ស្លាប់​១​របួស​២​នាក់​ក្នុង​ការ​បង្រ្កាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ស្ទឹងត្រែង

មន្ត្រី​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា បណ្តាញ​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​មា្នក់​ស្លាប់​និង​ជន​ពាក់ព័ន្ធ​ជំនួញ​គ្រឿង​ញៀន​៣​នាក់​ត្រូវ​ចាប់​ខ្លួន ក្នុង​នោះ​ជន​ពាក់ព័ន្ធ​២​នាក់​រង​របួស​នៅ​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន។
ដោយ រដ្ឋា វីសាល
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០។

បណ្តាញ​ភ្នាក់ងារ​ប៉ូលិស​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​បង្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នោះ​មាន​ឈ្មោះ នៅ ឡេង មាន​អាយុ​៣៥​ឆ្នាំ ត្រូវ​គេ​កាប់​មួយ​កាំបិត​ផ្គាក់​ត្រូវ​ថ្ងាស​កប់​ដល់​លលាដ៏​ក្បាល​ស្លាប់​នៅ​ទី​កើត​ហេតុ។ ចំណែក​ជន​ពាក់ព័ន្ធ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​មាន​ឈ្មោះ ហម ទុង អាយុ​២៧​ឆ្នាំ រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ត្រង់​ស្មា​ស្តាំ​មួយ​គ្រាប់។ ឈ្មោះ ហម ហ៊ាន អាយុ​២៣​ឆ្នាំ ត្រូវ​គេ​កាប់​ដាច់​ក​ដៃ​ឆ្វេង។ អ្នក​ទាំង​ពីរ​កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រោម​ការ​គ្រប់គ្រង​របស់​ប៉ូលិស​និង​ឈ្មោះ ហម ហំ អាយុ​២៥​ឆ្នាំ ជា​ជន​ដៃ​ដល់​កំពុង​ឃុំ​ខ្លូន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង។

ស្នងការ​រង​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក យ៉ន ឌីន មាន​ប្រសាសន៍​បញ្ជាក់​ពី​ករណី​នេះ ៖ «គូកន​វា​ហ្នឹង​មាន​របួស​២​នាក់​ហើយ ម្នាក់​យើង​ឃាត់​នៅ​នឹង​កន្លែង។ កំពុង​ស៊ើប​អង្កេត»

ប៉ូលិស​មួយ​រូប​មាន​ប្រាសាសន៍​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ក្នុង​ព្រៃ​មួយ​ចម្ងាយ​ប្រមាណ​៤​ទៅ​៥​គីឡូម៉ែត្រ​ពី​ភូមិ​អូរកែ ឃុំ​អូរស្វាយ ស្រុក​ឋាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ប្រទេស​លាវ បន្ទាប់​ពី​ប៉ូលិស​បាន​រៀបចំ​ផែនការ​ដើម្បី​ចាប់​ក្រុម​អ្នក​ជួញដូរ​គ្រឿង​ញៀន​តាម​រយៈ​បណ្តាញ​ប៉ូលិស​ដែល​ក្លែង​ធ្វើ​ជា​អ្នក​ទិញ​គ្រឿង​ញៀន​នោះ។

ប្រភព​បន្ត​ថា ប៉ូលិស​បាន​រាយ​កម្លាំង​លាក់​ខ្លួន​នៅ​ជិត​ភូមិ​ឆ្ងាយ​ពី​ទី​កើត​ហេតុ ប៉ុន្តែ​បណ្ដាញ​ប៉ូលិស​និង​អ្នក​ជួញ​គ្រឿង​ញៀន​មាន​គ្នា​បី​នាក់​បាន​ណាត់​ជួប​គ្នា​ដើម្បី​ប្តូរ​គ្រឿង​ញៀន ប៉ុន្តែ​នៅ​ពេល​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​បញ្ចេញ​គ្រឿង​ញៀន​ដើម្បី​ដោះ​ដូរ​ប្រាក់ បណ្តាញ​ប៉ូលិស​បាន​ដក​កាំភ្លើង​ភ្ជង់ ពេល​នោះ​ជន​ល្មើស​ពីរ​នាក់​បាន​ស្ទុះ​មក​ប្រតាយ​ប្រតប់​ជាមួយ​បណ្តាញ​ប៉ូលិស ទើប​បណ្តាញ​ប៉ូលិស​បាញ់​ត្រូវ​ស្មា​អ្នក​ជួញ​ដូរ​ម្នាក់ ហើយ​ភ្លាម​នោះ​គ្នា​គេ​ម្នាក់​ទៀត​មាន​កាំបិត​បាន​កាប់​ត្រូវ​ដៃ​បក្ខពួក​គេ​ម្នាក់​ដែល​កំពុង​ប្រតាយប្រតប់​ជាមួយ​បណ្តាញ​ប៉ូលិស​ដាច់​ត្រឹម​ក​ដៃ ហើយ​ក៏​កាប់​ត្រូវ​បណ្តាញ​ប៉ូលិស​ស្លាប់​ភ្លាម​នៅ​ទី​កើត​ហេតុ​នោះ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ហេតុការណ៍​កាប់​សម្លាប់​គ្នា​នោះ អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ដែល​មិន​មាន​របួស បាន​នាំ​គ្នា​គេ​ដែល​មាន​របួស​មក​ភូមិ ហើយ​ក៏​ត្រូវ​កម្លាំង​ប៉ូលិស​ដែល​លាក់​ខ្លួន​នោះ​ព័ទ្ធ​ចាប់​ពួកគេ​បាន​ទាំង​បី​នាក់។

កាល​ពី​សប្ដាហ៍​មុន​នេះ ប៉ូលិស​ខេត្ត​ស្ទឹងត្រែង​បាន​ចាប់​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​ពីរ​នាក់​ជាមួយ​គ្រឿង​ញៀន​ជាង​៦០០​គ្រាប់​នៅ​ទីរួម​ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ករណី​ថ្មី​មួយ​ទៀត​ដែល​ប៉ូលិស​បាន​រក​ឃើញ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​មួយ​នេះ។ លោក​បញ្ជាក់​ការ​ជួញ​ដូរ​និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​នៅ​តែ​កើត​មាន។

លោក ហូ សំអុល មាន​ប្រសាសន៍​ដូច្នេះ ៖ «ករណី​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ដូច្នេះ​ជំនាញ​ពាក់ព័ន្ធ​គួរ​តែ​រឹត​បន្តឹង​បន្ថែម​ទៀត»

មន្ត្រី​ប៉ូលិស​ខាង​លើ​ឲ្យ​ដឹង​ថា ជន​ពាក់ព័ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​បី​នាក់​ជា​បង​ប្អូន​បង្កើត ប៉ូលិស​បាន​រឹប​អូស​គ្រឿង​ញៀន ប្រភេទ​ហេរ៉ូអ៊ីន​ចំនួន​បី​កញ្ចប់​តូច​មាន​ចំនូន​៦០០​គ្រាប់ ហើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ​ប៉ូលិស​កំពុង​សួរ​ចម្លើយ​ជន​ពាក់ព័ន្ធ​បន្ត​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល