អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានមានប្រសាសន៍ថា គណបក្សទាំង៤ដែលបានបំពេញត្រូវតាមលក្ខខណ្ឌក្នុងការចូលរួមការបោះឆ្នោតនោះ មានគណបក្ស ប្រជាជនកម្ពុជា គណបក្ស នរោត្ដម រណឫទ្ធិ គណបក្ស ហង្សដារ៉ា ចលនាប្រជាធិបតេយ្យ និងគណបក្ស សិទ្ធិមនុស្ស ។
លោក ទេព នីថា បានមានប្រសាសន៍ថា ៖ «ព្រឹកមិញនេះគ.ជ.ប.ទើបតែបានសម្រេចលើគណបក្ស២ទៀត គឺគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស សិទ្ធិមនុស្ស ក្នុងនោះគណបក្ស សិទ្ធិមនុស្ស ត្រូវបានគ.ជ.ប.សម្រេចយល់ព្រមការចុះឈ្មោះជាផ្លូវការហើយ ។ រួចហើយគណបក្ស ហ៊្វុនស៊ិនប៉ិច គ.ជ.ប.បានចេញលិខិតផ្លូវការដើម្បីឲ្យគាត់កែតម្រូវបំពេញបន្ថែម ក្នុងរយៈពេល៥ថ្ងៃទៀត ។ សំខាន់គឺករណីគាត់បំពេញបន្ថែមបេក្ខជនដែលខ្វះលក្ខខណ្ឌ គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត» ។
គួរជម្រាបថា មានគណបក្សចំនួន ១២ប៉ុណ្ណោះដែលបានចុះឈ្មោះដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៧ ខែកក្កដា នាពេលខាងមុខនេះ ៕
