ចោរ​ប្លន់​២​នាក់​ត្រូវ​អ្នកភូមិ​នៅ​ខណ្ឌ​ដង្កោ​ព្រួត​គ្នា​វាយ​សម្លាប់

មនុស្ស​ចំនួន ២​នាក់​ដែល​ត្រូវ​គេ​អះអាង​ថា​ជា​ក្រុម​ចោរ​ប្លន់ ត្រូវ​បាន​អ្នក​ភូមិ​រាប់​រយ​នាក់​ក្នុង​ខណ្ឌ​ដង្កោ ជាយ​ក្រុង​ភ្នំពេញ ព្រួត​គ្នា​វាយ​សម្លាប់​កណ្ដាល​វាល​ស្រែ ក្រោយ​ពី​ក្រុម​នោះ​ត្រូវ​ប៉ូលិស​ចាប់​បាន ក្រោយ​ពេល​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ ២​គ្រឿង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។
ដោយ គឹម ពៅ
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អធិការ​ខណ្ឌ​ដង្កោ លោក ប៊ន សំអាត មាន​ប្រសាសន៍​ថា ប៉ូលិស​មាន​គ្នា​តិច មិន​អាច​ឃាត់​ក្រុម​អ្នក​ភូមិ​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង ដែល​មាន​កាន់​ដំបង កាំបិត ពូថៅ និង​ដែក​ស្បែង​ផង​នោះ មិន​ឲ្យ​វាយ​សម្លាប់​ចោរ​នោះ​បាន​ឡើយ។

លោក​បញ្ជាក់​ថា ប៉ូលិស​បាញ់​គំរាម​ឡើង​លើ​ដើម្បី​បញ្ឈប់​កំហឹង​អ្នក​ភូមិ ក៏​ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​តិះដៀល​ថា កាន់​ជើង​ចោរ​ថែម​ទៀត។

លោក ប៊ន សំអាត បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​បាន​និយាយ​ទៅ​ប្រជាពលរដ្ឋ​ហើយ ខ្ញុំ​បាន​បាញ់​ទៀត ឲ្យ​បែក​ហ្វូង កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អ៊ីចឹង ប៉ុន្តែ​គាត់​អត់​ស្ដាប់​យើង​ទេ។ ពេល​ហ្នឹង​ហាក់​ដូច​ជា​ទមិឡ​ចូល ឬ​ក៏​ខ្មោច​ចូល​ប្រជាពលរដ្ឋ ៤០០​នាក់​អ៊ីចឹង ដែល​គាត់​ចង​កំហឹង ប៉ុន្តែ​ខ្ញុំ​ខំ​ឃាត់​អង្វរ​គាត់ គាត់​ថា លោក​ប៉ូលិស​ឯង​កាន់​ជើង​ចោរ​ប្លន់​អ៊ីចឹង!»

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ដដែល​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ប្លន់​ដែល​មាន​គ្នា ៣​នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​ស្ត្រី​ចំនួន ២​គ្រឿង នៅ​ក្នុង​ស្រុក​អង្គស្នួល និង​បាន​វាយ​ស្ត្រី​ម្នាក់​ឲ្យ​រង​របួស។ ស្ត្រី​ម្នាក់​ដែល​មិន​បាន​រង​របួស​បាន​ទូរស័ព្ទ​ប្ដឹង​ប៉ូលិស ដោយ​ប្រាប់​ភិនភាគ​ចោរ។ ក្រោយ​មក​ប៉ូលិស​ខណ្ឌ​ដង្កោ​បាន​ចេញ​ព័ទ្ធ​នៅ​ចំណុច​ឃុំ​សំរោង​ក្រោម។ ក្រុម​ចោរ​ប្លន់​បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ដើម្បី​តដៃ​ជាមួយ​នឹង​ប៉ូលិស តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ ហើយ​គេ​ក៏​ចាប់​បាន​ជន​ទាំង​អស់​នោះ។

លោក​បន្ត​ទៀត​ថា ក្នុង​ពេល​នោះ​អ្នក​ភូមិ​ចំនួន ៣​ឃុំ​នៅ​តំបន់​នោះ ប្រហែល ៤០០​នាក់ បាន​ចេញ​មក​ចោមរោម ហើយ​បាន​ព្រួត​គ្នា​វាយ បណ្ដាល​ឲ្យ​ចោរ ២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់។

ប្រភព​ដដែល​បន្ថែម​ថា ក្រុម​នោះ​បាន​ធ្វើ​សកម្មភាព​ប្លន់​ចំនួន ៨​លើក​រួច​មក​ហើយ ហើយ​ពួក​គេ​កំពុង​តែ​តាម​រក​ចាប់​ខ្លួន​បក្ស​ពួក​ជា​បន្ត​ទៀត។

មន្ត្រី​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អាដហុក លោក ណៃ វង្សដា ថ្លែង​ថា គេ​បាន​ចូល​ទៅ​ស៊ើប​អង្កេត​នៅ​ក្នុង​ភូមិ​នោះ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​សហការ។ ក្រុម​សិទ្ធិ​មនុស្ស​បារម្ភ​ខ្លាច​ការ​កាប់​សម្លាប់​នោះ​ភ័ន្ត​ច្រឡំ​ប៉ះ​លើ​មនុស្ស​ស្លូត​ត្រង់។

លោក ណៃ វង្សដា បាន​បញ្ជាក់​ថា ៖ «យើង​គ្រាន់តែ​ចង់​ដឹង​ថា ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​គាត់​សម្រេច​ចិត្ត​ធ្វើ​អ៊ីចឹង។ យើង​ដឹង​ថា គាត់​ឈឺ​ចាប់​ពី​រឿង​ចោរ​លួច ចោរ​ប្លន់ ចោរ​សម្លាប់​អ៊ីចឹង... វា​ឈឺចាប់​ហើយ ប៉ុន្តែ​ទុក​ឲ្យ​ច្បាប់ ទុក​ឲ្យ​សមត្ថកិច្ច​គេ​ធ្វើ​ការងារ​ហ្នឹង​ទៅ។ យើង​ខ្លាច​ក្រែងលោ​វ៉ៃ​ច្រឡំ សម្លាប់​ច្រឡំ​ចំ​លើ​អ្នក​ស្លូត​ត្រង់ ជន​រងគ្រោះ​អី​គាត់​ទៅ​ជីក​ក្ដាម ជីក​ខ្យង អ៊ីចឹង​ទៅ​ណា៎! ប៉ុន្តែ​ក៏​អាច​មាន​ន័យ​សេចក្ដី​មួយ​ទៀត​ដែរ គាត់​មិន​សូវ​ទុក​ចិត្ត​លើ​សមត្ថកិច្ច មន្ត្រី​តុលាការ ខាង​យុត្តិធម៌​អី​អ៊ីចឹង​ទៅ​ណា៎! ដល់​អ៊ីចឹង​ទៅ គាត់​បញ្ចប់​រឿង​ហ្នឹង​ត្រឹម​កន្លែង​ហ្នឹង​តែម្ដង​ទៅ!»

យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​អំពី​បុព្វហេតុ ដែល​នាំ​ឲ្យ​មាន​ការ​កម្រើក​ឡើង​នៃ​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​នេះ​បាន​នៅ​ឡើយ​ទេ។

ប្រភព​ពី​សិទ្ធិ​មនុស្ស​អះអាង​ថា នេះ​គឺ​ជា​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើក​ដំបូង​បំផុត បន្ទាប់​ពី​ការ​កាប់​សម្លាប់​ដោយ​កម្លាំង​មហាជន​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ប្រហែល ៣​ឆ្នាំ​មក​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល