មូលហេតុ​ដែល​ពលរដ្ឋ​​មួយ​ចំនួន​ទៅ​ព្យាបាល​ជំងឺ​នៅ​​ក្រៅ​ប្រទេស

ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​បាន​ស្វែង​រក​វិស័យ​សុខាភិបាល​នៅ​ឯ​ប្រទេស​ជិត​ខាង​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ ការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើប មាន​ស្តង់ដារ​និង​មាន​ក្តី​សង្ឃឹម​ច្រើន​ថា​អាច​ជួយ​សង្រ្គោះ​អាយុ​ជីវិត​ពួកគេ​បាន។
ដោយ ខែ សុណង
2009-12-15
Share

ទន្ទឹម​នឹង​នេះ​សេវា​សុខភាព​ក្នុង​ស្រុក​ក៏​កើត​មាន​រឿង​មិន​ប្រក្រតី​ចំពោះ​ការ​ព្យាបាល​អ្នក​ជំងឺ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត ដែល​នាំ​ឲ្យ​មាន​ប្តឹង​ផ្តល់​និង​បិទ​គ្លីនិក​មួយ​ចំនួន​ផង​ដែរ។ បញ្ហា​នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខ្លាច​ញញើត។

អ្នកស្រី សុគន្ធា ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​សមាជិក​ក្នុង​គ្រួសារ​របស់​គាត់​តែងតែ​ទៅ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​វៀតណាម លើក​លែង​តែ​ជំងឺ​ធម្មតា​ដែល​កើត​មាន​តិចតួច​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ថវិកា​ទៅ​លើ​សោហ៊ុយ ការ​ហូប​ចុក​និង​ការ​ស្នាក់​នៅ​ច្រើន​ជាង​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក​យ៉ាងណា​ក៏ដោយ។ អ្វី​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​របស់​គាត់​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​នោះ គឺ​ដោយសារ​ក្រម​សីលធម៌​គ្រូពេទ្យ បច្ចេកវិទ្យា​នៃ​ការ​ព្យាបាល​ទាំង​ក្នុង​សេវា​រដ្ឋ​និង​ឯកជន​នៅ​មាន​កម្រិត។

អ្នកស្រី សុគន្ធា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ភាគ​ច្រើន​គឺ​គ្រូពេទ្យ​អត់​សូវ​មាន​ក្រម​សីលធម៌​តែម្ដង។ នៅ​ពេល​ដែល​នាង​ខ្ញុំ​ឈឺ​ពោះ (សម្រាល​កូន) គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​យើង​ទេ ថែម​ទាំង​ស្ដី​ឲ្យ​យើង​ទៀត គំរោះ​គំរើយ។ ចំពោះ​ការ​ព្យាបាល​ទៅ​ក្រៅ​ប្រទេស ថ្លៃ​សេវា​គឺ​ប្រហាក់​ប្រហែល​គ្នា ហើយ​នៅ​ស្រុក​ខ្មែរ​យើង​មាន​សេវា​លើ​តុ និង​សេវា​ក្រោម​តុ គឺ​ជីដូន​ខ្ញុំ​តែម្ដង អស់​លទ្ធភាព​អត់​ព្រម​ប្រាប់​ថា អ្នក​ជំងឺ​ហ្នឹង​អស់​លទ្ធភាព​ទេ ឲ្យ​យក​អ្នក​ជំងឺ​ហ្នឹង​ទៅ​ផ្ទះ នៅ​ពេល​ដែល​យើង​យក​ទៅ​ផ្ទះ​ស្លាប់​តែម្ដង»

លោក អ៊ុក តាត អាយុ​៧២​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ ដែល​ទើប​តែ​មក​ពី​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​ថៃ បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ថា លោក​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខណៈ​ដែល​ជំងឺ​របស់​លោក​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​យោបល់​ឲ្យ​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដោយ​បញ្ជាក់​មូលហេតុ​ថា ពុំ​មាន​ឧបករណ៍​ដើម្បី​ព្យាបាល​ទៅ​វិញ។

លោក អ៊ុក តាត មាន​ប្រសាសន៍​ដូច្នេះ ៖ «គេ​មាន​ឧបករណ៍​ទំនើប​ជាង​យើង។ ការ​ចំណាយ​គឺ​ធ្ងន់​ណាស់។ ខ្ញុំ​ទៅ​នៅ​សង្រ្គោះ​បន្ទាន់​៣០០០​បាត បន្ទប់​មួយ​យប់​១០០​ដុល្លារ។ ខ្ញុំ​ទៅ​កន្លះ​ខែ​អស់​ជាង​១៤.០០០​ដុល្លារ។ យើង​ទុក​ចិត្ត​ជាង យើង​ទៅ​ដល់​យើង​ឃើញ​ឥរិយាបថ​គេ ហើយ​ឧបករណ៍​គេ គឺ​មាន​សង្ឃឹម​នៅ​ក្នុង​ចិត្ត»

អង្គុយ​រង់ចាំ​នៅ​មុខ​បន្ទប់​ពិគ្រោះ​ជំងឺ​បេះដូង​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​នា​ទីក្រុង​ភ្នំពេញ យុវជន ម៉េង ស្រ៊ី ក្នុង​សភាព​ស្គមស្គំាង ទឹក​មុខ​ស្លេកស្លាំង និយាយ​បណ្តើរ​ក្អក​បណ្តើរ បាន​ប្រាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា គាត់​មាន​ការ​អស់​សង្ឃឹម​ចំពោះ​វិស័យ​សុខាភិបាល​របស់​រដ្ឋ​ដែល​គាត់​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ រី​ឯ​តម្លៃ​ស្ទើរ​តែ​ដូច​គ្លីនិក​ឯកជន​ដែរ។

យុវជន ម៉េង ស្រ៊ី បាន​និយាយ​ប្រាប់​ដូច្នេះ ៖ «ចូល​ទៅ​ឆ្លុះ​ត្រូវ​បង់​លុយ​១៥.០០០​រៀល ចេញ​វេជ្ជបញ្ជា​មក​ទិញ​ថ្នាំ​លេប​ខ្លួន​ឯង​អស់​១៥​ដុល្លារ។ ចេះ​តែ​ក្អក​ធ្វើការ​អត់​កើត។ ពេល​ខ្ញុំ​ទៅ​ពិនិត្យ​បេះដូង ទៅ​ចាំ​មុខ​បន្ទប់ ទូរស័ព្ទ​សួរ​គាត់​(ពេទ្យ) គាត់​ថា​រវល់ ដល់​ពេល​គាត់​មក​ដល់​គាត់​ថា មើល​អត់​ទាន់​ទេ​ដល់​ម៉ោង​ហើយ។ មួយ​ថ្ងៃ​ថ្លៃ​ចាក់​ថ្នាំ​ដឹង​តែ​៦០.៥០០​រៀល។ គ្មាន​លុយ​រត់​ចូល​រដ្ឋ ដល់​ពេល​ចូល​រដ្ឋ រដ្ឋ​យក​លុយ​ដែរ ហើយ​សេវា​ពិបាក»

អ្នកស្រី សុភាព ក្នុង​វ័យ​៣២​ឆ្នាំ ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​អូឡាំពិក មាន​ប្រសាសន៍​ថា ដោយសារ​ការ​ពុំ​មាន​ទំនុក​ចិត្ត​ពី​វិស័យ​សុខាភិបាល​នៅ​ក្នុង​ស្រុក គួប​ផ្សំ​នឹង​អ្នកស្រី​មាន​ធនធាន​បន្តិច​ផង​នោះ សូម្បី​តែ​ការ​សម្រាល​កូន​ក៏​អ្នកស្រី​សម្រេច​ចិត្ត​ទៅ​ប្រទេស​ក្រៅ​ដែរ។

អ្នកស្រី សុភាព មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ទៅ​សម្រាល​កូន​នៅ​អាមេរិក និយាយ​ទៅ​ខ្ញុំ​ចង់​បាន​សញ្ជាតិ​កូន​ហ្នឹង​តែម្ដង។ អត់​ទុក​ចិត្ត​ទេ​កើត​នៅ​ស្រុក​ខ្មែរ»

បុរស​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ ចន រស់​នៅ​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ដង្កោ បាន​សំណូមពរ​ឲ្យ​ក្រសួង​សុខាភិបាល កំណត់​សេវា​បង់​ថ្លៃ​ឲ្យ​បាន​ច្បាស់​លាស់ និង​មាន​ការ​អនុគ្រោះ​ដល់​ពលរដ្ឋ​ក្រីក្រ ជា​ពិសេស​ធ្វើការ​ពង្រឹង ដាក់​ពិន័យ​ចំពោះ​គ្រូពេទ្យ​ណា​ដែល​គ្មាន​ក្រម​សីលធម៌ និង​ទទួល​សំណូក​ពី​ប្រជាពលរដ្ឋ។

លោក ចន បាន​ឲ្យ​ដឹង​ថា ៖ «ជាក់​ស្ដែង​គឺ​ម្ដាយ​ខ្ញុំ​ហ្នឹង យក​ទៅ​គេ​សួរ​លុយ​ជា​មុន​សិន បើ​យើង​អត់​លុយ​គឺ​គេ​ដាក់​អ្នក​ជំងឺ​នៅ​ខាង​ក្រៅ គេ​អត់​រុញ​ចូល​កន្លែង​សង្រ្គោះ​បន្ទាន់​ទេ គាត់​ឈឺ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយ រហូត​ដល់​មិន​អាច​ព្យាបាល​បាន បាន​គេ​រុញ​ចូល​ទៅ​សង្រ្គោះ​បន្ទាន់ ដល់​អ៊ីចឹង​ទៅ​វា​ហួស​ហើយ។ ពេទ្យ​គេ​ដាក់​ស្លាក​មិន​ឲ្យ​ទទួល​លុយ ឬ​សំណូក​ទេ ក៏​ប៉ុន្តែ​បើ​យើង​មិន​ឲ្យ​លុយ​គេ គេ​មើល​យើង​មិន​ដិតដល់។ ស្អី​បន្តិច​ក៏​លុយ​ដែរ សូម្បី​តែ​រុញ​ប្រពន្ធ​ខ្ញុំ​ចេញ​ពី​កន្លែង​សម្រាល ចាក់​ថ្នាំ ឬ​ងូត​ទឹក​ឲ្យ​កូន​អី​ត្រូវ​តែលុយ»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ខាង​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ លោក​ថា មាន​ប្រជាពលរដ្ឋ​តិច​ប៉ុណ្ណោះ​ដែល​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​នោះ។ ជាមួយ​គ្នា​នេះ​លោក​ពិត​ជា​ទទួល​ស្គាល់​នូវ​បញ្ហា​មួយ​ចំនួន ដូចជា​ក្រម​សីលធម៌​របស់​គ្រូពេទ្យ សម្មត្ថភាព​និង​បច្ចេកទេស​នៅ​មាន​ការ​ខ្វះ​ចន្លោះ ដោយសារ​តែ​ការ​ខ្ទេចខ្ទាំ​ដោយ​សង្រ្គាម​ប្រល័យ​ពូជ​សាសន៍ ដូច្នេះ​ការ​កសាង​ឡើង​វិញ​គឺ​ត្រូវ​ការ​ពេល​វេលា។

លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​កំពុង​ខិតខំ​ហើយ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​នៅ​ជនបទ នៅ​ទីក្រុង​អាច​ទទួល​បាន។ យើង​កំពុង​ពង្រីក​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​យើង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​យើង​ទៅ​តាម​ធនធាន​ដែល​រាជ​រដ្ឋាភិបាល​យើង​មាន»

ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​សុខភាព​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា Medicam លោក​វេជ្ជបណ្ឌិត ស៊ីន សុមុនី បាន​ធ្វើការ​កត់​សម្គាល់​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​មួយ​ចំនួន​ហើយ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ដល់​កម្រិត​មួយ​គួរ​ជា​ទី​ពេញ​ចិត្ត​ដល់​ពលរដ្ឋ​១០០%​នៅ​ឡើយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​សិង្ហបុរី ប្រទេស​វៀតណាម និង​ ប្រទេស​ថៃ​ជាដើម​នោះ ដោយសារ​តែ​ប្រទេស​កម្ពុជា បាន​ឆ្លង​កាត់​សម័យ​សង្រ្គាម​ដ៏​ល្វីង​ជូរ​ចត់ ប៉ុន្តែ​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​សុខាភិបាល គួរ​ធ្វើការ​ពង្រឹង​និង​កែ​លម្អរ​នូវ​វិស័យ​សុខាភិបាល​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

លោក​វេជ្ជបណ្ឌិត ស៊ីន សុមុនី មាន​ប្រសាសន៍​ថា ៖ «ពង្រឹង​ការ​ទុក​ចិត្ត​គ្នា​រវាង​អ្នក​ប្រើប្រាស់​សេវា អ្នក​ផ្ដល់​សេវា យើង​ត្រូវ​កែ​លម្អ​ឥរិយាបថ​របស់​គ្រូពេទ្យ ជា​ពិសេស​សម្ដី ការ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​អ្នក​ជំងឺ ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង គឺ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ប្រាក់​ឧបត្ថម្ភ ប្រាក់​ខែ ប្រាក់​បៀវត្សរ៍​អី»

នៅ​ក្នុ្ងង​សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១០ ដែល​សភា​ជាតិ​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ការ​ធានា​សម្រេច​ឲ្យ​បាន​នូវ​ការ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ​និង​ធ្វើ​ការ​កែ​លម្អ​ឲ្យ​បាន​លើស​១% ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ក៏​មាន​វិស័យ​សុខាភិបាល​ផង​ដែរ៕

ព័ត៌មាន (6)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 15, 2009 01:35 PM

Mr.Mam Bun Heng
With all respect,it has been 30 years,you cannot improve your department,get someone who can do it. 30 years is a long enough to do anything if you want,stop blaming the war.The kids who were born after the gun battle,now they are grown up already.The point is ,Cambodian have enough time to do if they want to do it right.If 30 years not enough,how long -300 years?????

Anonymous says:
Dec 20, 2009 01:17 AM

You have to look at bright side, the gonernment all ready promise will increase over all including healthcare 1% every year so it going to take only 100 years to improveing it.

Anonymous says:
Dec 15, 2009 03:13 AM

Medical care is very scarce in Cambodia. It is not comparable to 1970's

Anonymous says:
Dec 16, 2009 11:28 AM

WHAT ELSE THAT CAMBODIAN EXPECTED FROM GOVERNMENT HOSPITAL AND DOCTORS? EVERY WHERE IN CAMBODIA ALWAYS SMELL EVEN HIGH RANKING, HIGH CLASS , AND JUDGE. MOST OF THEM CORRUPTION ON DIPLOMA CERTIFICATE.

Anonymous says:
Dec 16, 2009 06:21 PM

I think the way their act to the poor people in Cambodia is learned from Khmer rouge. All they want is money.

Anonymous says:
Dec 15, 2009 04:55 PM

What they have said is 100% sure. I think that bad service is not only hospital but every place of Govt.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល