ការ​អប់រំ​យុវជន​ឲ្យ​ដើរ​ផ្លូវ​ត្រូវ ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង និង​សង្គម​ជាតិ

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ជាមួយ​យុវជន​នៅ​កម្ពុជា បាន​អះអាង​ថា ការ​តម្រង់​ទិស​យុវជន​ឲ្យ​ជ្រើសរើស​ផ្លូវ​មួយ​ត្រឹមត្រូវ តាម​រយៈ​ការ​បំផុស​ស្មារតី​ឲ្យ​យុវជន​ចេះ​វិភាគ ចេះ​គិត​ពិចារណា​ច្រើន និង​ផ្ដល់​សិទ្ធិ​សេរី​ភាព​ឲ្យ​ពួក​គេ​បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​នោះ គឺ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​បុគ្គល សង្គម​គ្រួសារ និង​ប្រទេស​ជាតិ​ទាំង​មូល។
ដោយ ខែ សុណង
2011-09-02
Share

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កញ្ញា​ថា លោក​មាន​ជំនឿ​ថា ជោគ​វាសនា​របស់​ប្រទេស​ជាតិ និង​បុគ្គល​ម្នាក់ៗ​ឬ​គ្រួសារ​ទាំង​មូល គឺ​ពឹង​ផ្អែក​ទៅ​លើ​គុណភាព​នៃ​ការ​គិត​ពិចារណា​របស់​ពលរដ្ឋ និង​សមាជិក​ក្នុង​គ្រួសារ។

លោក​ថា នៅ​ពេល​ដែល​យុវជន​ចេះ​គិត​ពិចារណា​រក​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​នោះ នឹង​អាច​ឲ្យ​ពួកគេ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​អ្នក​ដទៃ និង​មាន​គំនិត​ឯករាជ្យ​ក្នុង​ការ​គ្រប់គ្រង​ជីវិត​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ជីវិត​គ្រួសារ និង​សង្គម​ជាតិ​ទៀត​ផង។

លោក ជាង សុខា ៖ «អ្វី​ដែល​ជា​គោលដៅ​សំខាន់​របស់​យើង គឺ​យើង​បណ្ដុះ​នៅ​មនសិការ​សង្គម ឆន្ទៈ​សង្គម និង​គំនិត​នៃ​ការ​គិត​ពិចារណា និង​ការ​វិភាគ​ឲ្យ​ស៊ី​ជម្រៅ​ពី​បញ្ហា​នៅ​ជុំវិញ​ខ្លួន​គាត់ ទោះ​បី​នៅ​ក្នុង​ប្រទេស​ក្ដី នៅ​ក្នុង​តំបន់ ឬ​នៅ​ក្នុង​ពិភពលោក​ក្ដី ដើម្បី​ឲ្យ​គាត់​មាន​សមត្ថភាព​ក្នុង​ការ​ចូលរួម​យ៉ាង​ សកម្ម​ក្នុង​ដំណើរការ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ អ្វី​ជា​យុទ្ធសាស្ត្រ​របស់​អង្គការ YRDP គឺ​យើង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​វិភាគ​អំពី​បញ្ហា​ទាំង​ឡាយ​ណា ដែល​កើត​មាន​ជុំវិញ​ខ្លួន​គាត់ ហើយ​កំពុង​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​រៀបចំ​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល»។

លោក ជាង សុខា បាន​បន្ត​ទៀត​ថា អង្គការ​របស់​លោក មាន​វគ្គ​អភិវឌ្ឍន៍​ខ្លួន​ឯង វគ្គ​ដោះស្រាយ​ទំនាស់ និង​វគ្គ​ការ​ទទួល​ខុស​ត្រូវ​សង្គម សុទ្ធ​សឹង​ជា​វគ្គ​សំខាន់ ដែល​យុវជន​ចាំ​បាច់​បំផុត ត្រូវ​តែ​មាន​ការ​យល់​ដឹង។

លោក ជាង សុខា៖ «យើង​មាន​វគ្គ​បណ្ដុះបណ្ដាល​ច្រើន។ ប៉ុន្តែ អ្វី​ដែល​ជា​វគ្គ​មូលដ្ឋាន​សំខាន់ គឺ​យើង​និយាយ​អំពី​វគ្គ​អភិវឌ្ឍន៍​ខ្លួន​ឯង គឺ​យើង​ប្រើ​រយៈ​ពេល​រហូត​ដល់ ១៥ ថ្ងៃ ដើម្បី​ពិភាក្សា​ជាមួយ​យុវជន ថា​តើ​យើង​ត្រូវ​បណ្ដុះបណ្ដាល ឬ​ក៏​អភិវឌ្ឍន៍​ខ្លួន​ឯង​ដោយ​របៀប​ណា ដើម្បី​ឲ្យ​មាន​ភាព​រឹង​មាំ នៅ​ក្នុង​ខ្លួន មាន​ភាព​ជា​ម្ចាស់​លើ​ខ្លួន​ឯង ស្គាល់​ច្បាស់​អំពី​ខ្លួន​ឯង មាន​គោលដៅ​ក្នុង​ជីវិត​ជាក់លាក់ មាន​តម្លៃ​ក្នុង​ជីវិត​ជាក់​លាក់ ព្រម​ទាំង​ស្គាល់​តួនាទី​របស់​ខ្លួន ក្នុង​កិច្ចការ​គ្រួសារ ក្នុង​សង្គម»។

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​យុវជន​ងាយ​រងគ្រោះ គឺ​ជា​យុវជន​ដែល​រស់នៅ និង​ធ្វើការ​តាម​ចិញ្ចើម​ថ្នល់ យុវជន​រងគ្រោះ​ដោយ​គ្រឿងញៀន និង​មាន​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍ ដែល​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ក្រុម​បាត់បង់​ឱកាស​ក្នុង​សង្គម​នោះ គេ​ក៏​មាន​វិធី​សាស្ត្រ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។

នាយិកា​អង្គការ​មិត្ត​សំឡាញ់ លោកស្រី លី សូផាត មាន​ប្រសាសន៍​ថា ការ​អូសទាញ​យុវជន​រងគ្រោះ​ឲ្យ​បាន​ទទួល​ជំនាញ និង​ការ​អប់រំ​ខ្លះ​ៗ ជា​ទុន​សម្រាប់​ជីវិត​រស់​នៅ​របស់​ពួក​គេ​នោះ គឺ​ជា​កិច្ចការ​មួយ​លំបាក និង​មិន​អាច​បង្ខិត​បង្ខំ​ពួក​គេ​បាន​ទេ។

លោកស្រី​បន្ត​ថា ការ​អប់រំ​យុវជន​ប្រភេទ​នេះ គឺ​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ បាន​រួម​ចំណែក​បញ្ចេញ​យោបល់ និង​ទទួល​យក​គំនិត​របស់​ពួក​គេ​ច្រើន ដើម្បី​ស្វែង​យល់​ថា តើ​ពួកគេ​ត្រូវ​ការ និង​ចង់​បាន​អ្វី។

លោក​ស្រី​បញ្ជាក់​ថា ការ​អប់រំ​យុវជន​តាម​វិធី​ប្រើ​ហិង្សា ដោយ​ការ​ជេរ​ប្រមាថ​ឲ្យ​ពួកគេ​មាន​ការ​ឈឺ​ចាប់ ឬ​គេ​ប្រើ​ពាក្យ​យ៉ាង​សាមញ្ញ​ថា អប់រំ​ដោយ​ប្រើ​ធម៌​ក្ដៅ​នោះ ពុំ​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​ក្នុង​ការ​តម្រង់​ទិស​យុវជន​ឲ្យ​ពួកគេ​អាច​ដើរ​ទៅ​ផ្លូវ​ល្អ និង​រក​អនាគត​ល្អ​បាន​ទេ។

លោកស្រី លី សូផាត ៖ «លើ​ពិភពលោក​ខ្ញុំ​ជឿ​ថា ការ​អប់រំ​ទៅ​លើ​យុវវ័យ គេ​មិន​ដែល​អប់រំ​ដោយ​ប្រើ​ធម៌​ក្ដៅ​ទេ។ គឺ​មាន​តែ​ការ​អប់រំ​នៅ​ជំនាន់​របប​ខ្មែរក្រហម​ទេ។ សំខាន់​គឺ​យើង​មាន​គោលការណ៍​ការពារ​កុមារ គឺ​ជា​គោលការណ៍​ធំ​បំផុត។ សម្រាប់​បុគ្គលិក​យើង​នៅ​ក្នុង​កន្លែង​នេះ យ៉ាង​ណា​យើង​គិត​ថា ពួក​គាត់​ជា​មនុស្ស​ដែរ។ អ៊ីចឹង​ការ​អប់រំ​ធម៌​ក្ដៅ​មិន​មែន​ជា​គន្លឹះ ឬ​ជា​ឧបករណ៍​មួយ សម្រាប់​អប់រំ​ដល់​យុវវ័យ ឬ​កុមារ ដែល​មាន​ជោគជ័យ​ទេ»។

លោកស្រី​បន្ត​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​យុវជន​ប្រមាណ ៦០០ ទៅ ៧០០ នាក់​ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​មក​ទទួល​ជំនាញ​វិជ្ជាជីវៈ​ពី​អង្គការ​នេះ និង​កុមារ​ជាង ១ ពាន់​នាក់ កាល​ពី​ឆ្នាំ ២០១០ បាន​ត្រឡប់​ទៅ​ចូល​រៀន​នៅ​សាលា​វិញ។

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​កម្មវិធី​សិក្សា សិក្សា​សង្គម របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​សិក្សា នៃ ក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី ជិន យ៉ាហន មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ បាន​រួម​ចំណែក​អប់រំ​យុវជន​យុវតី​ជា​សិស្សានុសិស្ស តាម​រយៈ​កម្មវិធី​សិក្សា​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​វិទ្យាល័យ។

លោកស្រី បន្ត​ថា តាម​រយៈ​ខ្លឹមសារ​ដែល​មន្ត្រី​បាន​ដាក់​ក្នុង​កម្មវិធី​សិក្សា​នោះ​គឺ​ជា​ប្រធានបទ​សំខាន់​ៗ ចាំបាច់ ៖ «តាម​ប្រធាន​បទ​ហ្នឹង​គឺ ការ​កសាង​ខ្លួន​ឯង អប់រំ​ខ្លួន​ឯង។ ស្គាល់​តម្លៃ​នៃ​ការ​សិក្សា ស្គាល់​តម្លៃ​សីលធម៌ ហើយ​ប្រធាន​បទ​មួយ​ទៀត គឺ​ការ​រួម​ចំណែក​ក្នុង​សហគមន៍​ជួយ​រំលែក​ការងារ​ក្នុង​សហគមន៍ ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន តួនាទី​ជា​យុវជន​អាច​ធ្វើ​អ្វី​បាន ដើម្បី​ប្រទេស​ជាតិ​រីក​ចំរើន។ ក្នុង​នោះ​ដែរ យើង​ឲ្យ​យុវជន​ស្គាល់​អ្វី​ហៅ​ថា​សិទ្ធិមនុស្ស សិទ្ធិ​កុមារ តម្លៃ​របស់​ស្ត្រី ជៀស​វាង​ការ​រើសអើង​នារី​ភេទ។ ក្រៅ​ពី​ហ្នឹង​ទៀត យើង​មាន​ប្រធានបទ​ការ​ចូលរួម​ក្នុង​សហគមន៍​អន្តរជាតិ​ហ្នឹង​ទៅ​ទៀត។ យើង​មាន​ប្រធាន​បទ​តាម​លំដាប់ថ្នាក់។កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាច​គ្រូ​បង្រៀន​មិន​បាន​ពេញ​ម៉ោង ហើយ​យុវជន​ហ្នឹង​ក៏​ទៅ​រៀន​មិន​បាន​ជាប់​លាប់ ហើយ​គ្រួសារ​មិន​បាន​ជួយ​ជ្រោមជ្រែង​ ទៅ​វា​ធ្វើ​ឲ្យ​លទ្ធផល​រំពឹង​ទុក​របស់​យើង​ចុះ»។

ថ្លែង​ទៅ​កាន់​យុវជន​ប្រមាណ ៦០០ នាក់ នៅ​ក្នុង​ទិវា​យុវជន​អន្តរជាតិ​លើក​ទី​១២ ថ្ងៃ​ទី ១២ សីហា នៅ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ម៉ាក ដោយវី (Marc Derveeuw) មាន​ប្រសាសន៍​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ខិតខំ​រៀន​សូត្រ និង​ចូលរួម​ក្នុង​សកម្មភាព​ការងារ​សង្គម។ លោក​មាន​ប្រសាសន៍​ថា យុវជន​ជា​ចលនា និង​ជា​កម្លាំង​មួយ​ដ៏​សំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម និង​ប្រទេស​ជាតិ​មួយ​ទាំង​មូល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល