តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​អ្នក​ភូមិ​៤​នាក់​ក្នុង​រឿង​ជម្លោះ​ដីធ្លី

ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​១៤ មករា ឆ្នាំ​២០១០ បាន​កោះ​ហៅ​អ្នក​ភូមិ​៤​នាក់​ដែល​ជាប់​ចោទ​ពី​រឿង​បំផ្លាញ​ដើម​កៅស៊ូ​និង​ទន្ទ្រាន​ទៅ​លើ​ដី​របស់​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប​នៅ​ស្រុក​លំផាត់ ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​ជា​ថ្មី​ទៀត។
ដោយ រដ្ឋា វីសាល
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មេធាវី​ការពារ​ក្តី​អ្នក​ភូមិ​ទាំង​៤​នាក់ គឺ​លោក ឡុង លន់ ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​អ្នក​ភូមិ​ជា​ថ្មី​នេះ ធ្វើ​ឡើង​ដោយសារ​តែ​អ្នក​ភូមិ​មិន​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្ឡូវ​តុលាការ​ដូច​ជា​ត្រូវ​ទៅ​បង្ហាញ​វត្តមាន​មួយ​សប្តាហ៍​ម្តង​នៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ឬ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីឆ្ងាយ និង​បញ្ហា​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ។

លោក​បញ្ជាក់​ថា អ្នក​ភូមិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅ​វិញ​ដោយ​មិន​មាន​ការ​ឃាត់​ខ្លួន​អ្វី​ទេ បន្ទាប់​ពី​អ្នក​ភូមិ​យល់ព្រម​គោរព​គោលការណ៍​នោះ​ឡើង​វិញ។

អ្នក​ភូមិ​ទាំង​៤​នាក់ ពីរ​នាក់​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន និង​ពីរ​នាក់​ទៀត​តុលាការ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៩ បន្ទាប់​ពី​ពួកគេ​ដឹកនាំ​អ្នក​ភូមិ​តវ៉ា​ទាមទារ​ដី​ដែល​អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​ឌីអឹមហ្គ្រូប​បាន​យក​ដី​សហគមន៍​ជនជាតិ​ដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល