មនុស្ស​៤​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រៃ​លុយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ខុស​ច្បាប់

សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​ឃុំ​ខ្លួន​មនុស្ស ៤​នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ថា បាន​ធ្វើ​សកម្មភាព​រៃ​អង្គាស​លុយ​ពី​អ្នក​ភូមិ​ខុស​ច្បាប់ ដើម្បី​យក​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី នៅ​ចំណុច​ព្រៃព្រិច ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​វិច្ឆិកា​ថា ជន​សង្ស័យ​ទាំង ៤​នាក់ កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ៖ «សមត្ថកិច្ច គឺ​បាន​ទទួល​ព័ត៌មាន និង​ពាក្យ​បណ្ដឹង​ថា គាត់​ចាត់តាំង​គ្នា​គាត់​ធ្វើ​ប្លង់​ដី ដែល​ត្រូវ​បង្គាប់​អ្នក​ដែល​ត្រូវ​មក​ធ្វើ​ប្លង់​ដី គឺ​ម្នាក់​ត្រូវ​យក​ពី ២​ពាន់​បាត ទៅ ៣​ពាន់​បាត ហើយ​គ្មាន​ការ​អនុញ្ញាត និង​ឯកភាព​ពី​ចៅហ្វាយ​ក្រុង»

បុរស​ទាំង ៤​នាក់​នោះ​មាន​ឈ្មោះ ឡូវ ប៊ុនត្រា អាយុ ៤៧​ឆ្នាំ ឈ្មោះ ប៊ុត បឿន អាយុ ៦៥​ឆ្នាំ ឈ្មោះ សួស រី អាយុ ៥០​ឆ្នាំ និង​ឈ្មោះ លី ធឿន អាយុ ៥១​ឆ្នាំ រស់​នៅ​ចំណុច​ព្រៃព្រិច ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

អភិបាល​ក្រុង​ប៉ោយប៉ែត លោក ទ្រី ណារិន បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង ៤​នាក់ បាន​ធ្វើ​សកម្មភាព​ដើរ​រៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ ដើម្បី​យក​ទៅ​ធ្វើ​ប្លង់ដី​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ៖ «អ៊ីចឹង​មាន​ន័យ​ថា ការងារ​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​នៅ​ក្នុង​តំបន់ អ៊ីចឹង​គឺ​យើង​គ្រាន់​តែ​ឃាត់​ខ្លួន​គាត់​សិន​ដើម្បី​សួរ​នាំ»

ចំពោះ​លោក សំ ប៊ុនធឿន រស់​នៅ​តំបន់​ព្រៃព្រិច និង​ជា​អ្នក​គ្រប់គ្រង​អ្នក​ភូមិ​នៅ​តំបន់​នោះ បាន​ថ្លែង​បដិសេធ​ថា លោក​ពុំ​បាន​ដឹង​ពី​មូលហេតុ​ច្បាស់ ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ទាំង ៤​នាក់​ខាង​លើ​នេះ​ទេ ៖ «រឿង​ការ​ឃាត់​ខ្លួន​ហ្នឹង​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ នៅ​លើ​ខាង​សមត្ថកិច្ច​គេ​ចុះ​ស្រាវជ្រាវ ពីព្រោះ​ខ្ញុំ​ជា​ប្រធាន​ចំណុច​នៅ​តំបន់​ហ្នឹង​មែន​ពិត ប៉ុន្តែ​រឿង​ការងារ​សម្ងាត់​បើក​ចំហ​យ៉ាង​ម៉េច ខ្ញុំ​មិន​ទាន់​បាន​ដឹង​ច្បាស់»

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក សូ វ៉ាត បាន​មាន​ប្រសាសន៍​ថា តុលាការ​គ្រាន់តែ​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​សមត្ថកិច្ច​នគរបាល ប៉ុន្តែ​អ្នក​ភូមិ​ទាំង​បួន​នាក់​កំពុង​ស្ថិត​នៅ​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស មិន​ទាន់​បញ្ជូន​មក​ឲ្យ​តុលាការ​ទេ។

ប្រភព​ពី​ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ការ​ចាប់​ខ្លួន អ្នក​ភូមិ​ទាំង ៤​នាក់​បាន​ផ្ដើម​គំនិត​ក្នុង​ការ​ជួប​ប្រជុំ​ដើម្បី​រៃ​អង្គាស​លុយ​រួម​គ្នា​យក​ទៅ​ធ្វើ​ប្លង់​ដី ប៉ុន្តែ​សកម្មភាព​មិន​ទាន់​បាន​ចាប់​ផ្ដើម​ធ្វើ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចុះ​ទៅ​ចាប់​ខ្លួន​តែម្ដង ៖ «គាត់​អត់​បាន​ញុះញង់​អី​ទេ គ្រាន់​តែ​ប្រជុំ​គ្នា​ដើម្បី​រៃ​លុយ​យក​ទៅ​ធ្វើ​ប្លង់ រៃ​លុយ​ម្នាក់ ១​ពាន់​២​ពាន់​បាត​ធ្វើ​ប្លង់ ដើម្បី​ឲ្យ​មាន​ប្លង់​ស្រប​ច្បាប់»

ប្រភព​ពី​ក្រុម​អ្នក​ភូមិ​ដដែល​បាន​ឲ្យ​ដឹង​ថា ដី​ដែល​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​មាន​លំនៅឋាន​កាន់កាប់​រស់​នៅ​ចំណុច​ព្រៃព្រិច ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​នោះ ធ្លាប់​មាន​ជន​ខិលខូច​ក្លែង​បន្លំ​ថា ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​លោក ហុក ឡងឌី លោក ហេង សំរិន និង​លោក ជា ស៊ីម ប៉ុន្តែ​ក្រោយ​មក មន្ត្រី​នៃ​ស្ថាប័ន​កំពូល​ទាំង​នោះ បាន​ធ្វើ​លិខិត​បដិសេធ​ជូន​អ្នក​ភូមិ​វិញ​ថា ពួកគាត់​ពុំ​មាន​ដី​នៅ​តំបន់​នោះ​ទេ។

ចំណែក​ក្រុម​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​បាន​បន្ត​កាន់កាប់ និង​រស់​នៅ​លើ​ដី​នៅ​ចំណុច​ព្រៃព្រិច ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ ទើប​នាំ​គ្នា​ផ្ដើម​គំនិត​រៃ​អង្គាស​ប្រាក់​គ្នា​ដើម្បី​យក​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល