បុរស​ខ្មែរ​ម្នាក់​ត្រូវ​ថៃ​៣​នាក់​ព្រួត​គ្នា​វាយ​ឲ្យ​របួស​ធ្ងន់​នៅ​ខែត្រ​ឈុន​បុរី

ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដែល​ទៅ​ស៊ីឈ្នួល​ដាំ​អំពៅ​នៅ​ប្រទេស​ថៃ បាន​រង​របួស​ជា​ទម្ងន់ ដោយសារ​ជនជាតិ​ថៃ ៣​នាក់​ព្រួត​គ្នា​វាយ កាល​ពី​យប់​ថ្ងៃ​ទី​២៥ មីនា​កន្លង​ទៅ។
ដោយ សួន សុផលមុន្នី
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​ស្រី អ៊ុន ភី អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ប្តី​លោក​ស្រី​ឈ្មោះ នាង សុខ អាយុ ៣២​ឆ្នាំ ត្រូវ​បាន​ជនជាតិ​ថៃ ៣​នាក់​ព្រួត​គ្នា​វាយ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ដោយ​ពុំ​ដឹង​ពី​មូលហេតុ ហើយ​បច្ចុប្បន្ន​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​ខ្លងហាត ខេត្ត​ឈុន​បុរី ប្រទេស​ថៃ។

ស្ត្រី​ជា​ភរិយា​បន្ត​ថា លោក​ស្រី​ទទួល​ដំណឹង​ពី​អ្នក​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង ១២ ថ្ងៃ​ទី​២៥ ខែ​មីនា ថា ជនជាតិ​ថៃ ៣​នាក់​ជិះ​ម៉ូតូ ២​គ្រឿង​មក​ឈប់ ចុះ​ព្រួត​គ្នា​វាយ​ប្ដី​លោក​ស្រី​ដោយ​ពុំ​ដឹង​ពី​មូលហេតុ ខណៈ​ដែល​ប្តី​គាត់​បាន​ចេញ​ទៅ​ទិញ​ដែកកេះ​នៅ​តូប​លក់​មួយ ក្នុង​ស្រុក​ខ្លងហាត ខេត្ត​ឈុន​បុរី នៅ​វេលា​ម៉ោង ១​យប់ ថ្ងៃ​ទី​២៥ ខែ​មីនា។

អ្នកស្រី អ៊ុន ភី បាន​ឲ្យ​ដឹង​ថា ៖ «ធ្ងន់ គេ​ថា​ត្រូវ​មុខ​ត្រូវ​អី ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ទៅ​មើល គេ​ថា គេ​នៅ​តាមដាន ២៤​ម៉ោង បាយ​អី​ហូប​មិន​កើត​ផង។ នៅ​មន្ទីរពេទ្យ​ស្រុក​ខ្លងហាត។ ចង់​ទៅ​ជួប ប៉ុន្តែ​ខ្ញុំ​អត់​ថវិកា គេ​យក​ថវិកា​ពី​នេះ​ទៅ ថ្លៃ​ទៅ​មក ២០០​(បាត) ថ្លៃ​ឡាន ២០០​ទៀត អស់ ៤០០»

លោក អ៊ូ គីម ជំទប់​ទី​១ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ដំណឹង​ពី​អ្នក​ឆ្លងដែន​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ​មក​ថា លោក នាង សុខ បាន​រង​របួស​ធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ។

លោក​បាន​បញ្ជាក់​ពី​ដំណើរ​រឿង​ហេតុ​ដូច្នេះ ៖ «ក៏​មក​ទិញ​ដែកកេះ​នៅ​កន្លែង​ហាង​គេ​ហ្នឹង... ស្រាប់តែ​ថៃ ម៉ូតូ ២​គ្រឿង​មក​ដល់ វ៉ៃ​គ្នា។ សន្លប់​ដេក​ក្បែរ​ថ្នល់​ហ្នឹង​ហើយ គ្មាន​អ្នក​យក​មក​ទេ បាន​ថៃ​ខ្លះ​គាត់​អាណិត​អាសូរ​ខ្មែរ​យើង គាត់​យក​មក​ដាក់​មន្ទីរពេទ្យ​ខ្លងហាត។ ឥឡូវ​មក​ទល់​ថ្ងៃ​នេះ​អត់​ចេញ​រួច​ផង»

លោក អ៊ូ គីម បាន​មាន​ប្រសាសន៍​ថា បុរស​ខ្មែរ​រងគ្រោះ​នោះ​បាន​ឆ្លងដែន​ទៅ​ធ្វើ​ការ​ស៊ីឈ្នួល​ដាំ​អំពៅ​ឲ្យ​ថៃ តាម​ច្រក​របៀង​មួយ​នៅ​ខាង​ក្រោយ​ភូមិ​អូរ ក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។

អភិបាល​ស្រុក​សំពៅ​លូន លោក ជុំ ស៊ីប បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ករណី​ខាង​លើ​នេះ​ទេ។ លោក ជុំ ស៊ីប បាន​អះអាង​ថា លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ។

លោក ជុំ ស៊ីប បាន​បញ្ជាក់​ថា ៖ «អត់​អី​ទេ​ចាំ​ខ្ញុំ​ទាក់ទង ឲ្យ​ទំនាក់​ទំនង​សួរ​ទៅ​ថៃ​មើល៍ តើ​រឿង​ហ្នឹង​វា​ពិត ឬ​អត់? ធម្មតា​មាន​រឿង​អ៊ីចឹង ខាង​អាជ្ញាធរ​ថៃ​គេ​ជូន​ដំណឹង​មក​យើង​ជា​ផ្លូវការ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ យើង​អត់​ទាន់​បាន​ទទួល​ដំណឹង​ហ្នឹង​ទេ!»

គេ​កត់សម្គាល់​ឃើញ​ថា ដោយសារ​តែ​ភាព​ក្រីក្រ កង្វះ​ការងារ​ធ្វើ​ក្នុង​ស្រុក បាន​រុញ​ច្រាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ទោះបី​ជា​ក្នុង​រយៈពេល​បន្ត​បន្ទាប់​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល