កម្មករ​ខ្មែរ​១៥​នាក់​នៅ​ម៉ាឡេស៊ី​ស្វែង​រក​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ

កម្មករ​ខ្មែរ ១៥​នាក់​ដែល​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ថា ពួក​គេ​កំពុង​ស្វែង​រក​ការ​អន្តរាគមន៍​ដើម្បី​រក​ច្រក​ចេញ​ឲ្យ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ម្ចាស់​រោងចក្រ​បាន​បញ្ឈប់​ពួក​គេ ក្រោយ​ពី​មាន​ការ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ។
ដោយ ឱ ភារិទ្ធ
2010-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ស្បោង ជាតិ មាន​លំនៅ​ឋាន​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​អនុវត្ត​ខុស​គោលការណ៍​ក្នុង​កិច្ច​សន្យា​ដែល​ពួក​គេ​ធ្វើ​ការ​តវ៉ា ក៏​សម្រេច​បណ្ដេញ​ពួក​គេ​ចេញ។

លោក ស្បោង ជាតិ បាន​បញ្ជាក់​ថា ៖ «ប្រាក់​ខែ ៧៥០​លីងហ្គីត (ប្រាក់​ម៉ាឡេស៊ី) នៅ​កន្លែង​នេះ​ប្រាក់​ខែ​បាន ៥២០​លីងហ្គីត​ទេ កាត់​ទឹក ភ្លើង និង​កន្លែង​ដេក ហើយ​និង​ថ្លៃ​បាយ។ ប្រាក់​ខែ​តិច​ពេក ខ្ញុំ​អត់​ទៅ​ធ្វើ​ការ ខ្ញុំ​តវ៉ា​ទៅ​ផ្ទះ គេ​ដេញ​ពួក​ខ្ញុំ​ទាំង ១៥​នាក់​ហ្នឹង​ឲ្យ​ចេញ​ពី​ក្រុមហ៊ុន​គេ​ហ្នឹង អត់​ឲ្យ​ដេក​នៅ​កន្លែង​ហ្នុង​ទៀត​ទេ!»

កម្មករ​ទាំង ១៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ តាម​រយៈ​ក្រុមហ៊ុន TOP MEN POWER ដែល​តំណាង​អះអាង​ថា មាន​ច្បាប់​ត្រឹមត្រូវ​នៅ​ប្រទេស​ខ្មែរ ដោយ​ឲ្យ​ធ្វើ​ការ​នៅ​រោងចក្រ​សង្ហារិម​មួយ​ផ្នែក​លី​សែង​ឈើ​ដាក់​រោងចក្រ ដោយ​សន្យា​ថា នឹង​ផ្ដល់​ប្រាក់ ៧៥០​លីងហ្គីត  ក្នុង​មួយ​ខែ តែ​បើក​បាន​ប្រមាណ​តែ​ជាង ២០០​ប្រាក់​គេ​នោះ​ទេ ដោយ​ថា កាត់​លើ​ចំណាយ​ផ្សេង​ៗ​ស្ទើរ​អស់ ទើប​កើត​មាន​បញ្ហា​នេះ​ឡើង។ ក្រោយ​ការ​តវ៉ា​ក្រុមហ៊ុន​បាន​ដឹក​ពួក​គេ​ទៅ​ដាក់​នៅ​ព្រលាន​យន្តហោះ ដោយ​មិន​បាន​ផ្ដល់​លិខិត​ឆ្លង​ដែន​ដែល​ដក​ទុក​នោះ​ជូន​វិញ​ទេ។

លោក ស្បោង ជាតិ បន្ថែម​ថា ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ពឹង​ពាក់​រក​មេ​ខ្យល់​ឲ្យ​ជូន​មក​ផ្ទះ​វិញ​តាម​ជើង​គោក ៖ «មេ​ខ្យល់​ហ្នឹង​គេ​ទារ​ក្នុង​ម្នាក់ ៨៥០​លីងហ្គីត ថ្លៃ​ស៊ី​ចុក​តាម​ផ្លូវ​មេ​ខ្យល់​គេ​អ្នក​ចេញ​ឲ្យ​យើង​ស៊ី។ ខ្ញុំ​នៅ​ទី​នេះ​ក៏​ដាច់​ពោះ សុខ​ចិត្ត​ទៅ​តាម​ផ្លូវ​ផ្សង​ព្រេង​ហើយ!»

តំណាង​ក្រុមហ៊ុន TOP MEN POWER ដែល​ទទួល​បញ្ជូន​ពលករ​ទាំង ១៥​នាក់​ទៅ​ធ្វើ​ការ បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​បណ្ដេញ​ពួក​គាត់​ទេ មក​ពី​ពួក​គាត់​ធ្វើ​ឲ្យ​មាន​កំហុស​ខ្លួន​ឯង ហើយ​មិន​ស្ដាប់​ការ​ណែនាំ​ពី​ម្ចាស់​រោងចក្រ​ដែល​ខ្លួន​ធ្វើ​ការ​នោះ​ទៀត។

តំណាង​ក្រុមហ៊ុន TOP MEN POWER បាន​អះអាង​ថា ៖ «ខាង​ក្រុមហ៊ុន​គេ​មិន​បាន​បណ្ដេញ​គាត់​ឲ្យ​ឈប់​ធ្វើ​ការ​ទេ កុំ​ឲ្យ​គាត់​បង្ក​បញ្ហា​នៅ​ក្នុង​រោងចក្រ​ហ្នឹង។ អ្នក​ខ្លះ​ទិញ​ស្រា​យក​ទៅ​ផឹក បង្ក​បញ្ហា​ដល់​រោងចក្រ​នៅ​ប្រទេស​គេ! ថា​ឥឡូវ​បើ​សិន​ជា​គាត់​ធ្វើ​ការ ឲ្យ​គាត់​ធ្វើ​ការ​វិញ​ជា​ធម្មតា តែ​បើ​សិន​ជា​គាត់​មិន​ធ្វើ​ការ​ទេ គាត់ និង​ក្រុម​គ្រួសារ​ហ្នឹង យើង​ដោះស្រាយ​គ្នា​ដើម្បី​គាត់​សង​ការ​ចំណាយ​របស់​ក្រុមហ៊ុន​យើង ហើយ​និង​ទិញ​សំបុត្រ​យន្ត​ហោះ​ត្រឡប់​មក​ផ្ទះ​វិញ​មក»

លោក ពូ វុទ្ធី អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ បាន​បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ តែ​លោក​បង្ហាញ​អំពី​ផ្លូវ​ច្បាប់​ខ្លះ​ៗ​ថា ៖ «បើ​សិន​ណា​ជា​កំហុស​របស់​ថៅកែ ថៅកែ​មាន​ភារកិច្ច​បញ្ជូន​គេ​មក​វិញ ដោយ​សង​ជំងឺ​ចិត្ត ឬ​មួយ​ដោយ​ចេញ​សោហ៊ុយ​ទៅ​តាម​ជាក់ស្ដែង»

លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ បាន​ផ្ដល់​សម្ភាសន៍​ថា ពលករ​ដែល​ទៅ​ប្រទេស​ម៉ាឡេស៊ី​ច្រើន​ទៅ​ដល់​ហើយ​គេ​ដក​លិខិត​ឆ្លង​ដែន​ទុក ដែល​ជា​ការ​លំបាក ហើយ​លោក​នឹង​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ផ្ដល់​លិខិត​ឆ្លង​ដែន​មក​គាត់​វិញ ដើម្បី​ឲ្យ​គាត់​បាន​វិល​ត្រឡប់​តាម​ច្បាប់។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ៖ «ក្រោយ​ទទួល​ព័ត៌មាន យើង​នឹង​ធ្វើ​ការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ដែល​នាំ​ពលករ ពីព្រោះ​ក្រុមហ៊ុន​អាច​នឹង​យក​ពលករ​ទាំង​អស់​ហ្នឹង​ត្រឡប់​មក​វិញ ដោយ​យក​ប៉ាស្ព័រ​ទៅ​ធានា​យក​អ្នក​ទាំង​អស់​ហ្នឹង ឲ្យ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​បាន»

លោក ពូ វុទ្ធី មន្ត្រី​នៃ​ក្រសួង​ការងារ​បាន​អះអាង​ថា លោក​នឹង​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន បើ​នៅតែ​ព្រងើយ​កន្តើយ លោក​នឹង​ទៅ​ខ្លួន​ឯង​ដោយ​ផ្ទាល់​ដើម្បី​ដោះស្រាយ។

ឯ​លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ ក៏​បាន​អះអាង​ដែរ​ថា ក្រុមហ៊ុន​ត្រូវតែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យក​កម្មករ​ទាំង​នោះ​មក​វិញ តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​បែប​ណា​ទេ បើ​សិន​ជា​មិន​អនុវត្ត​បញ្ជូន​កម្មករ​ទាំង​នោះ​មក​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល