ពលរដ្ឋ​ទុយណេស៊ី​កាន់​ទុក្ខ​៣​ថ្ងៃ​សម្រាប់​អ្នក​ស្លាប់

ប្រជាពលរដ្ឋ​ទុយណេស៊ី (Tunisia) នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១ បាន​ចាប់​ផ្ដើម​ការ​កាន់​ទុក្ខ​ជា​ផ្លូវ​រដ្ឋ​របស់​ខ្លួន​ចំនួន ៣​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ដល់​ក្រុម​បាតុករ​ប្រមាណ​ជាង​មួយ​រយ​នាក់ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ប៉ូលិស​ដែល​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​ទុយណេស៊ី។
ដោយ យន់ សាមៀន
2011.01.22

បាតុករ​ជនជាតិ​ទុយណេស៊ី រាប់​ពាន់​នាក់ នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​មករា ឆ្នាំ​២០១១ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​រំលាយ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ថ្មី ដែល​ត្រូវ​បាន​បង្កើត​ក្រោយ​ពេល​ដែល​អតីត​ប្រធានាធិបតី​ទុយណេស៊ី បាន​រត់​ភៀស​ខ្លួន​ចោល​តំណែង​ទៅ​បរទេស​រួច​មក។
ក្រុម​បាតុករ​ទាមទារ​ឲ្យ​រំលាយ​រដ្ឋាភិបាល​ថ្មី​នេះ ពីព្រោះ​សមាជិក​រដ្ឋាភិបាល​ថ្មី​មាន​សមាជិក​ខ្លះ​មក​ពី​គណបក្ស​កាន់​អំណាច​របស់​អតីត​ប្រធានាធិបតី​ទុយណេស៊ី លោក ហ្ស៊ីន អែល អាប៊ីឌីន បែនអាលី (Zine El Abidine Ben Ali)។

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​កាន់​ទុក្ខ​របស់​ជាតិ ក្នុង​ការ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​​មរណភាព​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​បះបោរ​ប្រឆាំង​នឹង​ការ​កាន់​កាប់​អំណាច​ផ្ដាច់ការ​របស់​ប្រធានាធិបតី​ទុយណេស៊ី ដែល​បាន​ដឹកនាំ​ប្រទេស​នេះ​អស់​រយៈពេល ២៣​ឆ្នាំ​រួច​មក។

ការ​បះបោរ​របស់​ប្រជាពលរដ្ឋ​ទុយណេស៊ី ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា បដិវត្តន៍​ផ្កា​ម្លិះ គឺ​ជា​បដិវត្តន៍​ដំបូង​បង្អស់​នៃ​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អារ៉ាប់។ ទង់ជាតិ​ទុយណេស៊ី ត្រូវ​បាន​បង្ហូត​មក​ពាក់​កណ្ដាល​ដង​ចំនួន​បី​ថ្ងៃ​នៃ​ការ​កាន់​ទុក្ខ​អ្នក​ស្លាប់។ ការ​បះបោរ​នៅ​ទុយណេស៊ី បណ្ដាល​ឲ្យ​មេដឹកនាំ​មួយ​ក្នុង​ចក្រភព​អារ៉ាប់ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​បែក​បាក់​ក្នុង​ចក្រភព​អារ៉ាប់ ដោយសារ​វិបត្តិ​អត់​ការងារ​ធ្វើ ភាពក្រីក្រ និង​វិបត្តិ​សេដ្ឋកិច្ច។

ចំណែក​នៅ​កម្ពុជា​វិញ មន្ត្រី​សិទ្ធិ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​មករា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ជុំវិញ​​ការ​ប៉ុនប៉ង​​ធ្វើ​ការ​បះបោរ​ដូច​នៅ​ប្រទេស​ទុយណេស៊ី។ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា បាន​គំរាម​ថា ប្រសិន​បើ​មាន​ការ​តវ៉ា​ស្រដៀង​នឹង​ប្រទេស​ទុយណេស៊ី លោក​នឹង​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​បង្ក្រាប​សកម្មភាព​ទាំង​នោះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​មករា មាន​ប្រសាសន៍​ថា ការ​ប្រៀបធៀប​ការ​ដឹកនាំ​ប្រទេស​ទុយណេស៊ី ទៅ​នឹង​កម្ពុជា គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​មួយ​ប៉ុណ្ណោះ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មករា បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​កំហឹង​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ទុយណេស៊ី ជា​មេរៀន​មួយ​សម្រាប់​អ្នក​ដឹកនាំ​នៅ​កម្ពុជា។ លោក​បន្ត​ថា មេដឹកនាំ​កម្ពុជា មិន​ត្រូវ​គិត​ថា ប្រជាជន​កម្ពុជា ជា​មនុស្ស​មិន​ចេះ​ដឹង និង​មិន​ចេះ​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ។ លោក​ថា ប្រសិន​បើ​កម្ពុជា ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច ឬ​កំណើន​អត់​ការងារ​ធ្វើ​ក្នុង​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​នោះ ប្រទេស​នេះ​នឹង​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន បាន​ប្រតិកម្ម​តប​ទៅ​លោក ឡៅ ម៉ុងហៃ ថា លោក​នឹង​ការពារ​រដ្ឋធម្មនុញ្ញ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បះបោរ​នៅ​កម្ពុជា​ទេ។

លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ ហើយ​បាន​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចំនួន ២៦​ឆ្នាំ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៃ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាត់​ទុក​ថា មេ​​ដឹកនាំ​ម្នាក់​ដែល​បាន​ដឹកនាំ​ប្រទេស​នេះ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្ថិរភាព​នយោបាយ និង​សន្តិភាព។ ប៉ុន្តែ​អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​បង្កើត​ជា​បណ្ដាញ​គ្រួសារ​លោក​ក្នុង​ការ​គ្រប់គ្រង​កម្ពុជា និង​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​មាន​គណបក្ស​តែ​មួយ។

លោក ហ៊ុន សែន បន្ត​ទៀត​ថា ការ​ទាមទារ​ទម្លាក់​រូប​លោក​ចេញ​ពី​តំណែង គឺ​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា ការ​ផ្លាស់ប្ដូរ​អាច​ធ្វើ​ទៅ​បាន​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ ដោយ​លោក​បាន​អះអាង​ថា កម្ពុជា​នឹង​គ្មាន​ព្រឹត្តិការណ៍​ដូច​ប្រទេស​ទុយណេស៊ី​នោះ​ទេ។

លោក ហ្សីន អែល អាប៊ីឌីន បែនអាលី ដែល​មាន​អាយុ ៧៤​ឆ្នាំ បាន​កាន់កាប់​អំណាច​របស់​រយៈពេល ២៣​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧ គឺ​ជា​មេដឹកនាំ​នៃ​គណបក្ស​ដែល​មាន​ឈ្មោះ​ថា ការ​ប្រមូល​ផ្តុំ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​តាម​រដ្ឋធម្មនុញ្ញ ដែល​បាន​ដឹកនាំ​ប្រទេស​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍។

ក្រុម​បាតុករ​បាន​ងើប​ឡើង​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ទុយណេស៊ី ក្រោយ​ពី​ប្រទេស​នេះ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ ហើយ​អំពើ​ពុករលួយ​បាន​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ការ​បះបោរ​ហិង្សា​របស់​ប្រជាជន​ទុយណេស៊ី ធ្វើ​ឡើង​ក្រោយ​ពី​យុវជន​អត់​ការងារ​ធ្វើ​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួន​ជា​ការ​តវ៉ា និង​ការ​ចាប់​ឃាត់​របស់​ប៉ូលិស​មិន​ឲ្យ​គាត់​លក់​ផ្លែ​ឈើ​នៅ​តាម​ទីធ្លី​សាធារណៈ។

ក្រុម​មន្ត្រី​នៃ​ប្រទេស​ទុយណេស៊ី បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុម​គ្រួសារ​របស់​លោក ហ្សីន អែល អាប៊ីឌីន បែនអាលី ចំនួន ៣៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​អាជ្ញាធរ​នៃ​ប្រទេស​នេះ​បាន​រឹប​អូស​អាវុធ​ពី​អតីត​ផ្ទះ​របស់​ក្រុម​គ្រួសារ​របស់​លោក​ប្រធានាធិបតី​ដែល​បាន​កប់​លាក់​ក្នុង​សួន​ច្បារ។

ក្រុម​មន្ត្រី​ទុយណេស៊ី ជឿ​ជាក់​ថា លោក ហ្សីន អែល អាប៊ីឌីន បែនអាលី បាន​លួច​មាស​របស់​ប្រទេស​ទុយណេស៊ី ចំនួន​មួយ​តោន​កន្ល​ ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)។

រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ក៏​បាន​ធ្វើ​ច្បាប់​មួយ​ដើម្បី​ដោះ​លែង​អ្នក​ទោស​នយោបាយ​​នៃ​របប​ចាស់​ផង​ដែរ។ អ្នក​ទោស​នយោបាយ​ប្រមាណ ១.៨០០​នាក់ ត្រូវ​បាន​ដោះលែង​រួច​ហើយ។

ស្ថានភាព​នៅ​ប្រទេស​ទុយណេស៊ី កំពុង​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​បន្តិចៗ​ម្ដង ប៉ុន្តែ​ស្ថានភាព​អាសន្ន​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ប្រកាស​ថា នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ សាលារៀន​សកលវិទ្យាល័យ​នៅ​តែ​បន្ត​បិទ​ទ្វារ ហើយ​បម្រាមគោចរ​នៅ​តែ​បន្ត​នៅ​ពេល​យប់។ រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជា​សលក​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល ៦​ខែ​ខាង​មុខ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។