរ។

វិជា្ជ​កាត់ដេរ​ច្នៃ​ម៉ូដ​ដែល​កុមារី​ប៉ង​ចង់​ចេះ​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​មាន​ឱកាស​រៀន​សូត្រ​ពេញ​លេញ បន្ទាប់​ពី​នាង​ត្រូវ​បាន​ធ្លាក់​ខ្លួន​ទៅ​ស៊ី​ឈ្នួល​គេ​តាម​ផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​លំបាក​ហើយ​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​ឆ្អែតឆ្អន់​នោះ។

កុមារី ស.ន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មក​បាន​៣​ខែ​ហើយ រៀន​ជំនាញ​ជាង​ដេរ។ ខ្ញុំ​ចេះ​កាត់​ខោ អាវ សំពត​អី ចេះ​បាន​ខ្លះៗ​ហើយ។ បើ​សិន​ជា​ខ្ញុំ​រៀន​ចេះ ពេល​ចេញ​ទៅ​ខ្ញុំ​ខំ​ចាប់​ចំណេះ​ហ្នឹង​ឲ្យ​បាន»

នៅ​ស្រប​ពេល​គ្នា​នេះ មន្រ្តី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​បេសកម្ម​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​កុមារ​និង​ការ​ជួយ​សង្រោះ​​កុមារ​នៅ​កម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​កុមារ​ដែល​ត្រូវ​គេ​ជួញ​ដូរ​និង​មួយ​ចំនួន​ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​មក​បម្រើ​គេ​នៅ​តាម​ផ្ទះ​នៅ​តែ​មាន​អត្រា​ខ្ពស់​និង​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំពារ​កុមារ​ដែល​ងាយ​ទទួល​រង​គ្រោះ លោក ជា ពីដែន បាន​ដាក់​ក្តី​ព្រួយ​បារម្ភ​ថា កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ ចុះ​បើ​ទំពាំង​ទាំង​នោះ​ត្រូវ​គេ​បំផ្លាញ​នូវ​កោសិការ​លូត​លាស់ តើ​ឲ្យ​ក្លាយ​ទៅ​ជា​ឫស្សី ឬ​ក៏​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ​បាន​យ៉ាង​ដូច​ម្តេច?

ក្តី​បារម្ភ​នេះ​ក្រោយ​ពី​លោក​សង្កេត​ឃើញ​ថា ការ​ធ្វើ​ជំរឿន​របស់​វិទ្យាស្ថាន​ជាតិ​នៃ​ក្រសួង​ផែនការ​កាល​ពី​ឆ្នាំ​២០០៣ លើ​ខណ្ឌ​ចំនួន​៨​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ថា ចំនួន​កុមារ​ដែល​មក​បម្រើ​តាម​ផ្ទះ​មាន​២៧.៩៥០​នាក់ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​ចុង​២០០៩ ចំនួន​នេះ​មិន​បាន​ថយ​ចុះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​ការ​កើន​ឡើង​យ៉ាង​ហោច​ណាស់​ក៏​២០%​ដែរ ក្នុង​នោះ​គេ​ឃើញ​មាន​នៅ​ខណ្ឌ​ទួលគោក​មាន​ចំនួន​ច្រើន​ជាង​គេ។

លោក ជា ពីដែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​លើ​តួលេខ​នេះ ព្រោះ​តួលេខ​កើន​ឡើង​មិន​មែន​ជា​សញ្ញា​ល្អ​ទេ ព្រោះ​វា​ឲ្យ​ក្មេង​បាត់​បង់​នូវ​ការ​រៀន​សូត្រ ការ​អភិវឌ្ឍ​ខ្លួន​ឯង អ៊ីចឹង​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ម៉េច​ជួយ​គាត់ ទាំង​ទប់​ស្កាត់​និង​ការពារ។ មួយ​ទៀត​ទាក់​ទង​នឹង​ការ​អនុវត្ត​ច្បាប់ ត្រូវ​ពង្រឹង​ច្បាប់ ព្រោះ​យើង​មាន​ច្បាប់​អស់​ហើយ យើង​ធ្វើ​ម៉េច​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ក្មេង​និង​សម្រាប់​ទាំង​អស់​គ្នា»

លោក ជា ពីដែន បាន​ឲ្យ​ដឹង​ទៀត​ថា កុមារ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​ម្ចាស់​ផ្ទះ​វាយ​ដំ​ធ្វើ​បាប បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង។ កុមារ​ទាំង​នោះ ភាគច្រើន​ជា​ក្មេង​ស្រី​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ដល់​១៥​ឆ្នាំ​ដែល​ត្រូវ​បម្រើ​គេ​តាំង​ពី​តូច​រហូត​ដល់​ធំ​ពេញ​វ័យ​ក៏​ត្រូវ​គេ​ជួញ​ដូរ​ផ្លូវ​ភេទ​បន្ត​ទៀត។

លោក ជា ពីដែន បាន​ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ «ក្មេង​ទាំង​អស់​ហ្នឹង​អត់​មាន​ឱកាស​ចូល​រួម​ជាមួយ​កុមារ ឬ​សហគមន៍​ឯ​ទៀត​ទេ គឺ​គាត់​ធ្វើការ​យ៉ាង​តិច​១២​ម៉ោង​ទៅ​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ពេល​ខ្លះ​កូន​ម្ចាស់​ផ្ទះ​រំលោភ ខ្លះ​ទៀត​រំលោភ​ហើយ​ដេញ​គ្នា​ចេញ ក្មេង​ហ្នឹង​ទៅ​នៅ​កន្លែង​ផ្សេង ធ្លាក់​ខ្លួន​ទៅ​ធ្វើការ​នៅ​តាម​ហាង។ ខ្លះ​ទៀត​ក៏​លង់​ខ្លួន​ចាញ់​បោក​គេ​ក៏​រក​ស៊ី​ផ្លូវ​ភេទ ដល់​ដក​ខ្លួន​អត់​រួច​ចេះ​តែ​បន្ត​ទៀត​ទៅ ខ្លះ​ទៀត​បែក​គំនិត​ក៏​បបួល​គ្នា​មក​ទៀត​មក​ក៏​មាន​ដែរ អ៊ីចឹង​រឿងរ៉ាវ​ច្រើន​ណាស់​សម្រាប់​កុមារ»

លោក​បន្ត​ទៀត​ថា ផល​វិបាក​ដែល​ចោទ​ជា​បញ្ហា​ក្នុង​ការ​ជួយ​សង្រ្គោះ​កុមារ​ដែល​ត្រូវ​រង​គ្រោះ​តែង​មាន​ការ​ប្រឈម​មុខ​ជាច្រើន​អនេក ដូចជា​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​មិន​សហការ​ដោយសារ​ខ្លាច​ម្ចាស់​ផ្ទះ​គេ​មាន​អំណាច មុខមាត់​ធំដុំ​ក្នុង​សង្គម។

លោក ជា ពីដែន ឲ្យ​ដឹង​បន្ត​ដូច្នេះ​ថា ៖ «នៅ​ពេល​ដែល​យើង​ទៅ​ជួយ​កូន​ក្មេង​ហ្នឹង គឺ​សឹង​តែ​ថា បើ​ផ្ទះ​ហ្នឹង​អ្នក​មាន​អំណាច អ្នក​ធំ អាជ្ញាធរ​ប៉ូលិស​ចៅ​សង្កាត់​អី​គេ​អត់​សូវ​សហការ​យើង​ដែរ អ៊ីចឹង​វា​លំបាក។ យើង​ធ្វើ​ភាគច្រើន​បាន​តែ​ទៅ​លើ​អ្នក​តូច។ ករណី​ខ្លះ ម៉ែ​ឪ​ខ្លះ ជនល្មើស​គេ​ទៅ​ទំនាក់​ទំនង​ឲ្យ​លុយ​កាក់​ទៅ ម៉ែ​ឪ​ក៏​ស្ងាត់​មាត់​ក៏​មាន​ដែរ ហើយ​ពេល​ខ្លះ​គាត់​ឆ្លើយ​មក​វិញ​ថា រឿង​ហ្នឹង​មិន​អ៊ីចឹង​ទេ ហើយ​យើង​ហ្នឹង​អាច​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ»

គេ​តែងតែ​សង្កេត​ឃើញ​កុមារ​ដែល​ងាយ​រង​គ្រោះ​ទាំង​នោះ ស្ថិត​ក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ​លំបាក់ ឪពុក​ម្តាយ​លែង​លះ​គ្នា គ្រួសារ​មាន​អំពើ​ហិង្សា​ជាដើម។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​យ៉ាង​ដូច្នេះ គឺ​មិន​ខុស​អ្វី​ពី​ជីវិត​ពិត​របស់​កុមារី​ឈ្មោះ ស.ន ឡើយ។

កុមារី ស.ន បាន​រំឭក​បក​ក្រោយ​នូវ​ជីវិត​ពិត​ពី​អតីតកាល​ដ៏​សែន​ជូរ​ចត់​និង​សែន​លំបាក​វេទនា​ថា មួយ​ជីវិត​នេះ​គេ​ដើរ​បម្រើ​គេ​រហូត​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​លំបាក​និង​ប្រឈម​នឹង​ការ​ប្រមាថ​មើល​ងាយ​សព្វ​បែប​យ៉ាង។

កុមារី ស.ន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ស្រុក​កំណើត​អត់​មាន​អី​ធ្វើ គាត់​ឲ្យ​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​បម្រើ​តាម​ផ្ទះ​គេ ដោយសារ​គាត់​ជំពាក់​លុយ​រដ្ឋ។ ប្រាក់​ខែ​បាន​តែ​១​ខែ​ពី​៣​ទៅ​៥​ម៉ឺន​រៀល​អី​អ៊ីចឹង​ទេ។ ពេល​ខ្ញុំ​ទៅ​កន្លែង​មួយ​ទៀត​ប្រាក់​ខែ​បាន​៦​ម៉ឺន​រៀល គេ​ប្រើ​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ​អត់​មាន​បាន​ដេក​ទេ ហើយ​គេ​វ៉ៃ​ខ្ញុំ វ៉ៃ​ដៃ​ជើង បោច​សក់​ក្បាល​អី ខឹង​យើង​ធ្វើ​ការ​អត់​ល្អ​គេ​វាយ​ដំ»

កុមារី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ពី​ជីវិត​កំសត់​របស់​នាង​ទៀត​ថា ដោយ​គ្រួសារ​ក្រីក្រ​ពេក​និង​ជំពាក់​លុយ​គេ​ផង បង​ប្អូន​៣​នាក់​ផ្សេង​ទៀត​ក៏​ដើរ​បម្រើ​គេ​ដែរ ហើយ​ក៏​ត្រូវ​ម្ចាស់​ផ្ទះ​ធ្វើ​បាប បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​និង​បៀតបៀន​កេរ្ដិ៍​ខ្មាស​គួរ​ឲ្យ​ឈឺ​ចាប់​បំផុត។

កុមារី ស.ន រៀបរាប់​ឲ្យ​ដឹង​ថា ៖ «គេ​បំពាន​លើ​ខ្ញុំ ដល់​ពេល​ខ្ញុំ​ប្រាប់​ម្ចាស់​ផ្ទះ​គេ​អត់​ជឿ​ទេ ទាល់​តែ​គេ​ឃើញ​ប្អូន​គេ​ផ្ទាល់​បាន​គេ​ជឿ។ ពេល​ខ្ញុំ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ក៏​អ៊ីចឹង​ដែរ ខ្ញុំ​សុំ​គេ​ចេញ​គេ​អត់​ឲ្យ​ខ្ញុំ​ចេញ​ទេ»

ទាក់ទិន​បញ្ហា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ទទួល​បន្ទុក​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង បាន​មាន​ប្រសាសន៍​ថា បញ្ហា​ក្រីក្រ​ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​ការ​ជួញ​ដូរ​ដែរ ដែល​ឪពុក​ម្តាយ​មួយ​ចំនួន​ត្រូវ​ការ​ថវិកា​ដោយ​យក​កូន​របស់​ខ្លួន​ទៅ​លក់ ឬ​ទៅ​ស៊ី​ឈ្នួល​បម្រើ​គេ​ដោយ​ពុំ​បាន​គិត​អំពី​អនាគត​របស់​កូន និង​មិន​គិត​ថា ទង្វើ​បែប​នោះ​ជា​ការ​ល្មើស​ច្បាប់​នោះ​ឡើយ។

លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​ករណី​នេះ យើង​តែងតែ​អប់រំ​ណែនាំ​ទាំង​ពី​ប្រជាពលរដ្ឋ​ក៏​ដូចជា​អាជ្ញាធរ​នៅ​មូលដ្ឋាន​ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​ដល់​ល្បិចកល​ល្មើស​គ្រប់​បែប​យ៉ាង ហើយ​តាម​ដាន​ឲ្យ​ឃើញ​សកម្មភាព​ដែល​គួរ​ឲ្យ​សង្ស័យ​ដើម្បី​ទប់​ស្កាត់​ឲ្យ​បាន​មុន»

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី កុមារី ស.ន សូម​សំណូមពរ​ថា ៖ «អត់​ចង់​ឲ្យ​ពួក​ម្ចាស់​ផ្ទះ​បំពាន​លើ​រូប​រាង​កាយ​គេ​ដូច​ជា​រូប​ខ្ញុំ​អ៊ីចឹង​ទេ។ ចង់​ឲ្យ​គេ​ធ្វើ​ល្អ អត់​ចង់​ឲ្យ​បម្រើ​តាម​ផ្ទះ​អ៊ីចឹង​ទេ សូម​ឲ្យ​គេ​តស៊ូ​រៀន​សូត្រ​ដើម្បី​កសាង​អនាគត​ឡើង​វិញ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល