តើ លី យ៉ុងផាត់ ជា​នរណា? (ភាគ​១)

ដី​ស្រែ ចម្ការ និង​ដី​ភូមិ​ឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ខេត្ត​នានា ដូច​ជា​នៅ​កោះកុង កំពង់ស្ពឺ និង​ឧត្តរមានជ័យ ជាដើម បាន​រង​ការ​ឈូស​ឆាយ​បំផ្លាញ​ចោល​រហូត​មក​ដល់​ពេល​នេះ ដោយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ ក្រោម​ផ្លាក​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។
ដោយ តាំង សារ៉ាដា
2010-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តើ​លោក លី យ៉ុងផាត់ ជា​នរណា? មាន​ក្រុមហ៊ុន​ប៉ុន្មាន? ឈ្មោះ​អ្វី​ខ្លះ? ទទួល​បាន​ដី​សម្បទាន​ទំហំ​ប៉ុណ្ណា?

រយៈ​ពេល ៥​ឆ្នាំ​កន្លង​មក​នេះ លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា រង​ការ​ចោទ​ប្រកាន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ថា បាន​បញ្ជា​កម្លាំង​យោធា និង​កម្លាំង​ប៉ូលិស​ដ៏​ហិង្សា​មក​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ នៅ​ពេល​ពួក​គេ​ព្យាយាម​ការពារ​ដី​ស្រែ​ចម្ការ​ពី​ការ​ឈូស​ឆាយ​ដោយ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​លោក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា ការ​រីក​រាល​ដាល​នៃ​សកម្មភាព​រំលោភ​ដី​ធ្លី​ទាំង​នេះ កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ម៉ឺន​ហិកតារ ដោយ​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ពី​ផល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​ប្រជា​ពលរដ្ឋ និង​គ្មាន​ការ​ចូលរួម​ពី​សហគមន៍។

នៅ​ឆ្នាំ​២០០៦ ក្រុមហ៊ុន​ដាំ​ដើម​អំពៅ​របស់​លោក លី យ៉ុងផាត់ ឈ្មោះ Koh Kong Sugar Industry បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៩៧០០​ហិកតារ​សម្រាប់​រយៈ​ពេល ៩៩​ឆ្នាំ ក្នុង​ស្រុក​ស្រែ​អំបិល និង​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ Koh Kong Plantation ដែល​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩៤០០​ហិកតារ​ក្នុង​ស្រុក​បទុមសាគរ ខេត្ត​កោះកុង។ ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ទាំង​ពីរ​នេះ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ១៩១០០​ហិកតារ។

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៦ ថា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ ក្រុមហ៊ុន​ទាំង​ពីរ​របស់​លោក លី យ៉ុងផាត់ ក្នុង​ខេត្ត​កោះកុង បាន​ប្រើ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​ប៉ូលិស ចំនួន​ជាង ១០​នាក់ អាវុធ​គ្រប់​ដៃ​អម​ដោយ​ត្រាក់ទ័រ​ឈូស​ឆាយ​រំលើង​ផ្ទះ​សម្បែង និង​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ​ដែល​បាន​រស់នៅ និង​ប្រកប​របរ​ដាំ​ដុះ​លើ​ដី​ទំហំ​ជាង ៥០០​ហិកតារ ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ប្រជា​ពលរដ្ឋ​អះអាង​ថា គេ​បាន​រស់​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។ ខណៈ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា និង​ព្យាយាម​បញ្ឈប់​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន អ្នក​ភូមិ​មួយ​ចំនួន​បាន​រង​របួស​ជា​ទម្ងន់ នៅ​ពេល​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ការពារ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បាន​បាញ់​គំរាម និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ភូមិ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កម្លាំង​ប្រដាប់​អាវុធ​បាន​បាញ់​រះ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ែត នឹម បាន​ដាច់​មេ​ជើង​ម្ខាង ហើយ​បុរស​ម្នាក់​ឈ្មោះ អែម ជឿង ត្រូវ​របួស​ដោយ​គ្រាប់​កាំភ្លើង​ចំ​ស្មា​ខាង​ស្កាំ ហើយ​អ្នក​ភូមិ​ចំនួន ៥​នាក់​ផ្សេង​ទៀត រង​របួស​ជា​ទម្ងន់។ ៣​ខែ​ក្រោយ​មក ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​លួច​សម្លាប់​អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ អាន អ៊ិន ដែល​ជា​សកម្មជន​តវ៉ា​រឿង​ដី​ធ្លី ដោយ​កាប់​នឹង​ពូថៅ​ដៃ។

ចំណែក​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ កាល​ពី​ចុង​ឆ្នាំ​២០០៩ បាន​បង្ហាញ​អំពី​ការ​រំលោភ​ដី​ធ្លី​មួយ​ទៀត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Angkor Sugar ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

របាយការណ៍​នោះ​បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ក្រុមហ៊ុន Angkor Sugar របស់​លោក លី យ៉ុងផាត់ នេះ បាន​សហការ​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​កង​វរ​សេនា​តូច​លេខ​៤២ ធ្វើ​ការ​ជម្លៀស​អ្នក​ភូមិ​ចំនួន ២១៤​គ្រួសារ​ចេញ​ពី​លំនៅ​ក្នុង​ភូមិ​បូស ឃុំ​កូនក្រៀល ខេត្ត​ឧត្តរមានជ័យ យ៉ាង​ហិង្សា។ ការ​ជម្លៀស​នោះ​រួម​មាន​ការ​ឈូស​ឆាយ ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ​ជាង ១០០​ខ្នង និង​ផល​ដំណាំ ជាដើម។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ជាមួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ខណៈ​ក្រុមហ៊ុន​របស់​លោក​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៩៧៣៦​ហិកតារ​សម្រាប់​ក្រុមហ៊ុន​របស់​លោក​ចំនួន​បី គឺ​ក្រុមហ៊ុន Angkor Sugar ក្រុមហ៊ុន Cane and Sugar Valley និង​ក្រុមហ៊ុន The Tonle Sugar Cane។

ក្រុម​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា​បង្ហាញ​ថា ទំនាស់​ដី​ធ្លី​មួយ​ទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ពីរ​ទៀត ឈ្មោះ កំពង់ស្ពឺ Sugar ក្នុង​ស្រុក​ថ្ពង មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩០០០​ហិកតារ ហើយ​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ ភ្នំពេញ Sugar ក្នុង​ស្រុក​ឱរ៉ាល់ ក៏​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩០០០​ហិកតារ​ផងដែរ។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទើប​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ ដើម្បី​វិនិយោគ​ដាំ​ដើម​អំពៅ​ធ្វើ​ស្ករ​ស។ ចំនួន​ដី​ដ៏​ធំធេង​នេះ​បាន​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​ដំណាំ​ដាំ​ដុះ​របស់​ប្រជា​កសិករ​នៅ​ទី​នោះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ៦០០​នាក់​បាន​ក្រោក​ឡើង​តតាំង​នឹង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់ បណ្តាល​ឲ្យ​អំពើ​ហិង្សា​ផ្ទុះ​ឡើង​រវាង​អ្នក​ភូមិ និង​ក្រុម​យោធា​នៃ​កង​ពល​លេខ​៣១៣ ដែល​កំពុង​ការពារ​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ​ចំនួន ១០​ភូមិ ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង។

បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​នោះ តំណាង​ប្រជា​ពលរដ្ឋ ២​រូប ឈ្មោះ យូ ថូ និង ឃឹម វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន។ មួយ​សប្ដាហ៍​ក្រោយ​មក តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​ដោះលែង​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​រូប​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ការ​ដោះលែង​នោះ​គឺ​ដោយសារ​មាន​ការ​ធ្វើ​បាតុកម្ម​ពី​អ្នក​ស្រុក​ដ៏​ច្រើន​កុះករ​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ។

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១០​កន្លង​ទៅ​នេះ ថា លោក លី យ៉ុងផាត់ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​យ៉ាង​ច្រើន។ លោក​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ទាំង​នោះ​សុទ្ធ​តែ​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ ហើយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ លោក​នៅ​ពុំ​ទាន់​ឃើញ​មាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នោះ​ឡើយ។

លោក អំ សំអាត មាន​ប្រសាសន៍​បន្ត​ថា ទី​ណា​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ទី​នោះ​តែងតែ​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ។ លោក​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ដែល​បាន​បាត់​បង់​ដី​ធ្លី ដោយសារ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នោះ ភាគ​ច្រើន​កាន់​តែ​មាន​ជីវភាព​យ៉ាប់យ៉ឺន និង​កាន់​តែ​មាន​បញ្ហា​ចំណាក​ស្រុក។

របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ប្រចាំ​ក្នុង​ទីក្រុង​ហុងកុង បង្ហាញ​ថា លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ដ៏​ច្រើន។ នៅ​ក្នុង​របាយការណ៍​នោះ​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​អស់​រួម​មាន ក្រុមហ៊ុន Koh Kong Sugar Industry មាន​ផ្ទៃ​ដី​ទំហំ ៩៧០០​ហិកតារ ហើយ​មួយ​ទៀត​ឈ្មោះ Koh Kong Plantation មាន​ដី​ទំហំ ៩៤០០​ហិកតារ ក្នុង​ខេត្ត​កោះកុង។ របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ដែរ​ថា នៅ​ខេត្ត​ឧត្តរមានជ័យ លោក លី យ៉ុងផាត់ មាន​ដី​ទំហំ ១៩៧៣៦​ហិកតារ​សម្រាប់​ក្រុមហ៊ុន​ចំនួន​បី គឺ​ក្រុមហ៊ុន Angkor Sugar ក្រុមហ៊ុន Cane and Sugar Valley និង​ក្រុមហ៊ុន The Tonle Sugar Cane ហើយ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ឯ​ណោះ​វិញ លោក​មាន​ដី​ទំហំ ៩០០០​ហិកតារ សម្រាប់​ក្រុមហ៊ុន កំពង់ស្ពឺ Sugar ហើយ​ដី​ទំហំ ៩០០០​ហិកតារ​ផ្សេង​ទៀត សម្រាប់​ក្រុមហ៊ុន ភ្នំពេញ Sugar។ ដូច្នេះ​ប្រសិន​បើ​ធ្វើ​ការ​សរុប​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​លោក លី យ៉ុងផាត់ កំពុង​កាន់កាប់​រយៈ​ពេល ៩៩​ឆ្នាំ​នោះ មាន​ទំហំ​សរុប ៥៦៨៣៦​ហិកតារ ស្មើនឹង ៥៦៨​គីឡូម៉ែត្រ​ការ៉េ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល