ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​លាវ​បាញ់​សម្លាប់ និង​២​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន

អាជ្ញាធរ​ខ្មែរ​អះអាង​ថា កំពុង​ស្វះស្វែង​រក​ការ​ចរចា​ជា​មួយ​ភាគី​លាវ ដើម្បី​សុំ​នាំ​យក​បុរស​ខ្មែរ​ទាំង ២​នាក់​នោះ មក​វិញ។
ដោយ គង់ យុទ្ធនា
2010-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បុរស​ខ្មែរ​ម្នាក់​បាន​ស្លាប់​នៅ​តំបន់​ព្រំដែន​កម្ពុជា​លាវ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​មក​ថ្មីៗ នេះ​ដោយ​គេ​សង្ស័យ​ថា ទាហាន​លាវ​ជា​អ្នក​បាញ់​សម្លាប់ ហើយ​បុរស​ខ្មែរ ២​នាក់​ផ្សេង​ទៀត ត្រូវ​ចាប់​ឃុំ​នៅ​ក្នុង​ទឹក​ដី​លាវ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ មាន​គ្នា​ប្រមាណ ៧​នាក់ ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ប្រទេស​លាវ​ខុស​ ច្បាប់។ ក្នុង​ពេល​នោះ​ដែរ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ ៤​នាក់ នៅ​ក្នុង​ក្រុម​ជា​មួយ​គ្នា​នោះ បាន​រត់​គេច​ពី​ការ​បាញ់​ប្រហារ ត្រឡប់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ​នា​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូរ សំអុល បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​យោធា​ព្រំដែន អំពី​ករណី​ប្រជា​ពលរដ្ឋ​មួយ​ក្រុម មាន​គ្នា ៧​នាក់ បាន​ចូល​ទៅ​កាប់​ឈើ​ក្រញូង ក្នុង​ទឹក​ដី​លាវ ដែល​ជាប់​ព្រំ​ប្រទល់​ស្រុក​សៀមប៉ាង កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​មេសា។ ក្រុម​នេះ​បាន​ជួប​ប្រទះ​នឹង​ទាហាន​លាវ នៅ​វេលា​ម៉ោង ១១​យប់ ពួក​គេ​មាន​ការ​តដៃ​គ្នា​ដោយ​កាំបិត ពូថៅ ជា​ហេតុ​ធ្វើ​ឲ្យ​ទាហាន​លាវ បើក​ការ​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន ២​នាក់ ព្រម​ទាំង​រទេះ​ក្របី ១​នឹម​ផង។

លោក ហូរ សំអុល មានប្រសាសន៍ ៖ «យក៍​រទេះ​ក្របី​ទៅ​ដឹក​ឈើ​ហ្នឹង...។ ប៉ុន្តែ​ចៃដន្យ​ពេល​ចូល​ដល់​ម៉ោង ១១​យប់ គេ​បាន​ជួប​នឹង​ទាហាន​លាវ ហើយ​ក៏​បាន​ប្រទូសរ៉ាយ​គ្នា។ ទាហាន​លាវ​ដេញ​យើង​ទៅ យើង​ក៏​បាន​យក​កាំបិត​ផ្គាក់​ហ្នឹង ត​ដៃ​ជា​មួយ​គេ ហើយ​គេ​ក៏​បាន​បាញ់​មក​លើ​យើង​ស្លាប់​ម្នាក់​ទៅ»។

ចំពោះ​សាក​សព​បុរស​ខ្មែរ ដែល​ត្រូវ​ទាហាន​លាវ​បាញ់​ស្លាប់​នោះ ត្រូវ​បាន​ខាង​យោធា​ខេត្ត​ស្ទឹងត្រែង នាំ​យក​មក​បូជា​នៅ​ចំណុច​ព្រំដែន ក្នុង​ទឹក​ដី​ខ្មែរ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។

លោក ហូរ សំអុល បាន​បញ្ជាក់​បន្ត​ថា បុរស​ដែល​ត្រូវ​ទាហាន​លាវ​បាញ់​ស្លាប់​នោះ​ឈ្មោះ ប្រាំង សុខា អាយុ​២៧​ឆ្នាំ។ ឯ​២​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត ចម្ប៉ាសាក់​នោះ មាន​ឈ្មោះ ហង ហូរ អាយុ​២៩​ឆ្នាំ និង​ឈ្មោះ ស៊ឹម សឿន អាយុ​៣៦​ឆ្នាំ។ បុរស​ទាំង ៧​នាក់​នោះ មាន​ទី​លំនៅ​ឯ​ខេត្ត​កំពង់ឆ្នាំង។

លោក​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា ៖ «ត្រូវ​តែ​ចាប់​ឃាត់​ខ្លួន មិន​មែន​បាញ់​សម្លាប់ ឬ​ប្រហារ​ជីវិត​អី​អ៊ីចឹង​ទេ ព្រោះ​អី​ប្រទេស​មួយៗ តែង​តែ​មាន​ច្បាប់»។

អភិបាល​ស្រុក​សៀមប៉ាង លោក ស៊ី សួន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​ណែនាំ​ញឹក​ញាប់​ណាស់ មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​លាវ​ដោយ​ខុស​ច្បាប់​ទេ។ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​លាវ​បាញ់​ស្លាប់ និង​ចាប់​ខ្លួន គឺ​ជា​អ្នក​ចំណូល​ស្រុក​ថ្មី។

លោក ស៊ី សួន បន្ត​ថា ៖ «យើង​នឹង​ខិតខំ​ទាក់​ទង​ជា​មួយ​នឹង​ភាគី​លាវ។ ដល់​តែ​សួរ​ខាង​គេ​សិន ព្រោះ​អី​គេ​ចាប់​យក​ទៅ​ហើយ»។

មេ​បញ្ជាការ​យោធា​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ ពី​ប្រទេស​វៀតណាម​យ៉ាង​ខ្លី​ថា បុរស​ខ្មែរ​មួយ​ក្រុម​នោះ មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ហើយ​បាន​ត​ដៃ​ដោយ​កាំបិត ពូថៅ ជា​មួយ​ទាហាន​អាជ្ញាធរ​លាវ។

លោក ស្វាយ ញ៉ន បន្ដថា ៖ «កន្លង​មក​គេ​អត់​ដែល​ធ្វើ​អី​សោះ និយាយ​រួម​ទៅ ក្រុម​ហ្នឹង​វា​ខិល​ខូច ប្រើ​អា​ថ្នាំ​ញៀន​ហ្នឹង​ជោគ​ជាំ​ខ្លួន​ទៅ វា​រំលោភ​ទៅ​លើ​គេ​ដែរ យើង​មិន​ទៅ​កាន់​ជើង​គេ​ទេ យើង​ធ្វើ​ផ្ដេសផ្ដាស​ខុស​ច្បាប់»។

មេ​បញ្ជាការ​យោធា​ខេត្ត​រូប​នេះ និង​លោក​អភិបាល​ស្រុក​សៀមប៉ាង បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក្ដី អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​នឹង​ធ្វើ​ការ​ចរចា​សុំ​នាំ​យក​បុរស​ខ្មែរ ដែល​លាវ​ឃុំ​ខ្លួន​នោះ​មក​វិញ នៅ​ពេល​ឆាប់ៗ​នេះ។

បុរស​ខ្មែរ​ចំនួន ១៧​នាក់​ផ្សេង​ទៀត ដែល​អាជ្ញាធរ​លាវ​ឃុំ​ខ្លួន​ទុក​កាល​ពី​ពេល​កន្លង​មក ត្រូវ​បាន​អាជ្ញាធរ​លាវ​ដោះ​លែង​ពី​ពន្ធនាគារ​មក​វិញ​អស់​ហើយ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ហើយ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​វិញ បន្ទាប់​ពី​ឃុំ​ឃាំង​អស់​រយៈ​ពេល ២​ខែ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល