ភ្លើង​ឆេះ​ផ្ទះ​ជាង​៣​ល្វែង​និង​ដេប៉ូ​ឈើ​មួយ​ចំនួន​ក្នុង​ខណ្ឌ​ទួលគោក

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ មករា ភ្លើង​បាន​ឆាប​ឆេះ​បំផ្លាញ​ផ្ទះ​ជាង​បី​ល្វែង កម្ពស់​២​ជាន់​និង​ដេប៉ូ​លក់​ឈើ​មួយ​ចំនួន​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។
ដោយ សេក បណ្ឌិត
2010-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៦-មករា-១០: ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លើង​ដែល​ឆាប​ឆេះ​ផ្ទះ​ក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។
១៦-មករា-១០: ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លើង​ដែល​ឆាប​ឆេះ​ផ្ទះ​ក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។
RFA/Sek Bandith

ប្រធាន​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ទោ នេត្រ វន្ថា បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច អគ្គីភ័យ​នេះ​បង្ក​ឡើង​ដោយ​ទុស្សេ​ខ្សែ​ភ្លើង​នៅ​វេលា​ម៉ោង​ជាង​៨​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៦ មករា។

លោក នេត្រ វន្ថា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ករណី​អគ្គីភ័យ​នៅ​កន្លែង​នេះ គឺ​ផ្ដើម​ឡើង​ដោយ​លោក គង់ សាលី មុខ​របរ​ជា​ពេទ្យ​យោធា ផ្ទះ​លេខ​145Eo ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក។ ផ្ទះ​អ្នក​ជិត​ខាង​មាន​រង​គ្រោះ​ដែរ សុទ្ធ​តែ​ផ្ទះ​ថ្ម​ខាង​ក្រោម​ឈើ​លើ ដូច្នេះ​ព្រម​គ្នា​គឺ​ឆេះ​ខ្ទេច​តែម្ដង។ ឥឡូវ​ជាក់​ស្ដែង​សរុប​ទាំង​អស់​អត់​ដឹង​ថា​ប៉ុន្មាន​គ្រួសារ​ទេ ចាំ​មើល​យើង​ធ្វើ​ជាមួយ​ប៉ុស្ដិ៍​មួយ​សា​ទៀត​សិន។ ជាក់​ស្ដែង​ផ្ទះ​ដែល​ខូច​ខាត​នេះ​គឺ​៣ល្វែង ផ្នែក​ខាង​ឆេះ​ដំបូង​ហ្នឹង...»

ម្ចាស់​ដេប៉ូ​ឈើ​ម្នាក់​ដែល​នៅ​ជាប់​ផ្ទះ​ដែល​ភ្លើង​ឆេះ​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក ជិត​មន្ទីរពេទ្យ​លោក​សង្ឃ មាន​ប្រសាសន៍​ថា សំណាង​ដែរ​បាន​ឡាន​ទឹក​មក​ទាន់​ដេប៉ូ​ឈើ​របស់​លោក​ឆេះ​នៅ​សល់​ខ្លះ ៖ «ខូច​ខាត​ប្រហែល​ជា​៤០% ព្រោះ​បាន​ឡាន​ទឹក​ជួយ​ទាន់ បើ​អត់​ឡាន​ទឹក​ឆេះ​ម៉ត់​អស់​ហើយ ទៅ​យក​អី​កើត​បើ​ឈើ​ធ្ងន់»

ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​លេខ​១៤៥ ផ្លូវ​១៦០ កែង​ផ្លូវ​២៧១ លោក គង់ សាលី មិន​អធិប្បាយ​ជុំវិញ​គ្រោះ​អគ្គីភ័យ​ដែល​បង្ក​ចេញ​ពី​ផ្ទះ​លោក​នេះ​ទេ។

ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ដែរ​ថា នា​ដើម​ឆ្នាំ​ថ្មី​នេះ នៅ​រាជធានី​ភ្នំពេញ គ្រោះ​អគ្គីភ័យ​ធំៗ​បាន​បង្ក​ឡើង​ជាង​១០​ករណី​ទៅ​ហើយ ហើយ​ករណី​ទាំង​នោះ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ទុស្សេ​ខ្សែ​ភ្លើង​និង​ភ្លើង​ធូប​ទៀន​ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ទូច ណារ៉ុថ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដូច្នេះ​ថា ៖ «ខ្ញុំ​តែងតែ​សំណូមពរ​ប្រជាពលរដ្ឋ​ថា រឿង​ថ្ងៃ​សីល​សូម​ឲ្យ​គាត់​ប្រយ័ត្ន​រឿង​ដុត​ធូប​ដុត​ទៀន ឆេះ​មែន ក៏ប៉ុន្តែ​សមត្ថកិច្ច​យើង​មក​ទាន់។ ខ្ញុំ​សូម​សំណូមពរ​ថា រដូវ​នេះ​រដូវ​រាំង​ស្ងួត ហើយ​ធ្លាក់​ខ្យល់ អ៊ីចឹង​បាន​ថា​សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រយ័ត្ន​រឿង​ភ្លើង​ទៀន​ធូប​ដែល​លោក​អុជ ជាពិសេស​ថ្ងៃ​សីល​ហ្នឹង​ទី១។ ទី២ សូម​ឲ្យ​ពិនិត្យ​មើល​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ផ្ទះ​យើង​នោះ យូរ​ហើយ ចាស់​ហើយ ដូច្នេះ​យើង​ត្រូវ​ផ្លាស់​ប្ដូរ​យ៉ាង​ម៉េច? ដូច​ជា​ថ្ងៃ​នេះ ឬ​ម្សិល​មិញ​សុទ្ធ​តែ​ឆ្លង​ចរន្ត​អគ្គិសនី ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​មើល​ថា តើ​គួរ​ដូរ​ចរន្ត​យ៉ាង​ម៉េច​ឲ្យ​ថ្មី កុំ​ឲ្យ​មាន​ការ​ឆ្លង​ចរន្ត​ធ្វើ​ឲ្យ​មាន​អគ្គីភ័យ​កើត​ឡើង»

កាល​ពី​ឆ្នាំ​២០០៨ សហគមន៍​ក្រីក្រ​មួយ​ស្ថិត​នៅ​ទល់​មុខ​កន្លែង​កើត​ហេតុ​ដោយ​ភ្លើង​ឆេះ​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ មករា​នេះ ក៏​ត្រូវ​អគ្គីភ័យ​ឆេះ​បំផ្លាញ​អស់​ជាង​៥០០​ខ្នង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល