អាជ្ញាធរ​ក្រុង​សៀមរាប​ចុះ​រុះរើ​លំនៅ​ពលរដ្ឋ​​តាម​ដង​ស្ទឹង

អាជ្ញាធរ​ក្រុង​សៀមរាប បាន​ចុះ​រុះរើ​លំនៅ​ពលរដ្ឋ​ចំនួន ៣​ខ្នង​នៅ​តាម​ដង​ស្ទឹង ជា​សញ្ញា​ដល់​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ឲ្យ​​ចាក​ចេញ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ក្រាញ​ននៀល​មិន​ព្រម​ចាក​ចេញ​នៅ​ឡើយ។
ដោយ ហង្ស សាវយុត
2010.08.30
សៀមរាប ការ​បណ្ដេញ​ចេញ ៣០៥ ៣០-សីហា-២០១០: ក្រុម​កម្មករ​ដែល​ជួល​ដោយ​អាជ្ញាធរ រុះរើ​លំនៅ​ពលរដ្ឋ​នៅ​តាម​មាត់​ស្ទឹង ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប។
RFA/Hang Savyouth

មន្ត្រី​ក្រុង​សៀមរាប​បាន​ដឹកនាំ​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​សីហា ដើម្បី​ចុះ​អនុវត្ត​ការ​រុះ​រើ​លំនៅ​ប្រជា​ពលរដ្ឋ​ចំនួន ៣​ខ្នង នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ជា​សញ្ញា​ដាស់តឿន​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ​​ដែល​នៅតែ​ក្រាញ​ននៀល​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​រដ្ឋ និង​រុះ​រើ​លំនៅ​ចាក​ចេញ​ពី​តាម​ដង​ស្ទឹង​​នៅ​ឡើយ ឲ្យ​ប្រញាប់​សម្រេច​ចិត្ត​ចាក​ចេញ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​អាជ្ញាធរ​យក​តំបន់​នោះ​ធ្វើ​ជា​សួន​ច្បារ​លម្អ​សោភ័ណភាព​ទីក្រុង។

លោក អឿន ពៅ អភិបាល​រង​ក្រុង​សៀមរាប ដែល​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​លំនៅ​ប្រជា​ពលរដ្ឋ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​បាន​ជូន​ដំណឹង​ជា​ច្រើន​លើ​ក​ច្រើន​សា​មក​ហើយ ឲ្យ​ប្រជា​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ដែល​រស់​នៅ​តាម​ដង​ស្ទឹង​នៃ​ភូមិ​វត្ត​ដំណាក់ រុះ​រើ​លំនៅ​ចាកចេញ​ ទៅ​រស់​នៅ​តំបន់​ភូមិ​អភិវឌ្ឍន៍​ក្នុង​ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី ដោយ​អាជ្ញាធរ​បាន​ដោះស្រាយ​គោល​នយោបាយ​ដី ១​ហិកតារ​សម្រាប់ ១​គ្រួសារ ​ក្ដារ​ចំនួន ៩​ម៉ែត្រ​គូប ស័ង្កសី​ប្រក់​ផ្ទះ និង​លុយ ១​លាន ១២​ម៉ឺន​រៀល​ផង។

លោក អឿន ពៅ បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ជូន​ដំណឹង​មក មាន​ប្រជា​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ​បាន​យល់​ព្រម​ចាក​ចេញ និង ១៦​គ្រួសារ​ទៀត នៅ​មិន​ទាន់​យល់​ព្រម​ចាក​ចេញ​នៅ​ឡើយ។

លោក អឿន ពៅ បាន​បញ្ជាក់​ថា ៖ «កន្លែង​គាត់​នេះ វា​ប៉ះ​ពាល់​ប្រញាប់​នៅ​ក្នុង​ការ​ធ្វើ​ផ្លូវ​តាម​មាត់​ស្ទឹង និង​សួន​ច្បារ។ ត្រូវ​រើ​ទាំង​អស់ ៣២​គ្រួសារ​ដែល​ត្រូវ​ចាក​ចេញ។ ឥឡូវ​ជាក់ស្ដែង​អ្នក​មិន​ទាន់​ទទួល​យក​គោល​នយោបាយ​នៅ​កំពុង​តវ៉ា ១៦​គ្រួសារ អ៊ីចឹង​ថ្ងៃ​នេះ​យើង​ចុះ​រុះរើ​បឋម ១​ផ្ទះ​នេះ ដោយសារ​ប៉ះ​ចំ​ទ្រូង​ផ្លូវ ហើយ​យើង​ទុក​ឲ្យ​គាត់​ពិចារណា​ក្នុង ១​អាទិត្យ​នេះ​ទៀត​ដើម្បី​ទទួល​យក​គោល​នយោបាយ»

ទោះ​យ៉ាង​ណា​ក្រុម​ប្រជា​ពលរដ្ឋ​ខ្លះ​ដែល​នៅតែ​ក្រាញ​ននៀល មិន​ទាន់​រុះរើ​លំនៅ​ចាក​ចេញ​នៅ​ឡើយ បាន​បង្ហាញ​ការ​ជំទាស់​​ចំពោះ​គោល​នយោបាយ​របស់​អាជ្ញាធរ ដោយ​ថា គេ​មិន​អាច​ទៅ​រស់​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តាឯក​ដ៏​ឆ្ងាយ​បាន​ទេ និង​មិន​អាច​ទទួល​យក​លុយ​ជាង ១​លាន​រៀល​នោះ​ផង ពីព្រោះ​វា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​អីវ៉ាន់ និង​សាងសង់​ផ្ទះ​ថ្មី​សម្រាប់​រស់នៅ​បាន​ទេ។

ស្ត្រី​មេម៉ាយ​ឈ្មោះ មឿន ឡៃស៊ីម ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​បំផ្លាញ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បាន​មាន​ប្រសាសន៍​ថា គាត់​មិន​ចង់​បាន​​គោល​នយោបាយ​របស់​អាជ្ញាធរ ដែល​តម្រូវ​ឲ្យ​ទៅ​រស់​នៅ​ភូមិ​រុន​តាឯក និង​ឲ្យ​លុយ​ជាង ១​លាន​រៀល​នោះ​ទេ គឺ​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញ​លុយ ៦.០០០​ដុល្លារ សម្រាប់​ការ​យល់​ព្រម​ចាក​ចេញ​ពី​លំនៅ​តាម​មាត់​ស្ទឹង​នោះ។

អ្នកស្រី  មឿន ឡៃស៊ីម បាន​អះអាង​ថា ៖ «ថា​ឲ្យ​ខ្ញុំ​ហ្នឹង​ទៅ​យក​ដី​នៅ​រុន​តាឯក ហៅ​ទៅ​ប្រជុំ ១​ដង ២​ដង ខ្ញុំ​សំណូមពរ​ខ្ញុំ​ថា ខ្ញុំ​សុំ​ជា​លុយ​តែ ៦.០០០​(ដុល្លារ) បាន​ខ្ញុំ​ទិញ​ដី​ធ្វើ​ផ្ទះ​ឲ្យ​កូន​ខ្ញុំ​នៅ​វិញ មួយ​ជួរ​ជិត​បង​ជិត​ប្អូន ព្រោះ​ខ្ញុំ​ទៅ​នៅ​ឯ​ណោះ​ម៉េច​កើត បើ​គ្មាន​កម្លាំង​កូន​ប្រុស​ផង! រួច​ក្បាល​មួយ​នៅ​តែ​ឯង ហើយ​កូន​តូច​ៗ​សុទ្ធ​តែ​កូន​ស្រី!»

លោក សួស ណារិន អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ប្រចាំ​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង ក្នុង​ភូមិ​វត្ត​ដំណាក់​នោះ​ជាង ២០​គ្រួសារ ធ្លាប់​បាន​ទៅ​សុំ​ឲ្យ​អង្គការ​របស់​លោក ជួយ​ទាមទារ​សំណង​ជា​ប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១​គ្រួសារ ពីព្រោះ​ពួក​គេ​មិន​អាច​ទទួល​យក​គោល​នយោបាយ​របស់​រដ្ឋ​ដ៏​តិចតួច​បាន​ទេ ហើយ​សង្គម​ស៊ីវិល​ក៏​មិន​ចង់​ឃើញ​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ណា​មួយ​ដែរ។

មន្ត្រី​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ឲ្យ​រុះ​រើ​លំនៅ​តាម​ដង​ស្ទឹង​ក្នុង​ភូមិ​វត្ត​ដំណាក់ គេ​​នឹង​បន្ត​រុះរើ​លំនៅ​លើ​ដង​ស្ទឹង​ចំនួន​ជាង ២៧០​ខ្នង​ផ្ទះ​ទៀត ចាប់​ពី​មុខ​សណ្ឋាគារ អាម៉ាន់​សារ៉ា រហូត​ដល់​អភិរក្ស​អង្គរ​នៃ​សង្កាត់​ស្លក្រាម​ឲ្យ​អស់​ប្រហែល​ជា​នៅ​អំឡុង​ខែ​វិច្ឆិកា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។