តុលាការ​ដោះលែង​អ្នក​ភូមិ​២​រូប​ដែល​ជាប់​ឃុំ​ក្នុង​រឿង​ជម្លោះ​ដី​នៅ​កំពង់ស្ពឺ

អ្នក​ភូមិ​ពីរ​នាក់​នៅ​ឃុំ​អមលាំង ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជិត​មួយ​សប្ដាហ៍​ទាក់ទង​នឹង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ ត្រូវ​បាន​តុលាការ​ខែត្រ​កំពង់ស្ពឺ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​២៩ មីនា​នេះ។
ដោយ ទីន ហ្សាការីយ៉ា
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៩-មីនា-២០១០: លោក ឃឹម វុទ្ធី (ឆ្វេង) និង​លោក យូ ថូ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​វត្ត​ម្រុំ ស្ថិត​នៅ​ខាង​ក្រោយ​សាលា​ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​តុលាការ​ខេត្ត​នេះ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។
២៩-មីនា-២០១០: លោក ឃឹម វុទ្ធី (ឆ្វេង) និង​លោក យូ ថូ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​វត្ត​ម្រុំ ស្ថិត​នៅ​ខាង​ក្រោយ​សាលា​ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​តុលាការ​ខេត្ត​នេះ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។
RFA/Uon Chhin

អ្នក​ភូមិ​ពីរ​រូប​ឈ្មោះ យូ ថូ និង​ឈ្មោះ ឃឹម វុទ្ធី នៅ​ឃុំ​អមលាំង ត្រូវ​បាន​តុលាការ​ខែត្រ​កំពង់ស្ពឺ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ហើយ បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខែត្រ​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​កន្លង​មក​នេះ ទាក់​ទង​នឹង​ជម្លោះ​ដី​ស្រែ​និង​ដី​ចម្ការ​ជាមួយ​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ ដែល​ជា​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់។

“ឯកឧត្ដម សាយ ឈុំ គាត់​ប្រាប់​ខ្ញុំ​ថា បើ​ចង់​ធ្វើ​ក្រុម​ប្រឹក្សា​ឃុំ​ល្អ ល្គឹក​ណា​ប្រជាពលរដ្ឋ​មាន​បញ្ហា អ្នក​មាន​លុយ មាន​អំណាច អ្នក​ពុករលួយ​មួយ​ចំនួន​ធ្វើ​បាប​គាត់ (ប្រជាពលរដ្ឋ) ត្រូវ​តែ​ការពារ​គាត់ នេះ​បាន​ក្រុម​ប្រឹក្សា​ល្អ តែ​បើ​លោក​មិន​ជួយ​គាត់ បែរ​ជា​ជួយ​អ្នក​ពុករលួយ​មិន​ល្អ​ទេ" ៖ នេះ​ជា​ការ​ថ្លែង​ភ្លាមៗ​របស់​លោក យូ ថូ អំពី​ការ​តូច​ចិត្ត​ចំពោះ​តុលាការ​ខែត្រ​កំពង់ស្ពឺ ក្រោយ​ពេល​តុលាការ​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​វេលា​ម៉ោង​ប្រមាណ ១​និង​៥០​នាទី ថ្ងៃ​ទី​២៩ មីនា បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ ៦០០​នាក់​បាន​ធ្វើការ​ទាមទារ​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៤ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក យូ ថូ បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​ខែត្រ​និង​មន្ត្រី​តុលាការ ដែល​បាន​ចាប់​ឃុំ​ខ្លួន​លោក​ក្នុង​នាម​លោក​ជា​មន្ត្រី​រាជការ​ថ្នាក់​ក្រោម​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​លោក​ទៅ​វិញ។

លោក យូ ថូ បាន​ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​នៅ​តែ​គណបក្ស​ប្រជាជន​ហ្នឹង។ គណបក្ស​ប្រជាជន​មិន​មែន​ស្ថិត​លើ​ក្រដាស​មួយ​សន្លឹក និង​កាត​មួយ​ដាក់​ហោប៉ៅ​ទេ។ គណបក្ស​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ទេ បុគ្គល​នៅ​ក្នុង​ស្រុក​ខ្ញុំ​អ្នក​ធ្វើ​បាប​ខ្ញុំ»

លោក យូ ថូ ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អមលាំង និង​ឈ្មោះ ឃឹម វុទ្ធី ត្រូវ​បាន​តុលាការ​ខែត្រ​កំពង់ស្ពឺ ចាប់​ខ្លួន​នៅ​ខណៈ​ដែល​តុលាការ​កោះ​ហៅ​ទៅ​សាក​សួរ​កាល​ពី​ថ្ងៃ​ទី​២៤ មីនា កន្លង​ទៅ ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន ៤​ករណី រួម​មាន​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា សម​គំនិត បង្ក​អគ្គិភ័យ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

រី​ឯ​លោក ឃឹម វុទ្ធី ក៏​បាន​ឲ្យ​ដឹង​នៅ​ខណៈ​ដែល​លោក​បាន​ទៅ​ឲ្យ​ព្រះសង្ឃ​នៅ​វត្ត​ម្រុំ នៅ​ខែត្រ​កំពង់ស្ពឺ ដដែល​សូត្រ​មន្ត​រំដោះ​គ្រោះ​ថា ៖ «អត់​យុត្តិធម៌​ទេ​ក្នុង​រឿង​ច្បាប់​ហ្នឹង អត់​មាន​សោះ មាន​តែ​អំណាច​គាប​សង្កត់ ព្រោះ​ការ​សាកសួរ​ខ្ញុំ​អត់​មាន​សួរ​អី​សោះ អត់​មាន​រក​ខុស​រក​ត្រូវ​ឲ្យ​ខ្ញុំ​ទេ មក​ដល់​ឃាត់​ខ្លួន​ខ្ញុំ»

អ្នក​ភូមិ​ប្រមាណ ៣០០​នាក់ បាន​សម្ដែង​នូវ​ក្ដី​ត្រេកអរ​ដែល​តុលាការ​បាន​ដោះលែង​តំណាង​របស់​ពួកគេ​ទាំង​ពីរ​នាក់​នោះ ដោយ​ពួកគាត់​បាន​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា ពួកគាត់​នៅ​តែ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ និង​ភ្នំពេញ ស៊ូហ្គើរ ដែល​ជា​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ដោះស្រាយ​បញ្ហា​ដី​ជម្លោះ​នេះ​ឲ្យ​ពួកគាត់​ឲ្យ​បាន​សមស្រប បើ​មិន​ដូច្នេះ​ទេ​ពួកគាត់​នៅ​បន្ត​ការ​ទាមទារ​ដដែល។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ លោក សូភី បាន​បញ្ជាក់​ដូច្នេះ ៖ «ផែនការ​បន្ត​ទៀត​មាន​តែ​សុំ​ទឹក​សុំ​ដី​ពី​រាជ​រដ្ឋាភិបាល​ដែល​ខំ​ឈូស​ឆាយ​រាល់​ថ្ងៃ​ហ្នឹង»

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​បញ្ជាក់​ថា លោក យូ ថូ និង​លោក ឃឹម វុទ្ធី ត្រូវ​បាន​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​មាន​ដីកា​ពី​ចៅក្រម​ស៊ើប​សួរ លោក កែវ មុន្នី និង​លោក​ព្រះ​រាជ​អាជ្ញា ឃុត សុឃាង។

លោក អំ សំអាត បាន​បញ្ជាក់​ដូច្នេះ ៖ «ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ដែល​ជាប់​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ គាត់​ត្រូវ​តែ​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ។ ដល់​ពេល​អ៊ីចឹង​ហើយ​វា​ធ្វើ​ឲ្យ​​បាត់​បង់​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​គោល​ដៅ​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ប្ដឹង​ផ្ដល់»

ដោយ​ឡែក​អ្នក​ទាំង​ពីរ​ក៏​មាន​ដីកា​បង្គាប់​មួយ​ផ្សេង​ទៀត​ពី​ចៅក្រម​ស៊ើប​សួរ និង​លោក​ព្រះរាជ​អាជ្ញា​ដដែល ដែល​បាន​ដាក់​លក្ខខណ្ឌ​ចំនួន ៤​ចំណុច​គឺ ត្រូវ​បង្ហាញ​មុខ​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​ខែត្រ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ខែ គឺ​នៅ​រៀងរាល់​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​៣០ ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១០ ត​ទៅ ត្រូវ​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​នៅ​អង្គភាព​នគរបាល​តាម​ការ​ចាត់តាំង​របស់​ចៅក្រម​ស៊ើប​សួរ ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើប​សួរ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ប្រសិន​បើ​អ្នក​ទាំង​ពីរ​គឺ​លោក យូ ថូ និង​លោក ឃឹម វុទ្ធី មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​នេះ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជ​អាជ្ញា​លោក ឃុត សុឃាង និង​ចៅក្រម​ស៊ើប​សួរ​លោក កែវ មុន្នី តាម​ទូរស័ព្ទ​តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​នេះ​ក្ដី​លោក អំ សំអាត ក៏​ដូច​ជា​អ្នក​ភូមិ​ទាំង​អស់​បាន​ទទូច​សុំ​ទៅ​រាជ​រដ្ឋាភិបាល ក៏​ដូច​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោក យូ ថូ និង​លោក ឃឹម វុទ្ធី ក្នុង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល