មនុស្ស​៣​នាក់​ទៀត​នៅ​ស្ទឹងត្រែង​ស្លាប់​ដោយសារ​ជំងឺ​រាក​រូស

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១០ ថា អ្នក​ភូមិ ៣​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​រាករូស។
ដោយ រដ្ឋា វីសាល
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
អ្នក​ឆ្លង​ជំងឺ​រាករូស​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១០។
RFA/Or Phearith

មេ​ឃុំ​សេកុង លោក ចាន់ សុខា បញ្ជាក់​ថា អ្នក​ភូមិ ២​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១០ នៅ​លំនៅ​ឋាន​របស់​ពួក​គេ​ដោយសារ​តែ​មាន​ជំងឺ​រាក​ក្អួត។

លោក ចាន់ សុខា បាន​ឲ្យ​ដឹង​ថា ៖ «ទើប​តែ​ថ្ងៃ​ហ្នឹង​ប្រហែល​ជា​ខ្ទង់​អាយុ​ហុក​ជាង រាករូស ហើយ ២​នាក់​ទៀត​រាក​ដូច​គ្នា។ យប់​មិញ​រាក​ដែរ ក្មេង​អាយុ ៣​ឆ្នាំ ភេទ​ស្រី»

មន្ត្រី​សុខាភិបាល​ស្រុក​សៀមប៉ាង​ឲ្យ​ដឹង​ថា ការ​រាតត្បាត​ដូច​គ្នា​នេះ​កើត​មាន​នៅ​ឃុំ​ស្រែសំបូរ កាល​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​សុក្រ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០ ដែល​បណ្ណាល័យ​ឲ្យ​អ្នក​ភូមិ ២​នាក់​ស្លាប់។ ម្នាក់​ស្លាប់​នៅ​ភូមិ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ និង​មាន​អ្នក​ភូមិ​រាក​ក្អួត ១៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ជួយ​សង្គ្រោះ។

ប្រធាន​មណ្ឌល​សុខភាព​ស្រុក​សៀមប៉ាង លោក ជួល សំនាង មាន​ប្រសាសន៍​ថា រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១០ អ្នក​ជំងឺ​រាក​ក្អួត​ដែល​ចូល​មក​មណ្ឌល​សុខភាព​ស្រុក​បាន​ធូរ​ស្រាល និង​ត្រឡប់​ទៅ​លំនៅ​ឋាន​អស់​ហើយ។ លោក​បន្ត​ថា មាន​អ្នក​ភូមិ​មួយ​ចំនួន​មិន​ព្រម​មក​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​មាន​ជំងឺ​រាក​ក្អួត ហើយ​អាជ្ញាធរ​ភូមិ​ក៏​មិន​បាន​ផ្ដល់​សេចក្ដី​រាយការណ៍​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​រាក​ក្អួត​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​ទាន់​ពេល​វេលា ទើប​បណ្ដាល​ឲ្យ​មាន​អ្នក​ភូមិ​នៅតែ​បន្ត​ស្លាប់ និង​រាក​ក្អួត ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត។

លោក ជួល សំនាង បាន​អះអាង​ថា ៖ «បើ​សិន​មេ​ភូមិ​គាត់​រាយ​ការណ៍​ឲ្យ​មណ្ឌល​ខ្ញុំ​ទាន់ ហ្នឹង​ខ្ញុំ​ទៅ​ធ្វើ​អន្តរាគមន៍​ភ្លាម ឬ​មួយ​ទៅ​ឃោសនា​ឲ្យ​គាត់​មក​ប្រើ​សេវា​មណ្ឌល​ខ្ញុំ»

សេចក្ដី​រាយ​ការណ៍​ពី​បុគ្គលិក​អង្គការ យុវជន​បំពេញ​បេសកកម្ម ដែល​បំពេញ​ការងារ​អប់រំ​សុខភាព​អ្នក​ភូមិ​នៅ​ស្រុក​សៀមប៉ាង អ្នក​ស្រី ធូ ឈុនលី ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា រហូត​មក​ទល់​នឹង​ថ្ងៃ​អង្គារ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១០ មាន​អ្នក​ភូមិ ១៦​នាក់​ហើយ​ដែល​បាន​ស្លាប់ និង​មាន​ករណី​ឆ្លង​រាល​ដាល​ជំងឺ​រាក​ក្អួត​គួរ​ឲ្យ​ព្រួយ​បារម្ភ នៅ​មូលដ្ឋាន​ភូមិ​ឃុំ បន្ត​ពី​មួយ​ទៅ​មួយ ហើយ​បច្ចុប្បន្ន​កំពុង​ឆ្លង​រាលដាល​ទៅ​ភូមិ​ប្រមាណ ៣​ផ្សេង​ទៀត ក្នុង​ឃុំ​សេកុង ក្នុង​ស្រុក​សៀមប៉ាង។

អ្នក​ស្រី ធូ ឈុនលី បាន​បញ្ជាក់​ថា ៖ «ពួក​គាត់​អត់​មក​ពេទ្យ។ នៅតែ​រាល​ដាល​ហ្នឹង​ហើយ​សព្វ​ថ្ងៃ ត្រូវ​ការពារ​ផង​ណា៎!»

វិទ្យុ​អាស៊ី​សេរី​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​ទាក់ទិន​នឹង​ស្ថានភាព​ឆ្លង​រាលដាល​ជំងឺ​រាក​ក្អួត​នៅ​ក្នុង​ខេត្ត​ទាំង​មូល​ជា​ច្រើន​លើក​រួច​មក​ហើយ ក៏​ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​អាច​ភ្ជាប់​បាន​ឡើយ។

យ៉ាង​នេះ​ក្តី​សមាជិក​គណៈ​គ្រូ​ពេទ្យ​ថ្នាក់​ជាតិ និង​ជា​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី លោក ថា ប៊ុនថាក់ មាន​ប្រសាសន៍​ថា វិធានការ​សំខាន់​ដែល​មន្ត្រី​សុខាភិបាល​ត្រូវ​ប្រកាន់​យក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាក​ក្អួត​ធ្ងន់ធ្ងរ​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​បង្កើត​ក្រុម​គ្រូ​ពេទ្យ​ចុះ​ប្រចាំការ​ត្រួត​ពិនិត្យ​ព្យាបាល​នៅ​មូលដ្ឋាន​ផ្ទាល់ និង​នៅ​តាម​មណ្ឌល​សុខភាព, បង្កើត​ក្រុម​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ពី​ជំងឺ​រាក​ក្អួត, មន្ទីរ​សុខាភិបាល​ត្រូវ​ធ្វើ​ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក ខេត្ត ក្រុង ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​រាក​ក្អួត ដើម្បី​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​ភូមិ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្លង​នេះ ហើយ​មន្ទីរ​សុខាភិបាល​ក៏​ត្រូវ​ជូន​ដំណឹង​ដល់​ប៉ុស្តិ៍​សុខភាព និង​មណ្ឌល​សុខភាព ត្រៀម​លក្ខណៈ​ទប់​ស្កាត់​កាល​ណា​មាន​ផ្ទុះ​ចេញ​ជំងឺ​ឆ្លង​រាតត្បាត​នៅ​តាម​មូលដ្ឋាន។ ចំណែក​មន្ទីរ​ពេទ្យ​ខេត្ត​ត្រូវ​ត្រៀម​រថយន្ត ឬ​មធ្យោបាយ​សង្គ្រោះ​ធ្វើ​ការ​ដឹក​ជញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ និង​រៀបចំ​ទីតាំង​ស្នាក់​នៅ​ព្យាបាល​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ឆ្លង​នេះ ជាមួយ​នោះ​ដែរ​ត្រូវ​រៀបចំ​ផែនការ​ស្នើ​សុំ​ឱសថ និង​ថវិកា​ពី​ក្រសួង​សុខាភិបាល ដើម្បី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល