កម្មករ​២​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ខណ្ឌ​ដង្កោ

យុវជន ២​នាក់​ដែល​ស៊ី​ឈ្នួល​លក់​គ្រឿង​សំណង់​ឲ្យ​គេ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ ក្នុង​ពេល​ដែល​អាជ្ញាធរ​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ខណ្ឌ​ដង្កោ។
ដោយ អ៊ុក សាវបូរី
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ម្ចាស់​គ្រឿង​សំណង់​យីហោ​"សាមគ្គី" លក់​តាម​ដង​ផ្លូវ​១២០កា ឬ​ហៅ​ថា ផ្លូវ​ទំនប់​កប់​ស្រូវ អ្នកស្រី ម៉ៅ ស៊ីម៉េត ឲ្យ​ដឹង​ថា កម្មករ​ស៊ី​ឈ្នួល​លើក​ដាក់​អីវ៉ាន់​សំណង់​របស់​គាត់​ចំនួន ២​នាក់ មាន​ឈ្មោះ ស៊ីនិត អាយុ ២៤​ឆ្នាំ និង​ឈ្មោះ ឫទ្ធី អាយុ ២០​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ចាប់​នៅ​ព្រឹក​ថ្ងៃ​២៨ សីហា យក​ទៅ​ឃុំ បន្ទាប់​ពី​សមត្ថកិច្ច​វាយ​ដំ​ធ្ងន់ធ្ងរ ដោយសារ​អ្នក​ទាំង ២​នាក់​បាន​ហាម​សមត្ថកិច្ច​មិន​ឲ្យ​រុះរើ​សម្ភារៈ​សំណង់។

អ្នកស្រី​រៀបរាប់​រឿង​ហេតុ​ថា ៖ «គាត់​លើក​ខុស។ អា​ខាង​មុខ​នៅ​លើ​ចិញ្ចើម​ផ្លូវ​គាត់​អត់​រើ​យក​ទេ គាត់​យក​អា​របស់​ថ្លៃ​នៅ​ខាង​ក្នុង។ កូន​ចៅ​គ្នា​សុំ​ឃាត់​ថា កុំ​ឲ្យ​រើ​ខាង​ក្នុង រើ​ខាង​ក្រៅ​ទៅ។ គ្រាន់​តែ​ឃាត់​ប៉ុណ្ណឹង​គាត់​បញ្ជា​ឲ្យ​កូន​ចៅ​គាត់ ចាប់​វ៉ៃ​កូន​ចៅ​ខ្ញុំ​ដាក់​លើ​ឡាន...»

សាក្សី​បាន​ឃើញ​ហេតុការណ៍​បាន​បន្ថែម​ថា ៖ «ការ​វ៉ៃ​ដំ​ហ្នឹង ឃើញ​ទាត់​ដួល​ហើយ​បង្ខំ​ឲ្យ​ឡើង​ឡាន​យក​ទៅ​កន្លែង​សង្កាត់»

លោក សុខ ហេង ដែល​នៅ​តាម​ផ្លូវ​នោះ​ដែរ ​បញ្ជាក់​ពី​រឿង​សមត្ថកិច្ច​វាយ​ដំ​កម្មករ​ថា ៖ «ទៅ​យក​អីវ៉ាន់​គេ គ្រាន់តែ​គេ​និយាយ​ចាប់​វ៉ៃ​គ្នា​មើល​តែ​ចោរ វា​អត់​ត្រូវ។ គាត់​ជា​អ្នក​ខ្ពង់​ខ្ពស់ មិន​គួរ​ណា​យក​គ្នា​កម្មករ​ទៅ​ដាក់​គុក​ដោយ​គ្មាន​ទោសពៃរ៍​អី គ្រាន់តែ​ជា​ការ​និយាយ​គ្នា​សោះ!»

ចៅ​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ដង្កោ ដែល​បាន​ចូល​រួម​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​នោះ គឺ​លោក រស់ វណ្ណា បាន​ឲ្យ​ដឹង​ថា អភិបាល​ខណ្ឌ​បាន​ចាប់​កម្មករ ២​នាក់​នោះ​ពិត​មែន ៖ «លោក​អភិបាល​ចាប់ (ព្រោះ)​ព្រហើន​ពេក...»

អភិបាល​ខណ្ឌ​ដង្កោ លោក គិត សុផា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​កម្មករ​ស៊ី​ឈ្នួល​លក់​គ្រឿង​សំណង់​ទាំង ២​នាក់​នោះ​ទេ។

នាយិកា​អង្គការ​លីកាដូ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​មនុស្ស​ត្រូវ​មាន​ដីកា ឬ​ភស្តុតាង​ជាក់ស្ដែង។ ការ​ប្រើ​ហិង្សា​ទៅ​លើ​ជន​គ្មាន​អំណាច​របស់​មន្ត្រី​មាន​សមត្ថកិច្ច មន្ត្រី​នោះ​កាន់​តែ​ប្រើ​មុខ​តំណែង​របស់​ខ្លួន​ខុស​ច្បាប់​ធ្ងន់ធ្ងរ និង​រំលោភ​សិទ្ធ​មនុស្ស។

ក្រុម​ប្រឹក្សា​ខណ្ឌ​ដង្កោ លោក ប៉ុញ ប៉ក់ ថ្លែង​ថា លោក​កំពុង​តាម​ដាន​រឿង​ចាប់​ខ្លួន​កម្មករ ២​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ហើយ​ដែល​គេ​កំពុង​ដាក់​ឃុំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ដង្កោ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​សមត្ថកិច្ច​អាច​ចាប់​ឃុំ​ខ្លួន​ជន​សង្ស័យ​មិន​ឲ្យ​លើស​រយៈ​ពេល ៤៨​ម៉ោង​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល