ទាហានថៃ១៨០នាក់លុបចោលគម្រោងមកទស្សនកិច្ចនៅប៉ោយប៉ែត
2010.12.18
លោកឧត្ដមសេនីយ៍ ឌី ភេន នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានមានប្រសាសន៍បញ្ជាក់នៅសៅរ៍ ទី១៨ ខែធ្នូនេះដូច្នេះថា ៖ «ខាងភាគីថៃ ពួកទាហានសិក្ខាកាមគេ គេប្រុងមកទស្សនកិច្ចនៅក្រុងប៉ោយប៉ែត ចំនួន ១៨០នាក់ ក៏ប៉ុន្តែមានការអាក់ខានមិនបានវិលត្រឡប់មកទេ។ ហេតុផល ខ្ញុំអត់បានដឹងដែរ ព្រោះពីម្សិលខ្ញុំបានសុំទៅនាយកទីចាត់ការភូមិភាគ គាត់ថា អឺគេគ្រាន់តែមកត្រឡប់ទៅវិញទេ គេចូលមកអ៊ីចឹង ហើយអត់មានចុះពីឡានទេ ហើយត្រឡប់ទៅវិញ ខ្ញុំបានរៀបចំកម្លាំងខ្ញុំចាំទទួលដែរ តែអត់ឃើញមក មានការអាក់ខានមិនថា មូលហេតុយ៉ាងម៉េចយើងក៏អត់បានដឹងដែរ»។
លោកឧត្ដមសេនីយ៍ ឌី ភេន បានបន្តថា កន្លងមកកងទាហានថៃ ធ្លាប់បានធ្វើដំណើរចូលមកទឹកដីខ្មែរ ដើម្បីទស្សនាក្រុងប៉ោយប៉ែត ជាធម្មតា ហើយខាងភាគីអាជ្ញាធរខ្មែរ ក៏បានរៀបចំទទួលតាមសំណើរបស់ភាគីថៃ ក្នុងការការពារដំណើរទស្សនកិច្ចនោះ។
ចៅសង្កាត់ក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានមានប្រសាសន៍ថា ការដែលភាគីថៃ ចង់បញ្ជូនកងទាហានរបស់ខ្លួន ១៨០នាក់នោះមកទស្សនាក្រុងប៉ោយប៉ែត គឺបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសលើកលែងទិដ្ឋាការឆ្លងដែនរួចមក ៖ «ជារួមគេចង់មកទស្សនកិច្ច ក្រោយពីយើងបានលើកលែងទិដ្ឋាការ ដល់អ៊ីចឹងទាក់ទងកម្ពុជា-ថៃ គឺមានការសហការគ្នាល្អរវាងក្រុងប៉ោយប៉ែត និងស្រុកអារ៉ាញ់»។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១០ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ ថៃ បានប្រារព្ធពិធីជាប្រវត្តិសាស្ត្ររួមគ្នានៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយបានប្រកាសលើកលែងទិដ្ឋាការឆ្លងដែនឲ្យប្រជាពលរដ្ឋទាំងពីរប្រទេស ក្រោយពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩មក៕