ពលករខ្មែរ២១នាក់ត្រូវបានបញ្ជូនមកពីប្រទេសថៃ
2010.09.30
រដ្ឋាភិបាលកម្ពុជាបានបញ្ជូនជនរងគ្រោះខ្មែរប្រុសស្រីចំនួន ២១នាក់មកដល់ស្រុកខ្មែរវិញហើយ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានជាប់ឃុំជាច្រើនខែ ដោយសារចាញ់ការឆបោក មេខ្យល់នាំទៅធ្វើការនៅរោងចក្រផលិតប្រហិតមួយ នៅក្នុងប្រទេសថៃ។
ពលករខ្មែរ ២១នាក់ ត្រូវបានគេដឹកបញ្ជូនមកស្រុកខ្មែរវិញតាមរថយន្តទេសចរណ៍ធុនតូច ចេញពីក្រុងបាងកកមកស្រុកខ្មែរវិញ ដោយមានមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកប្រទេសថៃអមដំណើរ។
លេខាទី២ នៃស្ថានទូតខ្មែរប្រចាំក្រុងបាងកក ប្រទេសថៃ លោក សាយ កានី ដែលបានធ្វើដំណើរមកជាមួយពលករខ្មែរទាំង ២១នាក់នោះ បានឲ្យដឹងថា ការអន្តរាគមន៍យកពលករខ្មែរ ២១នាក់ មកស្រុកខ្មែរវិញនេះ គឺជាលើកទី២ បន្ទាប់ពីពលករខ្មែរបីនាក់ ត្រូវបានបញ្ជូនមកជាលើកទី១ កាលពីពេលថ្មីៗនេះ។
នៅមុនការបញ្ជូនពលករខ្មែរ ២១នាក់មកទឹកដីខ្មែរវិញ ខាងមុខជាប់គល់ស្ពានមិត្តភាពកម្ពុជា-ថៃក្នុងក្រុងប៉ោយប៉ែត គេសង្កេតឃើញមានបងប្អូនក្រុមគ្រួសារក្មេងចាស់របស់ពួកគេជាង ១០នាក់ បានឈររង់ចាំមើលផ្លូវអស់រយៈពេលជាច្រើនម៉ោង។
នៅពេលមកដល់ទឹកដីខ្មែរ ពលករខ្មែរទាំង២១នេះ ត្រូវគេបញ្ជូនទៅដាក់នៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើកំណត់ហេតុ។
លោកស្រី ឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ ទាំង២១នាក់ នឹងត្រូវអនុញ្ញាតឲ្យទៅជួបជុំក្រុមគ្រួសារបងប្អូន ឪពុកម្ដាយរបស់ពួកគេនៅតាមស្រុកភូមិនៅក្រោយការធ្វើកំណត់ហេតុរួច។
អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ លោក កុយ គួង បានមានប្រសាសន៍ថា នៅក្រោយរដូវភ្ជុំបិណ្ឌ ភាគីកម្ពុជានឹងបញ្ជូនតំណាងពលករខ្មែរខ្លះ ក្នុងចំណោមពួកគេ ២១នាក់ ទៅធ្វើជាសាក្សី ឆ្លើយបំភ្លឺជូនតុលាការថៃ ទាក់ទិនសំណុំរឿងថៅកែក្រុមហ៊ុនផលិតប្រហិតជនជាតិថៃ ដែលគេចោទពីបទជួញដូរកម្លាំងពលកម្មខុសច្បាប់។
ចំនួនពលករខ្មែរ ដែលរដ្ឋាភិបាលខ្មែរអន្តរាគមន៍មកស្រុកខ្មែរវិញទាំងពីរលើក សរុបមានចំនួន ២៤នាក់ ស្រី១៧នាក់ ប្រុស៧នាក់។
កាលពីដើមឆ្នាំ២០១០ ប្រជាពលរដ្ឋខ្មែរចំនួន ២៩នាក់ ជាអ្នករស់នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបានមេខ្យល់នាំទៅធ្វើការនៅក្រុមហ៊ុនផលិតប្រហិតថៃមួយ នៅស្រុកមហាឆៃ ខេត្តសាមុតសាខនប្រទេសថៃ មានពលករចំនួន ៥នាក់បាត់ដំណឹង មិនឃើញមកវិញឡើយ៕