អ្នក​វិភាគ​នយោបាយ​កម្ពុជា៖ អ.ស.ប គួរ​ដាក់​គំនាប​លើ​ថៃ

ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា​នានា បាន​លើក​ឡើង​ថា អង្គការ​សហប្រជាជាតិ ត្រូវ​តែ​ដាក់​គំនាប​ការ​ទូត​ទៅ​លើ​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ចប់​ជម្លោះ​បញ្ហា​ព្រំដែន​ខ្មែរ​ថៃ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤ ឆ្នាំ​មក​ហើយ។
ដោយ ទីន ហ្សាការីយ៉ា
2011-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អ្នក​វិភាគ​នយោបាយ​ទាំង​នោះ ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដែរ ដើម្បី​បកស្រាយ​ឲ្យ​ភាគី​ថៃ​ដឹង​សារ​ជា​ថ្មី​ម្ដង​ទៀត នូវ​សាលក្រម​ក្រុង ឡាអេ ឆ្នាំ ១៩៦២ នោះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា ក្រុម​ការងារ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រៀបចំ​ឯកសារ ដាក់​ជូន​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​នេះ បកស្រាយ​សាលក្រម​របស់​ខ្លួន កាល​ពី​ឆ្នាំ ១៩៦២ ក្នុង​គោល​បំណង​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ និង​ថៃ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៣ មេសាថា ក្រុម​ការងារ​កម្ពុជា​កំពុង​រៀបចំ​ឯកសារ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ក្រុង ឡាអេ (Hague) ដើម្បី​ឲ្យ​តុលា​នេះ​ពន្យល់​ឡើង​វិញ នូវ​សាលក្រម ចុះ​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ១៩៦២ ទាក់ទង​ទៅ​នឹង​កម្មសិទ្ធិ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ព្រះវិហារ។

លោក កុយ គួង ៖ «យើង​បាន​បង្កើន​ក្រុម​ការងារ​រួច​ហើយ​ដែរ ដែល​ក្រុម​ការងារ​កំពុង​ដំណើរការ​របស់​ខ្លួន​ហើយ​ក្នុង​ការ​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ក្រុង ឡាអេ (Hague) ដើម្បី​ឲ្យ​គេ​បក​ស្រាយ​សាលក្រម ឆ្នាំ១៩៦២ ហ្នឹង»។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងការបរទេស​ខ្មែរ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​កងទ័ព​ខ្មែរ-ថៃ បាន​ផ្ទុះ​សង្គ្រាម​ដាក់​គ្នា​សារ​ជាថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី ២២ និង​ថ្ងៃ​ទី ២៣ ខែ​មេសា ដែល​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​នៅ​សមរភូមិ​មុខ​នៃ​កងទ័ព​ទាំងពីរ​មិនទាន់​បាន​ស្រាកស្រាន្ត​នៅ​ឡើយ។

ខណៈ​ដែល​កងទ័ព​ខ្មែរ និង​ថៃ វាយ​ប្រយុទ្ធ​គ្នា​នេះ​ដែរ សារព័ត៌មាន​ម៉ាឡេស៊ី ឈ្មោះ ឌឹ ប៊ែណាម៉ា (The Bernama) បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២២ មេសា​ថា លោក អាភីស៊ិត វ៉េតចាជីវ៉ាក់ (Abhisit Vejjajiva) បាន​ជំរុញ​ឲ្យ​កម្ពុជា បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ហៅ​កាត់​ថា ជេប៊ីស៊ី (GBC) ទ្វេ​ភាគី​ជា​បន្ទាន់​មួយ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ​ក៏​បាន ឬ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​បាន។

ទាក់ទង​ទៅ​នឹង​ការ​ស្នើ​ឡើង​របស់ លោក អាភីស៊ិត វ៉េតចាជីវ៉ាក់ សារ​ជា​ថ្មី​ទៀត​នេះ លោក កុយ គួង បាន​បញ្ជាក់​ដាច់​ខាត​ថា កម្ពុជា​មិន​លេង​ល្បែង​នយោបាយ​ទ្វេ​ភាគី ជា​មួយ​ភាគី​ថៃ​ទៀត​នោះ​ទេ ព្រោះ​ថា ការ​ចរចា​ទ្វេ​ភាគី កម្ពុជា​បាន​ទទួល​មេរៀន​ពី​ថៃ​ជា​ច្រើន​លើក​ហើយ តែ​មិន​មាន​លទ្ធផល។

លោក កុយ គួង ៖ «ឥណ្ឌូណេស៊ី​ជា​ប្រធាន​អាស៊ាន​បាន​សម្រប​សម្រួល​ប៉ុណ្ណេះ នៅ​តែ​ថៃ​រក​កលល្បិច​បាន ចុះ​ទម្រាំ​តែ​ទ្វេភាគី? ទ្វេភាគី កន្លង​មក​យើង​បាន​ដឹង ដែល​អូស​បន្លាយ​ជាង​បី​ឆ្នាំ​ហើយ មិន​បាន​លទ្ធផល​អី។ លទ្ធផល​មាន​តែ​សង្គ្រាម​ឈ្លានពាន​ពី​ពួក​ខ្មាំង​ថៃ​តែ​ប៉ុណ្ណឹង​ឯង»។

ជម្លោះ​ខ្មែរ-ថៃ បាន​អូស​បន្លាយ​ពេល​តាំង​ពី​ឆ្នាំ ២០០៨ បន្ទាប់​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក រហូត​មក​ទល់​នេះ​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ​នោះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​នានា​នៅ​កម្ពុជា​លើក​ឡើង​ថា ការ​ដោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព ​សម្រាប់​បញ្ចប់​ជម្លោះ​ព្រំដែន​ខ្មែរ ថៃ​អាច​ធ្វើ​ទៅ​បាន​នោះ គឺ​ភាគី​កម្ពុជា ត្រូវ​តែ​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​ជួន​តុលាការ​អន្តរជាតិ ឲ្យ​បកស្រាយ​អំពី​ខ្លឹមសារ​នៃ​សាលក្រម​ទីក្រុង​ឡាអេ ឆ្នាំ ១៩៦២ ទើប​មាន​ប្រសិទ្ធភាព។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ (Bangkok Post) បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ធនធាន​ធម្មជាតិ​ថៃ លោក ស៊ុវីត ឃុនគិតទិ (Suvit Khunkitti) កាល​ពី​ថ្ងៃ​ទី ២២ មេសា ថ្លែង​ថា ភាគី​ថៃ​បាន​ជូន​ដំណឹង​ទៅ​អង្គការ យូណេស្កូ (UNESCO) និង​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក ហើយ​កាល​ពី​ពេល​មុន​ថា ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ នឹង​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា និង​បាត់បង់​ជីវិត​ទាំងសងខាង​ដោយសារ​បញ្ហា​នេះ។ លោក ស៊ុវីត ឃុនគិតទិ បាន​បញ្ជាក់​ថា ឥឡូវ​នេះ​ការ​ព្រមាន​របស់​លោក​ក្លាយ​ជា​ការ​ពិត​មែន។

ទោះជាយ៉ាងណាក៏ដោយ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​សម្រេច​ប្រកាស​សាលក្រម​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ ១៩៦២ បាន​រក​ឃើញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា។ សេចក្ដី​សម្រេច​ក៏​បាន​បញ្ជា​ឲ្យ​ថៃ ដក​កងទ័ព ឬ​ក៏​ប៉ូលិស​ខ្លួន​ចេញ​ពី​ប្រាសាទ និង​តំបន់​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ។

សាលក្រម​តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​ថៃ មាន​តួនាទី​ប្រគល់​រូប​ចម្លាក់​បុរាណ និង​បំណែក​ប្រាសាទ​ទាំង​ឡាយ​ណា​ដែល​បាន​ផ្លាស់ប្ដូរ​ទី​កន្លែង​ដោយសារ​អាជ្ញាធរ​ថៃ ចាប់​ពី​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៤មកផងដែរ។

ផ្ទុយទៅវិញ អ្នក​វិភាគ​នយោបាយ​បាន​កត់​សម្គាល់​ឃើញ​ថា ថៃ​បង្ក​សង្គ្រាម​សាជាថ្មី​ទៀត​ជាមួយ​កម្ពុជា បន្ទាប់​ពី​កងទ័ព​ទាំង​ពីរ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាល​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​នោះ គឺ​ដោយ​សារ​តែ​ស្ថានភាព​ផ្ទៃ​ក្នុង​នយោបាយ​របស់​ថៃ​កំពុង​តែ​វឹកវរ ថៃ​បាត់​ម្ចាស់​ការ​របស់​ខ្លួន ហើយ​ក្រុម​យោធា​ថៃ​កំពុង​តែ​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ពលរដ្ឋ​ថៃ ដោយ​មាន​ចេតនា​ចង់​វាយ​លុក​យក​ទីតាំង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន ខណៈ​ដែល​លោក អាភីស៊ិត វ៉េតចាជីវ៉ាក់ កំពុង​តែ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​ខ្លួន។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណារិទ្ធិ ថ្លែងថា ៖ «យើង​មិន​ទាន់​ដឹង​ថា តើ​ថៃ​ហ្នឹង​មាន​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ​ទៀត ឬ​យ៉ាង​ណា? បើ​សិន​ជា​ថៃ​មាន​រដ្ឋប្រហារ សង្គ្រាម​រវាង​កម្ពុជា​ថៃ នឹង​អាច​ឈាន​ធំ​ជាង​ហ្នឹង​ទៀត»។

លោក ឈាង វណ្ណារិទ្ធិ បាន​បញ្ជាក់​ទៀត​ថា ការ​ដោះស្រាយ​ដើម្បី​ឲ្យ​បញ្ចប់​សង្គ្រាម​ខ្មែរ-ថៃ​បាន គឺ​មាន​យន្តការ​ពីរ​សំខាន់ គឺ​ទី​១ យន្តការ​អាស៊ាន ទី​ពីរ​យន្តការ​អង្គការ​សហប្រជាជាតិ ពិសេស​ទៅ​ទៀត គឺ​តុលាការ​អន្តរជាតិ។ បើ​មិន​ដូច្នោះ​ទេ សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​បាន​ទេ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី ២៣ មេសា ដោយ​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​ម្ដង​ហើយ ម្ដង​ទៀត មក​លើ​ទឹក​ដី​កម្ពុជា​នេះ។ សេចក្ដីថ្លែងការណ៍​នេះ បាន​អំពាវនាវ​ឲ្យ​ថៃ​បញ្ឈប់​ជា​អចិន្ត្រៃយ៍​នូវ​អំពើ​ប្រទូស្ត សារាយ​ដោយ​កង ទ័ព​ថៃ​ប្រឆាំង​នឹង​កម្ពុជា ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​ទី ២២ មេសា ក្រោយ​ពេល​ថៃ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ ដោយ​អាវុធ​ជា​ច្រើន​ប្រភេទ រួម​មាន​ទាំង​កាំភ្លើង​ធំ ១០៥មម ១០៦មម និង១៥៥មម មក​លើ​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​នោះ ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ហោ ណាំហុង បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់​ផ្សេង​គ្នា ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លោក ណេសស្ទើ អូសូរីយ៉ូ (Nestor Osorio) និង​ប្រធាន​អាស៊ាន លោក មាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) អំពី​ការ​វាយ​ប្រហារ​របស់​កងទ័ព​ថៃ​មក​លើ​កម្ពុជា​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​ពន្យល់​ថា ប្រធាន​អាស៊ាន មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចប់​ជម្លោះ​ខ្មែរ​ថៃ​នេះ​បាន​ទេ ដោយ លោក​បាន​លើក​ហេតុផល​ថា ប្រទេស​ថៃ​ក៏​មាន​តួនាទី​ជា​អគ្គលេខាធិការ​អាស៊ាន​ដែរ។

លោក ប៉ូ សំណាង ៖ «ដូច្នេះ​អ្វីៗ មិន​អាច​ដោះ​ស្រាយ​បាន​ទេ យើង​ឃើញ​ថា បើ​សិន​ជា​អង្គការ​សហប្រជាជាតិ យើង​អាច​ជឿ​ទុក​ចិត្ត​បាន។ ដូច្នេះ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ លោក​អញ្ជើញ​ មក​មិន​បាច់​សួរ​នាំ​រដ្ឋាភិបាល​ថៃ​ទេ។ នេះ​ជា​ការ​ឈ្លានពាន​របស់​ថៃ​ពេញ​បន្ទុក»។

កាល​ពី​ថ្ងៃ​ទី ៧-៨ មេសា​កន្លង​ទៅ ថៃ និង​កម្ពុជា​ធ្លាប់​បរាជ័យ​ម្ដង​រួច​មក​ហើយ ចំពោះ​កិច្ច ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ នៅ​ឥណ្ឌូណេស៊ី ដែល​ឥណ្ឌូណេស៊ី​ជា​ប្រធាន​អាស៊ាន ដើរ​តួ​ជា​អ្នក​សម្របសម្រួល​នោះ ដោយ​សារ​តែ​ភាគី​ថៃ​មិន​ព្រម​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​មក ត្រួត​ពិនិត្យ​តំបន់​ជម្លោះ​​នៃ​​ប្រទេស​​ទាំង​​ពីរ ទោះ​បី​ជា​កម្ពុជា​បាន​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ក៏​ដោយ។

កាល​ពី​ខែ​មីនា​កន្លង​ទៅ នៅ​មុន​ពេល​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-ថៃ បាន​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស ឥណ្ឌូណេស៊ី​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា បើ​សិន​ប្រធាន​អាស៊ាន​ដោះ​ស្រាយ​ជម្លោះ​ខ្មែរ​ថៃ មិន​បាន​សម្រេច​ទេ លោក​នឹង​យក​បញ្ហា​នេះ ដាក់​លើ​តុ​នៃ​កិច្ច​ប្រជុំ​កំពូល​អា ស៊ាន​នៅ​ខែ​ឧសភា​ខាង​មុខ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ «បើ​ថា​ធ្វើ​មិន​ចេញ​ទេ សូម​ឲ្យ​ឯក​ឧត្ដម ហោ ណាំហុង ត្រៀម​រៀបចំ​ប្រជុំ​អាស៊ាន​ថ្ងៃ​ទី ៧-៨ ឧសភា ខ្ញុំ​នឹង​លើក​បញ្ហា​ហ្នឹង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តែ​ម្ដង»។

សង្គ្រាម​រវាង​កម្ពុជា ថៃ បាន​កើត​មាន​ជា​លើក​ទី ៥ ហើយ គិត​ចាប់​ពី​ឆ្នាំ ២០០៨ មក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កុយ គួង មិន​ទាន់​បញ្ជាក់​ប្រាប់​អំពី​កាល​បរិច្ឆេទ​ថា កម្ពុជា​នឹង​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​ជួន​តុលា​ការ​អន្តរ​ជាតិ​នៅ​ថ្ងៃ​ណា​ច្បាស់​នៅ​ឡើយ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ក្រុម​ការងារ​កំពុង​តែ​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​អន្តរជាតិ ឱ្យ​បកស្រាយ​សាលក្រម ក្រុង​ឡាអេ ឆ្នាំ១៩៦២ ឡើង​វិញ ដើម្បី​ឲ្យ​ភាគី​ថៃ​អស់​ចម្ងល់ ឬ​សង្ស័យ​អំពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គ្រាន់តែត្រៀមបានហើយ កុំចាំបាច់ដាក់ ។ ច្រើនលើកហើយ ឲ្យតែសៀមធ្វើការវាយប្រហារក្នុងកម្រិតធ្ងន់ណាមួយ គេតែងតែលឺកោយគួងអីអញ្ចឹង ត្រៀមឯកសាររហូត ។ ការដែលរាជរដ្ឋាភិបាលធ្វើបែបនេះ ធ្វើរាស្រ្តខ្មែរគិតថា នៅពីក្រោយនេះ មានអ្នកចំណេញពីរៈ ទីមួយអាពីស៊ីត,ពីរហ៊ុនសែន ។ អ្នកទាំងពីរបានទ្រោល បញ្ហាព្រំដែនដើម្បីអូសទាញយកប្រយោជន៍ ចំណេញនានាការបោះឆ្នោតខាងមុខរៀងខ្លួន ។ ការដែលតបតជាមួយសៀ មិនមែនជាការប្រើអាវុធទេ ។ យើងមានអង្គការសហប្រជាជាតិ, សមាគមអាស៊ាន...ជាអ្នកការពារប្រទេសទន់ខ្សោយ។

Apr 28, 2011 12:06 AM

គេហទំព័រ​ទាំងមូល