អាមេរិក​នឹង​កាត់​ជំនួយ​បើ​ទំនប់​វារីអគ្គិសនី​នៅ​​ទន្លេ​មេគង្គ​សង់​មិន​ត្រឹមត្រូវ

ព្រឹទ្ធ​សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ថា គម្រោង​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា "គំនិត​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម​" នឹង​អាច​គ្រោះថ្នាក់ ប្រសិន​បើ​មាន​ការ​ខ្វះខាត​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពី​ភាគី​ពាក់ព័ន្ធ។
ដោយ យន់ សាមៀន
2010-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៥-មីនា-២០១០: អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​កណ្ដាល
២៥-មីនា-២០១០: អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​កណ្ដាល
AFP Photo

ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​សម្រាប់​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក លោក ជីម វ៉េប (Jim Webb) បាន​ស្នើ​សុំ​ឲ្យ​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ត្រៀម​ខ្លួន​កាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ប្រសិន​បើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​ក្រោម​មិន​សមស្រប​តាម​លក្ខណៈ​អន្តរជាតិ​ផ្នែក​បរិស្ថាន។

ការ​ទាមទារ​របស់​លោក ជីម វ៉េប ធ្វើ​ឡើង​ចំ​ពេល​លោកស្រី ហ៊ីលឡារី គ្លិនតុន កំពុង​ធ្វើ​ទស្សនកិច្ច​របស់​លោកស្រី​ក្នុង​ប្រទេស​នៃ​ទន្លេ​មេគង្គ។ លោកស្រី ហ៊ីលឡារី គ្លិនតុន ក៏​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត ហើយ​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រទេស​ទន្លេ​មេគង្គ ដែល​មាន​ប្រទេស​វៀតណាម ថៃ លាវ និង​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​គម្រោង​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​សុខភាព បរិស្ថាន អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ។ សហរដ្ឋ​អាមេរិក​ផ្ដល់​ថវិកា​សម្រាប់​គាំទ្រ​គម្រោង​នេះ។

លោក ជីម វ៉េប បាន​សរសេរ​លិខិត​ទៅ​លោកស្រី ហ៊ីលឡារី គ្លិនតុន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​សម្ដែង​ក្ដី​បារម្ភ បន្ទាប់​ពី​ប្រទេស​លាវ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ បាន​ដាក់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ឈ្មោះ​សាយ៉ាបុរី (Sayaboury)ទៅឲ្យគណៈកម្មាធិការ​ទន្លេ​មេគង្គពិនិត្យ ហើយ គណៈកម្មាធិការ​ទន្លេ​មេគង្គ នឹងធ្វើសេចក្តីសម្រេចចិត្តក្នុងរយៈពេល ៦ខែខាងមុខនេះ។

ការសិក្សា​ពី​ផល​ប៉ះពាល់​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ ចេញ​ផ្សាយ​នៅ​ពាក់​កណ្ដាល​ខែ​តុលា បាន​រក​ឃើញ​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​សាងសង់​នៅ​តាម​ទន្លេ​មេគង្គ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ប្រជាពលរដ្ឋ​ប្រមាណ ៦០​លាន​នាក់ ដែល​ពឹង​ពាក់​ទន្លេ​មេគង្គ សម្រាប់​រក​ម្ហូប​អាហារ និង​ការ​រស់​នៅ។

ការ​សិក្សា​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេ​មេគង្គ ក្នុង​រយៈ​ពេល ១០​ឆ្នាំ ដើម្បី​រង់ចាំ​មាន​បច្ចេកទេស​នៃ​ការ​សាងសង់ ដែល​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទន្លេ​មេគង្គ។

លោក ជីម វ៉េប បន្ត​ទៀត​ថា អាទិភាព​ដំបូង​របស់​គម្រោង​គំនិត​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម ត្រូវ​ធ្វើ​ការ​រារាំង​មិន​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទន្លេ​មេគង្គ ដូច្នោះ​ទាមទារ​កិច្ច​សហប្រតិបត្តិការ​ខ្លាំង​មួយ​ចំពោះ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្លាស់ប្ដូរ​បច្ចេកទេស​ទៅ​ឲ្យ​ប្រទេស​ទន្លេ​មេគង្គ។

លោកស្រី ហ៊ីលឡារី គ្លិនតុន បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​ប្រទេស​វៀតណាម ហើយ​លោកស្រី​នឹង​បន្ត​ដំណើរ​របស់​លោកស្រី​មក​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា។ នៅ​កម្ពុជា លោកស្រី​នឹង​ចូល​គាស់​ព្រះមហាក្សត្រ និង​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

What will Clinton really do with the King ?!
នៅ​កម្ពុជា លោកស្រី​នឹង​ចូល "​គាស់​" ព្រះមហាក្សត្រ និង​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

Oct 30, 2010 03:57 PM

គេហទំព័រ​ទាំងមូល