ចៅក្រមតុលាការខេត្តបាត់ដំបង លោក ឌុច សុខសារិន បានថ្លែងនៅព្រឹកថ្ងៃច័ន្ទថា ជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះ លាង ជាសន្តិសុខយាមទ្វាររបងស្នាក់ការគយនិងម្នាក់ទៀតឈ្មោះ ឈឿន ឆាល់ ជាអ្នកបើកបរ ត្រូវតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ៖ «កាលពីបញ្ជូនសំណុំរឿងទៅដំបូង ឃុំខ្លួនបណ្តោះអាសន្នមួយ ហើយម្សិលមិញសម្រេចមួយទៀត»។
កាលពីវេលាម៉ោង ១និង៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា រថយន្តម៉ាក ISUZU ពណ៌ស្ករស៊េរីឆ្នាំ២០០៥ ចង្កូតស្តាំ១គ្រឿងអត់ស្លាកលេខនិងអត់ពន្ធ បានបាត់ពីក្នុងឃ្លាំងគយខេត្តបាត់ដំបងស្ថិតក្នុងក្រុង និងខេត្តបាត់ដំបង លុះដល់ថ្ងៃទី១៩ ខែមិថុនា ត្រូវបានកងរាជអាវុធហត្ថរកឃើញនៅចំណុចទួលតាអុក ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចកងរាជអាវុធ ជាមួយគ្នានេះ បានឃាត់ខ្លួនមនុស្ស ៤នាក់ ដើម្បីសាកសួរ ក្នុងនោះមាន ឈ្មោះ លាង ជាសន្តិសុខយាមទ្វាររបងគយ ឈ្មោះ ឈឿន ឆាល់ ជាអ្នកបើករថយន្ត ឈ្មោះ រស់ ឆៃលី ជាអ្នករកស៊ីលក់ដូររថយន្ត និងឈ្មោះ គឹម ប៊ុនធា ជាអ្នកបើករថយន្តផ្ទាល់របស់លោក ស្រី ស៊ាង ប្រធានសាខាគយខេត្តបាត់ដំបង។
លោក សូឌី នាយការិយាល័យព័ត៌មានសន្តិសុខនៃកងរាជអាវុធខេត្តបាត់ដំបង បានថ្លែងថា ឈ្មោះ គឹម ប៊ុនធា ជាអ្នកបើករថយន្តរបស់ប្រធានសាខាគយខេត្តបាត់ដំបង បានប្រើថ្នាំពុលលេបបែកពពុះមាត់ ខណៈដែលនាំខ្លួនយកមកសាកសួរ។
លោក សូឌី ថ្លែងដូច្នេះថា ៖ «គាត់បានសម្លប់បាត់ហើយ ធ្វើម៉េច មានតែសួរគាត់ទេបានដឹងរឿងច្បាស់ ដល់គាត់សម្លប់បាត់ មានអីសួរកើត»។
ប្រភពសុំមិនបញ្ចេញឈ្មោះបានថ្លែងថា តាមចម្លើយសារភាពសន្តិសុខយាមទ្វារឈ្មោះ លាង ដែលកំពុងឃុំខ្លួនបានបញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែមិថុនា ឈ្មោះ គឹម ប៊ុនធា អ្នកបើកឡានឲ្យលោក ស្រី ស៊ាង ប្រធានគយខេត្តបាត់ដំបង បានបញ្ជាឲ្យខ្លួនបើកទ្វារអនុញ្ញាតឲ្យឈ្មោះ ឈឿន ឆាល់ បើករថយន្តនោះយកចេញទៅ ៖ «ព្រោះចោរហ្នឹងវាលេចចេញពីស្ថាប័នគយ ការសន្និដ្ឋានរបស់មជ្ឈដ្ឋានទូទៅ គេចង់ទម្លាក់ថា ប្រហែលជាគយនិងតៃកុងឡានគយហ្នឹង មានគំនិតយ៉ាងណាមួយ ហើយដល់បែករឿងអ៊ីចឹងទៅបែរជាលាក់រឿងអាស្រូវហ្នឹង»។
ប្រធានសាខាគយខេត្តបាត់ដំបង លោក ស្រី ស៊ាង មិនលើកទូរស័ព្ទអធិប្បាយជុំវិញរឿងអាស្រូវខាងលើនេះទេ។ ទាក់ទិនករណីនេះ មជ្ឈដ្ឋាននានាដាក់ការសង្ស័យថាតើ ឈ្មោះ គឹម ប៊ុនធា អ្នកបើកឡានឲ្យលោក ស្រី ស៊ាង ប្រធានគយខេត្តបាត់ដំបង បានទទួលបញ្ជាពីអ្នកណាទើបហ៊ានធ្វើដូច្នេះ៕
