សារសំខាន់​នៃ​ការ​ពង្រឹង​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា

ការ​ពង្រឹង​កសិកម្ម​ខ្នាត​តូច​អាច​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន ព្រោះ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​កសិកម្ម ហើយ​មាន​ដី​តិច ប៉ុន្តែ​កសិករ​ភាគ​ច្រើន​នៅ​មិន​ទាន់​យល់​ដឹង​អំពី​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ឲ្យ​បាន​ផល​ច្រើន​ក្នុង​ទំហំ​ដី​តូច ដោយសារ​តែ​ខ្វះ​អ្នក​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​នៅ​តាម​ជនបទ។
ដោយ អាន ស៊ីថាវ
2012-01-05
Share

អ្នក​ជំនាញ​កសិកម្ម​នៅ​កម្ពុជា មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​កសិករ​អនុវត្ត​កសិកម្ម​ខ្នាត​តូច​បាន​ខ្លាំង​ទៅ​បាន ទាល់​តែ​មាន​ការ​ជួយ​ពី​រដ្ឋ និង​ស្ថាប័ន​ជំនាញ​កសិកម្ម។

អ្នក​វិភាគ​ខាង​កសិកម្ម​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ប្រទេស​កាណាដា លោក ស្រី ចន្ធី បាន​អង្កេត​ឃើញ​ថា កសិករ​នៅ​កម្ពុជា​ធ្វើ​កសិកម្ម​លើ​ទំហំ​ដី​តូច ហើយ​ប្រជាជន​កម្ពុជា​ជិត ២​លាន​គ្រួសារ​ជា​កសិករ​ខ្នាត​តូច។

លោក ចន្ធី បាន​ឲ្យ​ដឹង​ទៀត​ថា​ បើ​ចង់​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា និង​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ ការ​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច​គឺ​ត្រឹមត្រូវ៖ «អ៊ីចឹង​បើ​ចង់​អភិវឌ្ឍ​អោយ​មាន​ជីវភាព​ល្អ​ហ្នឹង គឺ​អភិវឌ្ឍន៍​ពួក​គាត់​ក្នុង Scaleហ្នឹង​ហើយ ផ្ដោត​លើ​ថ្ម Scale family។ ពីព្រោះ​ប្រជាជន​ខ្មែរ​យើង​ភាគ​ច្រើន​គឺ​កសិករ​ខ្នាត​តូច ៨០% នៃ​កសិករ​ទាំងអស់​ហ្នឹង ហើយ​និយាយ​មែន​ទែន​ទៅ​ប្រហែល ២​លាន​គ្រួសារ​អី​ទៅ​ហើយ»

លោក ចន្ធី មាន​ប្រសាសន៍​បន្ត​ទៀត​ថា កសិករ​មួយ​គ្រួសារ​មាន​សមាជិក ៥​នាក់ មាន​ដី​ប្រមាណ​ជាង ១​ហិកតារ ហើយ​គ្រួសារ​ដែល​មាន​ដី​តិច​ជាង ១​ហិកតារ​កន្លះ មាន​ជាង ៨០% នៅ​ទូទាំង​ប្រទេស។

លោក​បន្ថែម​ថា បញ្ហា​ប្រឈម​សម្រាប់​កសិករ​ខ្នាត​តូច គឺ​ពួកគាត់​ខ្វះ​ការ​យល់​ដឹង​បច្ចេកទេស​ក្នុង​ការ​ធ្វើ​កសិកម្ម​ខ្នាត​តូច​ទាំងអស់​នោះ៖ « ការ​ទទួល​បាន​បច្ចេកវិទ្យា​នៅ​ខ្វះខាត​សម្រាប់​កសិករ​ខ្មែរ​យើង ការ​យល់​ដឹង​អី​ផ្សេងៗ ថ្វី​ត្បិត​តែ​ការ​ផ្សព្វផ្សាយ​កសិកម្ម​បាន​ប្រសើរ​ឡើង​ជាង ៥​ឆ្នាំ​មុន។ ក៏​ប៉ុន្តែ​កម្រិត​អត្រា​ដែល​ពួកគាត់​អាច​ទទួល​បាន នៅ​មាន​កម្រិត​ណាស់ នៅ​ទាប​ណាស់​បាទ!»។

ឆ្លើយតប​ទៅ​នឹង​ដំណោះស្រាយ​បញ្ហា​នេះ មន្ត្រី​ទំនាក់ទំនង​របស់​អង្គការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា សេដាក (CEDAC) លោក ហ៊ឹម ខទៀត បាន​ឲ្យ​ដឹង​ថា អង្គការ​សេដាក បាន​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​បច្ចេកទេស​កសិកម្ម​ទៅ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​កសិករ​ក្នុង​ការ​ធ្វើ​កសិកម្ម​នៅ​កម្ពុជា។

