ខ្មែរ​ក្រោម​ស្វែង​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​ត្រូវ​វៀតណាម​សម្លាប់

សកម្ម​ជន​ខ្មែរ​កម្ពុជា​ក្រោម​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ កម្ពុជា​ដើម្បី​រក​យុត្តិធម៌​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រង​ការ​សម្លាប់​ កន្លង​មក។
ដោយ សុខ សេរី
2011.01.19
Share on WhatsApp
Share on WhatsApp
សង្ឃខ្មែរក្រោម៣០៥ ថ្ងៃ​ទី​១៩ មករា ២០១១៖ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បួងសួង និង​បង្សុកូល​ដល់​ព្រលឹង​អ្នក​ស្លាប់​ចំនួន ២​នាក់ នៅ​ទីក្រុង​ព្រៃនគរ
RFA/Sok Serey

មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ឲ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍ ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់ កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ការ​ស្នើ​នេះ គឺ​មាន​លោក យន្ត ថារ៉ូ ជា​ប្រធាន​នៃ​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី ជួន​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី តាម​រយៈ​ប្រធាន​សភា​ជាតិ លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១១។ លិខិត​នេះ​បាន​ទទួល​ស្គាល់ និង​បាន​ឃើញ​ដោយ​លោក ហេង សំរិន។

ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី លោក យន្ត ថារ៉ូ បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​ពុំ​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ដើម្បី​ផ្ដន្ទា​ទោស​ទេ អំពើ​ហិង្សា​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​បន្ត ៖ "ពី​អតីត​កាល​ដ៏​យូរ​អង្វែង រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ការ​កាប់​សម្លាប់​របស់​ជន​ជាតិ​វៀតណាម មក​លើ​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម អាជ្ញាធរ​វៀតណាម​នៅ​តែ​បណ្ដែត​បណ្ដោយ ព្រងើយ​កន្តើយ មិន​ដែល​បាន​រក​ជន​ល្មើស​ឃើញ​មក​ផ្ដន្ទា​ទោស​ម្ដង​ណា​នៅ​ឡើយ។ នេះ​ជា​បញ្ហា​មួយ ដែល​ខ្ញុំ​គិត​ថា ជា​ការ​រើសអើង និង​ប្រកាន់​ពូជ​សាសន៍ ព្រោះ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជន​ជាតិ​ដើម ជា​ម្ចាស់​ទឹក​ដី​នៃ​ដែន​ដី​កម្ពុជា​ក្រោម"

ខ្មែរ​ក្រោម៣៧០
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧ (Photo courtesy of preynokornews.blogspot.com)

ឯកសារ​លិខិត​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា បាន​ពណ៌នា​ថា ការ​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​ជា​ញឹក​ញាប់​ពី​សំណាក់​ជន​ជាតិ​វៀតណាម ក្នុង​រយៈ​ពេល​កន្លង​មក​នេះ មាន​ច្រើន​ករណី​ណាស់​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​អាណានិគម​វៀតណាម ពុំ​ដែល​បាន​ចាប់​ខ្លួន​ជន​ល្មើស​ឲ្យ​ជា​សំណង និង​ផ្ដន្ទា​ទោស​ម្ដង​ណា​ឡើយ។

លិខិត​បាន​បន្ត​ថា ហេតុ​ដូច្នេះ សូម​ឯក​ឧត្ដម ឧប​នាយក​រដ្ឋ​មន្ត្រី​ចាត់​វិធានការ​ទៅ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ព្រៃនគរ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​នោះ​ទេ ដូច្នេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ឈ្មោះ ថាច់ ធន អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ជន​ជាតិ​វៀតណាម​សម្លាប់​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ និង​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១១ ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត ឈ្មោះ ថាច់ វ៉ាង អាយុ​២១​ឆ្នាំ ត្រូវ​បាន​វៀតណាម​សម្លាប់​នៅ​ទីក្រុង​ព្រៃនគរ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ មាន​ជីវភាព​ក្រីក្រ ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជី​ម៉ិញ (Ho Chi Minh) ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គ្រប់គ្រង​ដោយ​វៀតណាម។

ប្រភព​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៤​នាក់ បាន​រង​ការ​វាយ​សម្លាប់​ដោយ​ជន​ជាតិ​វៀតណាម នៅ​ក្នុង​ខេត្ត​រោង​ដំរី ឬ​ខេត្ត​តៃនិញ ក្នុង​នោះ​មាន ឈ្មោះ ចៅ ណែត ឈ្មោះ ចៅ ផាត ឈ្មោះ ចៅ កែវ និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។