លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​​ប្រទេស​ហុងគ្រី និង​តាត់ហ្យីគីស្ថាន​រយៈពេល​២​ថ្ងៃ

ដោយ ម៉ៅ សុធានី
2019-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ចេញ​ដំណើរ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ទស្សនកិច្ច​នៅ​បរទេស នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩។
លោក ហ៊ុន សែន ចេញ​ដំណើរ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ទស្សនកិច្ច​នៅ​បរទេស នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​នៅ​ថ្ងៃ​១៣ ខែ​មិថុនា​នេះ បាន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី (Hungary) និង​ចូលរួម​សន្និសីទ​កំពូល នៅ​ប្រទេស​តាត់ហ្យីគីស្ថាន (Tajikistan)

លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី១៣ ដល់​១៤ មិថុនា លោក​នឹង​ជួបពិភាក្សា​ដាច់ដោយឡែក ជាមួយ​សម​ភាគី​ហុងគ្រី លើ​បញ្ហា​មួយ​ចំនួន ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ហុង គ្រី លោក វីក ត័រ អ័របាន (Viktor Orban) នឹង​ចុះ​ហត្ថលេខា លើ​ឯកសារ​ចំនួន​ពីរ គឺ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​កម្មវិធី​ផ្លាស់ប្ដូរ​វិស័យ​អប់រំ។លោក ហ៊ុន សែន សរសេរ​បន្ថែម​ទៀត​ថា ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ហុងគ្រី លោក​នឹង​ទៅ​ចូលរួម​សន្និសីទ​កំពូល​ស្ដីពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៥ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ខាងមុខ នៅ​ទីក្រុង​ឌូស្ហាន់បេ (Dushanbe) ប្រទេស​តាត់ហ្យីគីស្ថាន។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះ លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា ស្ដីពី​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​អំពី «អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការ​ពង្រឹង​ជំនឿ​ទំនុក​ចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA»​។​

ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ប្រធានាធិបតី តាត់ហ្យីគីស្ថាន និង​មេដឹកនាំ​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល