ថៃ​ចាប់​បញ្ជូន​អ្នក​សុំ​ទាន​ខ្មែរ​ជាង​៤០០​នាក់​មក​កម្ពុជា​វិញ

ប្រភព​ពី​បណ្តាញ​ជន​ចំណាក​ស្រុក​ប្រចាំ​តំបន់​មេគង្គ​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​សុំ​ទាន​ខ្មែរ​ជាង ៤០០​នាក់​ហើយ​ក្នុង​ចំណោម​អ្នក​សុំ​ទាន​សរុប​ចំនួន ៥៥៧​នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ប្រមូល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។
ដោយ គឹម ពៅ
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​អង្គការ​ការពារ​ជន​ចំណាក​ស្រុក អ្នកស្រី ជេគី ផូឡូក (Jackie Pollock) មាន​ប្រសាសន៍​ពី​ទីក្រុង​បាងកក​មក​ថា ក្នុង​ចំណោម​អ្នក​សុំ​ទាន​ដែល​គេ​ចាប់​បញ្ជូន​មក​វិញ​នោះ​មាន​មនុស្ស​ចាស់​ចំនួន ៤០​នាក់​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​គឺ​ជា​ស្រ្តី​និង​កុមារ​ដែល​អ្នក​ទាំង​នោះ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ជួញដូរ​ធ្វើ​ជា​អ្នក​សុំ​ទាន។

ជុំវិញ​ការ​ចាប់​បញ្ជូន​ខ្លួន​នេះ អ្នកស្រី ជេគី មាន​ប្រសាសន៍​រិះគន់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ថៃ​មិន​ត្រឹមត្រូវ​ឡើយ ៖ "...យុទ្ធនាការ​នោះ​ហាក់​ដូច​ជា​ផ្តោត​ទៅ​លើ​តែ​អ្នក​ជួញដូរ​មនុស្ស​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ការពារ​ជន​រងគ្រោះ​ក្នុង​អំពើ​នេះ​ឡើយ ដូច្នេះ​គេ​មិន​គួរ​ឃុំឃាំង​អ្នក​ទាំង​នោះ​ឡើយ។ អ្នក​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​មិន​មែន​ជា​មនុស្ស​ល្មើស​ច្បាប់ ហើយ​ច្បាប់​វិញ​ក៏​មិន​បាន​ដាក់​ថា មនុស្ស​ដែល​ត្រូវ​គេ​ជួញដូរ​ជា​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ឡើយ។ ដូច្នេះ​ហើយ​ជន​ទាំង​នោះ​គួរ​ទទួល​បាន​នូវ​ការ​ការពារ"។

នៅ​ក្នុង​លិខិត​ចំហ​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ មករា​នេះ របស់​បណ្តាញ​ជន​ចំណាក​ស្រុក​តំបន់​មេគង្គ ហៅ​កាត់​ថា MMN (Mekong Migration Network) ស្តី​អំពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ចាប់​បញ្ជូន​អ្នក​សុំ​ទាន​ខ្មែរ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ បាន​និយាយ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ថៃ​គឺ​ជា​សកម្មភាព​មិន​គោរព​ច្បាប់​នៃ​ការ​ចាប់​បញ្ជូន​មនុស្ស​ឡើយ ហើយ​គេ​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ដែល​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស​នេះ។

លោក មុំ សុខចា មន្ត្រី​បណ្តាញ​ជន​ចំណាក​ស្រុក​នៅ​ប្រទេស​កម្ពុជា​វិញ​បន្ថែម ៖ «ជា​ការ​ព្រួយ​បារម្ភ​របស់​បណ្ដាញ​ជន​ចំណាក​ស្រុក​ទន្លេ​មេគង្គ គឺ​យើង​បារម្ភ​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គាត់​ទាំង​អស់​នោះ​ត្រូវ​បាន​គេ​ជួយដូរ​ក៏​ត្រូវ​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​នៃ​បំណុល​ជំរិត... ជំពាក់​លុយ​គេ ជំពាក់​លុយ​មេ​ខ្យល់ គាត់​មិន​អាច​ចេញ​ទៅ​ណា​បាន គាត់​ត្រូវ​បាន​គេ​គ្រប់គ្រង ត្រូវ​បាន​គេ​ជួញដូរ​នៅ​ក្នុង​ស្រុក​ថៃ»

ជាមួយ​គ្នា​នឹង​សំណើ​របស់​បណ្តាញ​ជន​ចំណាក​ស្រុក រដ្ឋាភិបាល​ថៃ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​នោះ​ឡើយ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក កុយ គួង ថ្លែង​ថា ក្រសួង​សង្គមកិច្ច​និង​ការងារ​របស់​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​កិច្ចការ​នេះ។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «ក្រសួង​សង្គមកិច្ច​តាមរយៈ​មន្ទីរ​សង្គមកិច្ច​ខេត្ត​បន្ទាយមានជ័យ​គាត់​កំពុង​តែ​ចុះ​ធ្វើ​ការងារ​ហ្នឹង»

ការ​ចាប់​បញ្ជូន​អ្នក​សុំ​ទាន​ខ្មែរ​មក​កាន់​កម្ពុជា​វិញ​ធ្វើ​ឡើង​នៅ​ក្នុង​យុទ្ធនាការ​របស់​ថៃ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ដែល​ចាប់ផ្តើម​ឡើង​នៅ​ខែ​មករា​នេះ ហើយ​ក៏​ជា​យុទ្ធនាការ​មួយ​ក្រោយ​ពេល​ដែល​ប្រទេស​ខ្មែរ​និង​ថៃ​មាន​ភាព​ប្រះស្រាំ​នឹង​គ្នា​ផងដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នក​សុំ​ទាន​ប្រហែល​៤០​នាក់​កំពុង​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង​ក្រុង​បាងកក​នៅ​ឡើយ ដើម្បី​ស៊ើបសួរ​អំពី​មុខ​សញ្ញា​មេខ្លោង​ក្នុង​ការ​ជួញដូរ​មនុស្ស ហើយ​នៅ​ពេល​គេ​រក​មុខ​ឃើញ គេ​នឹង​មាន​ការ​ផ្តន្ទា​ទោស​ចំពោះ​មេខ្លោង៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

It's time for khmer government Samdeh Hun Xen think about vietnamese illegale in cambodia the government should send them back to vietnam.

Jan 22, 2010 11:04 PM

គេហទំព័រ​ទាំងមូល