លោក​បន្ថែម​ទៀត​ថា​ តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សេដាក ក្នុង​ភូមិ​មួយ យើង​ត្រូវ​ការ​អ្នក​ផ្សព្វផ្សាយ​កសិកម្ម​ចំនួន​មួយ​នាក់៖ «យើង​ធ្លាប់​បាន​ធ្វើ​អនុសាសន៍​ទៅ​ដល់​ក្រសួង​កសិកម្ម ពី​ការងារ​កសិកម្ម​យើង​អោយ​បាន​ដើរ​ស្រួល ពិសេស​អា​ការងារ​ផ្សព្វផ្សាយ​កសិកម្ម​អោយ​បាន​ទៅ​ដល់​ការងារ​កសិករ​យើង​ទាំង​ចំណេះ​ដឹង​ពី​បច្ចេកទេស ក៏​ដូចជា​ចំណេះ​ដឹង​ទីផ្សារ និង​ការងារ​មួយ​ចំនួន​ទៀត គឺ​យើង​ត្រូវការ​អ្នក​បច្ចេកទេស​សម្រាប់​ការងារ​ហ្នឹង​តែ​មួយ​ភូមិ​ម្នាក់ ដល់​យើង​ធ្លាប់​គណនា​ទៅ គឺ​ក៏​មិន​ទាមទារ​ថវិកា​របស់​រដ្ឋ​ថែម​អស់​ប៉ុន្មាន​ដែរ ដែល​យើង​អាច​គិត​ថា វា​ជា​ការងារ​មួយ​មាន​ប្រសិទ្ធភាព ហើយ​អាច​ធ្វើ​ទៅ​បាន»

លោក ខទៀត សន្និដ្ឋាន​ឃើញ​ថា​ ការ​ធ្វើ​កសិកម្ម​ខ្នាត​តូច​នេះ​វា​មាន​សារសំខាន់​ ព្រោះ​តាម​ការ​សិក្សា​កន្លង​មក ការ​ធ្វើ​កសិកម្ម​ខ្នាត​តូច​មាន​ប្រសិទ្ធភាព​ជាង​កសិកម្ម​ទំហំ​ធំ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​នៃ​ក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ លោក ម៉ាក់  សឿន បាន​ឲ្យ​ដឹង​ថា តួ​នាទី​របស់​ក្រសួង​គឺ​ការ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង។

លោក ម៉ាក់ សឿន បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​មាន​ចំនួន​ប្រមាណ​ជាង ៨ ពាន់​នាក់​នៅ​ថ្នាក់​ឃុំ និង​ភូមិ​ដែល​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត ហើយ​ចំនួន​នេះ​មិន​បាន​បូក​បញ្ចូល​អ្នក​ផ្សព្វផ្សាយ​កសិកម្ម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ទេ៖ «មន្ទីរ​កសិកម្ម​ខេត្ត​មាន​ជាង ៣០០​នាក់ នៅ​ថ្នាក់​ស្រុក​មាន​ជាង ១.០០០​នាក់។ អ្នក​ផ្សព្វផ្សាយ​ឃុំ ហើយ​អ្នក​ផ្សព្វផ្សាយ​ឃុំ​ហ្នឹង បូក​សរុប​ទៅ​ជាង ៨.០០០​នាក់ ហើយ​អា​ហ្នឹង​យើង​អត់​គិត​ចូល​សម្រាប់​ភ្នាក់ងារ​សត្វ​ផង។ ប៉ុន្តែ​ចំនួន​នេះ​មិន​គិត​បញ្ចូល​ចំនួន​អ្នក​ផ្ដល់​សេវា​ផ្សព្វផ្សាយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ក៏​ក្រុមហ៊ុន​ឯកជន​នានា ពីព្រោះ​គាត់ គាត់​មាន​តួនាទី​ផ្សព្វផ្សាយ​បច្ចេកទេស»

លោក ម៉ាក់ សឿន បន្ថែម​ទៀត​ថា យើង​ត្រូវការ​អ្នក​ផ្សព្វផ្សាយ​ផ្នែក​បច្ចេកទេស​កសិកម្ម​ច្រើន​នាក់​ទៀត ដោយ​លោក​បញ្ជាក់​ទៀត​ថា ក្នុង​គោលបំណង​បំពេញ​បន្ថែម​ដល់​អ្នក​ផ្សព្វផ្សាយ​ថ្នាក់​ស្រុក ហើយ​គោលដៅ​របស់​យើង​ដើម្បី​បង្កើត​មណ្ឌល​កសិកម្ម​ឃុំ៖ «អង្គការ​ច្រើន ជា​ពិសេស​បំពេញ​បន្ថែម​នៅ​មន្ត្រី​ផ្សាយ​នៅ​ថ្នាក់​ស្រុក ពីព្រោះ​ទិសដៅ​របស់​យើង យើង​ចង់​បង្កើត​មណ្ឌល​កសិកម្ម​ឃុំ​អោយ​ទៅ​ជា​មណ្ឌល​សុខភាព​តាម​ឃុំ​ទៅ គឺ​យ៉ាង​ហោច​ណាស់​ក៏​យើង​ត្រូវការ​ក្នុង​មួយ​ឃុំ ក៏​យើង​ត្រូវ​ការ ២ ឬ​ក៏ ៣​នាក់​ដែរ ដើម្បី​ទៅ​ឈរ​ជើង​នៅ​មណ្ឌល​កសិកម្ម។ អ៊ីចឹង​យើង​ត្រូវការ​ច្រើន ជា​ពិសេស​នៅ​ថ្នាក់​ខេត្ត និង​នៅ​ថ្នាក់​ស្រុក»

លោក ម៉ាក់ សឿន បន្ថែម​ទៀត​ថា កសិកម្ម​ខ្នាត​តូច​ចូលរួម​ចំណែក​សន្តិសុខ​ស្បៀង និង​អាច​លក់ដូរ​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​កសិកម្ម​ខ្នាត​មធ្យម​គឺ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​ផង និង​នាំ​ចេញ​ផង។

កសិករ​មួយ​ចំនួន​យល់​ឃើញ​ថា ចំនួន​ដី​មួយ​ហិកតារ​មិន​អាច​នឹង​ធ្វើ​កសិកម្ម​បាន​ចំណូល​ច្រើន​បាន​ទេ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ដូច​នេះ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​ឲ្យ​យល់​ដឹង​អំពី​បច្ចេកទេស​ធ្វើ​កសិកម្ម​លើ​ទំហំ​ដី​តូច​នេះ​ឲ្យ​កាន់​តែ​ទូលាយ​គឺ​ជា​ការ​ចាំបាច់។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ផ្នត់​គំនិត​កសិករ​កម្ពុជា​មួយ​ចំនួន ពិបាក​នឹង​កែប្រែ​ណាស់ ដោយសារ​តែ​ជា​ទម្លាប់ គឺ​កសិករ​ទុក​ដី​ទំនេរ​បន្ទាប់​ពី​ធ្វើ​ស្រែ​ចម្ការ​រួច។

លោក ចន្ធី បន្ថែម​ទៀត​ថា អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​យុទ្ធនា​ការ​អប់រំ​កសិករ​ឲ្យ​កាន់​តែ​ខ្លាំង ហើយ​ត្រូវ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ទៅ​ដល់​ទីនោះ៖ «យើង​អាច​បង្វែរ​បាន ប៉ុន្តែ​យើង​ត្រូវការ​យុទ្ធនា​ការ​ខ្លាំង​ណាស់ ដើម្បី​កែ​ប្រែ​គំនិត និង​ការ​យល់ដឹង​របស់​កសិករ ព្រោះ​គាត់​តែង​គិត​ថា តាំង​ពី​ដូនតា​មក គាត់​ធ្វើ​តែ​ស្រែ ដី​នឹង​សម្រាប់​តែ​ស្រែ​ទេ អ៊ីចឹង​ធ្វើ​អី​អត់​កើត​ទេ។ ក៏​ប៉ុន្តែ​ដី​ស្រែ​ដែល​គាត់​ធ្វើ​ស្អី​ហ្នឹង គឺ​យើង​អាច​ធ្វើ​ស្អី​ទៀត​បាន ប៉ុន្តែ​ការ​កែប្រែ​នឹង​ត្រូវការ​លុយ​ច្រើន»

អ្នក​គ្រប់គ្រង​កម្មវិធី​របស់ NGOs Forum លោក ជា គឹមសុង មាន​ប្រសាសន៍​ថា ការ​ចំណាយ​លើ​វិស័យ​កសិកម្ម​គឺ​មាន​កម្រិត​ទាប​ធៀប​ទៅ​នឹង​តម្រូវការ​ព្រោះ​ប្រជាជន​ជាង ៧០% ធ្វើ​កសិកម្ម។

លោក​បន្ថែម​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​កន្លង​មក​បាន​បង្ហាញ​ថា ការ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​របស់​មន្ត្រី​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​តែ​ខ្វះ​ថវិកា៖ «តាម​ការ​សិក្សា​​ឃើញ​ថា វា​បញ្ហា​សំខាន់ គឺ​មក​ពី​កញ្ចប់​ថវិកា កាលណា​កញ្ចប់​យើង​អត់​ច្រើន អ៊ីចឹង​អា​ការ​បង្កើន​ចំនួន​បុគ្គលិក​សម្រាប់​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ហ្នឹង ក៏​អត់​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​ដែរ»

លោក គឹមសុង បន្ថែម​ទៀត​ថា មន្ត្រី​បច្ចេកទេស​កសិកម្ម​ត្រូវ​មាន​យ៉ាង​ហោច​ណាស់​មួយ​នាក់​ក្នុង​មួយ​ឃុំ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល