ស្ត្រី​ខ្មែរ​ក្រោម​២​នាក់​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ធ្វើ​ទារុណកម្ម

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ពីរ​នាក់​នៅ​ក្នុង​ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​រង​ការ​ចាប់​ឃុំ​ខ្លួន និង​ធ្វើ​ទារុណកម្ម ដោយ​អាជ្ញាធរ​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ដោះលែង​ឲ្យ​មាន​សេរីភាព​មក​ផ្ទះ​សម្បែង​វិញ​ហើយ។
ដោយ សុខ សេរី
2010-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)
ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)
Photo supplied

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ នាង ពិន អាយុ ៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស្រី​ង៉េ អាយុ ១៨​ឆ្នាំ នៅ​ឃុំ​ចៅទ្បាំង ស្រុក​ស្វាយទង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​វៀតណាម។

ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​នៅ​ពាក់​កណ្ដាល​ផ្លូវ ហើយ​យក​ទៅ​ឃុំ​នៅ​ក្នុង​បន្ទប់​បង្គន់​អនាម័យ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា នៅ​គ្រា​ដែល​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ នៅ​ពេល​ព្រឹក ដើម្បី​ទៅ​ចូលរួម​បុណ្យ​មួយ​របស់​ជីដូន ចម្ងាយ ២៥​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ឈ្មោះ នាង ពិន អាយុ ៣៤​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ចៅទ្បាំង ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ឬ​ខេត្ត​អានយ៉ាង បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​មក​ថា  អាជ្ញាធរ​វៀតណាម​បាន​ដោះលែង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​បាន​ធ្វើ​ទារុណកម្ម។

នាង ពិន បាន​បញ្ជាក់​ថា ៖ «គេ​សួរ​ពួក​ខ្ញុំ​ទៅ​ណា ខ្ញុំ​ថា ទៅ​ធ្វើ​បុណ្យ​យាយ។ ដល់​ហើយ​គេ​ថា មិន​ឲ្យ​ឡើង​ទៅ​ទេ។ ខ្ញុំ​ថា មិន​ឲ្យ​ឡើង​ទៅ​ទេ អ៊ីចឹង​ឲ្យ​ខ្ញុំ​សុំ​ចុះ​ទៅ​វិញ​ទៅ! គេ​មិន​ឲ្យ​ខ្ញុំ​ចុះ ហើយ​គេ​ចាប់​ពួក​ខ្ញុំ​ចូល​ទៅ​កន្លែង​គេ​តែម្ដង ហើយ​គេ​យក​ដំបង​ឫស្សី​មក​វាយ​ជើង​ពួក​ខ្ញុំ!»

សុខ សេរី ៖ អ្នក​វាយ​ហ្នឹង​ស្រី ឬ​ប្រុស? នាង ពិន ៖ ប្រុស។ គ្នា​វា​បី​បួន​នាក់ (នគរបាល​វៀតណាម)។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ស្រី​ង៉េ អាយុ ១៨​ឆ្នាំ ជា​ប្អូន​បង្កើត​របស់ នាង ពិន បាន​ថ្លែង​ថា នាង​បាន​រង​ការ​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​ដូច​បង​ស្រី​នោះ​ដែរ ៖ «គេ​ឃុំ​ដូច​គ្នា ហើយ​គេ​វាយ​ពួក​ខ្ញុំ​ដូច​គ្នា​តែម្ដង!»

សុខ សេរី ៖ គេ​វាយ​នឹង​អ្វី? ស្រី​ង៉េ ៖ គេ​វាយ​នឹង​គល់​ឫស្សី​តែម្ដង។ សុខ សេរី ៖ គេ​វាយ​ចំ​ត្រង់​ណា? ស្រី​ង៉េ ៖ គេ​វាយ​ចំ​ជើង ហើយ​ចំ​ខ្លួន​ពេញ​តែម្ដង។ ណា​មួយ​ខ្ញុំ​ទើប​តែ​ងើប​ចេញ​ពី​ពេទ្យ​ផង។

សុខ សេរី ៖ ហើយ​មាន​របួស​អ្វី​ទេ? ស្រី​ង៉េ ៖ ហើម​ជើង​អស់​រលីង​ឥឡូវ។ ទៅ​ចាក់​ថ្នាំ​ពីរ​បី​ថ្ងៃ ពី​ម្សិលមិញ​ព្យួរ​សេរ៉ូម​ទៀត។

សុខ សេរី ៖ គេ​រក​ឃើញ​កំហុស​អី​ទេ ឬ​អត់​ទេ? ស្រីង៉េ ៖ ដូច​រំលោភ​សិទ្ធិ​ពួក​ខ្ញុំ ពួក​ខ្ញុំ​មិន​បាន​ធ្វើ​អី្វ​ខុស​ផង។ សុខ សេរី ៖ អ៊ីចឹង​អត់​បាន​ទៅ​ចូលរួម​បុណ្យ​យាយ​ទេ? ស្រីង៉េ ៖ អត់​បាន​ទៅ​ទេ។ គេ​ចាប់​ពួក​ខ្ញុំ​មួយ​ថ្ងៃ​ទល់​យប់ អត់​បាយ អត់​ទឹក ខ្ញុំ​ចង់​សន្លប់​មួយ​ថ្ងៃ​តែម្ដង។

ឪពុក​របស់​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់​ខាង​លើ​នេះ លោក ចៅ សុខ អាយុ ៥៤​ឆ្នាំ បាន​ថែ្លង​ថា ៖ «ខ្ញុំ​យល់​ថា គឺ​ថា អា​យួន​ហ្នឹង​វា​រំលោភ​សិទ្ធិ រំលោភ​ច្បាប់ សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម។ សូម​អំពាវនាវ​ឲ្យ​ថ្នាក់​ជាតិ និង​អន្តរជាតិ និង​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ជួយ​កូន​ចៅ​ខ្ញុំ​ផង នៅ​កម្ពុជា​ក្រោម!»

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការ​ពន្យល់​អំពី​ការ​ចាប់​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ធ្វើ​ទារុណកម្ម​នេះ ប៉ុន្តែ​គ្មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ។

លោក ចៅ សុខ បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ងើប​តវ៉ា​ទាមទារ​ដី​ធ្លី​ជា​ច្រើន​លើក កាល​ពី​ឆ្នាំ​២០០៦ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ កន្លង​ទៅ។ ហេតុ​ដូច្នេះ​ហើយ ការ​ចាប់​ឃុំ​ខ្លួន និង​ធ្វើ​ទារុណកម្ម​លើ​កូន​ស្រី​របស់​លោក​នោះ លោក​យល់​ថា ជា​ការ​គំរាម​កំហែង​មួយ​ដល់​គ្រួសារ​របស់​លោក។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ៖ «នេះ​ជា​រឿង​ធម្មតា​របស់​អាជ្ញាធរ​យួន ដែល​ធ្លាប់​តែ​ធ្វើ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជានិច្ច នៅ​ពេល​ណា​ដែល​មិន​សប្បាយ​ចិត្ត គឺ​មាន​គំនិត និង​គំនុំគំកួន​ណា​មួយ គេ​ប្រើ​កម្លាំង​ប៉ូលិស នគរបាល​របស់​គេ យក​ទៅ​ចាប់​ធ្វើ​ទារុណកម្ម ដើម្បី​សួរ​ចម្លើយ​នូវ​អ្វី​គេ​ចង់​បាន ឬ​មួយ​ក៏​ធ្វើ​ទារុណកម្ម​ផ្សេង​ៗ ដើម្បី​បំបាក់​ស្មារតី​ដើម្បី​កុំ​ឲ្យ​ហ៊ាន​ធ្វើ​អ្វី​ត​ទៅ​ទៀត!»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សហ​ប្រជាជាតិ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ជនជាតិ​ដើម ដើម្បី​រាយ​ការណ៍​ឲ្យ​បាន​ដឹង​អំពី​ស្ថានការណ៍​រំលោភ​បំពាន​នានា​របស់​អាជ្ញាធរ​វៀតណាម មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​លើ​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹក​ដី​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល