អ្នក​ភូមិ​ឡ​ពាង​៖ ​អាជ្ញាធរ​រើសអើងគាត់ព្រោះ​រឿង​ជម្លោះ​ដី​

​អ្នក​ភូមិ​ឡ​ពាង​៦៤​​គ្រួសារ​នៅខេត្ត​កំពង់ឆ្នាំង​​ចោទ​​អាជ្ញាធរ​ភូមិ​ឃុំថា ​រើសអើង​និង​​លំអៀង​​ក្នុង​រឿង​ក្ដី​ជម្លោះ​ដី​។
ដោយ មណ្ឌល កែវ
2011-04-11
Share

តំណាង​ប្រជា​ពលរដ្ឋ​ទាំង ៦៤ គ្រួសារ ដែល​បាន​ដាក់​បណ្ដឹង​តវ៉ា គឺ​លោក ផេង រ៉ុម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ពី​មូលហេតុ ដែល​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ប្ដឹង​តវ៉ា​នេះ​ថា ដោយ​ពួក​គាត់​ក្រីក្រ​ពុំ​មាន​ប្រាក់​សម្រាប់​បង់​ពន្ធ​ប្រថាប់​ក្ដី​ក្នុង​រឿង​ក្ដី​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ (KDC International) ទើប​ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​ជួយ​បញ្ជាក់​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​មិន​ព្រម​បញ្ជាក់​ឲ្យ​ទេ​បើ​ទោះបីជា​ពួក​គាត់​មាន​ទាំង​ឈ្មោះ​ក្នុង​បញ្ជី​អត្តសញ្ញាណ​ជន​ក្រីក្រ ព្រម​ទាំង​មាន​ប័ណ្ណ​បញ្ជាក់​ភាព​ក្រីក្រ ដែល​ចេញ​ដោយ​អង្គការ រ៉ាក់ (RACK) ក៏​ដោយ។

លោក ផេង រ៉ុម ៖ «សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ជួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ ជួយ​បញ្ជាក់ និង​បម្រើ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ផង។ ឥឡូវ​នេះ គេមិនព្រមបំរើប្រជាពលរដ្ឋនោះទេតើគេបំរើអ្នកណាវិញ»

គួរ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ភូមិ​ឡ​ពាង​ចំនួន ៦៤ គ្រួសារ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី អន្តរ ជាតិ​របស់​លោក​ស្រី ជា ខេង អស់​រយៈ​ពេល ១០ ឆ្នាំ​មក​ហើយ។ ពួក​គាត់​បាន​ដាក់​បណ្ដឹង​ទៅ​សាលា​ ដំបូង​ខេត្ត​កំពង់ឆ្នាំង ដោយ​ចោទ​ប្រកាន់​ភាគី​ក្រុមហ៊ុន​ថា បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គាត់ ឯ​ភាគី​ ក្រុមហ៊ុន​ក៏​បាន​ប្ដឹង​ចោទ​ទៅ​វិញ​ថា ប្រជា​ពលរដ្ឋ​បាន​បរិហារ​កេរ្តិ៍​ក្រុមហ៊ុន​ព្រោះ​ក្រុមហ៊ុន​បាន​ទិញ​ដី​នេះ​បន្ត​ពី​ឈ្មួញ​ដោយ​មាន​ទាំង​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹម​ត្រូវ​ទៀត​ផង។ កន្លង​ទៅ​សាលា​ដំបូង​ខេត្ត​ កំពង់ឆ្នាំង បាន​ដំណើរ​ការ​កាត់​ក្ដី ប៉ុន្តែ​បណ្ដឹង​របស់​ក្រុមហ៊ុន​ដែល​ប្ដឹង​ប្រជា​ពលរដ្ឋ។ រីឯ​ពាក្យ​បណ្តឹង របស់​ប្រជា​ពលរដ្ឋ​ចំពោះ​ក្រុមហ៊ុន​នោះ​តុលាការ​ខេត្ត​នេះ មិន​លើក​យក​មក​កាត់​ក្ដី​ឡើយ ដោយ​សំអាង​ហេតុផល​ថា ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពុំ​ត្រឹមត្រូវ​តាម​នីតិវិធី ពោល​គឺ​ពុំ​បាន​បង់ពន្ធ​ប្រដាប់​ក្ដី។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​នីតិវិធី​នៃ​ច្បាប់ ប្រសិន​បើ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ ឃុំ​ពី​ភាព​ក្រីក្រ​​នោះ​ប្រជា​ពលរដ្ឋ​នឹង​បាន​រួច​ពី​ការ​បង់ពន្ធ​ប្រដាប់​ក្ដី​នេះ ។ លោក រាជ សីម៉ា ប្រជា​ពលរដ្ឋ​ភូមិ​ឡ​ពាង​ថ្លែង​ថា អាជ្ញាធរ​ភូមិ ឃុំ​មិន​មែន​មិន​ដឹង​ទេ​ថា ប្រជា​ពលរដ្ឋ​ ភូមិ​ឡ​ពាង​ភាគ​ច្រើន​ជា​ជន​ក្រីក្រ និង​ត្រូវ​បាត់បង់​ដី​ធ្លី តែ​មក​ពី​ពួក​គាត់​បាន​លំអៀង​ទៅ​រក​អ្នក​មាន​ប្រាក់​មាន​អំណាច ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ។

លោក រាជ សីម៉ា ៖ «ខ្ញុំ​ថា​អាជ្ញាធរ​ភូមិ​ឃុំ​ធ្វើ​នេះ​គឺ​មិន​មែន ដើម្បី​ប្រជា​ពលរដ្ឋ​ទេ តែ​គឺ​ដើម្បី​ជួយ​ក្រុមហ៊ុន​ព្រោះ​គាត់​មិន​ព្រម​បញ្ជាក់​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ។ គាត់​កំពុង​លំអៀង​ទៅ​ខាង​ក្រុមហ៊ុន ព្រោះ​បើ​គាត់​បញ្ជាក់​​ភាព​ក្រីក្រ​ឲ្យ​ប្រជា​ពលរដ្ឋ​នោះ​រឿង​ក្ដី​ត្រូវ​ដំណើរ ដែល​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន ដែល​ជា​គ្នា​គាត់​បក្ស​ពួក​គាត់...»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​មេ​ភូមិ​ឡ​ពាង គឺ​លោក ផេង សុខឿន មាន​ប្រសាសន៍​ថា ដោយ​សំណើ​សុំ​បញ្ជាក់​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​មាន​ភាព​មិន​ច្បាស់​លាស់។ លោក​​មេ​ភូមិ​បន្ត​ថា ក្នុង​ចំណោម ៦៤ គ្រួសារ ដែល​សុំ​ការ​បញ្ជាក់​ភាព​ក្រីក្រ​នេះ​មាន​គ្រួសារ​ខ្លះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​អត្តសញ្ញាណកម្ម​ជន​ក្រីក្រ​នោះ​ឡើយ។

លោក ផេង សុខឿន បញ្ជាក់៖ «ឈ្មោះ​ទាំង​នេះ​មិន​មែន​សុទ្ធ​តែ​ប្រជាជន​ភូមិ​ឡ​ពាង​ទេ​ព្រោះ​មាន​ឈ្មោះ​អ្នក​ភូមិ​ដទៃ​លាយ​ឡំ។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មិន​អាច​ស៊ីញេ​ឲ្យ​បាន។ ម្យ៉ាង​ទៀត មាន​ឈ្មោះ​ខ្លះ​ក្នុង​បញ្ជី​នេះ​មិន​មែន​ជា​អ្នក​ក្រីក្រ​​ទេ ​ព្រោះ​គេ​មាន​ផ្ទះ​ក្បឿង​មាន​ម៉ាស៊ីន​កិន​ស្រូវ​មាន​ម៉ូតូ។ គេ​នាំ​គ្នា​ធ្វើ​នេះ គឺ​គ្រាន់​តែ​ដើម្បី​ដើរ​ប្ដឹង​តែ​ប៉ុណ្ណោះ»

ប្រធាន​ស្ដីទី​ក្រុម​ប្រឹក្សា​ឃុំ​តាជេស គឺ​លោក​ស្រី គី សុភាព មាន​ប្រសាសន៍​ថា ដោយ​ឯកសារ​សំណើ​សុំ​បញ្ជាក់​របស់​ប្រជា​ពលរដ្ឋ​ពុំ​ច្បាស់​លាស់​ដោយ​មាន​លាយ​ឡំ​នូវ​ប្រជា​ពលរដ្ឋ​ខ្លះ ដែល​ពុំ​មាន​ឈ្មោះ​ជា​ប្រជា​ពលរដ្ឋ​ភូមិ​ឡ​ពាង​នោះ​ទេ។ លោក​ស្រី​បន្ត​ថា ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​លោក​ស្រី​បាន​ថត​ចម្លង​បញ្ជី​អត្តសញ្ញាណកម្ម​ជន​ក្រីក្រ​ជូន​ទៅ​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​គាត់​យក​ទៅ​ប្រើ​ការ​តាម​ផ្លូវ​ច្បាប់​រួច​ហើយ​ដែរ តែ​លោក​ស្រី​មិន​អាច​បញ្ជាក់​លើ​ពាក្យ​សុំ​ជា​រួម​របស់​ប្រជា​ពលរដ្ឋ​ទាំង ៦៤ គ្រួសារ​នោះ​បាន​ឡើយ។

លោក​ស្រី គី សុភាព ៖ «បុគ្គល​យើង​ម្នាក់​ឯង​បញ្ជាក់​អត់​ច្បាស់​ទេ​ពី​ព្រោះ​ខ្ញុំ​ទើប​តែ​ឡើង​នៅ​អាណត្តិ​ទី​២​នេះ ទី១។ ទី២ ទៀត​នោះ យើង​មេ​ឃុំ​ក្ដាប់​មិន​អស់​ដូច​មេ​ភូមិ​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា តាម​រយៈ​ការ​សម្ភាសន៍​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ជន​ក្រីក្រ​នោះ​វា​ច្បាស់​ហើយ។ប្រជា​ពលរដ្ឋ​អាច​យក​បញ្ជី​នេះ​យក​ទៅ​ប្រើប្រាស់​ទៅ​វា​ស្រប​ច្បាប់​ហើយ»

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​តម្រូវ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​ប្រថាប់​ក្ដី​ចំនួន ១២ លាន​រៀល តែ​ដោយ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​បង់​ទើប​ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ​ជួយ​បញ្ជាក់​ភាព​ក្រីក្រ​បំពេញ​បែប​បទ​ជូន​តុលាការ​ឲ្យ​រួច​ពី​ការ​បង់​ថ្លៃ​ប្រដាប់​ក្ដី និង​ដើម្បី​ឲ្យ​រឿង​ក្តី​របស់​ពួក​គាត់​អាច​បាន​ដំណើរ​ការ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​សមាគម អាដហុក ការពារ​សិទ្ធិ​មនុស្ស​លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ការ​មិន​បញ្ជាក់​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​ភូមិ​ឡ​ពាង​នេះ​ផ្ដើម​ចេញ​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​អ្នក​មាន​ទ្រព្យ​មាន​អំណាច។ លោក​ថា អាជ្ញាធរ​ភូមិ​ឃុំ​អាច​ទទួល​រង​នូវ​សំពាធ​ពី​បញ្ហា​នេះ​ទើប​មិន​ហ៊ាន​ចុះ​ហត្ថលេខា​បញ្ជាក់​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​ភូមិ​ឡ​ពាង។ ទន្ទឹម​គ្នា​នេះ លោក​សំណូមពរ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ឡើង​វិញ​ចំពោះ​សមាសភាព​ខ្លះ​នៃ​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំងនេះ​ផង។

លោក ចាន់ សុវ៉េត ៖ «ដោយ​ជា​រឿង​ដែល​អ្នក​ក្រីក្រ​ទាស់ទែង​ជាមួយ​អ្នក​មាន​លុយ មាន​អំណាច​នេះ​ឯង។ ហើយ​ប្រសិន​បើ​ប្រទេស​យើង​ប្រកាន់​ជំហរ​ថា​អាជ្ញាធរ ដែល​នៅ​ជាមួយ​ប្រជាជន ហើយ​មិន​ទទួល​ស្គាល់​ប្រជាជនខ្លួន​ឯង​ទៀត​នោះ ខ្ញុំ​យល់​ថា​ប្រទេស​យើង​កាន់តែ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​បើ​យ៉ាង​នេះ»

ទោះជា​យ៉ាង​នេះ​ក្ដី គណៈកម្មការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) មាន​គម្រោង​នឹង​ធ្វើ​លិខិត​អំពាវនាវ​ចំពោះ​សប្បុរស​ជន និង​អង្គការ​នានា ដើម្បី​រៃ​អង្គាស​ប្រាក់​មក​បង់​ថ្លៃ​ប្រដាប់​ក្ដី​ជូន​អ្នក​ភូមិ​ឡ​ពាង ប្រសិន​អាជ្ញាធរ​ភូមិ​ឃុំ​មិន​បញ្ជាក់​ភាព​ក្រីក្រ​ជូន​អ្នក​ភូមិ​ទេ​នោះ ដើម្បី​ឲ្យ​រឿង​ក្ដី​នេះ អាច​ដំណើរ​ការ​ទៅ​បាន៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល